រឿង​របស់​សេះពីរក្បាល


នៅ​មិន​ឆ្ងាយប៉ុន្មានពីផ្ទះខ្ញុំប៉ុន្មាន, មាន​​ផ្លូវ​​មួយតូច​ល្មមមួយ ​​អាចអោយឡាន​​បរ​ទៅ​មក​បាន។ នៅ​តាមបណ្តោយ​ផ្លូវ មាន​វាល​មួយ​។ នៅ​ក្នុង​វាល​នោះ មាន​សេះ​ពីរ​ក្បាល។

បើ​មើល​ពី​ចម្ងាយ អ្នកនឹង​ឃើញថា សេះ​ទាំងពីរក្បាល គឺ​ជា​សេះ​ធម្មតាប៉ុណ្ណោះ។ ប៉ុន្តែ​ប្រសិន​បើ​អ្នកឈប់រថយន្ត ហើយ​ដើរ​​ទៅ​ក្បែរ​របង, អ្នក​នឹងសង្កេត​ឃើញ​នូវ​ភាព​អស្ចារ្យ​ នៃ​សេះទាំងពីរ​នេះ ដែល​មាន​សេះមួយ​ ជាសេះ​​ខ្វាក់ភ្នែកទាំងគូ។

ម្ចាស់​របស់​សេះ​នេះ មិន​ត្រឹម​តែមិន​បាន​ បោះបង់សេះ​ខ្វាក់នេះទេ ​ប៉ុន្តែ​ថែម​ទាំងបានធ្វើ​រោង​យ៉ាង​ស្អាតមួយ ទុក​អោយ​វានៅ​ទៀត​ផង។ គ្រាន់​តែ​ការណ៍​នេះ វា​ជា​រឿ​ងអស្ចារ្យ​ណាស់​ទៅ​ហើយ។ ​

បើ​អ្នកយក​ចិត្ត​ទុកដាក់​​ស្តាប់​បន្តិច អ្នក​នឹង​ឮ​សំលេង​កណ្តឹង​ ល្វើយៗ​ពីចម្ងាយ។ នៅ​ពេល​អ្នក​រំពៃរក​មើល​ប្រភព​សំលេង អ្នក​នឹង​ឃើញថា សំលេង​​​នេះជា​​ចេញ​មកពី​​សេះ​មួយ​ទៀត ដែល​មាន​រាង​តូច​ជាងសេះខ្វាក់បន្តិច។

ភ្ជាប់​នៅ​លើ​ខ្សែ​បង្ហៀ ​របស់​សេះ​មួយ​ក្បាល​ទៀតនោះ គឺ​កណ្ដឹង​តូចមួយ ដែល​សម្រាប់​បន្លឺ​សំលេង ដើម្បី​អោយ​សេះ​​ដែល​ខ្វាក់​ភ្នែក អាច​ដឹងថា សេះ​មួយ​ក្បាល​ទៀតនៅ​ទីណា ហើយ​វា​អាច​ដើរតាម។

នៅ​ពេល​ដែល​អ្នក កំពុង​តែ​ឈរ​សម្លឹង​មើល សំលាញ់​ទាំង​ពីរ​នេះ, អ្នក​នឹងសង្កេត​ឃើញថា សេះ​​​ភ្លឺភ្នែកដែលមាន​កណ្តឹង​​ជាប់ក តែង​តែ​ងាក​មក​ក្រោយ​ជារឿយៗ ដើម្បី​​មើល​សេះ​ដែល​ខ្វាក់​ភ្នែក, ហើយ​សេះ​ដែល​ខ្វាក់​ភ្នែកនោះ តែងតែ​ផ្ទៀង​ស្តាប់​ស្នូរ​កណ្ដឹង ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​ដើរ​យឺតៗ ឆ្ពោះ​ទៅ​កាន់​សេះ​មួយទៀត ដោយ​ការ​ជឿជាក់ មិន​ខ្លាច​វង្វេង​ផ្លូវ​ឡើយ។

រៀង​រាល់​ល្ងាច នៅពេលដែល​​ពួកវា ត្រូវត្រឡប់​ចូល​រោង​នៅ​ក្នុង​ក្រោល, សេះ​ដែល​មានកណ្ដឹង​ តែង​តែ​ឈប់​ជា​រឿយៗ ហើយ​ងាក​មើល​ក្រោយ ដើម្បី​អោយ​ច្បាស់ថា សំលាញ់​​របស់​ខ្លួន ស្ថិត​នៅ​ជិត​ល្មម​ អាច​ស្តាប់​ឮ​សំលេង​កណ្ដឹង។

