ការរង គ្រោះ ពិតប្រាកដ និង ការគិត ថា ខ្លួន ជា ជន រង គ្រោះ គឺ ជា រឿង ពីរ ផ្សេង គ្នា។ កាល ណា ខ្លួន ជឿ ថា, ខ្លួន ជា អ្នក រង គ្រោះ, ទោះ ទៅ ដល់ ក្រហែង ណា ក៏ អ្នក នៅ តែ សម្លឹង ឃើញ ថា មនុស្ស នៅ ជុំវិញ ខ្លួន អ្នក សុទ្ធ តែ មាន ចំណែក ទទួលខុសត្រូវ នៅ ក្នុង ទុក្ខសោក នៃ ជីវិត របស់ អ្នក។ ទោះ ទៅ ដល់ ទ្វីប ណា ក៏ ឃើញ ពិភពលោក ជា ឋាន នរក។ ចូរ ដឹងថា, ពុំ មែន មនុស្ស ទាំង អស់ សុទ្ធ តែ ក្រោក ពី ដំណេក ជាមួយ នឹង ផែនការ សម្រាប់ ព្យាបាទ អ្នក ដោយ របៀប ណា នោះ ទេ។ ម្នាក់ៗ ប្រឹង ដើម្បី ជីវិត គេ រៀងៗ ខ្លួន, ហើយ គេ អត់ មាន ជំពាក់ អ្វី ដល់ អ្នក ឡើយ។ ដូច លោក ម៉ាក ថ្វេន បាន សរសេរ ថា “ពិភពលោក អត់ មាន ជំពាក់ អី ដល់ អ្នក ទេ។ ពិភពលោក នៅ ទី នេះ មុន អ្នក ជា យូរ មក ហើយ”។ ព្រះ ពុទ្ធ ក៏ បាន ប្រដៅ ដែរ ថា ខ្លួន ទីពឹង ខ្លួន។ រឿង អកុសល ដែល កើតឡើង ចំពោះ ខ្លួន, មិន មែន សុទ្ធ តែ ជា ផែនការ អាក្រក់ របស់ អ្នក ដទៃ នោះ ទេ។
Moral Story
គប្បីហ៊ានពត់ស្រឡៅ គប្បីហ៊ានប្រដៅមនុស្សខូច

បើយើងមានបញ្ញា ពូកែច្នៃគំនិត យើងនឹងមានអ្វីៗល្អៗសម្រាប់ប្រើ។ ឯឈើមិនប្រសើរ ក៏ក្លាយ ជាសង្ហារឹមដ៏មានតម្លៃ ដោយសារស្នាដៃយើង។
អត្ថបទអប់រំរបស់អ្នកស្រី កែវច័ន្ទបូរណ៍
“កុំពត់ស្រឡៅ កុំប្រដៅមនុស្សខូច” ជាសំដីរបស់សង្គមជន ដែលខ្វះសមត្ថភាព កែស្រឡៅ ឬជនដែលអង្គុយ មើលបំណាំ តែម៉្យាង។ ស្រឡៅរឹងមែន ស្រួយមែន តែក៏មិនរឹង មិនស្រួយ ចំពោះ អ្នកមានទេពកោសល្យ ខាងអារឆ្លាក់ឈើ អោយក្លាយជា តុ ទូគ្រែ ក្តារក្រាលផ្ទះ និងគ្រឿងសង្ហារឹម ល្អៗថ្លៃថ្នូរ ក្នុងលំនៅដ្ឋាននោះឡើយ។ ស្រឡៅ មិនសូវមានដើមត្រង់ខ្ពស់ឡើងលើ ដូចបេង ធ្នង់ឡើយ តែស្រឡៅ មានសាច់ឈើ ងាយប្រេះងាយស្រាំ ដូចឈើកកោះ ហើយច្រើនមានមែក មានខ្នែង មានពក ក្ងិកក្ងក់ ទៅតាមពូជរបស់ខ្លួន។ ថ្វីបើយ៉ាងនេះក៏ដោយ អ្នកមានទេពកោសល្យ នៅអាចកែស្រឡៅ អោយទៅជាគ្រឿងសង្ហារឹមបាន យ៉ាងស្អាតប្រសើរ ហើយលក់មានតម្លៃលើសសង្ហារឹមធម្មតា ទៀតផង។ ពកស្រឡៅ ពកកកោះ មានក្រឡាល្អណាស់ បើគេច្រៀកអារជាបន្ទះៗ យើងនឹងឃើញរចនាបថប្លែកៗ តាមលក្ខណៈធម្មជាតិរបស់សាច់ឈើ។ នៅពេលគេចៀរជាបន្ទះរួចហើយ គេច្រើនចៀរសាច់ឈើខាង ចេញជារាងមូល រាងផ្កាយ រាងពងក្រពើ ឬ ជារាងអ្វីក៏បាន សម្រេចនៅលើអ្នកពូកែច្នៃប្រឌិត។ ពកឈើកកោះ ពកឈើស្រឡៅ អាចលក់បានថ្លៃជាងឈើធម្មតា ដោយសារក្រឡាដ៏ស្រស់ស្អាតប្លែក របស់សាច់ឈើ។ ភាគច្រើន គេច្រើនយក បន្ទះពកឈើកកោះ ពកឈើស្រឡៅ ឬឈើខ្លឹមដទៃទៀត ទៅបិតពីលើឈើធម្មតា ដើម្បីអោយចេញជាក្បាច់រចនា យ៉ាងស្អាត ទាក់ទាញភ្នែកអតិថិជន។ ដោយសារមូលហេតុនេះហើយ ទើបធ្វើអោយឈើស្រឡៅ មានតម្លៃជាងរូបសណ្ឋានរបស់ដើម ថ្វីបើមើលពីក្រៅទៅ ឃើញមែក ពកក្ងិកក្ងក់ មិនត្រង់ស្អាត ដូចឈើធម្មតា។ រីឯអ្នកឆ្លាត ក៏មិនចេះតែយកឈើព្រៃ មកផលិតត្រឹមតែ ក្តារផ្ទះត្រង់ៗនោះដែរ។ មានពាក្យស្លោកមួយទៀត ដែលចែងថា កោងធ្វើកង់ត្រង់ធ្វើកាំ មានន័យថា យើងគប្បីរក្សា គំនិតរចនាបថ អោយបានច្រើនបែប ប្លែកៗខុសពីអ្នកដទៃ មិនមែនចម្លងបែបតែម៉្យាង ដូចដែលធ្លាប់មាន ក្នុងសង្គមខ្មែរបុរាណនោះឡើយ។
ផលប្រយោជន៍និងសារសំខាន់នៃការបណ្ដុះគំនិតសង្គហធម៌ឬធម៌សង្គ្រោះ
2013-10-20
សម្រាប់សង្គមខ្មែរបច្ចុប្បន្ន ការអនុវត្តសង្គហធម៌នៅមានកម្រិតនៅឡើយ ដែលជាកត្តាមួយជំរុញឲ្យមនុស្សនៅក្នុងប្រទេសនេះទាំងអ្នកធំ ទាំងអ្នកតូច ភាគច្រើនខ្វះធម៌សាមគ្គី មិនយោគយល់គ្នា មិនចុះសម្រុងគ្នា។
ការអប់រំរបស់ព្រះពុទ្ធសាសនាស្ដីពីសង្គហធម៌ ឬធម៌សង្គ្រោះមនុស្សផងគ្នា មាន ៤យ៉ាងជាសំខាន់ គឺ ការឲ្យទានការពោលពាក្យពីរោះ ការប្រព្រឹត្តអំពើជាប្រយោជន៍ដល់គ្នា និងការតាំងខ្លួនឲ្យស្មោះស្មើជាមួយគ្នា។ សម្រាប់ធម៌សង្គ្រោះទី១ ការឲ្យទាន មានចែកចេញពីរយ៉ាងទៀត គឺសាធារណទាន និង អសាធារណទាន។
ចំពោះសាធារណៈទាន គឺជាទានដែលបុគ្គលណាមួយ ឬក្រុមពួកណាមួយមានចិត្តសប្បុរស បានផ្ដល់ឲ្យដល់ជនទូទៅដោយមិនរើសអើង មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ មិនប្រកាន់និន្នាការបក្សពួកជាដើម។ ចំណែកឯអសាធារណទាន គឺទានដែលគេផ្ដល់ឲ្យចំពោះតែបុគ្គលម្នាក់ៗ ដែលគេស្រឡាញ់ពេញចិត្ត ឬដែលគេហៅថា “បុគ្គលិកទាន”។
