កំហុស​ សតិ និង​ កំហុស​ បេះដូង


mistakeការធ្វើ ខុស គឺ ជា រឿង មួយ, ការធ្វើ ខុស ហើយ មិន សារភាព, មិនទទួលខុសត្រូវ, គឺ ជា រឿង មួយ ផ្សេង ទៀត។ កំហុស សតិ គឺ ជា អ្វី ដែល អាច អធ្យាស្រ័យ, ប៉ុន្តែ កំហុស បេះដូង គេ មិន គួរ អភ័យ ទោស ឡើយ, ដ្បិតអី វា ជា ចេតនា អាក្រក់, ជា ចិត្ត ជំរុញ ដោយ បំណង មិន ល្អ, ជាការបិទ បាំង ដ៏ ពោរពេញ ដោយ អំនួត ដើម្បី ទាញ យក ភាពត្រូវ ទៅ លើ កំហុសទីមួយ។

សួន​ច្បារ ឬ​ជា​សួន​ស្មៅ គឺ​អាស្រ័យ​លើ​យើង


good-and-evil

យើង​អាច​បន្ទោស​អ្នក​ធំ​យ៉ាង​នេះ អ្នក​មាន​អំណាច​យ៉ាង​នោះ! អាង​តែ​មាន​អំណាច ធ្វើ​អ្វី​ស្រេច​នឹង​ចិត្ត! ជា​ការ​ពិត ដែល​អ្នក​រង​គ្រោះ​​សង្គមទូទៅ​ តែង​យល់​ថា ខ្លួន​គ្មាន​កំហុស ឬ​គ្មាន​ចំណែក​នៅ​ ក្នុង​ភាពអកុសលទាំង​នោះ​ទេ, ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី, ទទួល​ស្គាល់ ឬ​មិន​ទទួល​ស្គាល់​ក្ដី, អ្នក​រង​គ្រោះ​សង្គម​ទាំង​នោះ ក៏​មាន​ចំណែក​ទទួល​ខុស​ត្រូវ នៅ​ក្នុង​​ភាព​អកុសលទាំង​នោះ​ដែរ។

ចូរ​យើង​យក​រឿង​ដ៏​តូច ហើយ​ងាយ​ស្រួល​បំផុត មក​ធ្វើ​ការ​ប្រៀប​ធៀប​ថា ​យើង​មាន​សួន​ច្បារ​មួយ ហើយ​យើង​ពុំ​ដែល​ជីក​ស្មៅ​​ជម្រះ ថែ​ទាំ​ ដាំ​ផ្កា ឬ​ដាំ​ដំណាំ​អ្វី​ឡើយ។ សួន​ច្បារ​ដែល​គួរ​មាន​សណ្ដាប់​ធ្នាប់ និង​ភាព​ស្រស់​បំព្រង​នៃ​ផ្កា​ចម្រុះ ឬ​ដំណាំ​បន្លែ​ទាំង​ឡាយ ក៏​ក្លាយ​ទៅ​ជា​សួន​ស្មៅ​ស៊ុប​ទ្រុប​ទៅ​វិញ។ តើ​យើង​អាច​បន្ទោស​ស្មៅ​ទាំង​នោះ ដែល​ដុះ​ស៊ុប​ទ្រាំ​ដែរ​ឬ​ទេ? បើ​យើង​មិន​បោស​សម្អាត បន្ទប់​ដេក​របស់​ខ្លួន​ទេ, តើ​យើង​ត្រូវ​បន្ទោស​ធូលី ដែល​ចេះ​តែ​មក​ធ្វើ​អោយ​ប្រឡាក់​ឬ​ទេ?