ដូចគ្នា​នឹង​ម្ចាស់ ​របស់សេះ​ខ្វាក់​នេះ​ ដូច្នោះដែរ, ព្រះ​ជា​ម្ចាស់ មិន​បោះបង់​យើង​ចោល ដោយ​ព្រោះ​តែ​យើង មិន​គ្រប់​លក្ខណៈ ឬ​ដោយ​ព្រោះ​តែ​យើង មាន​បញ្ហា ឬ​ពិការ​ភាព​នោះ​ឡើយ។ ព្រះ​​ជា​ម្ចាស់​តែង​តែ​ យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើងជានិច្ច ហើយ​នាំ​មនុស្ស​ផ្សេង​ទៀត ចូល​មក​ក្នុង​ជីវិត​របស់​យើង ដើម្បី​ជួយ​យើងក្នុង​ពេល​មាន​ការ។

ជួន​កាល​ យើង​ជា​សេះ​​ខ្វាក់ ដែល​ត្រូវ​ពឹង​លើ​ការ​នាំ​មុខ ដោយ​សំលេង​កណ្ដឹង​​របស់​មនុស្ស​ ដែល​ព្រះ​ជា​ម្ចាស់ បានរៀប​ចំ​អោយ​មាន នៅ​ក្នុង​​​ជីវិតរបស់​យើង។ ជួន​កាល​​ទៀត យើង​ជា​សេះ​​ដែល​ភ្លឺភ្នែក ជួយ​អ្នក​ដទៃ​​ស្វែង​រក​ផ្លូវ​របស់​គេ។

មិត្ត​សំលាញ់​ល្អ គឺ​ដូច្នេះឯង…. អ្នក​មិន​បាន​ឃើញ​គេ​រាល់ថ្ងៃមែន ប៉ុន្តែ​អ្នក​ដឹងថា ​អ្នក​អាច​​ពឹង​ពាក់​គេបាន នៅ​គ្រាចាំបាច់។

សូម​មិត្តស្តាប់​សំលេង​ កណ្ដឹង​នៃ​មិត្ត​របស់ខ្ញុំ នៅ​ខណៈ​ដែល​ខ្ញុំផ្ទៀង​ស្តាប់ ​សំលេង​កណ្ដឹង​របស់មិត្ត, ហើយ​សូមមិត្ត​ចង​ចាំថា ត្រូវ…

• រស់​នៅ​យ៉ាង​សាមញ្ញ
•• ស្រឡាញ់​អោយបាន​ច្រើន
••• យក​ចិត្តទុកដាក់ អោយ​បាន​ជ្រាលជ្រៅ
•••• និយាយ​ដោយ​​សុភាព
••••• ត្រូវ​មាន​ក្តី​មេត្តាអោយ​ច្រើន​ ចំពោះ​មនុស្ស​គ្រប់​រូប​, ដ្បិតអី​អ្នក​ដែល​មិត្ត​ជួប, សុទ្ធប្រឈម ​នឹង​បញ្ហា​​អ្វី​ម្យ៉ាងដូច​នៅក្នុងជីវិត​

ទន្សាយ និង អណ្តើក – ២០១២


ដោយ បុត្រាខ្មែរ

ថ្ងៃមួយ ទន្សាយ និងអណ្តើក ដែលជាមិត្តសម្លាញ់នឹងគ្នា បបួលគ្នាស៊ីផឹក ហើយក៏ទាស់សម្តីគ្នា។ ទន្សាយបាននិយាយបង្អាប់ ឌឺដងដាក់អណ្តើក ហើយបបួលអណ្តើក រត់ប្រណាំងគ្នា។ អណ្តើកដឹងថា ខ្លួនមិនអាច យកឈ្នះទន្សាយបានឡើយ ប៉ុន្តែខ្លួន ជាអ្នកមានអំនួតខ្ពស់ ចិត្តឆេវឆាវ ក៏ទទួលយកការប្រកួតនេះ ហើយក៏ចាញ់ដៃទន្សាយទៅហោង។ ទន្សាយមើលងាយ ហើយសើចចំអក ឲ្យអណ្តើកយ៉ាងខ្លាំង។ រីឯអណ្តើក កាន់ចិត្តស្អប់ទន្សាយ ផ្តាំកូនផ្តាំចៅ តាំងពីពេលនោះមក។