ព្រះមេគណខេត្តកំពង់ស្ពឺ ព្រះតេជព្រះគុណ ឌូ វណ្ណឌឿន បានមានព្រះថេរដីកាថា ការឲ្យនូវសាធារណៈទាន ឬឲ្យទានមិនរើសមុខ មិនប្រកាន់ គឺជាទានមានគុណធម៌ខ្ពង់ខ្ពស់ ពីព្រោះទាននេះជាអំពើល្អ ជួយមនុស្សបណ្ដុះគំនិតស្រឡាញ់រាប់អានគ្នា ចេះជួយយកអាសាគ្នាទៅវិញទៅមកដោយស្មោះស្ម័គ្រ ពិសេសនៅពេលដែលគេជួបគ្រោះអាសន្នទុក្ខលំបាកផ្សេងៗកើតឡើង។
ព្រះតេជព្រះគុណបានបន្ថែមថា ការឲ្យទានមិនរើសមុខក្នុងសង្គហធម៌ គឺជាទានតាមកម្លាំងសទ្ធារបស់បុគ្គលអ្នកឲ្យទាន ដូចជាអ្នកខ្លះគេឲ្យទានទ្រព្យថវិកា អ្នកខ្លះដែលមានធនធានច្រើនគេជួយកសាងផ្លូវថ្នល់ ជីកព្រែក សង់ស្ពាន ដាំដើមឈើ ជីកស្រះ ជីកអណ្ដូង សង់សាលារៀន សង់មន្ទីរពេទ្យ ។ល។
ព្រះតេជព្រះគុណ ឌូ វណ្ណឌឿន៖ «ដូចជាគ្រឿងស្លៀកដណ្ដប់ គ្រឿងស្លៀកពាក់ហ្នឹង ដូចជាអាហារភោជនទាំងឡាយទាំងពួង ត្រូវចេះចែករំលែកទៅដល់គ្នានិងគ្នា ទៅដល់ប្រជាពលរដ្ឋរងគ្រោះដោយប្រការណាមួយក្តី គឺតាមវត្តអារាម ព្រះសង្ឃ អាចារ្យ គណៈកម្មការ សប្បុរសជននានាហ្នឹង គឺចែករំលែកនូវអ្វីដែលខ្លួនមានហ្នឹង អាចមានលទ្ធភាព គឺជួយគ្នានៅក្នុងគ្រាលំបាក ដែលបុរាណយើងថា “ស្រឡាញ់គ្នានៅគ្រាក្រ ស្គាល់មិត្តល្អនៅពេលមានទុក្ខ” នោះ»។
ចំពោះការឲ្យទានមិនរើសមុខ ឬសាធារណៈទាន សម្រាប់សង្គមខ្មែរសព្វថ្ងៃគេឃើញមានសប្បុរសជនមួយចំនួននៅក្នុង ស្រុកខ្លះ និងក្រៅស្រុកខ្លះ បានអនុវត្តសង្គហធម៌ទី១នេះ ដោយបានចែករំលែកម្ហូបអាហារ សម្លៀកបំពាក់ ថវិកាខ្លះដល់អ្នកក្រខ្សត់ ដល់កុមារកំព្រា ឬជួយដល់អ្នកដែលជួបគ្រោះមហន្តរាយផ្សេងៗ ដូចជាទឹកជំនន់ជនលិចភូមិឋាន ផ្ទះសម្បែង ស្រែចំការ។
តួយ៉ាងដូចជាកាលពីអំឡុងទឹកជនលិចភូមិ អ្នកស្រុកនៅភូមិព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល កាលពីក្នុងខែតុលា ឆ្នាំ២០១៣ ជាដើម មានសប្បុរសជននៅក្រៅប្រទេស ដូចជាប្រទេសអូស្រ្តាលី ប្រទេសអង់គ្លេស បានផ្ដល់ថវិកាសម្រាប់ទិញម្ហូបអាហារ ត្រីសាច់ និងអង្ករជាច្រើនតោន ព្រមទាំងសម្ភារៈមួយចំនួនទៀត ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះជាង ២០០គ្រួសារនៅទីនោះ ជាពិសេសគឺជួយដល់ក្រុមស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលមានកូនតូចៗក្រោមអាយុ ៣ឆ្នាំ។ ការផ្ដល់ទាននេះ គេធ្វើទៅតាមរយៈអង្គការក្រៅរដ្ឋាភិបាលនៅក្នុងស្រុក គឺអង្គការ អ៊ីមផែក ខេមបូឌា (Impact Cambodia)។
នាយិកាប្រតិបត្តិនៃអង្គការ អ៊ីមផែក ខេមបូឌា អ្នកស្រី សំបូរ បានបញ្ជាក់ប្រាប់ដែរថា នៅក្នុងជំនួយសង្គ្រោះនោះ គឺមិនអាចគ្រប់គ្រាន់តាមតម្រូវការខ្វះខាតរបស់អ្នកភូមិទាំងអស់ទេ។ ប៉ុន្តែយ៉ាងហោចណាស់ ក៏បានជួយរំលែកទុក្ខលំបាកខ្វះខាតស្បៀងអាហាររបស់អ្នកស្រុកមួយ ចំនួនដែលរងគ្រោះដោយទឹកជំនន់នៅទីនោះដែរ ពិសេសអ្នកដែលងាយរងគ្រោះជាងគេ គឺស្ត្រីមានផ្ទៃពោះនិងកុមារតូច។
អ្នកស្រីបន្តថា នៅក្នុងសង្គមខ្មែរធ្លាប់មានវប្បធម៌ចែករំលែកឲ្យទានដល់គ្នានិង គ្នា ឬដល់អ្នកដែលខ្សត់ខ្សោយ ប៉ុន្តែមកដល់សព្វថ្ងៃ វប្បធម៌ចែករំលែកនេះហាក់មានការធ្លាក់ចុះច្រើន។ បញ្ហានេះអាចបណ្ដាលមកពីខ្វះការអប់រំ ឬខ្វះការយកចិត្តទុកដាក់ពីផលប្រយោជន៍ និងគុណតម្លៃនៃសង្គហធម៌ ឬធម៌សង្គ្រោះគ្នា។ អ្នកស្រីបានបញ្ជាក់ទៀតថា ដើម្បីឲ្យសង្គមខ្មែរមានសង្គហធម៌ ផ្ដល់ភាពចម្រើនរុងរឿង គឺទាមទារឲ្យមានការចូលរួមជួយទាំងអស់គ្នា ទាំងថ្នាក់ដឹកនាំប្រទេសទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
អ្នកប្រាជ្ញផ្នែកព្រះពុទ្ធសាសនាបានប្រាប់ឲ្យដឹងដែរថា នៅក្នុងធម៌សង្គ្រោះទី១ ការឲ្យទាន គឺជាទានផ្ដល់កម្លាំងចិត្តមនុស្សឲ្យស្គាល់ពីតម្លៃនៃការធ្វើ អំពើល្អ ឬអំពើបុណ្យ ពីព្រោះមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានល្អ និងសេចក្ដីសុខចម្រើន។
លោកបានបន្តថា សេចក្ដីល្អដែលមនុស្សត្រូវការ គឺមិនមែនមានតែការឲ្យទានទ្រព្យសម្បត្តិប៉ុណ្ណោះទេ គឺគេត្រូវការបន្ថែមទៀតនូវសេចក្ដីល្អនៃពាក្យសម្ដីដែរ។ ហេតុដូច្នោះហើយនៅក្នុងសង្គហធម៌នោះមានគោលការណ៍អប់រំមួយសំខាន់ទៀត ដែលជាធម៌សង្គ្រោះទី២ គឺ “ការប្រើសម្ដីត្រូវ”។ ការប្រើសម្ដីត្រូវ គឺជាធម៌ល្អមួយអាចជួយលើកទឹកចិត្តមនុស្សឲ្យប្រព្រឹត្តអំពើល្អ និងមានទំនុកទុកចិត្តស្មោះត្រង់រវាងគ្នានិងគ្នា ហើយអាចចេះជួយរំលែកទុក្ខគ្នាទៅវិញទៅមកបាន។
