The greatest oak was once a little nut that held its ground!


ដើមសែនដ៏ធំមួយដើម កាលពីដំបូង ក៏គ្រាន់តែជាគ្រាប់ពូជតូចមួយ ដែលមិនព្រមចុះចាញ់នឹងភាពលំបាក ដែលជីវិតផ្ដល់អោយប៉ុណ្ណោះ។

An oak tree was once just a seed

 

Advertisements

ការ​ងារ​ សុចរិត…


អ្នក ដែល ធ្វើ ការងារ សុចរិត ដោយ កម្លាំង ញើសឈាម ខ្លួនឯង ទើប យល់ អំពី តម្លៃ ប្រាក់។ ចំណែក អ្នក រក វៀចវេរ ឬ អ្នកដេកស៊ី, ដេកសុំ ចាំតែ គេ អោយ, ទោះ មាន ភាពងាយស្រួល យ៉ាងណា ក៏ បាន ត្រឹមតែ បណ្ដោះអាសន្ន ហើយ ត្រូវ លះបង់ ការប្រឹងប្រែង ដែល ជា អត្ថន័យ ពិតប្រាកដ នៃ គោលបំណង ជីវិត សម្រាប់ ការលូតលាស់ របស់ មនុស្ស។ ជាក់ស្ដែង នៅ តាម កាស៊ីណូ, គេ កម្រ ឃើញ អ្នក ដែល ធ្វើ ការងារ ទៀងត្រង់ យក ប្រាក់ ដែល ជា កម្លាំង ញើសឈាម របស់ គេ ទៅ ចាក់ល្បែង បំផ្លាញ ណាស់។ ភាគច្រើន គឺ ពួក រក លុយ បាន តាម ផ្លូវ អបាយមុខ (ស្រី លក់ ខ្លួន, ចោរ លួច របស់, អ្នក លក់ គ្រឿងញៀន, អ្នក ទទួល ការសូកប៉ាន់) ឬ អ្នក ដេកស៊ី បន្លំលុយ រដ្ឋ។ ចំណែក វង់ល្បែង តាម ផ្ទះ វិញ, គេ លេង ស៊ីក្រហម មួយ គ្រាប់ សុទ្ធតែ ៥០សេន ទៅមួយដុល្លារ។

ដំណើរ រីកចម្រើន របស់ មនុស្ស គឺ ប្រៀប ដូចជា កសិកម្ម ស្រូវអង្ករ ដូច្នោះ ដែរ, គឺ ទាមទារ ការប្រឹងប្រែង ពី មួយ ជំហាន ទៅ មួយ ជំហាន។ គេ មិន អាច យក សំណាប ទៅ ស្ទូង ដោយ គ្មាន ការ ភ្ជួររាស់ ដី នោះ ឡើយ។ យើង ឃើញ គេ មានបាន ដោយសារ ផ្លូវកាត់, កេងបន្លំ, ប៉ុន្តែ អ្វី ដែល យើង បាន ឃើញ នោះ គឺ គ្រាន់តែ ជា ភាពរុងរឿង ដែល ជះ ពន្លឺ តែ មួយ ភ្លែត ប្រៀប ដូចជា ភ្លើង ចំបើង ប៉ុណ្ណោះ។ នៅ ចុង បញ្ចប់, គេ ធ្វើ អ្វី នឹង បាន ទទួល ហ្នឹង។ ជាក់ស្ដែង អ្នក លួច កោស MediCal បន្លំ ភ្នែក រដ្ឋ កាល ពី ដប់-ម្ភៃ ឆ្នាំ មុន នោះ តើ មាន អ្នកណា នៅ ហ៊ឺហា មក ទល់ សព្វថ្ងៃ ទេ? អ្នកខ្លះ ដេក ទ្រុងសារិកា, អ្នកខ្លះ រត់ គេច ខ្លួន ដល់ ប្រទេស ផ្សេង នៅ តែ FBI ចាប់ក្របួច យក មក វិញ, ហើយ ពេល ចេញ ពី គុក, រហាម លើស ដើម។