មួយជំនាន់ក្រោយមក, ដើម្បីលុបលាងការអាម៉ាស របស់ពួកអណ្តើកទាំងអស់, អ្នកជំនាន់ក្រោយរបស់អណ្តើក បាននឹកឃើញល្បិចមួយ សម្រាប់ផ្ចាញ់ទន្សាយ, ហើយក៏បបួលអ្នកជំនាន់ក្រោយ របស់ទន្សាយ រត់ប្រណាំងគ្នា ទៅកាន់កន្លែងមួយ ដែលត្រូវឆ្លងកាត់ស្ទឹងមួយ។ ទន្សាយរត់វឹង លឿនស្លេវ ដូចឡានដាក់ turbo, ប៉ុន្តែពេលទៅដល់មាត់ស្ទឹង ក៏តាំងអង្គុយអេះចៃ មិនដឹងលកលៃយ៉ាងណា ដើម្បីឆ្លងស្ទឹងរួច។ អណ្តើកវាគើមៗមកតាមក្រោយ ហើយក៏ហែលឆ្លងស្ទឹងទៅត្រើយម្ខាង រួចត្រលប់មកវិញ ប្រកាសជោគជ័យលើទន្សាយ។ អណ្តើកចាស់ៗ នាំគ្នាអុជធូបអុជទៀន អរគុណដូនតា ចំពោះជោគជ័យដ៏ត្រចះត្រចង់នេះ។ រីឯពួកពួកទន្សាយ ជាពិសេសចាស់ៗជំនាន់ កើតក្តីក្តៅក្រហាយ ហើយស្តីបន្ទោសយ៉ាងខ្លាំង ទៅលើទន្សាយដែលចាញ់ដៃអណ្តើក។

ចៃដន្យយប់នោះ មានភ្លើងឆេះព្រៃសន្ធោសន្ធៅ។ ពួកទន្សាយនាំគ្នានឹកអរក្នុងចិត្តថា “ពេលនេះ ថ្ងៃអន្សារបស់អណ្តើកមកដល់ហើយ… សូមអរគុណព្រះជាម្ចាស់!។ ពួកវាច្បាស់ជា ត្រូវឆេះស្លាប់ទាំងអស់មិនខាន”។

ទន្សាយ និងអណ្តើក ដែលរត់ប្រណាំងគ្នា បាននឹកឃើញស្របគ្នាថា មានតែការរួមដៃគ្នាទេ ទើបអាចចៀសផុត ពីគ្រោះកាចមរណ:។ អណ្តើកដឹងច្បាស់ថា ដោយព្រោះតែខ្លួនធ្វើដំណើរយឺតពេក ច្បាស់ជាមិនអាចគេចផុតពីភ្លើងព្រៃ ដែលកំពុងឆេះឆាបយ៉ាងលឿននេះឡើយ។ ចំណែកទន្សាយ គិតឃើញថា ទន្សាយអាចរត់លឿន គេចផុតភ្លើងពៃ្រ, ប៉ុន្តែភ្លើងនឹងឆាបឆេះ ទៅដល់មាត់ស្ទឹង។ ដូច្នេះ ទន្សាយនឹងត្រូវឆេះស្លាប់ដូចគ្នា នៅមាត់ស្ទឹង ព្រោះខ្លួនមិនចេះហែលទឹក។ ទាំងពីរនាក់ បានជួបពិគ្រោះគ្នា រួចពិគ្រោះយោបល់ ជាមួយចាស់ទុំរៀងៗខ្លួន។

ភាគីទាំងសងខាង បានយល់អំពីផលប្រយោជន៍រួម ហើយក៏សុខចិត្តរួមសហការណ៍គ្នា។ ពួកទន្សាយ នាំគ្នាំលីអណ្តើក រត់ទៅកាន់មាត់ស្ទឹង, បន្ទាប់មក ឡើងជិះលើស្នូកអណ្តើក ឆ្លងទៅត្រើយម្ខាង, បានរួចជីវិតពីភ្លើងព្រៃរៀងៗខ្លួន។ តាំងពីពេលនោះមក ទន្សាយ និងអណ្តើក រាប់អានគ្នា ហើយតែងតែគោរព និងផ្តល់តម្លៃដល់ភាពផ្សេងគ្នារបស់គេរៀងៗខ្លួន។

គំនិតត្រិះរិះ
កំហឹងឆេវឆាវមួយពេល អាចបង្កគំនុំ និងការស្អប់ខ្ពើមគ្នាយ៉ាងយូរ ដោយគ្មានបានប្រយោជន៍អ្វីទាំងអស់។ ដូចយើងឃើញស្រាប់ហើយថា នៅក្នុងរឿងនេះ បញ្ហាកើតឡើង ពីការស៊ីផឹក និងការទាស់សម្តីគ្នាតិចតួច រវាងសម្លាញ់ពីរនាក់។ វាជារឿងផ្ទាល់ខ្លួនសោះ ប៉ុន្តែបានប្រែក្លាយទៅជាមរតកគំនុំ តដល់កូនចៅជំនាន់ក្រោយ។

កំហឹងឆេវឆាវ បណ្តាលឲ្យបាត់បង់ការពិចារណា។ អណ្តើកដឹងច្បាស់ថា ធម្មជាតិរបស់ខ្លួន គឺកាយវិការយឺតយ៉ាវ ប៉ុន្តែនៅតែខឹងច្រឡោត ហ៊ានប្រកួតជាមួយទន្សាយ។

នៅមានច្រើនចំណុចទៀត ដែលអាចលើកយកមកសិក្សា ប៉ុន្តែខ្ញុំសូមទុកឱកាសនេះ ជូនដល់មិត្តទាំងអស់ សម្រាប់បញ្ចេញយោបល់រៀងៗខ្លួនចុះ។