បើ​និយាយ​អំពី​មនុស្ស ក៏​មិន​ខុស​គ្នា​ពី​ស្មៅ​ និង​ធូលី​នោះ​ដែរ។ ភាពវៈល្អ និង​ភាវៈ​អាក្រក់​ជា​គូ​នឹង​គ្នា ហើយ​កាល​ណា​ភាគី​ណាមួយ​ធ្វេស​ប្រហែស ភាគី​ម្ខាង​ទៀត​នឹង​គ្រប​ដណ្ដប់។ កំហុស​ទូទៅ​របស់​ជន​រង​គ្រោះ​សង្គម គឺ​ភាព​​តោះ​តើយ, ដំណើរ​ខ្ជិល​ច្រអូស, ភាព​យក​រួច​ខ្លួន ហើយ​នាំ​គ្នា​និយាយ​យក​ត្រូវ ដើម្បីកុហក​លួង​ចិត្ត​ខ្លួន​ឯង​ថា [ទោះ​មិន​បាន​ធ្វើ​បុណ្យ ឬ​ធ្វើ​ល្អ​ក៏​ដោយ] “ដរាបណា​ខ្លួន​មាន​បាន​ធ្វើ​បាប​អ្នកណា ខ្លួន​ជា​មនុស្ស​ល្អ” ហើយ​វិល​វល់​តែ​នឹង​ខ្លួន​ឯង ឥត​បើក​ភ្នែក​មើល​រឿង​អកុសល​នៅ​ជុំ​វិញ​ខ្លួន។

បន្ត​ការ​អាន

ភាព​លាក់​ពុត​នៃ​ភាសិ​តខ្មែរ “​ពុត​គ្រូ​កុំ​ត្រាប់ ច្បាប់​គ្រូ​សឹម​យក”


yuckនៅក្នុងសម្ភាសន៍ ជាមួយវិទ្យុអាស៊ីសេរី អំពីសុភាសិតខ្មែរ “ពុតគ្រូកុំត្រាប់ ច្បាប់គ្រូសឹមយក”, លោកព្រឹទ្ធាចារ្យ មាស លី បកស្រាយថា «ទ្រឹស្ដីរបស់អ្នកប្រាជ្ញហ្នឹងក៏តៗគ្នាមក ដើម្បីប្រៀនប្រដៅកូនខ្មែរ។ ពុតគ្រូហ្នឹងវាមានល្បិចកលច្រើនដែរ ការបង្រៀនរបស់គ្រូហ្នឹង។ លក្ខណៈរបស់គ្រូហ្នឹង គឺលោកបង្រៀនចង់ឲ្យសិស្សចេះ ប៉ុន្តែលក្ខណៈដែលជាចរិតអត្តចរិតរបស់គ្រូហ្នឹង ជួនកាលគ្រូខ្លះកាច ជួនកាលគ្រូខ្លះរាយមាយ ជួនកាលគ្រូខ្លះធ្វើអំពើអត់ប្រយោជន៍។ ទាំងអស់ហ្នឹង កុំយកទៅតាមពុតហ្នឹង លោកមិនឲ្យត្រាប់ទេ»។

អ្វីដែលលោកបកស្រាយ អំពីអត្ថន័យរបស់សុភាសិត គឺពុំមានកន្លែងណាខុសទេ, អ្វីដែលខុស គឺគំនិតនៅពីក្រោយសុភាសិតនេះតែម្ដង។ ការអប់រំមនុស្ស ពុំអាចចេះតែនិយាយចេញ អោយផុតពីមាត់ ហើយរំពឹងអោយគេ ធ្វើតាមសម្ដីខ្លួននោះឡើយ។ របៀបរីកចម្រើនរបស់មនុស្សលោក គឺការរៀនធ្វើតាមគ្នា ពីមួយទៅមួយជាគំរូ។ សូម្បីតែសត្វតិរិច្ឆាន ក៏វាត្រាប់តាមគ្នាដែរ។

ដូច្នេះ, អ្នកដែលបង្កើតសុភាសិតនេះឡើង គឺដើម្បីលើកលែងអោយខ្លួន អាចធ្វើអ្វីផ្ទុយនឹងការបង្រៀនរបស់ខ្លួន នៅខណៈដែលខ្លួន កំពុងបង្គាប់បញ្ចាគេ អោយគោរពតាមការអប់រំរបស់ខ្លួនប៉ុណ្ណោះ។ នេះគេហៅថា “គីង្គក់លក់ថ្នាំស្រែង”។ សូមមនុស្សជំនាន់ក្រោយ កុំយកភាសិតសម្អុយនេះ មកអនុវត្តទៀត ពីព្រោះវាជាការបង្រៀន និងជាលេស សម្រាប់អោយមនុស្ស មានភាពលាក់ពុតប៉ុណ្ណោះ។