ជួនកាល យើង ឃើញ គេ ជិះ ឡាន ប្រណីត, សង្ហា អស្ចារ្យ, ប៉ុន្តែ យើង អត់ ដឹង ថា គេ កំពុង បើកបរ រក កន្លែង សម្រាប់ ចង ក ដើម្បី បញ្ចប់ រឿង សោះ។

ការងារ ទៀងត្រង់, ទោះ គ្មាន ភាពរុងរឿង, ហ៊ឺហា, ប៉ុន្តែ មនសិកា ភ្លឺ ជ្រះ, គ្មាន ការខ្លាចមុខ ខ្លាចក្រោយ, ភ័យខ្លាច កម្មពៀរ តាម ទាន់។ យើង អាចរី ករាយ នឹង អ្វី ដែល ខ្លួន រក បាន ដោយ កម្លាំង ញើសឈាម ខ្លួនឯង ជាជាង សៅហ្មង នឹង របស់ ដែល ខ្លួន គ្មាន ហើយ មើល រំលង អ្វី ដែល មាន។

កុំ​កំណត់​អ្នក​ដទៃ ឬ​កំណត់​ខ្លួន​ឯង ដោយ​ផ្អែក​លើ​កំហុស​មួយ​ពេល


ការរស់នៅ ពី មួយ ថ្ងៃ ទៅ មួយ ថ្ងៃ របស់ មនុស្ស រមែង មាន ការប្រព្រឹត្តិ ខុស។ ប៉ុន្តែ សំខាន់ គឺ កុំ ទុក អោយ កំហុស នោះ កំណត់ ខ្លួនឯង ជា អ្នកណា។ ចំពោះ អ្នក ដទៃ ក៏ ដូច្នោះ ដែរ, យើង មិន គួរ កំណត់ គេ ជា អ្នកណា ដោយ ផ្អែក ទៅ លើ កំហុស មួយ នៅ ក្នុង អតីតកាល ឡើយ។ ភាគច្រើន  យើង ចងចាំ មនុស្ស ដោយសារ គេ ជំពប់ ជើង ដួល, ប៉ុន្តែ យើង អត់ ចងចាំ សោះ ថា, បន្ទាប់ ពី ដួល រួច, គេ ក៏ បាន ងើបឡើង វិញ ដែរ។ មនុស្ស គ្រប់គ្នា ត្រូវការ ឱកាស ទីពីរ។ បើ ខ្លួន គិត ថា, ខ្លួនគួរតែ មាន ឱកាស ជា លើក ទី ពីរ, អ្នក ដទៃ ក៏ គួរ ទទួល បាន នូវ ឱកាស ជា លើក ទី ពីរ ដូច ខ្លួន យើង ដែរ។

ការ​ចេះ​ដាក់​ខ្លួន


ការចេះដាក់ខ្លួន (humility) គឺជាជ័រដ៏សំខាន់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងក្នុង ជីវិត ដែលមិនអាចខ្វះបាន។ អ្នកខ្លះមានបញ្ញាខ្ពស់ មានចំណេះពេញខ្លួន ប៉ុន្តែខ្វេះ “ភាពចេះបន្ទាបខ្លួន” សម្រាប់ភ្ជាប់ទំនាក់ទំនង ជាមួយអ្នកដែលមានប្រាជ្ញាអន់ខ្សោយ។ អ្នកខ្លះ មានប្រាជ្ញាអន់ខ្សោយ ហើយបូកផ្សំនឹងការខ្ជិលច្រអូសរបស់ខ្លួនផងនោះ គាត់កាន់តែយ៉ាប់ និយាយមកពិបាកស្ដាប់ ធ្វើអោយអ្នកមានប្រាជ្ញា និងចំណេះដឹងខ្ពស់ (ប៉ុន្តែខ្វេះការចេះដាក់ខ្លួន) នោះ ស្ដាប់ទៅ សង្កៀត្រចៀក គួរអោយធុញទ្រាន់ទៅវិញ។ ទោះជាយ៉ាងណាក្ដី, ទាំងអ្នកល្ងង់, ទាំងអ្នកឆ្លាត, គឺជាចាន ជាកែវ ដែលស្ថិតនៅរាវតែមួយ។ កាលណាប៉ះទង្គិចគ្នាខ្លាំង វានឹងបែក។