បើព្រះមានតែមួយអង្គ


ដោយៈ អ្នកស្រីកែវច័ន្ទបូរណ៍

ពេលជួបអាសន្នមានទុក្ខព្រួយ
គ្រប់គ្នាបោះពួយថ្វាយចេកដូង
អុជធូបបន់ស្រន់បួងសង្រូង
ទួញហៅព្រះអង្គយាងមកប្រោស។
បើព្រះមានតែមួយព្រះអង្គ
តើលោកត្រូវផ្ចង់យាងសណ្តោស
មួយណាមុនទៅអោយរួចទោស
ផុតអាសន្នគ្រោះរស់សុខសាន្ត?
មនុស្សមានទុក្ខគ្រប់នគរ
លង់សោកលង់មោហ៍ច្រើនបរិមាណ
ពឹងតែព្រះម៉្យាងច្បាស់ខកខាន
ព្រះតែមួយប្រាណប្រោសមិនទាន់។
ច្នេះទើបព្រះអង្គផ្តល់ដីការ
ជនគ្រប់អាត្មារៀនរួសរាន់
ខ្លួនទីពឹងខ្លួនកុំអោយភ័ន្ត
ព្រះយាងមិនទាន់ក៏មិនស្លុត។
តម្រាអាត្មាយោងខ្លួនឯង
ជាក់ស្តែងប្រយោជន៍ល្អមរកត
មានទុក្ខដោះស្រាយដោយម៉ដ្ឋចត់
ជួបសុខប្រាកដមិនចាំព្រះជួយ។

ជីវិតគឺជាកាហ្វេ


អតីតនិស្សិតសាកលវិទ្យាល័យមួយក្រុម, ដែលម្នាក់ៗ សុទ្ធមានជោគជ័យខ្ពស់ នៅក្នុងអាជីពរបស់គេ, បានណាត់គ្នា មកជម្រាបសួរសុខទុក្ខ អតីតសាស្ត្រាចារ្យរបស់គេ។បន្ទាប់ពីការជម្រាបសួរនិងសំណេះសំណាលគ្នាបានមួយសន្ទុះ ការសន្ទនាក៏ធ្លាក់ចូលដល់ការត្អូញត្អែ អំពីភាពយ៉ាប់យឺននៃការងារ និងភាពតានតឹងនៅក្នុងជីវិតរបស់គេ។ លោកសាស្ត្រាចារ្យ បានចូលទៅក្នុងផ្ទះបាយ រួចចេញមកវិញ ជាមួយនឹងកាហ្វេមួយប៉ាន់ធំ និងពែងចម្រុះពណ៌គ្នាដាក់នៅក្នុងថាស — មានពែងជ័រ, ពែងកញ្ចក់, មរកត, ពរស៊ីឡែន, ខ្លះមានក្បាច់ប្រណីត, ខ្លះថ្លៃ, ខ្លះល្អឆើតដាច់គេ, ខ្លះសាមញ្ញ គ្មានអ្វីគួរឲ្យទាក់ភ្នែក។ លោកបានអញ្ជើញពួកគេញ៉ាំកាហ្វេ។

បន្ទាប់ពីសង្កេតឃើញម្នាក់ៗមានពែងកាហ្វេនៅដៃ លោកសាស្ត្រាចារ្យ បន្លឺឡើងថា៖
“ប្រសិនបើអ្នករាល់គ្នាបានសង្កេតមើល អ្នកបានឃើញថា ពែងដែលថ្លៃហើយល្អស្អាត សុទ្ធតែត្រូវគេរើសយកអស់ បន្សល់ទុកតែពែងធម្មតា ហើយថោក។ នៅខណៈដែលពួកអ្នកទាំងអស់គ្នា ចង់បានតែអ្វីដែលល្អបំផុតសម្រាប់ខ្លួននេះហើយ ដែលជាប្រភពនៃបញ្ហា”។

