គំនិត អ្នក រង គ្រោះ


2 men conflict

ការរង គ្រោះ ពិតប្រាកដ និង ការគិត ថា ខ្លួន ជា ជន រង គ្រោះ គឺ ជា រឿង ពីរ ផ្សេង គ្នា។ កាល ណា ខ្លួន ជឿ ថា, ខ្លួន ជា អ្នក រង គ្រោះ, ទោះ ទៅ ដល់ ក្រហែង ណា ក៏ អ្នក នៅ តែ សម្លឹង ឃើញ ថា  មនុស្ស នៅ ជុំវិញ ខ្លួន អ្នក សុទ្ធ តែ មាន ចំណែក ទទួលខុសត្រូវ នៅ ក្នុង ទុក្ខសោក នៃ ជីវិត របស់ អ្នក។ ទោះ ទៅ ដល់ ទ្វីប ណា ក៏ ឃើញ ពិភពលោក ជា ឋាន នរក។ ចូរ ដឹងថា, ពុំ មែន មនុស្ស ទាំង អស់ សុទ្ធ តែ ក្រោក ពី ដំណេក ជាមួយ នឹង ផែនការ សម្រាប់ ព្យាបាទ អ្នក ដោយ របៀប ណា នោះ ទេ។ ម្នាក់ៗ ប្រឹង ដើម្បី ជីវិត គេ រៀងៗ ខ្លួន, ហើយ គេ អត់ មាន ជំពាក់ អ្វី ដល់ អ្នក ឡើយ។ ដូច លោក ម៉ាក ថ្វេន បាន សរសេរ ថា “ពិភពលោក អត់ មាន ជំពាក់ អី ដល់ អ្នក ទេ។ ពិភពលោក នៅ ទី នេះ មុន អ្នក ជា យូរ មក ហើយ”។ ព្រះ ពុទ្ធ ក៏ បាន ប្រដៅ ដែរ ថា ខ្លួន ទីពឹង ខ្លួន។ រឿង អកុសល ដែល កើតឡើង ចំពោះ ខ្លួន, មិន មែន សុទ្ធ តែ ជា ផែនការ អាក្រក់ របស់ អ្នក ដទៃ នោះ ទេ។

តម្លៃ​ របស់ ​យើង គឺ​ យើង​ ជា​ អ្នក​ កំណត់


Achievement

អារម្មណ៍ ដ៏ ថប់ បំផុត គឺ, នៅ ក្នុង កែវ ភ្នែក អ្នកដទៃ យើង ប្រៀប ដូច ជា ពេជ្រ ឆ្នៃ, ប៉ុន្តែ នៅ ក្នុងកែវ ភ្នែក ញាតិ ខ្លួន ឯង វិញ, គឺ ត្រឹម ជា ធ្យូង មួយ ដុំ។ ប៉ុន្តែ អារម្មណ៍ គាប់ចិត្ត បំផុត គឺ ការសម្រេច បាន នូវ អ្វី ដែល អ្នក ដទៃ, ជាពិសេស សាច់ញាតិ, ដៅ ទុក ថា យើង ធ្វើ មិន កើត។ តាម ពិត ទៅ, យើង ជា អ្នក ណា, គឺ ខ្លួន យើង ជា អ្នក កំណត់, ហើយ តម្លៃ របស់ យើង ខ្ពស់ ឬ ទាប ក៏ គ្មាន អ្នក ណា អាច មក កំណត់ បាន ដោយ គ្មាន ការយល់ព្រម ពី យើង។

គប្បីហ៊ានពត់ស្រឡៅ គប្បីហ៊ានប្រដៅមនុស្សខូច


បើយើងមានបញ្ញា ពូកែច្នៃគំនិត យើងនឹងមានអ្វីៗល្អៗសម្រាប់ប្រើ។ ឯឈើមិនប្រសើរ ក៏ក្លាយ ជាសង្ហារឹមដ៏មានតម្លៃ ដោយសារស្នាដៃយើង។