អ្នកខ្លះ មានការចេះដឹងច្រើន ប៉ុន្តែខ្វះការយកចិត្តទុកដាក់ ចំពោះអ្នកដទៃ ហើយរងការអាក់អន់ចិត្ត នៅពេលដែលខ្លួននិយាយចេញមក គ្មានអ្នកណាយកចិត្តទុកដាក់ស្ដាប់។ មេរៀនដ៏សំខាន់មួយ ដែលមនុស្សគួរចងចាំក្នុងចិត្តគឺ “Nobody cares how much you know, until they know how much you care.” មានន័យថា គ្មានអ្នកណាយកចិត្តទុកដាក់ថា អ្នកឯងចេះប៉ុនណាទេ លុះត្រាតែគេដឹងថា អ្នកយកចិត្តទុកដាក់ប៉ុនណាចំពោះគេ។ មេរៀនមួយនេះ ស្រួលរៀនណាស់ ប៉ុន្តែពិបាកអនុវត្ត, ប៉ុន្តែអាចធ្វើទៅរួច។

ផល​ប្រយោជន៍​និង​សារសំខាន់​នៃ​ការ​បណ្ដុះ​គំនិត​សង្គហធម៌​ឬ​ធម៌​សង្គ្រោះ


 សប្បុរសជន​ជូន​អំណោយ​ដល់​អ្នក​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១៣។ Impact Cambodia Photo


សប្បុរសជន​ជូន​អំណោយ​ដល់​អ្នក​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១៣។
Impact Cambodia Photo

ដោយ កែវពេជ្រ មេត្តា
2013-10-20
“សង្គហធម៌” ឬ​ហៅ​ថា “ធម៌​សង្គ្រោះ” គឺ​ជា​គោលការណ៍​អប់រំ​មួយ​របស់​ព្រះពុទ្ធ​សាសនា ដើម្បី​ឲ្យ​មនុស្ស​ស្វែង​យល់​ជួយ​សង្គ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក ពិសេស​គ្រា​មាន​អាសន្នអន្ធក្រ ដូចជា​រង​គ្រោះ​ដោយ​អគ្គិភ័យ គ្រោះ​ទឹក​ជំនន់ ទុរ្ភិក្ស ខ្វះ​ស្បៀង​អាហារ ខ្វះ​ថ្នាំ​សង្កូវ ព្យាបាល​រោគ​ជាដើម។

សម្រាប់​សង្គម​ខ្មែរ​បច្ចុប្បន្ន ការ​អនុវត្ត​សង្គហធម៌​នៅ​មាន​កម្រិត​នៅ​ឡើយ ដែល​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​មនុស្ស​នៅ​ក្នុង​ប្រទេស​នេះ​ទាំង​អ្នក​ធំ ទាំង​អ្នក​តូច ភាគ​ច្រើន​ខ្វះ​ធម៌​សាមគ្គី មិន​យោគយល់​គ្នា មិន​ចុះ​សម្រុង​គ្នា។

ការ​អប់រំ​របស់​ព្រះពុទ្ធ​សាសនា​ស្ដីពី​សង្គហធម៌ ឬ​ធម៌​សង្គ្រោះ​មនុស្ស​ផង​គ្នា មាន ៤​យ៉ាង​ជា​សំខាន់ គឺ ការ​ឲ្យ​ទាន​ការ​ពោល​ពាក្យ​ពីរោះ ការ​ប្រព្រឹត្ត​អំពើ​ជា​ប្រយោជន៍​ដល់​គ្នា និង​ការ​តាំង​ខ្លួន​ឲ្យ​ស្មោះ​ស្មើ​ជាមួយ​គ្នា។ សម្រាប់​ធម៌​សង្គ្រោះ​ទី​១ ការ​ឲ្យ​ទាន មាន​ចែក​ចេញ​ពីរ​យ៉ាង​ទៀត គឺ​សាធារណ​ទាន និង អសាធារណទាន។