លោកសាស្ត្រាចារ្យផ្អាកបន្តិច រួចសម្លឹងមើលមុខអតីតសិស្សរបស់គាត់ទាំងអស់ ហើយបន្តទៀតថា៖
“អ្វីដែលអ្នកចង់បានពិតប្រាកដនោះ គឺកាហ្វេ, មិនមែនជាពែងទេ… ប៉ុន្តែម្នាក់ៗ មានស្មារតីជ្រើសយកតែពែងដែលល្អស្អាត រួចហើយចោលកន្ទុយភ្នែកលួចមើលពែងកាហ្វេរបស់អ្នកផ្សេងទៅវិញ។ ឥឡូវនេះ ចូរយើងគិតដូច្នេះថា៖ ជីវិត គឺជាកាហ្វេ, ការងារ,លុយកាក់ និងឋានៈ មុខមាត់ក្នុងសង្គម គឺជាពែង។ ពែងទាំងនេះ គឺគ្រាន់តែជាឧបករណ៍សម្រាប់កាន់ និងផ្ទុកនូវជីវិតប៉ុណ្ណោះ ហើយវាពុំផ្លាស់ប្តូរគុណភាពជីវិតឡើយ។ ជួនកាល ដោយព្រោះតែយើង ផ្ចង់គំនិតទៅលើពែងខ្លាំងពេក, យើងបែរជាបរាជ័យ ក្នុងការរីករាយជាមួយនឹងកាហ្វេ ដែលព្រះជាម្ចាស់ផ្តល់ឲ្យ។ ចូរកុំបណ្តោយឲ្យពែងទាំងនេះ ដឹកនាំអ្នកឲ្យសោះ… ចូររីករាយនឹងកាហ្វេវិញ!”។

When Life Throws Dirt On You


One  day  a farmer’s  donkey fell down into a well. The animal  cried  piteously  for hour as the farmer  tried to figure out what to do.

Finally , he decided  the animal  was old, and  the well needed to be covered up anyway it just wasn’t worth it to retrieve  the donkey. He invited  all his neighbors to come over and help.  They all grabbed  a shovel  and  began to shovel dirt into the well. At  the donkey realized what was happening and cried  horribly. Then to everyone’s amazement he quieted down.

A few shovel  loads later , the farmer finally looked down the well , He was  astonished at what he saw. With  each shovel of dirt that hit his back the  donkey  was doing something amazing. He  would  shake it off and take a step up.

As  the farmer’s  neighbors continued  to shovel dirt on  top of the animal , he would shake it off and take a step up. Pretty soon everyone was amazed as the donkey stepped up over the edge of the well and happily  trotted off.

Life  is  going to shovel dirt  on you, All  kinds  of dirt. The  trick to getting out of the well is to shake it off and  take  a step up. Each  of  our troubles  is  a stepping stone. We  can get out of the deepest wells,  just by not stopping,  never giving up. Shake it off and take a step up.

Remember  the  five simple rules to be happy :
1.   Liberate  your heart from Hatred – Forgive
2.   Liberate  your mind  from worries – Most never happen.
3.   Live  simply and appreciate  what you have.
4.   Give  more.
5.   Expect less.

Source: Not remember

រៀនពីកំហុស


លោក ថូម៉ាស អេឌីសុន ជាកំពូលប្រឌិតករ ដ៏អស្ចារ្យម្នាក់ នៅក្នុងសតវត្សទីម្ភៃ

ប្រឌិតករ ថូម៉ាស អេឌីសុន បានសាកល្បង ជាមួយនឹងសម្ភារៈផ្សេងៗ អស់ចំនួនពីរពាន់យ៉ាង ដើម្បីស្វែងរកវណ្ណសូត្រ សម្រាប់ធ្វើ ជាចំហេះអំពូលភ្លើង។ នៅពេលដែល គ្មានកិច្ចការណាមួយ ផ្តល់លទ្ធផលគាប់ចិត្តសោះ, អ្នកជំនួយការ របស់គាត់ បានត្អូញត្អែថា “ការងារដែលយើងប្រឹងសឹងអី, ឥឡូវក្លាយទៅជាអសារបង់។ យើងមិនបានរៀនចេះអ្វីសោះ”។

លោក អេឌីសុន បានឆ្លើយតបវិញ ដោយមានជំនឿចិត្តថា “អូហ៍, យើងធ្វើបានច្រើនមកហើយ, ហើយយើង ក៏បានរៀនចេះ យ៉ាងច្រើនដែរ។ ឥឡូវនេះ យើងបានដឹងថា មានវត្ថុធាតុពីរពាន់យ៉ាង ដែលយើងមិនអាចប្រើ សម្រាប់ធ្វើឲ្យបាន អំពូលភ្លើងល្អ”។

ចាបតូច, អាចម៌គោ និងឆ្មា


 កាលពីពីរបីថ្ងៃមុន ខ្ញុំបានមើលភាពយន្តឥណ្ឌាមួយខ្សែ មានចំណងជើងថា “Bduddah…Hoga Terra Baap” ។ នៅក្នុងឆាកមួយ តួឯកបានលើករឿងមួយមកនិយាយប្រៀបធៀប ដើម្បីបន្តុះបង្អាប់តួអង្គម្នាក់ទៀត ដែលអួតខុសទំនង។