បើយើងមានបញ្ញា ពូកែច្នៃគំនិត យើងនឹងមានអ្វីៗល្អៗសម្រាប់ប្រើ។ ឯឈើមិនប្រសើរ ក៏ក្លាយ ជាសង្ហារឹមដ៏មានតម្លៃ ដោយសារស្នាដៃយើង។

អត្ថបទ​អប់​រំ​របស់​អ្នក​ស្រី កែវច័ន្ទបូរណ៍
“កុំពត់ស្រឡៅ កុំប្រដៅមនុស្សខូច” ជាសំដីរបស់សង្គមជន ដែលខ្វះសមត្ថភាព កែស្រឡៅ ឬជនដែលអង្គុយ មើលបំណាំ តែម៉្យាង។ ស្រឡៅរឹងមែន ស្រួយមែន តែក៏មិនរឹង មិនស្រួយ ចំពោះ អ្នកមានទេពកោសល្យ ខាងអារឆ្លាក់ឈើ អោយក្លាយជា តុ ទូគ្រែ ក្តារក្រាលផ្ទះ និងគ្រឿងសង្ហារឹម ល្អៗថ្លៃថ្នូរ ក្នុងលំនៅដ្ឋាននោះឡើយ។ ស្រឡៅ មិនសូវមានដើមត្រង់ខ្ពស់ឡើងលើ ដូចបេង ធ្នង់ឡើយ តែស្រឡៅ មានសាច់ឈើ ងាយប្រេះងាយស្រាំ ដូចឈើកកោះ ហើយច្រើនមានមែក មានខ្នែង មានពក ក្ងិកក្ងក់ ទៅតាមពូជរបស់ខ្លួន។ ថ្វីបើយ៉ាងនេះក៏ដោយ អ្នកមានទេពកោសល្យ នៅអាចកែស្រឡៅ អោយទៅជាគ្រឿងសង្ហារឹមបាន យ៉ាងស្អាតប្រសើរ ហើយលក់មានតម្លៃលើសសង្ហារឹមធម្មតា ទៀតផង។ ពកស្រឡៅ ពកកកោះ មានក្រឡាល្អណាស់ បើគេច្រៀកអារជាបន្ទះៗ យើងនឹងឃើញរចនាបថប្លែកៗ តាមលក្ខណៈធម្មជាតិរបស់សាច់ឈើ។ នៅពេលគេចៀរជាបន្ទះរួចហើយ គេច្រើនចៀរសាច់ឈើខាង ចេញជារាងមូល រាងផ្កាយ រាងពងក្រពើ ឬ ជារាងអ្វីក៏បាន សម្រេចនៅលើអ្នកពូកែច្នៃប្រឌិត។ ពកឈើកកោះ ពកឈើស្រឡៅ អាចលក់បានថ្លៃជាងឈើធម្មតា ដោយសារក្រឡាដ៏ស្រស់ស្អាតប្លែក របស់សាច់ឈើ។ ភាគច្រើន គេច្រើនយក បន្ទះពកឈើកកោះ ពកឈើស្រឡៅ ឬឈើខ្លឹមដទៃទៀត ទៅបិតពីលើឈើធម្មតា ដើម្បីអោយចេញជាក្បាច់រចនា យ៉ាងស្អាត ទាក់ទាញភ្នែកអតិថិជន។ ដោយសារមូលហេតុនេះហើយ ទើបធ្វើអោយឈើស្រឡៅ មានតម្លៃជាងរូបសណ្ឋានរបស់ដើម ថ្វីបើមើលពីក្រៅទៅ ឃើញមែក ពកក្ងិកក្ងក់ មិនត្រង់ស្អាត ដូចឈើធម្មតា។ រីឯអ្នកឆ្លាត ក៏មិនចេះតែយកឈើព្រៃ មកផលិតត្រឹមតែ ក្តារផ្ទះត្រង់ៗនោះដែរ។ មានពាក្យស្លោកមួយទៀត ដែលចែងថា កោងធ្វើកង់ត្រង់ធ្វើកាំ មានន័យថា យើងគប្បីរក្សា គំនិតរចនាបថ អោយបានច្រើនបែប ប្លែកៗខុសពីអ្នកដទៃ មិនមែនចម្លងបែបតែម៉្យាង ដូចដែលធ្លាប់មាន ក្នុងសង្គមខ្មែរបុរាណនោះឡើយ។