ចំពោះ​សាធារណៈ​ទាន គឺ​ជា​ទាន​ដែល​បុគ្គល​ណា​មួយ ឬ​ក្រុម​ពួក​ណា​មួយ​មាន​ចិត្ត​សប្បុរស បាន​ផ្ដល់​ឲ្យ​ដល់​ជន​ទូទៅ​ដោយ​មិន​រើស​អើង មិន​ប្រកាន់​ពូជ​សាសន៍ ពណ៌សម្បុរ មិន​ប្រកាន់​និន្នាការ​បក្សពួក​ជាដើម។ ចំណែក​ឯ​អសាធារណទាន គឺ​ទាន​ដែល​គេ​ផ្ដល់​ឲ្យ​ចំពោះ​តែ​បុគ្គល​ម្នាក់ៗ ដែល​គេ​ស្រឡាញ់​ពេញ​ចិត្ត ឬ​ដែល​គេ​ហៅ​ថា “បុគ្គលិកទាន”។

ព្រះ​មេគណ​ខេត្ត​កំពង់ស្ពឺ ព្រះតេជព្រះគុណ ឌូ វណ្ណឌឿន បាន​មាន​ព្រះ​ថេរដីកា​ថា ការ​ឲ្យ​នូវ​សាធារណៈ​ទាន ឬ​ឲ្យ​ទាន​មិន​រើស​មុខ មិន​ប្រកាន់ គឺ​ជា​ទាន​មាន​គុណធម៌​ខ្ពង់ខ្ពស់ ពីព្រោះ​ទាន​នេះ​ជា​អំពើ​ល្អ ជួយ​មនុស្ស​បណ្ដុះ​គំនិត​ស្រឡាញ់​រាប់​អាន​គ្នា ចេះ​ជួយ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្មោះស្ម័គ្រ ពិសេស​នៅ​ពេល​ដែល​គេ​ជួប​គ្រោះ​អាសន្ន​ទុក្ខ​លំបាក​ផ្សេងៗ​កើត​ឡើង។

ព្រះតេជព្រះគុណ​បាន​បន្ថែម​ថា ការ​ឲ្យ​ទាន​មិន​រើស​មុខ​ក្នុង​សង្គហធម៌ គឺ​ជា​ទាន​តាម​កម្លាំង​សទ្ធា​របស់​បុគ្គល​អ្នក​ឲ្យ​ទាន ដូច​ជា​អ្នក​ខ្លះ​គេ​ឲ្យ​ទាន​ទ្រព្យ​ថវិកា អ្នក​ខ្លះ​ដែល​មាន​ធនធាន​ច្រើន​គេ​ជួយ​កសាង​ផ្លូវ​ថ្នល់ ជីក​ព្រែក សង់​ស្ពាន ដាំ​ដើម​ឈើ ជីក​ស្រះ ជីក​អណ្ដូង សង់​សាលារៀន សង់​មន្ទីរ​ពេទ្យ ។ល។

ព្រះតេជព្រះគុណ ឌូ វណ្ណឌឿន៖ «ដូចជា​គ្រឿង​ស្លៀក​ដណ្ដប់ គ្រឿង​ស្លៀក​ពាក់​ហ្នឹង ដូច​ជា​អាហារភោជន​ទាំង​ឡាយ​ទាំង​ពួង ត្រូវ​ចេះ​ចែក​រំលែក​ទៅ​ដល់​គ្នា​និង​គ្នា ទៅ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ប្រការ​ណា​មួយ​ក្តី គឺ​តាម​វត្ត​អារាម ព្រះសង្ឃ អាចារ្យ គណៈកម្មការ សប្បុរសជន​នានា​ហ្នឹង គឺ​ចែក​រំលែក​នូវ​អ្វី​ដែល​ខ្លួន​មាន​ហ្នឹង អាច​មាន​លទ្ធភាព គឺ​ជួយ​គ្នា​នៅ​ក្នុង​គ្រា​លំបាក ដែល​បុរាណ​យើង​ថា “ស្រឡាញ់​គ្នា​នៅ​គ្រា​ក្រ ស្គាល់​មិត្ត​ល្អ​នៅ​ពេល​មាន​ទុក្ខ” នោះ»