ថ្ងៃមួយនារដូវត្រជាក់ធ្លាក់ទឹកកក កូនចាបមួយបានព្យាយាមហោះហើរទៅកាន់ភាគខាងត្បូង ដែលជាតំបន់មានអាកាសធាតុក្តៅ។ នៅតាមផ្លូវ ធាតុអាកាសត្រជាក់ខ្លាំង… ចាបតូចទ្រាំលែងបាននឹងភាពត្រជាក់រឹងថ្គាម លែងអាចទទះស្លាបទៅមុខរួច ក៏សន្លប់បាត់បង់ស្មារតី ហើយធ្លាក់ទៅដីដែលគ្របដណ្តប់ដោយព្រិល។ គាប់ជួនពេលនោះ គោមួយដើរកាត់ ហើយក៏ជុះអាចម៌មួយដុំធំ ទម្លាក់ចំលើកូនចាប។ ភាពក្តៅឧណ្ហៗនៃអាចម៌គោ បានរក្សាជីវិតរបស់កូនចាបឲ្យនៅរស់។

មួយស្របក់ក្រោយមក កូនចាបបានដឹងខ្លួនឡើងវិញ ហើយឃើញខ្លួនកប់នៅក្នុងពំនូកអាច៌គោដែលក្តៅឧណ្ហៗ សុខស្រួលក្រៃលែង។ កូនចាបសប្បាយចិត្ត និងមានអំនួតក្រៃលែង ដែលខ្លួនបានរួចពីសេចក្តីស្លាប់។ ទោះខ្លួនជាប់គាំងនៅក្នុងពំនូកអាចម៌គោក្តី កូនចាប់នៅតែឆ្លៀតអើតក្បាលចេញមក ហើយស្រែកច្រៀងយ៉ាងសប្បាយ។

នៅពេលបានឮសំលេងកូនចាបស្រែកច្រៀង ឆ្មាមួយដែលនៅក្បែរនោះ បានទៅរកកូនចាបតាមសំលេង។ ពេលមកដល់ ឆ្មាបានឃើញកូនចាបកំពុងជាប់គាំងនៅក្នុងពំនូកអាចម៌គោ។ ឆ្មាបានទាញកូនចាបចេញពីអាចម៌គោ ហើយក៏លេបទំពារជាចំណីយ៉ាងឆ្ងាញ់មាត់ទៅហោង។

សូមមិត្តទាំងអស់ជួយវិភាគមើល ទៅរឿងនេះ ចង់ប្រដៅយើងយ៉ាងណាខ្លះ?

ភាពត្រជាក់ពីខាងក្នុង – The Cold Within


មនុស្សប្រាំមួយនាក់ ជាប់នៅក្នុងកន្លែងត្រជាក់ដ៏សោះកក្រោះ និងជូរចត់មួយ,

ម្នាក់មានឈើរមួយដុំ, នេះបើតាមការនិយាយប្រាប់

ភ្នក់ភ្លើងរបស់គេឆេះជិតរលត់អស់ ហើយត្រូវការថែមអុស

បុរសទីមួយ កាន់អុសទុក មិនព្រមពន្លែងដៃ

ដ្បិតអី គាត់សង្កេតឃើញមានមនុស្សស្បែកពណ៌ខ្មៅ ក្នុងចំណោម។

 

បុរសទីពីរ សម្លឹងមើលទៅម្ខាង ឃើញមនុស្សម្នាក់ដែលមិនមែនជាបរិស័ទនៃព្រះវិហាររបស់ខ្លួន

ហើយមិនព្រមដាក់ដុំឈើរបស់ខ្លួនចូលទៅក្នុងភ្នក់ភ្លើង។

 

អ្នកទីបី អង្គុយក្នុងសម្លៀកបំពាក់ដាច់រហែក, គាត់ចងអាវដែលដាច់រយីរយ៉ៃរបស់គាត់ រួចគិតថា

មូលហេតុអី គាត់ត្រូវដាក់ឈើរបស់គាត់ដុត ដើម្បីកម្តៅអ្នកមានដ៏ខ្ជឹលច្រអូសនោះ?

 

អ្នកមាន អង្គុយស្ងៀម ហើយគិតដល់ទ្រព្យសម្បត្តិដែលគាត់មាននៅក្នុងឃ្លាំង

និងអំពីរបៀបដែលគាត់អាចរក្សាទុក នូវអ្វីដែលគាត់រកបានពីអ្នកក្រ ដែលគ្មានអ្វីការពារខ្លួន។

 

ទឹកមុខរបស់បុរសស្បែកខ្មៅ បង្ហាញពីការចង់សងសឹក, នៅខណៈដែលភ្នក់ភ្លើងខ្សោយទៅៗ

គាត់សម្លឹងឃើញនៅក្នុងដុំអុសរបស់គាត់នូវឧិកាសសម្រាប់សងសឹកដល់ជនស្បែកស។

 

បុរសចុងក្រោយនៃមនុស្សកំសត់មួយក្រុមនេះ ធ្វើតែរឿងអ្វីដែលខ្លួនយល់ថាចំណេញ

ដោយឲ្យអ្វីទៅអ្នកណាដែលបានឲ្យមកខ្លួនមុន។

 