បើចង់អោយមនុស្សគោរព, គួរប្រព្រឹត្តិខ្លួនជាគម្រូ។ បើខ្លួនបង្រៀនគេអំពីសីលធម៌សង្គម ត្រូវប្រព្រឹត្តិខ្លួន អោយស្របនឹងគោលការណ៍ នៃអ្វីដែលខ្លួនកំពុងបណ្ដុះបណ្ដាល។ បើខ្លួនជាមន្ត្រីច្បាប់ ត្រូវគោរព និងអនុវត្តទៅតាមគោលការណ៍ច្បាប់។ បើខ្លួនជាព្រះសង្ឃ ត្រូវប្រព្រឹត្តិខ្លួនអោយសមនឹងធម៌វិន័យ។ នោះហើយជាការដឹកនាំដោយគំរូ។ ការអប់រំមនុស្ស គឺគេត្រូវដឹកនាំពីមុខ ដូចគ្នានឹងការដឹកមុខគោក្របីដូច្នោះ។ យើងមិនអាចរុញពីក្រោយ ហើយខឹងគោដើរមិនត្រង់ផ្លូវនោះឡើយ។ សូមធ្វើខ្លួនជាអ្នកដឹកនាំ កុំធ្វើជាអ្នកបញ្ជា!!!

ការ​ងារ​ សុចរិត…


អ្នក ដែល ធ្វើ ការងារ សុចរិត ដោយ កម្លាំង ញើសឈាម ខ្លួនឯង ទើប យល់ អំពី តម្លៃ ប្រាក់។ ចំណែក អ្នក រក វៀចវេរ ឬ អ្នកដេកស៊ី, ដេកសុំ ចាំតែ គេ អោយ, ទោះ មាន ភាពងាយស្រួល យ៉ាងណា ក៏ បាន ត្រឹមតែ បណ្ដោះអាសន្ន ហើយ ត្រូវ លះបង់ ការប្រឹងប្រែង ដែល ជា អត្ថន័យ ពិតប្រាកដ នៃ គោលបំណង ជីវិត សម្រាប់ ការលូតលាស់ របស់ មនុស្ស។ ជាក់ស្ដែង នៅ តាម កាស៊ីណូ, គេ កម្រ ឃើញ អ្នក ដែល ធ្វើ ការងារ ទៀងត្រង់ យក ប្រាក់ ដែល ជា កម្លាំង ញើសឈាម របស់ គេ ទៅ ចាក់ល្បែង បំផ្លាញ ណាស់។ ភាគច្រើន គឺ ពួក រក លុយ បាន តាម ផ្លូវ អបាយមុខ (ស្រី លក់ ខ្លួន, ចោរ លួច របស់, អ្នក លក់ គ្រឿងញៀន, អ្នក ទទួល ការសូកប៉ាន់) ឬ អ្នក ដេកស៊ី បន្លំលុយ រដ្ឋ។ ចំណែក វង់ល្បែង តាម ផ្ទះ វិញ, គេ លេង ស៊ីក្រហម មួយ គ្រាប់ សុទ្ធតែ ៥០សេន ទៅមួយដុល្លារ។

ដំណើរ រីកចម្រើន របស់ មនុស្ស គឺ ប្រៀប ដូចជា កសិកម្ម ស្រូវអង្ករ ដូច្នោះ ដែរ, គឺ ទាមទារ ការប្រឹងប្រែង ពី មួយ ជំហាន ទៅ មួយ ជំហាន។ គេ មិន អាច យក សំណាប ទៅ ស្ទូង ដោយ គ្មាន ការ ភ្ជួររាស់ ដី នោះ ឡើយ។ យើង ឃើញ គេ មានបាន ដោយសារ ផ្លូវកាត់, កេងបន្លំ, ប៉ុន្តែ អ្វី ដែល យើង បាន ឃើញ នោះ គឺ គ្រាន់តែ ជា ភាពរុងរឿង ដែល ជះ ពន្លឺ តែ មួយ ភ្លែត ប្រៀប ដូចជា ភ្លើង ចំបើង ប៉ុណ្ណោះ។ នៅ ចុង បញ្ចប់, គេ ធ្វើ អ្វី នឹង បាន ទទួល ហ្នឹង។ ជាក់ស្ដែង អ្នក លួច កោស MediCal បន្លំ ភ្នែក រដ្ឋ កាល ពី ដប់-ម្ភៃ ឆ្នាំ មុន នោះ តើ មាន អ្នកណា នៅ ហ៊ឺហា មក ទល់ សព្វថ្ងៃ ទេ? អ្នកខ្លះ ដេក ទ្រុងសារិកា, អ្នកខ្លះ រត់ គេច ខ្លួន ដល់ ប្រទេស ផ្សេង នៅ តែ FBI ចាប់ក្របួច យក មក វិញ, ហើយ ពេល ចេញ ពី គុក, រហាម លើស ដើម។