អាចារ្យមួយរូបនៅខេត្តតាកែវ លោក វ៉ាយ វិបុល បានមានប្រសាសន៍បញ្ជាក់ពីវាចាត្រូវនេះថា គឺការពោលពាក្យសុចរិត ឬវចីសុចរិត ឬពាក្យដែលប្រកបទៅដោយសីលធម៌៖ «គឺពោលពាក្យពីរោះ។ ពោលពាក្យពីរោះបានន័យថា ពោលពាក្យផ្អែមល្ហែមរកគ្នានិងគ្នា។ ការមិននិយាយកុហក ការមិននិយាយញុះញង់ បំបែកបំបាក់សាមគ្គី។ ការមិននិយាយពាក្យទ្រគោះបោះបោក ការមិនជេរប្រទេច មិននិយាយរោយរាយឥតប្រយោជន៍។ ហ្នឹងការឲ្យទាន ការនិយាយពាក្យពីរោះនឹងគ្នា គឺជាអង្គនៃសង្គហវត្ថុ»។
ក្រៅពីប្រើវាចាត្រូវនៅក្នុងសង្គហធម៌ ឬសង្គហវត្ថុនៃព្រះពុទ្ធសាសនានៅក្នុងធម៌ សង្គ្រោះទី៣ គឺអប់រំបណ្ដុះគំនិតមនុស្សឲ្យជួយមនុស្សផងគ្នាតែអ្វីដែលមាន ប្រយោជន៍ ដូចជាផ្ដល់គំនិត រកមធ្យោបាយផ្សេងៗក្នុងការប្រកបការងារចិញ្ចឹមជីវិត រស់នៅតែក្នុងអំពើល្អជាដើម។
មួយវិញទៀត នៅក្នុងធម៌សង្គ្រោះទី៤ នៃសង្គហធម៌ គឺបង្ហាញអំពីគុណតម្លៃនៃការប្រព្រឹត្តខ្លួនរបស់មនុស្ស ដោយប្រកាន់យកធម៌កណ្ដាល ឬតាំងខ្លួនឲ្យនៅស្មោះស្មើ មិនវាយឫកក្រអឺតក្រទម ឆ្មើងកន្ទ្រើង មិនមានអំនួតអួតអាង ឬមិនបន្ថោកបន្ទាបអ្នកដទៃឲ្យនៅក្រោមអំណាចខ្លួន។
អ្នកប្រាជ្ញផ្នែកព្រះពុទ្ធសាសនាបានបញ្ជាក់ថា បើមនុស្សនៅក្នុងសង្គមខ្មែរ ឬក្នុងពិភពលោកបាននាំគ្នាគោរពស្រឡាញ់ និងអនុវត្តតាមគោលការណ៍ធម៌សង្គ្រោះទាំង៤យ៉ាងនៃសង្គហធម៌នោះ គេទាំងអស់គ្នានឹងរស់នៅជាមួយគ្នាប្រកបដោយសេចក្ដីសុខសន្តិភាព និងភាពសម្បូរសប្បាយរុងរឿង៕
សាររបស់ជនជាតិកូរ៉េម្នាក់ ចំពោះប្រជាជនហ្វីលីពីន
បកប្រែក្រៅផ្លូវការដោយ បុត្រាខ្មែរ
កំណត់អ្នកបកប្រែ៖ យោងតាមសំណូមពររបស់អ្នកស្រី Nancy Lee, គាត់បានសុំអោយខ្ញុំ ជួយបកប្រែអត្ថបទនេះ ដើម្បីចែកជូនដល់ជនជាតិខ្មែរអាន និងដើម្បីបំផុសព្រលឹងវិញាណ នៃភាពជាតិនិយម នៅក្នុងដួងចិត្តខ្មែរគ្រប់ទីកន្លែង។ បន្ទាប់ពីអានអត្ថបទនេះរួច យើងអាចនឹងទទួលបាន នូវការជំរុញចិត្ត និងគំនិតខ្លះៗ ថាតើប្រទេសកូរ៉េខាងត្បូង គេបានប្រឹងប្រែងយ៉ាងណា ទម្រាំតែគេ អាចក្លាយទៅជាប្រទេសសេដ្ឋី និងអាចឈរនៅក្នុងចំណោម ប្រទេសមានឥទ្ធិពលផ្នែកសេដ្ឋកិច្ចខ្លាំង។ ខ្ញុំបានឆ្លៀតពេលវេលាផ្ទាល់ខ្លួន ធ្វើការបកប្រែឆៅៗ ទៅតាមលទ្ធភាពដែលខ្ញុំអាចធ្វើបាន។ បើមានការឆ្គាំឆ្គង ឬឃើញមានកំហុស សូមជួយផ្ដល់យោបល់ផង។ សូមអរគុណ។
ជនជាតិ ហ្វីលិពីនតែងតែត្អូញត្អែ អំពីអំពើពុករលួយនៅក្នុងប្រទេសហ្វីលីពីន។ តើអ្នកគិតថា អំពើពុករលួយ ពិតជាបញ្ហារបស់ហ្វីលីពីនឬ? ខ្ញុំពុំគិតដូច្នោះឡើយ។ ខ្ញុំជឿយ៉ាងមាំថា បញ្ហាគឺកង្វះនៃសេចក្ដីស្រឡាញ់ ចំពោះប្រទេសហ្វីលីពីន។
ជាដំបូង, សុំអនុញ្ញាតអោយខ្ញុំ និយាយអំពីប្រទេសរបស់ខ្ញុំ, គឺប្រទេសកូរ៉េ។ វាអាចជួយអោយអ្នក យល់អំពីអ្វីដែលខ្ញុំចង់បញ្ជាក់។ បន្ទាប់ពីសង្គ្រាមកូរ៉េ, កូរ៉េខាងត្បូង គឺជាប្រទេសដ៏ក្រីក្របំផុតក្នុងលោក។ ជនជាតិកូរ៉េ បានចាប់ផ្ដើមពីបាតដៃទទេ ពីព្រោះប្រទេសទាំងមូល ខ្ទេចខ្ទីអស់បន្ទាប់ពីសង្គ្រាម, ហើយយើងពុំមានធនធានធម្មជាតិអ្វីឡើយ។
ប្រជាជនកូរ៉េ ធ្លាប់និយាយអំពីប្រទេសហ្វីលីពីន, ដ្បិតអី កាលណោះ, ប្រជាជនហ្វីលីពីន មានខ្លាំងណាស់នៅ នៅក្នុងទ្វីបអាស៊ី។ យើងបានច្រណែន នឹងប្រជាជនហ្វីលីពីន។ ប្រជាជនកូរ៉េ ពិតជាចង់បាន អោយដូចនឹងអ្វី ដែលប្រជាជនហ្វីលីពីនមាន។ ជនជាតិកូរ៉េជាច្រើន បានដោយសារការស្រេកឃ្លាន។ ឳពុកខ្ញុំ និងបងប្អូនប្រុសរបស់ខ្ញុំ ក៏បានស្លាប់ដោយសារការស្រេកឃ្លាន។ រដ្ឋាភិបាលកូរ៉េ ពុករលួយយ៉ាងខ្លាំងនៅកាលនោះ ហើយសព្វថ្ងៃក៏នៅតែពុករលួយ ហួសពីការស្មាន, ប៉ុន្តែប្រទេសកូរ៉េអាចអភិវឌ្ឍយ៉ាងសម្បើម ដោយព្រោះតែប្រជាជនកូរ៉េ ពិតជាបានប្រឹងប្រែង អស់ពីជម្រៅចិត្តដើម្បីប្រយោជន៍រួម ជាមួយនឹងភាពស្នេហាជាតិ យ៉ាងសន្ធោសន្ធៅ។
ប្រជាជនកូរ៉េ ពុំបានប្រឹងប្រឹងសម្រាប់តែខ្លួនគេប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងបានប្រឹងប្រែង សម្រាប់អ្នកជិតខាង និងប្រទេសរបស់ខ្លួនផងដែរ។ ការសិក្សាអប់រំ បានបំផុសចិត្តយុវជន អោយលុះទៅដោយ ព្រលឹងវិញាណនៃភាពជាតិនិយម។
កាលពីសែសិបឆ្នាំកន្លងទៅ, លោកប្រធានាធិបតី ប៉ាក់ បានឡើងកាន់អំណាច ដើម្បីធ្វើការកែទម្រង់ប្រទេសកូរ៉េ។ លោកបានព្យាយាមបុលបំណុល ពីប្រទេសផ្សេងៗ, ប៉ុន្តែលោកពុំអាចស្វែងរកឥណទាន និងទាក់ទាញការវិនយោគទុនបរទេសបានឡើយ ពីព្រោះស្ថានភាពសេដ្ឋកិច្ចកូរ៉េខាងត្បូង ពិតជាដុនដាបក្រៃលែង។ កាលណោះ, ប្រទេសកូរ៉េមានរោងចក្រចំនួនបីប៉ុណ្ណោះ។ ដូច្នេះ, លោក ប៉ាក់ បានបញ្ជូនកម្មកររ៉ែ និងគិលានុបដ្ឋាជាច្រើននាក់ ទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីអោយពួកគេអាចផ្ញើប្រាក់ មកកាន់ប្រទេសកូរ៉េវិញ សម្រាប់សាងសង់រោងចក្រ។ ពួកគេត្រូវតែឆ្លងការពិសោធន៍ដ៏ជូរចត់។