ដុំឈើរបស់ពួកគេនៅអោបជាប់នៅក្នុងដៃដែលរឹងឆ្កឺត ក្រោយពេលស្លាប់

ហើយនេះហើយ គឺជាភស្តុតាងនៃអំពើបាបរបស់មនុស្ស,

គេមិនត្រូវបានបណ្តាលឲ្យស្លាប់ដោយសារធាតុត្រជាក់ខាងក្រៅទេ

គឺពួកគេបានស្លាប់បណ្តាលពីធាតុត្រជាក់ខាងក្នុង។

 

ដំបូន្មាននៃរឿងនេះ គឺយើងមិនត្រូវប្រកាន់រើសអើងនឹងទីទៃភាពឡើយ។ បើអ្នកទាំងនេះ បានគោរពផ្តល់ដល់ទីទៃភាព ពួកគេច្បាស់ជានៅរស់ ដោយការធ្វើសហកម្មនឹងគ្នា, គឺដាក់ដុំឈើរបស់ខ្លួន ម្តងមួយៗ ដើម្បីដុតកម្តៅទាំងអស់គ្នា។

ប៉ា, ម៉ាក់! កូនត្រឡប់មកវិញហើយ!


មិត្តភាព គឺភាពអស្ចារ្យមួយ ដែលរស់នៅក្នុង បេះដូងរបស់ មនុស្សយើង។ យើងមិនដឹងថា វាកើតឡើង ដោយរបៀបណា ឬចាប់ផ្តើម ពីពេលណាទេ, ប៉ុន្តែយើងដឹងថា វាតែងតែផ្តល់ឲ្យយើង នូវអារម្មណ៍ យ៉ាងពិសេស ហើយឲ្យយើង ដឹងថា មិត្តភាព គឺជាអំណោយដ៏ថ្លៃថ្លា ដែលព្រះជាម្ចាស់ ឬធម្មជាតិផ្តល់ឲ្យ។

យុទ្ធជនម្នាក់ បានត្រឡប់មកដល់រដ្ឋវិញ បន្ទាប់ពីចេញទៅច្បាំង នៅប្រទេសអ៊ីរ៉ាក់ អស់មួយរយៈពេល។ គាត់បានទូរស័ព្ទទៅ ឳពុកម្តាយរបស់គាត់ ពីមន្ទីរពេទ្យយោធា Walter Reed៖ “ប៉ា, ម៉ាក់! កូនត្រឡប់មកវិញហើយ, ប៉ុន្តែ កូនមាន សំណូមពរមួយ ចង់ឲ្យប៉ា និងម៉ាក់ជួយ, គឺកូនចង់នាំមិត្តភក្តិម្នាក់ ទៅផ្ទះជាមួយកូនដែរ”។

“បាន, ពួកយើង ពិតជាចង់ជួបពួកម៉ាកកូនណាស់”, ពួកគាត់ឆ្លើយ។

“មានរឿងខ្លះ ដែលប៉ាម៉ាក់ត្រូវដឹង,” យុវជននិយាយបន្ត។ “ពួកម៉ាក់ របស់កូន, គាត់រងរបួសធ្ងន់ធ្ងរ នៅក្នុងសមរភូមិ។ គាត់បាន ជាន់គ្រាប់មីន ផ្ទុះដាច់ដៃម្ខាង និងជើងម្ខាង។ គាត់គ្មានកន្លែងណាផ្សេង សម្រាប់ទៅទេ។ ខ្ញុំចង់យកគាត់ ទៅនៅជាមួយ គ្រួសារយើង”។

“ពិតជាគួរឲ្យ សោកស្តាយ និងគួរឲ្យអាណិត ពួកម៉ាករបស់ កូនណាស់។ ប្រហែលជាយើង អាចរកកន្លែងណាមួយ សម្រាប់ឲ្យគាត់រស់នៅ”។

“អត់ទេ, ប៉ា, ម៉ាក់! កូនចង់ឲ្យគាត់ រស់នៅជាមួយយើង”។

“កូនប្រុស!,” ឳពុកនិយាយ។ “កូនមិនដឹងថា កូនកំពុងតែ និយាយអំពីអ្វីទេ។ មនុស្សពិការបែបនេះ អាចជាបន្ទុក យ៉ាងធ្ងន់ធ្ងរ ដល់ពួកយើង។ ពួកយើង មានជីវិតខ្លួនឯងសម្រាប់រស់។ យើងមិនត្រូវបណ្តោយ ឲ្យរឿងបែបនេះ មកជ្រៀតជ្រែក ជីវិតយើងទេ។ ប៉ា គិតថា, កូនគួរតែ ត្រឡប់មកផ្ទះវិញ ហើយបំភ្លេច ម្នាក់នេះចោលចុះ។ គាត់ច្បាស់ជា ស្វែងរកមធ្យោបាយ រស់នៅ ដោយខ្លួនឯងបាន”។