ចំពោះ​ការ​ឲ្យ​ទាន​មិន​រើស​មុខ ឬ​សាធារណៈ​ទាន សម្រាប់​សង្គម​ខ្មែរ​សព្វ​ថ្ងៃ​គេ​ឃើញ​មាន​សប្បុរសជន​មួយ​ចំនួន​នៅ​ក្នុង​ ស្រុក​ខ្លះ និង​ក្រៅ​ស្រុក​ខ្លះ បាន​អនុវត្ត​សង្គហធម៌​ទី​១​នេះ ដោយ​បាន​ចែក​រំលែក​ម្ហូប​អាហារ សម្លៀក​បំពាក់ ថវិកា​ខ្លះ​ដល់​អ្នក​ក្រ​ខ្សត់ ដល់​កុមារ​កំព្រា ឬ​ជួយ​ដល់​អ្នក​ដែល​ជួប​គ្រោះ​មហន្តរាយ​ផ្សេងៗ ដូច​ជា​ទឹក​ជំនន់​ជន​លិច​ភូមិឋាន ផ្ទះសម្បែង ស្រែចំការ។

តួ​យ៉ាង​ដូច​ជា​កាល​ពី​អំឡុង​ទឹក​ជន​លិច​ភូមិ អ្នក​ស្រុក​នៅ​ភូមិ​ព្រែករៃ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល កាល​ពី​ក្នុង​ខែ​តុលា ឆ្នាំ​២០១៣ ជាដើម មាន​សប្បុរសជន​នៅ​ក្រៅ​ប្រទេស ដូចជា​ប្រទេស​អូស្រ្តាលី ប្រទេស​អង់គ្លេស បាន​ផ្ដល់​ថវិកា​សម្រាប់​ទិញ​ម្ហូប​អាហារ ត្រីសាច់ និង​អង្ករ​ជា​ច្រើន​តោន ព្រម​ទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ជាង ២០០​គ្រួសារ​នៅ​ទី​នោះ ជា​ពិសេស​គឺ​ជួយ​ដល់​ក្រុម​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ដែល​មាន​កូន​តូចៗ​ក្រោម​អាយុ ៣​ឆ្នាំ។ ការ​ផ្ដល់​ទាន​នេះ គេ​ធ្វើ​ទៅ​តាម​រយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្នុង​ស្រុក គឺ​អង្គការ អ៊ីមផែក ខេមបូឌា (Impact Cambodia)។

នាយិកា​ប្រតិបត្តិ​នៃ​អង្គការ អ៊ីមផែក ខេមបូឌា អ្នកស្រី សំបូរ បាន​បញ្ជាក់​ប្រាប់​ដែរ​ថា នៅ​ក្នុង​ជំនួយ​សង្គ្រោះ​នោះ គឺ​មិន​អាច​គ្រប់គ្រាន់​តាម​តម្រូវការ​ខ្វះខាត​របស់​អ្នក​ភូមិ​ទាំង​អស់​ទេ។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ ក៏​បាន​ជួយ​រំលែក​ទុក្ខ​លំបាក​ខ្វះខាត​ស្បៀង​អាហារ​របស់​អ្នកស្រុក​មួយ​ ចំនួន​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ទី​នោះ​ដែរ ពិសេស​អ្នក​ដែល​ងាយ​រង​គ្រោះ​ជាង​គេ គឺ​ស្ត្រី​មាន​ផ្ទៃ​ពោះ​និង​កុមារ​តូច។