បន្ត​ការ​អាន

ទំនួលខុសត្រូវ​ផ្ទាល់​ខ្លួន


ដើម្បីកសាងឡើងវិញ នូវទំនាក់ទំនាក់ដែលបែកបាក់, ជាដំបូង, យើងត្រូវពិនិត្យមើលបេះដូងខ្លួនឯង ដើម្បីរកអោយឃើញ នូវទំនួលខុសត្រូវ និងកំហុសរបស់ខ្លួនឯង។ ការស្ថិតនៅដោយប្រយោល ហើយឆ្កឹះកកាយ ចំណុចខ្សោយទៅវិញទៅមកនោះ គឺជារឿងងាយស្រួល, ប៉ុន្តែវាគ្រាន់តែដើម្បីបំប៉នអំនួតខ្លួនឯង និងបង្ហាញភាពត្រូវនៃខ្លួនឯងប៉ុណ្ណោះ។

553847_f260

សួន​ច្បារ ឬ​ជា​សួន​ស្មៅ គឺ​អាស្រ័យ​លើ​យើង


good-and-evil

យើង​អាច​បន្ទោស​អ្នក​ធំ​យ៉ាង​នេះ អ្នក​មាន​អំណាច​យ៉ាង​នោះ! អាង​តែ​មាន​អំណាច ធ្វើ​អ្វី​ស្រេច​នឹង​ចិត្ត! ជា​ការ​ពិត ដែល​អ្នក​រង​គ្រោះ​​សង្គមទូទៅ​ តែង​យល់​ថា ខ្លួន​គ្មាន​កំហុស ឬ​គ្មាន​ចំណែក​នៅ​ ក្នុង​ភាពអកុសលទាំង​នោះ​ទេ, ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី, ទទួល​ស្គាល់ ឬ​មិន​ទទួល​ស្គាល់​ក្ដី, អ្នក​រង​គ្រោះ​សង្គម​ទាំង​នោះ ក៏​មាន​ចំណែក​ទទួល​ខុស​ត្រូវ នៅ​ក្នុង​​ភាព​អកុសលទាំង​នោះ​ដែរ។

ចូរ​យើង​យក​រឿង​ដ៏​តូច ហើយ​ងាយ​ស្រួល​បំផុត មក​ធ្វើ​ការ​ប្រៀប​ធៀប​ថា ​យើង​មាន​សួន​ច្បារ​មួយ ហើយ​យើង​ពុំ​ដែល​ជីក​ស្មៅ​​ជម្រះ ថែ​ទាំ​ ដាំ​ផ្កា ឬ​ដាំ​ដំណាំ​អ្វី​ឡើយ។ សួន​ច្បារ​ដែល​គួរ​មាន​សណ្ដាប់​ធ្នាប់ និង​ភាព​ស្រស់​បំព្រង​នៃ​ផ្កា​ចម្រុះ ឬ​ដំណាំ​បន្លែ​ទាំង​ឡាយ ក៏​ក្លាយ​ទៅ​ជា​សួន​ស្មៅ​ស៊ុប​ទ្រុប​ទៅ​វិញ។ តើ​យើង​អាច​បន្ទោស​ស្មៅ​ទាំង​នោះ ដែល​ដុះ​ស៊ុប​ទ្រាំ​ដែរ​ឬ​ទេ? បើ​យើង​មិន​បោស​សម្អាត បន្ទប់​ដេក​របស់​ខ្លួន​ទេ, តើ​យើង​ត្រូវ​បន្ទោស​ធូលី ដែល​ចេះ​តែ​មក​ធ្វើ​អោយ​ប្រឡាក់​ឬ​ទេ?