នៅក្នុងឆ្នាំ ១៩៦៤, លោកប្រធានាធិបតី ប៉ាក់ បានធ្វើទស្សនកិច្ច ទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីសុំខ្ចីប្រាក់។ ជនជាតិកូរ៉េរាប់រយនាក់ បានមកកាន់អាកាសយានដ្ឋាន ដើម្បីស្វាគមន៍លោក ហើយពួកគេបានស្រក់ទឹកភ្នែក ដោយក្ដីរំភើបខ្លាំង នៅពេលដែលពួកគេបានឃើញលោក។ គេបានសួរទៅកាន់លោកថា៖ “លោកប្រធានាធិបតី, តើនៅពេលណា ពួកយើងនឹងបានប្រសើរ?” នោះគឺជាសំនួរតែមួយគត់ ដែលគេចោមរោមសួរលោក។ លោកប្រធានាធិបតី ប៉ាក់ បានទ្រហ៊ោរយំជាមួយពួកគេ ហើយបានសន្យាចំពោះគេពួកថា ប្រទេសកូរ៉េនឹងមាន ជីវភាពល្អប្រសើរ ប្រសិនបើម្នាក់ៗ ប្រឹងប្រែងដើម្បីកូរ៉េ។ ប្រធានាធិបតីអាល្លឺម៉ង់ បានទទួលការចាប់ចិត្តខ្លាំង ហើយបានផ្ដល់ឥណទាន ដល់ប្រទេសកូរ៉េ។ ដោយហេតុដូច្នោះឯង ដែលប្រធានាធិបតី ប៉ាក់ អាចសាងសង់រោងចក្រជាច្រើន នៅប្រទេសកូរ៉េ។ គាត់តែងតែសុំអោយជនជាតិជាតិកូរ៉េ ស្រឡាញ់ប្រទេសរបស់ខ្លួន ចេញពីជម្រៅដួងចិត្ត។
អ្នកវិទ្យាសាស្ត្រ និងវិស្វករសញ្ជាតិកូរ៉េ នៅសហរដ្ឋអាមេរិកជាច្រើន បានត្រឡប់មកកាន់ប្រទេសកូរ៉េវិញ ដើម្បីជួយអភិវឌ្ឍប្រទេស ពីព្រោះពួកគេ ចង់អោយប្រទេសរបស់ខ្លួន មានជីវភាពល្អប្រសើរ។ ទោះជាពួកគេបានទទួលប្រាក់ខែតិចក្ដី ក៏ពួកគេបានប្រឹងប្រែងអស់ពីចិត្ត ដើម្បីប្រទេសកូរ៉េ។ គេតែងតែមានសង្ឃឹមថា កូនចៅរបស់គេ នឹងរស់នៅនៅក្នុងប្រទេសមួយ ដែលមានជីវភាពល្អប្រសើរ។
ឳពុកម្ដាយរបស់ខ្ញុំ តែងតែបាននាំខ្ញុំ ទៅកាន់កន្លែងនានា ដែលមានជនក្រីក្រ និងអ្នកពិការរាងកាយរស់នៅ។ ពួកគេចង់អោយខ្ញុំ យល់អំពីជីវិតរបស់ពួកគេ និងជួយពួកគេ។ ខ្ញុំក៏ធ្លាប់បម្រើការងារជូនវិហារកាតូលិកផងដែរ កាលដែលខ្ញុំនៅក្នុងជួរកងទ័ព។ រឿងតែមួយគត់ ដែលខ្ញុំបានទទួល តាមការអប់រំរបស់វិហារកាតូលិក គឺថា យើងត្រូវតែស្រឡាញ់ភូមិរបស់យើង, ហើយខ្ញុំ បានស្រឡាញ់ភូមិរបស់ខ្ញុំ។ តើអ្នកដែលមានដែលស្រក់ទឹកភ្នែក ដើម្បីប្រទេសហ្វីលីពីនទេ? ខ្ញុំបានយំបួនប្រាំដងមកហើយ ដើម្បីប្រទេសរបស់ខ្ញុំ។ ខ្ញុំក៏បានយំដើម្បីប្រទេសហ្វីលីពីនផងដែរ, ពីព្រោះមានមនុស្សក្រខ្សត់ច្រើនណាស់។
ខ្ញុំបានទៅកាន់ពន្ធនាគារ ប៊ីលីប៊ីដ នៅប្រទេសហ្វីលីពីន។ អ្វីដែលបានធ្វើអោយខ្ញុំក្រៀមក្រំនោះ គឺនៅក្នុងពន្ធនាគារ មានអ្នកដែលគ្មានចិត្តស្នេហាអ្វីទាល់តែសោះ ចំពោះប្រទេសជាតិរបស់ខ្លួន។ គេបានទៅធ្វើការទាំងហ្វូងៗ អោយព្រះវិហារ។ គេអធិស្ថានរាល់ថ្ងៃ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី គេពុំស្រឡាញ់ហ្វីលីពីនទេ។ ខ្ញុំបាននិយាយជាមួយទណ្ឌិតពីរនាក់ នៅឯមន្ទីរឃុំឃាំងដែលមានកម្រិតសន្តិសុខខ្ពស់បំផុត ហើយពួកគេទាំងពីរ បាននិយាយថា គេនឹងចាកចេញពីប្រទេសហ្វីលីពីនភ្លាម បន្ទាប់ពីការដោះលែង។ គេបាននិយាយថា គេនឹងចាប់ផ្ដើមជីវិតថ្មី នៅឯប្រទេសផ្សេង ហើយលែងត្រឡប់មកកាន់ហ្វីលីពីនវិញ។
ជនជាតិ កូរ៉េជាច្រើន មានការស្រឡាញ់ជ្រាលជ្រៅ ចំពោះប្រទេសកូរ៉េ, ដូច្នេះហើយ ទើបយើងអាចចែករំលែកទ្រព្យធន ជាមួយនឹងអ្នកជិតខាង។ ថៅកែរោងចក្រ និងថៅកែក្រុមហ៊ុន បានបែងចែកភាគចំណេញ ជូនអ្នកធ្វើការរបស់គេបានយ៉ាងសមរម្យ ដើម្បីអោយអ្នកទាំងនោះ អាចទិញអ្វីដែលគេត្រូវការ និងសន្សំប្រាក់ទុក ដើម្បីអនាគតកូនចៅរបស់គេ។
កាលដែល ខ្ញុំនៅប្រទេសកូរ៉េ, ខ្ញុំមានជំនឿយ៉ាងរឹងមាំ ហើយចង់ក្លាយទៅជាបព្វជិត។ យ៉ាងណាមិញ, ពេលខ្ញុំមនកដល់ហ្វីលីពីន ខ្ញុំបានបាត់បង់ជំនឿទាំងស្រុង។ ខ្ញុំវង្វេងវង្វាន់នឹងគំហើញនៃស្ថានភាពជាច្រើន ដ៏មិនគួរអោយជឿ នៅក្នុងប្រទេសហ្វីលីពីន។ កុមារនៅតាមដងផ្លូវ តែងតែធ្វើអោយខ្ញុំក្រៀមក្រំ, ហើយខ្ញុំបានឃើញពួកគេ ជារៀងរាល់ថ្ងៃ។ ហ្វីលីពីន គឺជាប្រទេសតែមួយគត់ ដែលកាន់សាសនាកាតូលិក នៅក្នុងទ្វីបអាស៊ីទាំងមូល, ប៉ុន្តែមានអ្នកក្រខ្សត់យ៉ាងច្រើននៅទីនោះ។ មនុស្សម្នានាំគ្នាទៅបន់ព្រះនៅឯវិហារ រៀងរាល់ថ្ងៃអាទិត្យ, ប៉ុន្តែពុំមានអ្វី ត្រូវបានផ្លាស់ប្ដូរសោះឡើយ។