អ្នកស្រី​បន្ត​ថា នៅ​ក្នុង​សង្គម​ខ្មែរ​ធ្លាប់​មាន​វប្បធម៌​ចែក​រំលែក​ឲ្យ​ទាន​ដល់​គ្នា​និង​ គ្នា ឬ​ដល់​អ្នក​ដែល​ខ្សត់ខ្សោយ ប៉ុន្តែ​មក​ដល់​សព្វថ្ងៃ វប្បធម៌​ចែក​រំលែក​នេះ​ហាក់​មាន​ការ​ធ្លាក់​ចុះ​ច្រើន។ បញ្ហា​នេះ​អាច​បណ្ដាល​មក​ពី​ខ្វះ​ការ​អប់រំ ឬ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ផល​ប្រយោជន៍ និង​គុណ​តម្លៃ​នៃ​សង្គហធម៌ ឬ​ធម៌​សង្គ្រោះ​គ្នា។ អ្នកស្រី​បាន​បញ្ជាក់​ទៀត​ថា ដើម្បី​ឲ្យ​សង្គម​ខ្មែរ​មាន​សង្គហធម៌ ផ្ដល់​ភាព​ចម្រើន​រុង​រឿង គឺ​ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ជួយ​ទាំង​អស់​គ្នា ទាំង​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន។

អ្នក​ប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ធម៌​សង្គ្រោះ​ទី​១ ការ​ឲ្យ​ទាន គឺ​ជា​ទាន​ផ្ដល់​កម្លាំង​ចិត្ត​មនុស្ស​ឲ្យ​ស្គាល់​ពី​តម្លៃ​នៃ​ការ​ធ្វើ​ អំពើ​ល្អ ឬ​អំពើ​បុណ្យ ពីព្រោះ​មនុស្ស​គ្រប់​រូប​តែងតែ​ប្រាថ្នា​ចង់​បាន​ល្អ និង​សេចក្ដី​សុខ​ចម្រើន។

លោក​បាន​បន្ត​ថា សេចក្ដី​ល្អ​ដែល​មនុស្ស​ត្រូវ​ការ គឺ​មិន​មែន​មាន​តែ​ការ​ឲ្យ​ទាន​ទ្រព្យ​សម្បត្តិ​ប៉ុណ្ណោះ​ទេ គឺ​គេ​ត្រូវ​ការ​បន្ថែម​ទៀត​នូវ​សេចក្ដី​ល្អ​នៃ​ពាក្យ​សម្ដី​ដែរ។ ហេតុ​ដូច្នោះ​ហើយ​នៅ​ក្នុង​សង្គហធម៌​នោះ​មាន​គោលការណ៍​អប់រំ​មួយ​សំខាន់​ទៀត ដែល​ជា​ធម៌​សង្គ្រោះ​ទី​២ គឺ “ការ​ប្រើ​សម្ដី​ត្រូវ”។ ការ​ប្រើ​សម្ដី​ត្រូវ គឺ​ជា​ធម៌​ល្អ​មួយ​អាច​ជួយ​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ និង​មាន​ទំនុក​ទុក​ចិត្ត​ស្មោះត្រង់​រវាង​គ្នា​និង​គ្នា ហើយ​អាច​ចេះ​ជួយ​រំលែក​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​បាន។

អាចារ្យ​មួយ​រូប​នៅ​ខេត្ត​តាកែវ លោក វ៉ាយ វិបុល បាន​មាន​ប្រសាសន៍​បញ្ជាក់​ពី​វាចា​ត្រូវ​នេះ​ថា គឺ​ការ​ពោល​ពាក្យ​សុចរិត ឬ​វចីសុចរិត ឬ​ពាក្យ​ដែល​ប្រកប​ទៅ​ដោយ​សីលធម៌៖ «គឺ​ពោល​ពាក្យ​ពីរោះ។ ពោល​ពាក្យ​ពីរោះ​បាន​ន័យ​ថា ពោល​ពាក្យ​ផ្អែមល្ហែម​រក​គ្នា​និង​គ្នា។ ការ​មិន​និយាយ​កុហក ការ​មិន​និយាយ​ញុះញង់ បំបែកបំបាក់​សាមគ្គី។ ការ​មិន​និយាយ​ពាក្យ​ទ្រគោះបោះបោក ការ​មិន​ជេរ​ប្រទេច មិន​និយាយ​រោយរាយ​ឥត​ប្រយោជន៍។ ហ្នឹង​ការ​ឲ្យ​ទាន ការ​និយាយ​ពាក្យ​ពីរោះ​នឹង​គ្នា គឺ​ជា​អង្គ​នៃ​សង្គហវត្ថុ»