និយាយដល់ចំណុចនោះ យុវជនក៏ដាក់ទូរស័ព្ទចុះ។ ឳពុកម្តាយ របស់គាត់ ក៏លែងបានឮអ្វី ពីគាត់ទៀត។ បីថ្ងៃក្រោយ, ពួកគាត់ បានទទួលទូរស័ព្ទ ពីស្នងការប៉ូលីស ក្រុងអិលអេថា កូនប្រុស របស់ពួកគាត់ បានស្លាប់ ដោយការធ្លាក់ ពីលើអគារខ្ពស់មួយ។ ការស៊ើបអង្កេត របស់ប៉ូលីស បានកំណត់ថា ជាអំពើអត្តឃាត។

ឳពុកម្តាយ ដែលរងទុក្ខ ដោយសារ ដំណឹងក្រៀមក្រំនេះ បានប្រញាប់ប្រញាល់ ហោះហើរ ពីក្រុងហ្វីនិក, រដ្ឋ អារីហ្សូណា មកកាន់ក្រុងអិលអេ ហើយត្រូវបានគេនាំ ទៅកាន់ទីតម្កល់សព របស់សាលាក្រុង ដើម្បីសម្គាល់សាកសព។ ពួកគាត់ បានមើលស្គាល់ថា ជាសព របស់កូនប្រុស ប៉ុន្តែរន្ធត់ចិត្តក្រៃលែង នៅពេល គាត់ទាំងពីរ បានឃើញទិដ្ឋភាព ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលពួកគាត់ មិនបានស្មានដល់សោះ។ កូនប្រុសតែមួយ ជាទីសំណព្វចិត្ត របស់ពួកគាត់ មានតែដៃម្ខាង និងជើងម្ខាងប៉ុណ្ណោះ។

………………………………………………………….

ខ្មែរយើង មានពាក្យមួយប្រយោគថា “បន្លា, បើមិនមុតសាច់ឯង គឺមិនដឹងថា ឈឺនោះទេ!”។

មនុស្សយើងភាគច្រើន គឺដូចគ្នា នឹងឳពុកម្តាយ នៅក្នុងសាច់រឿងនេះ។ វាជារឿងងាយស្រួល សម្រាប់ឲ្យយើង ស្រឡាញ់ និងចូលចិត្ត មនុស្សស្អាតបាត មានលក្ខណៈ ដូចយើង, ប៉ុន្តែយើង មិនចូលចិត្ត មនុស្សណា ដែលខ្លួនយើង ចាត់ទុកថា ជាការរំខាន ឬធ្វើឲ្យយើង មានអារម្មណ៍ ទើសទាល់ឡើយ។ យើងចូលចិត្ត ផ្តាច់ខ្លួនឲ្យឆ្ងាយ ពីមនុស្សឈឺ ទ្រុឌទ្រោម ធ្លាក់ខ្លួនពិការ ឬពិការ ពីកំណើត, មនុស្សមាន ភិនភាគ មិនស្អាត ឬមិនឆ្លាត ដូចយើង។

ជាព្រះគុណណាស់ ដែលភាគច្រើន នៃយើងរាល់គ្នា នៅមានមនុស្ស ដែលមិនប្រព្រឹត្តិ ដូច្នេះចំពោះយើង។ យើងនៅមាន មនុស្ស ដែលស្រលាញ់យើង ដោយឥតលក្ខខ័ណ្ឌ, មិនថាយើង យ៉ាប់យឺនយ៉ាងណា។

រៀងរាល់យប់ មុនមិត្តចូលដេក ចូរមិត្តបួងសួង ដល់ព្រះមួយណា ដែលមិត្តជឿ ឬជាវត្ថុសក្តិសិទ្ធ ណាមួយក្តី សុំឲ្យមិត្ត ទទួលបាននូវ ភាពរឹងមាំ ក្លាហាន ក្នុងការទទួលយក ការរាប់អាន មនុស្សគ្រប់មជ្ឈដ្ឋាន ដោយគ្មាន ការរើសអើង និងបួង សុំឲ្យជួយអ្នក យល់កាន់តែច្រើន ថែមទៀត អំពីមនុស្សដែលប្លែកពីយើង។

មិត្តភាព គឺភាពអស្ចារ្យមួយ ដែលរស់នៅក្នុងបេះដូងរបស់មនុស្សយើង។ យើងមិនដឹងថា វាកើតឡើង ដោយរបៀបណា ឬចាប់ផ្តើម ពីពេលណាទេ, ប៉ុន្តែយើងដឹងថា វាតែងតែផ្តល់ឲ្យយើង នូវអារម្មណ៍ យ៉ាងពិសេស ហើយឲ្យយើងដឹងថា មិត្តភាព គឺជាអំណោយដ៏ថ្លៃថ្លា ដែលព្រះជាម្ចាស់ ឬធម្មជាតិផ្តល់ឲ្យ។