ឳពុកម្ដាយខ្ញុំ បានមកដល់ហ្វីលីពីន កាលពីសប្តាហ៍មុន ហើយពួកគាត់ បានឃើញស្ថានភាពទាំងនេះ។ ពួកគាត់បានប្រាប់ខ្ញុំថា កាលគាត់នៅពីក្មេង, ប្រទេសកូរ៉េក្រីក្រ ជាងហ្វីលីពីនសព្វថ្ងៃទៅទៀត។ ពួកគាត់ខ្លោចចិត្តជាខ្លាំង ដែលឃើញមានអ្នកសុំទាន និងក្មេងអភ័ព្វនៅតាមដងផ្លូវ មានចំនួនច្រើនបែបនេះ។ នៅពេលដែលពួកយើង ធ្វើដំណើរទៅកាន់ ក្រុងប៉ាសាងចាន នៃខេត្តឡាហ្គូណា, ខ្ញុំបានបង្ខំអោយពួកគាត់ ធ្វើដំណើរតាមទូក ដើម្បីសប្បាយនឹងការធ្វើដំណើរ។ យ៉ាងណាក្ដី, ពួកគាត់ពុំសប្បាយចិត្តឡើយ បន្ទាប់ពីជិះទូករួច។ ពួកគាត់បាននិយាយថា គាត់មិនចេះទូកទៀតទេ ពីព្រោះពួកគាត់ មានក្ដីអាណិតអាសូរខ្លាំងណាស់ ចំពោះអ្នករត់ទូក, ដ្បិតអី អ្នករត់ទូក ក្រខ្សត់តោកយ៉ាក ហើយមានរាងកាយតូចស្ដើង។ មនុស្សភាគច្រើន ជិះទូកសម្រាប់ជាការកំសាន្តប៉ុណ្ណោះ។ ប៉ុន្តែដោយព្រោះតែក្ដីស្រឡាញ់ចំពោះពួកគេ, ឳពុកម្ដាយរបស់ខ្ញុំ ពុំបានទទួលការសប្បាយអ្វីឡើយ។
ម្ដាយរបស់ខ្ញុំដែលបាន បម្រើការងារ ជូនវិហារកាតូលិក តាំងពីខ្ញុំនៅតូចមកនោះ បានប្រាប់ខ្ញុំថា ប្រសិនបើយើងទៅកាន់ការជំនុំគ្នា (ពិធីសាសនា) ដោយគ្មានការផ្លាស់ប្ដូរខ្លួនឯងអ្វីទាល់តែសោះនោះ, ពួកយើងពុំមែន ជាអ្នកកាតូលិកពិតប្រាកដទេ។ ជំនឿគួរតែមកជាមួយនឹងសកម្មភាព។ គាត់បានបន្ថែមទៀតថា កូនត្រូវតែស្រឡាញ់ជនជាតិហ្វីលីពីន ហើយធ្វើល្អចំពោះគេ ពីព្រោះពួកយើងទាំងអស់ គឺដូចគ្នា ហើយបានទទួលការស្រឡាញ់ ពីព្រះជាម្ចាស់ដូចគ្នា។ ខ្ញុំចង់អោយទំហំនៃក្ដីស្រឡាញ់ របស់ជនជាតិហ្វីលីពីន ចំពោះភូមិរបស់គេ និងប្រទេសរបស់គេ មានជម្រៅស្មើនឹងក្ដីស្រឡាញ់ ដែលគេមានចំពោះព្រះជាម្ចាស់ ដើម្បីអោយពួកគេ មានជីវភាពល្អប្រសើរ។
ខ្ញុំច្បាស់ក្នុងចិត្តណាស់ថា សេចក្ដីស្រឡាញ់ គឺជាកូនសោរសំខាន់ ដែលជនជាតិហ្វីលីពីន គួរតែចងចាំ។ យើងមិនអាចផ្លាស់ប្ដូរ រចនាសម្ព័ន្ធដ៏ប្រឡាក់ប្រឡូស ដោយអំពើបាប នៅក្នុងពេលតែមួយនោះឡើយ។ វាគួរតែចាប់ផ្ដើមពីមនុស្សម្នាក់ [ទៅមនុស្សម្នាក់]។ ការស្រឡាញ់ ត្រូវតែចាប់ផ្ដើមឡើង នៅក្នុងខ្លួនគ្រប់គ្នា, ពីរង្វាស់តូច ហើយត្រូវពង្រីកអោយដុះដាល។ រឿងជាច្រើន អាចនឹងកើតឡើង កាលណាយើងបើកចំហ ទទួលយកការស្រឡាញ់។ ចូរទុកគំនិតរើសអើង (ការវាយតម្លៃទុកជាមុន) របស់យើងទៅម្ខាង ហើយនាំគ្នាក្រឡេកមើលក្ដីបារម្ភ ជាមួយនឹងកែវភ្នែកថ្មីស្រស់។
ខ្ញុំរកឃើញថា មនុស្សគ្រប់រូប សុទ្ធតែមានតម្លៃ ធួននឹងទទួលបាននូវការស្រឡាញ់។ ចូរទុកចិត្តចំពោះក្ដីស្រឡាញ់, ពីព្រោះវាអាចធ្វើអោយការផ្លាស់កើតមានឡើង។ ក្ដីស្រឡាញ់ ផ្លាស់ប្ដូរអ្នកនិងខ្ញុំ។ វាផ្លាស់ប្ដូរមនុស្ស, បរិបទនៃមនុស្ស, និងទំនាក់ទំនងនៃមនុស្ស។ វាផ្លាស់ប្ដូរពិភពលោក។ សូមមេត្តា ស្រឡាញ់ភូមិរបស់អ្នក និងប្រទេសរបស់អ្នក។
ព្រះយេស៊ូ គ្រិស្ទ បានមានព្រះបន្ទូលថា អ្វីដែលអ្នកធ្វើដាក់អ្នកដទៃ គឺជាអ្វីដែលអ្នកធ្វើដាក់ព្រះអង្គ។ នៅហ្វីលីពីន មានព្រះអាទិទេព សម្រាប់មនុស្សដែលត្រូវគេធ្វើបាប និងត្រូវគេបោះបង់។ មានព្រះអាទិទេព ដែលយំស្រែក ទាររកសេចក្ដីស្រឡាញ់។ បើអ្នកមានកូន, ចូរបង្រៀនកូនរបស់អ្នក អោយចេះស្រឡាញ់ហ្វីលីពីន។ បង្រៀនកូនថា ហេតុអ្វីបានជាគេ ត្រូវតែស្រឡាញ់ភូមិរបស់គេ និងប្រទេសរបស់គេ។ អ្នកបានដឹងស្រាប់ហើយថា ព្រះជាម្ចាស់នឹងសព្វព្រះហឫទ័យក្រៃលែង ប្រសិនបើអ្នក ស្រឡាញ់មនុស្សដទៃ។
តែប៉ុណ្ណឹងឯង ដែលខ្ញុំសុំពិតប្រាកដ ពីអ្នកទាំងអស់គ្នា ដែលជាជនជាតិហ្វីលីពីន។៊
Don’t Quit!
When things go wrong, as they sometimes will,
When the road you’re trudging seems all uphill,
When the funds are low and the debts are high,
And you want to smile, but you have to sigh,
When care is pressing you down a bit,
Rest, if you must, but don’t you quit.
Life is queer with its twists and turns,
As every one of us sometimes learns,
And many a failure turns about,
When he might have won had he stuck it out;
Don’t give up though the pace seems slow–
You may succeed with another blow.
Often the goal is nearer than,
It seems to a faint and faltering man,
Often the struggler has given up,
When he might have captured the victor’s cup,
And he learned too late when the night slipped down,
How close he was to the golden crown.
Success is failure turned inside out–
The silver tint of the clouds of doubt,
And you never can tell how close you are,
It may be near when it seems so far,
So stick to the fight when you’re hardest hit–
It’s when things seem worst that you must not quit.