ក្រៅ​ពី​ប្រើ​វាចា​ត្រូវ​នៅ​ក្នុង​សង្គហធម៌ ឬ​សង្គហវត្ថុ​នៃ​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​ធម៌ ​សង្គ្រោះ​ទី​៣ គឺ​អប់រំ​បណ្ដុះ​គំនិត​មនុស្ស​ឲ្យ​ជួយ​មនុស្ស​ផង​គ្នា​តែ​អ្វី​ដែល​មាន​ ប្រយោជន៍ ដូច​ជា​ផ្ដល់​គំនិត រក​មធ្យោបាយ​ផ្សេងៗ​ក្នុង​ការ​ប្រកប​ការងារ​ចិញ្ចឹម​ជីវិត រស់​នៅ​តែ​ក្នុង​អំពើ​ល្អ​ជាដើម។

មួយ​វិញ​ទៀត នៅ​ក្នុង​ធម៌​សង្គ្រោះ​ទី​៤ នៃ​សង្គហធម៌ គឺ​បង្ហាញ​អំពី​គុណ​តម្លៃ​នៃ​ការ​ប្រព្រឹត្ត​ខ្លួន​របស់​មនុស្ស ដោយ​ប្រកាន់​យក​ធម៌​កណ្ដាល ឬ​តាំង​ខ្លួន​ឲ្យ​នៅ​ស្មោះ​ស្មើ មិន​វាយ​ឫក​ក្រអឺតក្រទម ឆ្មើងកន្ទ្រើង មិន​មាន​អំនួត​អួតអាង ឬ​មិន​បន្ថោក​បន្ទាប​អ្នក​ដទៃ​ឲ្យ​នៅ​ក្រោម​អំណាច​ខ្លួន។

អ្នក​ប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​បញ្ជាក់​ថា បើ​មនុស្ស​នៅ​ក្នុង​សង្គម​ខ្មែរ ឬ​ក្នុង​ពិភពលោក​បាន​នាំ​គ្នា​គោរព​ស្រឡាញ់ និង​អនុវត្ត​តាម​គោលការណ៍​ធម៌​សង្គ្រោះ​ទាំង​៤​យ៉ាង​នៃ​សង្គហធម៌​នោះ គេ​ទាំង​អស់​គ្នា​នឹង​រស់​នៅ​ជាមួយ​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខ​សន្តិភាព និង​ភាព​សម្បូរ​សប្បាយ​រុងរឿង៕

បំបាត់ មរតក នៃ សម្ពាធ ប្រពៃណី


ជីវិត ជនជាតិ ខ្មែរ ភាគច្រើន គឺ ជីវិត នៃ វិប្បដិសារី, ដ្បិតអី មនុស្ស ស្ទើរ គ្រប់រូប រង គំនាប នៃ ទម្ងន់ ប្រពៃណី។ គេ មិន អាច និយាយ ចេញ មក, ហើយ ថែមទាំង មិន អាច គិត ដល់ ទៀត ផង [ហា ស្លាក់, ខ្ជាក់ ស្លែង]។