ជួនកាល យើង ឃើញ គេ ជិះ ឡាន ប្រណីត, សង្ហា អស្ចារ្យ, ប៉ុន្តែ យើង អត់ ដឹង ថា គេ កំពុង បើកបរ រក កន្លែង សម្រាប់ ចង ក ដើម្បី បញ្ចប់ រឿង សោះ។

ការងារ ទៀងត្រង់, ទោះ គ្មាន ភាពរុងរឿង, ហ៊ឺហា, ប៉ុន្តែ មនសិកា ភ្លឺ ជ្រះ, គ្មាន ការខ្លាចមុខ ខ្លាចក្រោយ, ភ័យខ្លាច កម្មពៀរ តាម ទាន់។ យើង អាចរី ករាយ នឹង អ្វី ដែល ខ្លួន រក បាន ដោយ កម្លាំង ញើសឈាម ខ្លួនឯង ជាជាង សៅហ្មង នឹង របស់ ដែល ខ្លួន គ្មាន ហើយ មើល រំលង អ្វី ដែល មាន។

កុំ​កំណត់​អ្នក​ដទៃ ឬ​កំណត់​ខ្លួន​ឯង ដោយ​ផ្អែក​លើ​កំហុស​មួយ​ពេល


ការរស់នៅ ពី មួយ ថ្ងៃ ទៅ មួយ ថ្ងៃ របស់ មនុស្ស រមែង មាន ការប្រព្រឹត្តិ ខុស។ ប៉ុន្តែ សំខាន់ គឺ កុំ ទុក អោយ កំហុស នោះ កំណត់ ខ្លួនឯង ជា អ្នកណា។ ចំពោះ អ្នក ដទៃ ក៏ ដូច្នោះ ដែរ, យើង មិន គួរ កំណត់ គេ ជា អ្នកណា ដោយ ផ្អែក ទៅ លើ កំហុស មួយ នៅ ក្នុង អតីតកាល ឡើយ។ ភាគច្រើន  យើង ចងចាំ មនុស្ស ដោយសារ គេ ជំពប់ ជើង ដួល, ប៉ុន្តែ យើង អត់ ចងចាំ សោះ ថា, បន្ទាប់ ពី ដួល រួច, គេ ក៏ បាន ងើបឡើង វិញ ដែរ។ មនុស្ស គ្រប់គ្នា ត្រូវការ ឱកាស ទីពីរ។ បើ ខ្លួន គិត ថា, ខ្លួនគួរតែ មាន ឱកាស ជា លើក ទី ពីរ, អ្នក ដទៃ ក៏ គួរ ទទួល បាន នូវ ឱកាស ជា លើក ទី ពីរ ដូច ខ្លួន យើង ដែរ។