~ author unknown ~
វិន័យ ៦ យ៉ាង ដើម្បីជីវិតរីករាយ និងរីកចម្រើន
វិន័យមួយទៀត ដើម្បីភាពចម្រើន គឺត្រូវទម្លាយព្រំដែនគំនិត, ដ្បិតអី កាលណាយើងកំណត់គំនិតយើងប៉ុនណា យើងគិតបានតែប៉ុននោះ, ហើយកាលណាយើងគិតបានប៉ុនណា យើងក៏មិនអាច ធ្វើអោយបានលើសពីនោះ។ សក្ដានុពលនៃជីវិតគ្មានព្រំដែន, កុំបណ្ដោយអោយខ្លួនឯង ស្ថិតលង់នៅក្នុងក្របខ័ណ្ឌ នៃទំនៀមទម្លាប់ និងប្រពៃណីណា ដែលជាឧបសគ្គប្រឆាំងនឹងការអភិវឌ្ឍខ្លួនឯង។
កម្ម – Karma
កាលណានិយាយដល់កម្ម (Karma) ខ្មែរភាគច្រើន តែងគិតដល់ជាតិមុន ជាតិក្រោយ ហើយនៅក្នុងលក្ខណៈអវិជ្ជមាន។ កម្ម គឺមានន័យត្រឹមតែជា អំពើ; ទោះអំពើល្អក្ដី អាក្រក់ក្ដី ក៏ហៅថា កម្ម (កម្មជាកុសល, កម្មជាអកុសល។ ប៉ុន្តែដោយសារ ពិសោធន៍ជីវិត របស់យើងភាគច្រើន ជួបតែរឿងអាក្រក់, យើងក៏នឹកដល់ តែចំណុចអវិជ្ជមាន។
យោងទៅតាម ការបង្រៀនរបស់លោក ឡៅ ស៊ី ដែលជាទស្សនវិទូចិន ដ៏ល្បីល្បាញម្នាក់ នៅក្នុងសម័យបុរាណ, ច្បាប់កម្ម[ផល] មានលំនាំដូចតទៅថា៖
“ចូរប្រយ័ត្ននឹងគំនិត ដ្បិតវាក្លាយជាអំពើ;
ចូរប្រយ័ត្ននឹងអំពើ ដ្បិតវាក្លាយជាទម្លាប់;
ចូរប្រយ័ត្ននឹងទម្លាប់ ដ្បិតវាក្លាយជាចរិត;
ចូរប្រយ័ត្ននឹងចរិត ដ្បិតវាក្លាយទៅជាវាសនា។”
នេះគឺជាការពិត ហើយគឺជាដំណើរការនៃច្បាប់កម្ម[ផល]។ កាលណាយើងបណ្ដុះគំនិតល្អ, គំនិតដែលធ្វើអោយយើងរីករាយ, ដែលធ្វើអោយយើង មានចិត្តសប្បុរស, ដែលបណ្ដុះប្រឌិតញាណ, ដែលជំរុញអោយយើង ធ្វើរឿងល្អៗ… វាចារបស់យើង ក៏នឹងឆ្លុះបញ្ចាំង នូវភាវៈនៃសតិរបស់ខ្លួនដូច្នោះដែរ។
លំនឹង
អ្វីៗគ្រប់យ៉ាងនៃធម្មជាតិ គឺអំពីលំនឹង។ កាលណាបាត់លំនឹង ចលាចលអ្វីម្យ៉ាង នឹងកើតឡើង។ ព្រះពុទ្ធក៏បានប្រដៅ អោយយើង កាន់យកផ្លូវកណ្ដាលនេះដែរ ហើយការប្រកាន់យកផ្លូវកណ្ដាល ដែលព្រះអង្គទូន្មាននោះ ពុំមែនមានន័យថា អោយយើង រក្សាភាពអព្យាក្រិត សម្ងំសុខយករួចខ្លួននោះទេ។ ឧបមាថា យើងដាំដើមផ្កាមួយដើម។ យើងមិនមែនគ្រាន់តែជីកដី រួចដោតដើមផ្កា ហើយកាយដីលុបគល់ ចាត់ទុកថារួចដៃនោះឡើយ។ យើងត្រូវដាក់ជីរ, ស្រោចទឹកអោយល្មម សមទៅតាមស្ថានភាពដី និងកម្ដៅថ្ងៃ ទើបដើមផ្ការបស់យើង លូតលាស់ពេញសក្តានុពល។ ការប្រកាន់ផ្លូវកណ្ដាល គឺពុំមែនជាការមិនកាន់ជើងខាងណា, មិនខ្វល់រឿងអ្នកណា, ហើយសម្ងំយកសុខ ដូចមនុស្សជាច្រើនបានយល់នោះទេ។ ការប្រកាន់ផ្លូវកណ្ដាល គឺការរក្សាលំនឹង ដើម្បីកុំអោយកើតមានចលាចល។
ជាក់ស្តែង នៅស្រុកយើង, លំនឹងរវាងអំពើល្អ និងអំពើអាក្រក់ មានភាពបាក់ស្រុតទៅម្ខាង ហើយបះម្ខាងទៀត បណ្ដាលអោយមាន ភាពមិនប្រក្រតី នៅក្នុងប្រទេសទាំងមូល។ ដើម្បីរក្សាលំនឹង នៅក្នុងប្រទេសមួយ គឺយើងត្រូវមានចិត្តឈឺឆ្អាល ដូចគ្នាដែលយើង មានចិត្តឈឺឆ្អាល ចំពោះការដាំផ្កាដូច្នោះ។
កាលណាយើង ព្រងើយកន្តើយ សម្ងំយករួចខ្លួន គឺគ្មានអ្វីខុសគ្នា នឹងការកាន់ជើង មនុស្សអាក្រក់ អោយកកូរកកាយបានតាមចិត្តនោះឡើយ។ បើកាលណា មនុស្សអាក្រក់បានដៃហើយ, ចូរកុំគិតថា ខ្លួនមិនធ្វើអីដាក់គេ គេក៏មិនធ្វើអីដាក់យើងនោះ។ ថ្ងៃនេះខ្លួនបិទភ្នែក មើលគេធ្វើបាបអ្នកដទៃ, ថ្ងៃក្រោយ, យូរឬឆាប់ នឹងមកដល់វេនខ្លួន, ហើយបើមិនដល់វេនខ្លួនទេ, ចុះកូនចៅជំនាន់ក្រោយរបស់ខ្លួន? តើខ្លួនចង់ទុកពិភពលោកល្អមួយ ដល់កូនចៅ ឬសម្ងំសុខយករួចខ្លួនសិន ហើយទុកអោយកូនចៅ ដោះស្រាយខ្លួនគេ។
មេរៀន ដែល ត្រូវ បង្រៀន
គាត់ មាន ឈ្មោះ ថា អ្នកគ្រូ ថមសុន។ នៅ ថ្ងៃ ចូល រៀន ដំបូង, គាត់ ឈរ នៅ ចំពោះ មុខ សិស្ស ថ្នាក់ ទី ៥ របស់ គាត់, គាត់ និយាយ កុហក ដូចតែ គ្រូ ភាគច្រើន ឯ ទៀត ដូច្នេះ ថា គាត់ ស្រឡាញ់ ពួក គេ ស្មើៗ គ្នា។ ប៉ុន្តែ រឿង នេះ ពុំ អាច ធ្វើ ទៅ បាន ទេ ពីព្រោះ នៅ កៅអី ជួរខាង មាន ក្មេង ប្រុស ម្នាក់ ឈ្មោះ ធេឌី ស្តូដាដ ដែល អង្គុយ នៅ ក្នុង កៅអី របស់ ខ្លួន ហាក់ ដូចជា គ្មាន ឆ្អឹងឆ្អែង ទប់ ខ្លួន គួរ អោយ ធុញ។
កាល ពី ឆ្នាំ កន្លង ទៅ, អ្នក គ្រូថមសុន បាន សង្កេត ឃើញ ថា, ធេឌី ពុំ សូវ ចុះ សំរុង ជាមួយ សិស្ស ដទៃ ទេ។ ខោអាវ របស់ គាត់ តែងតែ ប្រឡាក់ ប្រឡូស គ្មាន សណ្ដាប់ ធ្នាប់ ដែល ត្រូវការ ងូត ទឹក សំអាត យ៉ាង ញឹកញាប់។ នៅ ពេល ខ្លះ ធេឌី គ្មាន ភាពរីករាយ គួរ អោយ ធុញ រហូត ដល់ថ្នាក់ អ្នកគ្រូ ថមសុន ពេញ ចិត្ត នឹង ប្រើ ប៊ិច ហ្វើត ពណ៌ ក្រហម គូស សញ្ញា ជើងក្អែក ហើយ ដាក់ អក្សរ F យ៉ាង ធំ មួយ នៅ ពី លើ ក្រដាស ប្រឡង របស់ ធេឌី (F មានន័យថា ធ្លាក់ – failed)។
លក្ខខ័ណ្ឌ របស់ សាលា បាន តំរូវ អោយ អ្នកគ្រូ ថមសុន ពិនិត្យ មើល ប្រវត្តិ សិក្សា របស់ សិស្ស នីមួយៗ។ អ្នកគ្រូ ថមសុន បាន ទុក សំណុំរឿង របស់ ធេឌី ក្រោយ គេ ហើយ គាត់ មាន ការភ្ញាក់ផ្អើល យ៉ាង ខ្លាំង នៅ ពេល គាត់ ចាប់ផ្តើម អាន ប្រវតិ្ត សិក្សា របស់ ធេឌី។