ខ្មែរ ភាគច្រើន រមែង ត្រូវ បង្ខំ អោយ ជ្រើសរើស រវាង ក្ដីប្រាថ្នា ផ្ទាល់ខ្លួន និង ការបំពេញ កាតព្វកិច្ច ជា កូន កតញ្ញូ។ បើ គេ បំពេញ តាម បំណង ឳពុកម្ដាយ (ភាគច្រើន), គេ ត្រូវ ខកខាន ជីវិត សុបិន។ បើ គេ រស់នៅ តាម ទំនើង ចិត្ត ខ្លួនឯង គេ ត្រូវ រស់នៅ ជាមួយ នឹង សម្ពាយ កំហុស នៃ ការ មិន ស្ដាប់ បង្គាប់ ឳពុកម្ដាយ។ ដូច្នេះ, ទោះ គេ ជ្រើស យក ផ្លូវ មួយ ណា, ក៏ ភាគច្រើន, គេ រមែង រស់នៅ ជាមួយ នឹង វិប្បដិសារី។

យើង ជា អ្នក ជំនាន់ ក្រោយ អាច បំបាត់ មរតក នៃ សម្ពាធ ប្រពៃណី នេះ ដើម្បី ជា ជំនូន ដ៏ឧត្តម សម្រាប់ កូនចៅ ជំនាន់ ក្រោយ។ មនុស្ស គួរ រស់នៅ ដោយ សេរី… ទោះ ល្អ ឬ អាក្រក់, យើង គួរ ជា អ្នក ជ្រើសរើស។

Be The Owner of Your Thought


មនុស្សម្នាក់ៗ កើតមក មានលក្ខណៈពិសេស រៀងៗខ្លួន “ដូចគ្នា”។ ប៉ុន្តែនៅពេលយើងចាប់ផ្ដើមធំធាត់ យើងត្រូវបានគេដុសខាត់ កំណត់ទ្រង់ទ្រាយ អោយស្របទៅតាមទំនោរនៃសង្គម និងលក្ខណៈគ្រួសារ តាំងពីការស្លៀកពាក់, របៀបនិយាយស្ដី, របៀបគិត, ជំនឿសាសនា, ទំនៀមទម្លាប់ …។ល។

នៅក្នុងកំឡុងពេល នៃការកំពុងធំធាត់នេះ, ការរងឥទ្ធិពលសង្គម និងគ្រួសារ គឺជារឿងចៀសមិនផុត ដែលជាដំណាក់កាលនៃការរៀនសូត្រ។ ប៉ុន្តែនៅពេលយើង ធំឡើង ពេញរូបពេញរាង, ចម្រើនភាពដឹងក្ដី យើងត្រូវ ងាកទៅផ្សារភ្ជាប់ខ្លួនឯង ទៅនឹងលក្ខណៈពិសេសគ្មានពីរ ដែលធម្មជាតិបានផ្ដល់អោយនោះវិញ ដើម្បីបង្កើត ឬស្វែងរកផ្លូវជីវិតខ្លួនឯង។

កាលណាយើងបណ្ដោយខ្លួន អោយស្ថិតនៅក្នុងសំណាញ់ នៃឥទ្ធិពលសង្គម ដោយលះបង់ “ភាពពិសេសគ្មានពីរ” របស់ខ្លួន ដើម្បីគ្រាន់តែអាចទទួលបាន នូវការទទួលយក ឬខ្មែរហៅថា ដើម្បីចូលចំណោមគេចុះ ឬដើម្បីអោយគេលេងចូលនោះ, យូរៗទៅ យើងអាចនឹងបាត់បង់ “ភាពជាខ្លួនឯង” ហើយពិបាកនឹងជឿជាក់លើខ្លួនឯងទៀតផង ពីព្រោះអ្វីដែលខ្លួនចេះដឹង, របៀបដែលខ្លួនគិត គឺសុទ្ធតែជាអ្វី ដែលសង្គមជាអ្នកដុសខាត កំណត់ទ្រង់ទ្រាយឡើង។

អ្នកដែលអាចផ្ដាច់ខ្លួនពីសម្ពាធសង្គម គឺអ្នកដែលធ្វើអោយមានភាពប្លែក។ កាណាយើងជាប់នៅក្នុងសំណាញ់សង្គម នោះយើងក្លាយទៅជាស្ថិតិមួយ នៅក្នុងចំណោមមហាជនប៉ុណ្ណោះ។ ពោលគឺ ដូចតែគេដែរ។