ការ​ចេះ​ដាក់​ខ្លួន


ការចេះដាក់ខ្លួន (humility) គឺជាជ័រដ៏សំខាន់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងក្នុង ជីវិត ដែលមិនអាចខ្វះបាន។ អ្នកខ្លះមានបញ្ញាខ្ពស់ មានចំណេះពេញខ្លួន ប៉ុន្តែខ្វេះ “ភាពចេះបន្ទាបខ្លួន” សម្រាប់ភ្ជាប់ទំនាក់ទំនង ជាមួយអ្នកដែលមានប្រាជ្ញាអន់ខ្សោយ។ អ្នកខ្លះ មានប្រាជ្ញាអន់ខ្សោយ ហើយបូកផ្សំនឹងការខ្ជិលច្រអូសរបស់ខ្លួនផងនោះ គាត់កាន់តែយ៉ាប់ និយាយមកពិបាកស្ដាប់ ធ្វើអោយអ្នកមានប្រាជ្ញា និងចំណេះដឹងខ្ពស់ (ប៉ុន្តែខ្វេះការចេះដាក់ខ្លួន) នោះ ស្ដាប់ទៅ សង្កៀត្រចៀក គួរអោយធុញទ្រាន់ទៅវិញ។ ទោះជាយ៉ាងណាក្ដី, ទាំងអ្នកល្ងង់, ទាំងអ្នកឆ្លាត, គឺជាចាន ជាកែវ ដែលស្ថិតនៅរាវតែមួយ។ កាលណាប៉ះទង្គិចគ្នាខ្លាំង វានឹងបែក។

អ្នកខ្លះ មានការចេះដឹងច្រើន ប៉ុន្តែខ្វះការយកចិត្តទុកដាក់ ចំពោះអ្នកដទៃ ហើយរងការអាក់អន់ចិត្ត នៅពេលដែលខ្លួននិយាយចេញមក គ្មានអ្នកណាយកចិត្តទុកដាក់ស្ដាប់។ មេរៀនដ៏សំខាន់មួយ ដែលមនុស្សគួរចងចាំក្នុងចិត្តគឺ “Nobody cares how much you know, until they know how much you care.” មានន័យថា គ្មានអ្នកណាយកចិត្តទុកដាក់ថា អ្នកឯងចេះប៉ុនណាទេ លុះត្រាតែគេដឹងថា អ្នកយកចិត្តទុកដាក់ប៉ុនណាចំពោះគេ។ មេរៀនមួយនេះ ស្រួលរៀនណាស់ ប៉ុន្តែពិបាកអនុវត្ត, ប៉ុន្តែអាចធ្វើទៅរួច។

បំបាត់ មរតក នៃ សម្ពាធ ប្រពៃណី


ជីវិត ជនជាតិ ខ្មែរ ភាគច្រើន គឺ ជីវិត នៃ វិប្បដិសារី, ដ្បិតអី មនុស្ស ស្ទើរ គ្រប់រូប រង គំនាប នៃ ទម្ងន់ ប្រពៃណី។ គេ មិន អាច និយាយ ចេញ មក, ហើយ ថែមទាំង មិន អាច គិត ដល់ ទៀត ផង [ហា ស្លាក់, ខ្ជាក់ ស្លែង]។

ខ្មែរ ភាគច្រើន រមែង ត្រូវ បង្ខំ អោយ ជ្រើសរើស រវាង ក្ដីប្រាថ្នា ផ្ទាល់ខ្លួន និង ការបំពេញ កាតព្វកិច្ច ជា កូន កតញ្ញូ។ បើ គេ បំពេញ តាម បំណង ឳពុកម្ដាយ (ភាគច្រើន), គេ ត្រូវ ខកខាន ជីវិត សុបិន។ បើ គេ រស់នៅ តាម ទំនើង ចិត្ត ខ្លួនឯង គេ ត្រូវ រស់នៅ ជាមួយ នឹង សម្ពាយ កំហុស នៃ ការ មិន ស្ដាប់ បង្គាប់ ឳពុកម្ដាយ។ ដូច្នេះ, ទោះ គេ ជ្រើស យក ផ្លូវ មួយ ណា, ក៏ ភាគច្រើន, គេ រមែង រស់នៅ ជាមួយ នឹង វិប្បដិសារី។

យើង ជា អ្នក ជំនាន់ ក្រោយ អាច បំបាត់ មរតក នៃ សម្ពាធ ប្រពៃណី នេះ ដើម្បី ជា ជំនូន ដ៏ឧត្តម សម្រាប់ កូនចៅ ជំនាន់ ក្រោយ។ មនុស្ស គួរ រស់នៅ ដោយ សេរី… ទោះ ល្អ ឬ អាក្រក់, យើង គួរ ជា អ្នក ជ្រើសរើស។