បើ​និយាយ​អំពី​មនុស្ស ក៏​មិន​ខុស​គ្នា​ពី​ស្មៅ​ និង​ធូលី​នោះ​ដែរ។ ភាពវៈល្អ និង​ភាវៈ​អាក្រក់​ជា​គូ​នឹង​គ្នា ហើយ​កាល​ណា​ភាគី​ណាមួយ​ធ្វេស​ប្រហែស ភាគី​ម្ខាង​ទៀត​នឹង​គ្រប​ដណ្ដប់។ កំហុស​ទូទៅ​របស់​ជន​រង​គ្រោះ​សង្គម គឺ​ភាព​​តោះ​តើយ, ដំណើរ​ខ្ជិល​ច្រអូស, ភាព​យក​រួច​ខ្លួន ហើយ​នាំ​គ្នា​និយាយ​យក​ត្រូវ ដើម្បីកុហក​លួង​ចិត្ត​ខ្លួន​ឯង​ថា [ទោះ​មិន​បាន​ធ្វើ​បុណ្យ ឬ​ធ្វើ​ល្អ​ក៏​ដោយ] “ដរាបណា​ខ្លួន​មាន​បាន​ធ្វើ​បាប​អ្នកណា ខ្លួន​ជា​មនុស្ស​ល្អ” ហើយ​វិល​វល់​តែ​នឹង​ខ្លួន​ឯង ឥត​បើក​ភ្នែក​មើល​រឿង​អកុសល​នៅ​ជុំ​វិញ​ខ្លួន។

បន្ត​ការ​អាន

ភាព​លាក់​ពុត​នៃ​ភាសិ​តខ្មែរ “​ពុត​គ្រូ​កុំ​ត្រាប់ ច្បាប់​គ្រូ​សឹម​យក”


yuckនៅក្នុងសម្ភាសន៍ ជាមួយវិទ្យុអាស៊ីសេរី អំពីសុភាសិតខ្មែរ “ពុតគ្រូកុំត្រាប់ ច្បាប់គ្រូសឹមយក”, លោកព្រឹទ្ធាចារ្យ មាស លី បកស្រាយថា «ទ្រឹស្ដីរបស់អ្នកប្រាជ្ញហ្នឹងក៏តៗគ្នាមក ដើម្បីប្រៀនប្រដៅកូនខ្មែរ។ ពុតគ្រូហ្នឹងវាមានល្បិចកលច្រើនដែរ ការបង្រៀនរបស់គ្រូហ្នឹង។ លក្ខណៈរបស់គ្រូហ្នឹង គឺលោកបង្រៀនចង់ឲ្យសិស្សចេះ ប៉ុន្តែលក្ខណៈដែលជាចរិតអត្តចរិតរបស់គ្រូហ្នឹង ជួនកាលគ្រូខ្លះកាច ជួនកាលគ្រូខ្លះរាយមាយ ជួនកាលគ្រូខ្លះធ្វើអំពើអត់ប្រយោជន៍។ ទាំងអស់ហ្នឹង កុំយកទៅតាមពុតហ្នឹង លោកមិនឲ្យត្រាប់ទេ»។

អ្វីដែលលោកបកស្រាយ អំពីអត្ថន័យរបស់សុភាសិត គឺពុំមានកន្លែងណាខុសទេ, អ្វីដែលខុស គឺគំនិតនៅពីក្រោយសុភាសិតនេះតែម្ដង។ ការអប់រំមនុស្ស ពុំអាចចេះតែនិយាយចេញ អោយផុតពីមាត់ ហើយរំពឹងអោយគេ ធ្វើតាមសម្ដីខ្លួននោះឡើយ។ របៀបរីកចម្រើនរបស់មនុស្សលោក គឺការរៀនធ្វើតាមគ្នា ពីមួយទៅមួយជាគំរូ។ សូម្បីតែសត្វតិរិច្ឆាន ក៏វាត្រាប់តាមគ្នាដែរ។