គ្រូបង្រៀន ថ្នាក់ ទី ១ របស់ ធេឌី បាន សរសេរ នៅ ក្នុង កំណត់ហេតុ ថា៖ “ធេឌី គឺជា ក្មេង ឆ្លាត ម្នាក់ ដែល អាច ផ្ទុះ សំណើច ដោយ ងាយ។ គាត់ ធ្វើ កិច្ចការ របស់ គាត់ បាន ស្អាតប្រណីត និង មាន សណ្ដាប់ធ្នាប់។ គាត់ ជា ក្មេង ល្អ ម្នាក់ ដែល នាំ ក្តីរីករាយ ដល់ អ្នក នៅ ក្បែរ ខ្លួន។”
គ្រូបង្រៀន ថ្នាក់ ទី ២ របស់ ធេឌី បាន សរសេរ នៅ ក្នុង កំណត់ហេតុ ថា៖ “ធេឌី គឺ ជា សិស្សដ៏ ល្អ ម្នាក់ ដែល ទទួល ការចូលចិត្ត យ៉ាង ច្រើន ពី សំណាក់ មិត្ត រួម ថ្នាក់, ប៉ុន្តែ គាត់ មាន ទុក្ខកង្វល់ ដោយសារ ម្ដាយ របស់ គាត់ ធ្លាក់ខ្លួន មាន ជំងឺ រ៉ាំរ៉ៃ។ ជីវិត ក្នុង ផ្ទះ របស់ គាត់ ច្បាស់ ជា ត្រដាប ត្រដួស ខ្លាំង ណាស់ ហើយ។”
គ្រូបង្រៀន ថ្នាក់ ទី ៣ របស់ ធេឌី បាន សរសេរ នៅ ក្នុង កំណត់ហេតុ ថា៖ “មរណភាព ម្តាយ របស់ គាត់ បាន ប៉ះទង្គិច ដល់ គាត់ យ៉ាង ខ្លាំង។ គាត់ ព្យាយាម យ៉ាង ខ្លាំង ប៉ុន្តែ ឳពុក របស់ គាត់ ពុំ សូវ បង្ហាញ ការចាប់អារម្មណ៍ ឡើយ។ ជីវិត នៅ ក្នុង ផ្ទះ របស់ គាត់ នឹង ប៉ះពាល់ ដល់ គាត់ ខ្លាំង ប្រសិនបើ គ្មាន អ្វី កែប្រែ។”
គ្រូបង្រៀន ថ្នាក់ ទី ៤ របស់ ធេឌី បាន សរសេរ នៅ ក្នុងកំណត់ហេតុ ថា៖ “ធេឌី មិន សូវ ចូល ចំណោម គេ ហើយ មិន សូវ ចាប់អារម្មណ៍ នឹង ការសិក្សា ទេ។ គាត់ មិន មាន មិត្តភក្តិ ច្រើន ហើយ ជួនកាល គាត់ ដេក នៅ ក្នុង ថ្នាក់។”
មក ដល់ ពេល នេះ អ្នកគ្រូ ថមសុន បាន យល់ អំពី បញ្ហា របស់ ធេឌី ហើយ គាត់ មាន ការខ្មាសអៀន ចំពោះ ខ្លួនឯង យ៉ាង ខ្លាំង ដែល ចង គំនួច ស្អប់ ធេឌី ។ គាត់ មាន អារម្មណ៍ កាន់តែ មិន ល្អ នៅ ពេល ដែល សិស្ស ឯទៀតៗ បាន យក ជំនូន គ្រីសម៉ាស ដែល ខ្ចប់ ដោយ ប្រអប់ និង ក្រដាស រុំ ស្អាតប្រណីត មក អោយ គាត់, លើកលែង តែ ធេឌី ម្នាក់ ចេញ។ ជំនូន របស់ ធេឌី រុំខ្ចប់ នៅ ក្នុង ស្បោង ក្រដាស ពណ៌ ត្នោត មួយ ដែល បាន មក ពី ហាង លក់ ចាប់ហួយ, មើល ទៅ កំពីកកំពក គ្មាន ត្រង់ ណា គួរ អោយ ចាប់ ចិត្ត។
អ្នកគ្រូ ថមសុន មាន អារម្មណ៍ ក្តុកក្តួល និង ឈឺចាប់ ក្នុង ទ្រូង នៅ ក្នុង ពេល ជាមួយ គ្នា ដែល គាត់ កំពុង បើក មើល អំណោយ។ សិស្ស ឯទៀត នាំគ្នា សើច កក្អឹក នៅ ពេល គេ ឃើញ ខ្សែដៃ មួយ ខ្សែ ដែល ធ្វើ ពី ត្បូងកាឡៃ ជ្រុះ បាត់ ត្បូង អស់ ប៉ុន្មាន គ្រាប់ និង ទឹកអប់ មួយ ដប ដែល នៅ សល់ តែ មួយ ភាគ បួន ប៉ុណ្ណោះ។
អ្នកគ្រូ ថមសុន បាន ធ្វើ អោយ សំណើច របស់ សិស្ស ឯទៀត រលត់ បាត់ ស្ងៀម នៅ ពេល ដែល គាត់ បង្ហាញ ភាពភ្ញាក់ផ្ញើល ចំពោះ ភាពស្អាតប្រណីត នៃ ខ្សែដៃ រួច យក មក ពាក់ បន្ទាប់ មក គាត់ ផ្តិត ទឹកអប់ យក មក លាប នៅ ជុំវិញ កដៃ ទាំង សងខាង របស់ គាត់។
ពេល ដល់ ម៉ោង ចេញ ពី ថ្នាក់, ធេឌី ស្តូដាដ ស្ថិត នៅ ក្នុង ថ្នាក់ ក្រោយ គេ យូរ ល្មម នឹង និយាយ ថា “អ្នកគ្រូ ថមសុន, ថ្ងៃ នេះ អ្នក គ្រូ មាន ក្លិន ក្រអូប ដូច ម៉ាក់ ខ្ញុំ កាល ពី មុន,” រួចហើយ ក៏ដើរ ចេញ ទៅ។ បន្ទាប់ ពី សិស្ស ចេញ ផុត អស់ ពី ថ្នាក់, អ្នកគ្រូ ថមសុន សម្ងំ ខ្សឹកខ្សួល តែ ម្នាក់ ឯង អស់ យ៉ាង តិច មួយ ម៉ោង។ ចាប់ តាំង ពី ថ្ងៃ នោះ មក, អ្នកគ្រូ ថមសុន ឈប់ បង្រៀន ត្រឹមតែ មុខ វិជ្ជា ទៀត ហើយ, គឺ គាត់ ចាប់ផ្តើម បង្រៀន ក្មេង។
អ្នកគ្រូ ថមសុន បាន បន្ថែម ការយកចិត្តទុកដាក់ ដល់ សិស្ស, ជា ពិសេស ចំពោះ ធេឌី។ តាំង ពី ពេល ដែល គាត់ ចាប់ផ្តើម ធ្វើ កិច្ចការ ជាមួយ ធេឌី, សតិ របស់ ធេឌី ចាប់ផ្តើម មាន ភាពរស់រវើក ឡើង វិញ។ គាត់ ផ្តល់ កំលាំងចិត្ត ដល់ ធេឌី កាន់តែ ច្រើន, ធេឌី ឆ្លើយ តប កាន់តែ លឿន។
ឈាន ដល់ ដំណាច់ ឆ្នាំ, ធេឌី បាន ក្លាយ ទៅ ជា សិស្ស ម្នាក់ ក្នុង ចំណោម សិស្ស ដ៏ ឆ្លាត បំផុត នៅ ក្នុង ថ្នាក់, ហើយ ទោះបី អ្នកគ្រូ ថមសុន បាន កុហក ថា គាត់ ស្រឡាញ់ សិស្សទាំងអស់ ស្មើ គ្នា ក្តី, ធេឌី បាន ក្លាយ ទៅ ជា សិស្ស សំណព្វ ម្នាក់ របស់ គាត់។
មួយ ឆ្នាំ ក្រោយ មក, អ្នកគ្រូ ថមសុន បាន រក ឃើញ សំបុត្រ មួយ នៅ ក្រោម ចន្លោះ ទ្វារ, ផ្ញើ មក ពី ធេឌី, ប្រាប់ គាត់ ថា គាត់ នៅ តែ ជា គ្រូបង្រៀន ម្នាក់ ដ៏ ល្អ បំផុត នៅ ក្នុង ជីវិតរបស់ ធេឌី។
ប្រាំមួយ ឆ្នាំ កន្លង មក, អ្នកគ្រូ ថមសុន បាន ទទួល សំបុត្រ មួយ ទៀត មក ពី ធេឌី។ ធេឌី បាន សរសេរ ថា គាត់ បាន រៀន ចប់ វិទ្យាល័យ ហើយ, គឺ បាន ពិន្ទ ឈរ នៅ លេខ បី នៅ ក្នុង ចំណោម សិស្ស រួម ថ្នាក់ ហើយ ប្រាប់ អ្នកគ្រូ ថមសុន ដដែល ថា គាត់ នៅ តែ ជា គ្រូបង្រៀន ម្នាក់ ដ៏ ល្អ បំផុត នៅ ក្នុង ជីវិត របស់ ធេឌី។
បួន ឆ្នាំ បន្ទាប់ មក ទៀត, គាត់ បាន ទទួល សំបុត្រ មួយ ទៀត ដែល និយាយ ថា, ទោះជា មាន ពេល ខ្លះ មាន ការលំបាក ក្តី ក៏ ខ្លួន នៅ តែ ស្ថិត នៅ ក្នុង ការសិក្សា ហើយ រក្សា ភាពខ្ជាប់ខ្ជួន រហូត ដល់ បាន បញ្ចប់ ការសិក្សា នៅ មហាវិទ្យាល័យ ទទួល បាន កិត្តិយស យ៉ាង ខ្ពស់ បំផុត ពី សាលា។ គាត់ បាន បញ្ជាក់ អះអាង ប្រាប់ អ្នក គ្រូ ថមសុន ថា គាត់ ជា អ្នក គ្រូដ៏ ល្អ បំផុត និង ជាទី ចូលចិត្ត បំផុត ដែល គាត់ មាន នៅ ក្នុង ជីវិត របស់ គាត់។
តមក ទៀត, បួន ឆ្នាំ បាន កន្លង ទៅ យ៉ាង ឆាប់, សំបុត្រ មួយ ច្បាប់ ទៀត បាន មក ដល់ អ្នកគ្រូ ថមសុន។ នៅ ក្នុង សំបុត្រ លើក នេះ, ធេឌី បាន ពន្យល់ ប្រាប់ ថា, បន្ទាប់ ពី គាត់ បាន ទទួល បរិញ្ញាប័ត្រ គាត់ សម្រេចចិត្ត ទៅ អោយ បាន កាន់តែ ឆ្ងាយ ថែម ទៀត។ នៅ ក្នុង សំបុត្រ មាន ការពន្យល់ ប្រាប់ អ្នកគ្រូ ថមសុន ថា គាត់ ជា អ្នកគ្រូ ដ៏ ល្អ បំផុត និង ជាទី ចូលចិត្ត បំផុត ដែល គាត់ មាន នៅ ក្នុង ជីវិត របស់ គាត់។ ប៉ុន្តែ លើក នេះ ឈ្មោះ របស់ ធេឌី វែង ជាង មុន។ នៅ ពី ក្រោម សំបុត្រ មាន ចុះហត្ថលេខា ថា វេជ្ជបណ្ឌិត ធេឌី ហ្វ. ស្តូដាដ។
អ្នក គិត ថា រឿង វែង ឆ្ងាយ គួរ អោយ ធុញ អាន ហើយ ចប់ទាំង គ្មាន ន័យ នៅ ត្រឹម នេះមែន ទេ? នៅ ទេ។ នៅ ក្នុង រដូវ ផ្ការីក នៃ ឆ្នាំ ដដែល នោះ, សំបុត្រ មួយ ច្បាប់ ទៀត របស់ ធេឌី បាន ផ្ញើ ជូន អ្នក គ្រូ ថមសុន។ ធេឌី បាន រៀបរាប់នៅ ក្នុង សំបុត្រ ថា, គាត់ បាន ជួប នារី ម្នាក់ ហើយ មាន បំណង ចង់ រៀបការ ជាមួយ នាង។ គាត់ បាន ពន្យល់ ថា, ដោយព្រោះតែ ឳពុក របស់ គាត់ បាន ស្លាប់ ចោល គាត់ តាំង ពី ពីរ ឆ្នាំ មុន, ដូច្នេះ គាត់ ចង់ សុំ អោយ អ្នកគ្រូ ថមសុន អង្គុយ ជា អធិបតី ក្នុង តំណែង ជា ម្តាយ របស់ កូនកម្លោះ។ អ្នកគ្រូ ថមសុន បាន យល់ព្រម។
នៅ ថ្ងៃ រៀបការ អ្នក គ្រូ ថមសុន បាន ពាក់ ខ្សែដៃ ត្បូង កាឡៃ, គឺ ខ្សែដៃ កេរ ម៉ែ មួយ ខ្សែ ជ្រុះបាត់ ត្បូង អស់ ពីរ បី គ្រាប់ ដែល ធេឌី បាន ប្រគល់ ជូន អ្នកគ្រូ ថមសុន ជា អំណោយ បុណ្យ ណូអែល នៅ ក្នុង ថ្នាក់ ទី ៥។ អ្នកគ្រូ ថមសុន ក៏ មិន បាន ភ្លេច លាបទឹកអប់ ដែល នៅ សល់ របស់ ម្តាយ ធេឌី ដែរ គឺ ដើម្បី អោយ ធេឌី នៅ ចងចាំ ម្តាយ របស់ ខ្លួន និង ថ្ងៃ ចុងក្រោយ ដែល ពួក គេ នៅ ជាមួយ គ្នា ក្នុង ឱកាស បុណ្យ ណូអែល។ ពួក គេ បាន អោបរឹត គ្នា យ៉ាង តឹងណែន។ លោក វេជ្ជបណ្ឌិត ស្តូដាដ បាន ខ្សឹប ដាក់ ត្រចៀក អ្នកគ្រូ ថមសុន ថា៖ “សូម អរគុណ, អ្នក គ្រូ ថមសុន, ដែល ជឿជាក់ ចំពោះ ខ្ញុំ។ សូម អរគុណ ជា អតិបរិមា ដែល បាន ធ្វើ អោយ ខ្ញុំ មាន អារម្មណ៍ ថា ខ្លួនឯង សំខាន់ និង សូម អរគុណ ចំពោះ ការបង្ហាញ អោយ ខ្ញុំ ឃើញ ថា ខ្ញុំ អាច ធ្វើ អោយ មាន ភាពប្លែក នៅ ក្នុង ជីវិត។”
អ្នកគ្រូ ថមសុន, ជាមួយ នឹង ទឹកភ្នែក ហូរស្រក់ កាត់ ស្បែកថ្ពាល់ ជ្រីវជ្រួញ របស់ គាត់, បាន ខ្សឹប ដាក់ ត្រចៀក របស់ ធេឌី វិញ ថា, “ធេឌី, ក្មួយ យល់ច្រឡំ ហើយ។ គឺ ក្មួយ ទេ ដែល បាន បង្រៀន អ្នកគ្រូ អោយ យល់ដឹង ថា, អ្នកគ្រូ អាច ធ្វើ អោយ មាន ភាពប្លែក។ អ្នកគ្រូ មិន ចេះ បង្រៀន សិស្ស ទេ រហូត ដល់ ជួប ក្មួយ។”
សូម ចងចាំ ថា, អ្នក ទៅ ទីណា ក្តី, ធ្វើ អ្វី ក្តី, អ្នក នៅ តែ អាច ជះ ឥទ្ធិពល និង កែប្រែ គំហើញ ជីវិត របស់ អ្នកណា ម្នាក់។ សូម ព្យាយាម ធ្វើ ដោយ គំនិត វិជ្ជមាន ក្នុង ន័យ ស្ថាបនា។
“មិត្តភក្តិ គឺ ដូចជា ទេវតា ដែល ជួយ លើក យើង អោយ ផុត ពី ដី នៅ គ្រា ដែល យើង មាន ទុក្ខលំបាក ខ្លាំង មិន អាច ហោះហើរ បាន។”
ឆ្កែចចក និងសត្វក្រៀល
ឆ្កែចចកមួយក្បាល ស៊ីលោភខ្លាំងពេក ក៏ស្លាក់ឆ្អឹងនៅទទឹងក។ វាបានរត់ទៅរកសត្វក្រៀល អោយជួយលូកយកឆ្អឹងចេញ។
“ខ្ញុំនឹងជូនរង្វាន់ឯងយ៉ាងគាប់ចិត្ត, ប្រសិនបើឯង ជួយដកឆ្អឹងចេញពីបំពង់ករបស់យើង,” ចចកនិយាយ ទៅកាន់សត្វក្រៀល។
សត្វក្រៀលដឹងថា ការដាក់ក្បាលចូលទៅក្នុងមាត់ របស់ឆ្កែចចក មិនមែនជារឿងល្អទេ ប៉ុន្តែដោយសារសារជាតិលោភលន់របស់វា, វាក៏យល់ព្រមធ្វើតាមឆ្កែចចក។
បន្ទាប់ពីឆ្កែចចក បានទទួលអារម្មណ៍ថា ឆ្អឹងបានរបូតចេញពីបំង់កវាហើយ វាក៏ដើរចេញយ៉ាងហី។
“ឯណារង្វាន់របស់ខ្ញុំ?” សត្វក្រៀលស្រែកសួរទាំងអន្ទះសារ។
ឆ្កែចចកគ្រហឹម រួចបែរក្រោយ និយាយទៅកាន់សត្វក្រៀលថា៖
“ស្អី! ប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេឬ? អញអនុញ្ញាតអោយឯង ដកក្បាលចេញពីមាត់អញ ដោយពុំខាំត្របាក់នោះ គឺសំណាងឯងហើយ!”
នៅពេលបម្រើមនុស្សអាក្រក់ កុំរំពឹងចង់បានរង្វាន់។