ដូច្នេះ, អ្នកដែលបង្កើតសុភាសិតនេះឡើង គឺដើម្បីលើកលែងអោយខ្លួន អាចធ្វើអ្វីផ្ទុយនឹងការបង្រៀនរបស់ខ្លួន នៅខណៈដែលខ្លួន កំពុងបង្គាប់បញ្ចាគេ អោយគោរពតាមការអប់រំរបស់ខ្លួនប៉ុណ្ណោះ។ នេះគេហៅថា “គីង្គក់លក់ថ្នាំស្រែង”។ សូមមនុស្សជំនាន់ក្រោយ កុំយកភាសិតសម្អុយនេះ មកអនុវត្តទៀត ពីព្រោះវាជាការបង្រៀន និងជាលេស សម្រាប់អោយមនុស្ស មានភាពលាក់ពុតប៉ុណ្ណោះ។

បើចង់អោយមនុស្សគោរព, គួរប្រព្រឹត្តិខ្លួនជាគម្រូ។ បើខ្លួនបង្រៀនគេអំពីសីលធម៌សង្គម ត្រូវប្រព្រឹត្តិខ្លួន អោយស្របនឹងគោលការណ៍ នៃអ្វីដែលខ្លួនកំពុងបណ្ដុះបណ្ដាល។ បើខ្លួនជាមន្ត្រីច្បាប់ ត្រូវគោរព និងអនុវត្តទៅតាមគោលការណ៍ច្បាប់។ បើខ្លួនជាព្រះសង្ឃ ត្រូវប្រព្រឹត្តិខ្លួនអោយសមនឹងធម៌វិន័យ។ នោះហើយជាការដឹកនាំដោយគំរូ។ ការអប់រំមនុស្ស គឺគេត្រូវដឹកនាំពីមុខ ដូចគ្នានឹងការដឹកមុខគោក្របីដូច្នោះ។ យើងមិនអាចរុញពីក្រោយ ហើយខឹងគោដើរមិនត្រង់ផ្លូវនោះឡើយ។ សូមធ្វើខ្លួនជាអ្នកដឹកនាំ កុំធ្វើជាអ្នកបញ្ជា!!!

ចចក ​ពីរ​ ក្បាល


two-wolves-of-life1

បុរស ចំណាស់ នៃ កុលសម្ព័ន្ធ ឥណ្ឌីឆេរ៉ូគី (ជនជាតិ ដើម អាមេរិកាំង) ម្នាក់ និយាយ ប្រាប់ ចៅប្រុសខ្លួន ថា៖
-ចៅ សម្លាញ់, នៅ ក្នុង ខ្លួន យើង មាន ការប្រយុទ្ធ គ្នា យ៉ាង ខ្លាំងក្លា មួយ រវាង ឆ្កែ ចចក ពីរ ក្បាល  ដែល តំណាង ភាវៈ ល្អ និង ភាវៈ អាក្រក់។ ខាង ភាវៈ អាក្រក់ គឺ មាន កំហឹង, ក្ដីច្រណែន, ការលោភលន់, ការតូចចិត្ត, ភាពអន់ ជាង គេ, ការភូត កុហក, និង អំនួត អាត្មា។ ឯ ខាង ភាវៈ ល្អ គឺ មាន ក្ដីរីករាយ, សន្តិភាព, ក្ដីស្រឡាញ់, ក្ដីសង្ឃឹម, ការចេះ ដាក់ ខ្លួន, ក្ដីមេត្តា, ការចេះ យល់ចិត្ត, និងសេចក្ដីពិត។

ចៅប្រុស សញ្ជឹង គិត មួយ ភ្លែត ហើយ សួរ, “លោក តា, ចចក មួយ ណា ឈ្នះ?”

តា ឆ្លើយ, “គឺ ចចក ណា ដែល យើង អោយ អាហារ វា ស៊ី ជា អ្នក ឈ្នះ។”