ចំណងស្នេហ៍ ១៨ ឆ្នាំ៖ ស្និទ្ធផ្តិតស្នេហ៍


%e1%9e%85%e1%9f%86%e1%9e%8e%e1%9e%84%e1%9e%9f%e1%9f%92%e1%9e%93%e1%9f%81%e1%9e%a0%e1%9f%8d-%e1%9f%a1%e1%9f%a8-%e1%9e%86%e1%9f%92%e1%9e%93%e1%9e%b6%e1%9f%86

នៅ យប់ នោះ, លោក សម្បត្តិ ទើប មក ដល់ ផ្ទះ នៅ ខណៈ ដែល ភរិយា របស់ លោក កំពុង រៀបចំ បាយ ល្ងាច។ ក្រោយ ពី ផ្លាស់ សម្លៀកបំពាក់ ធ្វើការ ចេញ, លោក អង្គុយ នៅ លើ តុបាយ, ចាប់ ទាញ ដៃ ភរិយា មក កាន់ រួច និយាយ ថា៖ “បង មាន រឿង ចង់ ប្រាប់ អូន”។

ភរិយា របស់ លោក អង្គុយចុះ ហើយ ចាប់ផ្តើម បរិភោគ ដោយ ស្ងៀមស្ងាត់។ លោក សម្បត្តិ បាន សង្កេត ឃើញ ក្តីក្រៀមក្រំ នៅ ក្នុង កែវភ្នែក របស់ ភរិយា ហាក់ ដូចជា បាន ដឹង មុន ថា  លោក ចង់ និយាយ អំពីអ្វី។ នៅ ពេល ភ្លាម នោះ, លោក ហាក់ ដូចជា បើក មាត់ និយាយ មិន ចេញ, ប៉ុន្តែ លោក ត្រូវតែ អោយ នាង ដឹង អំពី បំណង របស់ លោក។

“បង ចង់ លែង គ្នា”, លោក សម្បត្តិ លើក ប្រធានបទ ឡើង យ៉ាង ស្ងប់។

ភរិយា របស់ លោក ហាក់ ដូចជា មិន បាន រងការទង្គិច ចិត្ត នឹង សំដីរបស់ លោក សម្បត្តិ ឡើយ។ ផ្ទុយ ទៅ វិញ, លោកស្រី បាន សួរ ទៅ ស្វាមី វិញ ក្នុង សំលេង ធម្មតា យ៉ាង សុភាព ថា៖ “ហេតុ អី?”។

លោក សម្បត្តិ ឈ្ងោក មុខ ចុះ, សម្ងំ បរិភោគ បាយ ដោយ មិន ឆ្លើយតប ទៅ នឹង សំនួរ របស់ ភរិយា។ អាកប្បកិរិយា បែប នេះ បាន បណ្តាល ឲ្យ លោកស្រី ខឹង សម្បារ, គប់ សម និងស្លាបព្រា ទៅ នឹង ដី រួច និយាយ ទាំង តឹង សរសៃ ក ថា៖ “បង ឯង មិន សម ជា កូន ប្រុស ទេ!”។

នៅ យប់ នោះ, អ្នក ទាំង ពីរ មិន បាន និយាយ រក គ្នា អស់ ពេញ មួយ យប់ ហើយ ស្ថិត នៅ ក្នុង បន្ទប់ ផ្សេង គ្នា។ លោកស្រី អង្គុយ នៅ ក្នុង បន្ទប់ មួយ ទៀត ស្ងាត់ តែ ម្នាក់ ឯង, បង្ហូរ ទឹកភ្នែក ជោក ថ្ពាល់ ក្នុង ចិត្ត អួលណែន ពោរពេញ ដោយ ក្តីឈឺចាប់។ លោកស្រី ពិត ជា ចង់ ដឹង ណាស់ ថា, តើ មាន អ្វី កើត ឡើង ដល់ ចំណង អាពាហ៍ពិពាហ៍ របស់ គាត់ ទាំង ពីរ  រហូត ដល់ ថ្នាក់ នៅ សុខៗ ស្រាប់ តែ ស្វាមី មក ពោល ពាក្យ សុំ លែងលះ គ្នា ដែល បណ្តាល អោយ លោកស្រី មាន ការភ្ញាក់ផ្អើល ហួស វិស័យ ហាក់ ដូចជា ត្រូវ គេ ទះ កំភ្លៀង មួយ ដៃ យ៉ាងខ្លាំង ទាំង មិន ដឹង ខ្លួន។ រីឯ លោក សម្បត្តិ វិញ, សំងំ ដេក យក ដៃ គង ថ្ងាស, បើក ភ្នែក សំលឹង ពិដាន ភ្លឹះៗ ជាមួយ នឹង អារម្មណ៍ ច្របូកច្របល់។ លោក នឹក ខ្លោចចិត្ត អាណិត ដល់ ភរិយា កំសត់ ផង, នឹក ខ្មាស ខ្លួនឯង និង ខ្មាស ភរិយា ផង ដែល ហា ស្តី មិន ចេញ។

លោក សម្បត្តិ និង លោកស្រី ទេវី សម្បត្តិ បាន រៀប អាពាហ៍ពិពាហ៍ នឹង គ្នា អស់ រយៈ ពេល ១៨ ឆ្នាំ មក ហើយ។ ប៉ុន្តែ ដោយសារ អ្នក ទាំង ពីរ ជាប់រវល់ នឹង ការរកស៊ី ក៏ ទើប តែ សម្រេចចិត្ត យក បាន កូន ស្រី មួយ ដែល ទើប តែ មាន អាយុ ១០ ឆ្នាំ ប៉ុណ្ណោះ។ តាំងពី មាន កូនស្រី គួរ អោយ ស្រឡាញ់ មួយ មក, លោកស្រី បាន ឈប់ ទៅ ធ្វើការ ហើយ នៅ ផ្ទះ  ថែទាំ កូន។ រីឯ លោក សម្បត្តិ បាន ក្លាយ ជា ម្ចាស់ ក្រុមហ៊ុន មួយ ដែល កំពុង រីកចំរើន  ហើយ លោក បាន បាក់ចិត្ត  ស្រឡាញ់ គ្នា ជាមួយ នឹង លេខា ក្មេង របស់ លោក។ លោកអស់ ចិត្ត ស្នេហ៍ ចំពោះ ភរិយា របស់ លោក ប៉ុន្តែ នៅ មាន ក្តីអាណិត ជា ខ្លាំង។ បន្ត​ការ​អាន

ចចក ​ពីរ​ ក្បាល


two-wolves-of-life1

បុរស ចំណាស់ នៃ កុលសម្ព័ន្ធ ឥណ្ឌីឆេរ៉ូគី (ជនជាតិ ដើម អាមេរិកាំង) ម្នាក់ និយាយ ប្រាប់ ចៅប្រុសខ្លួន ថា៖
-ចៅ សម្លាញ់, នៅ ក្នុង ខ្លួន យើង មាន ការប្រយុទ្ធ គ្នា យ៉ាង ខ្លាំងក្លា មួយ រវាង ឆ្កែ ចចក ពីរ ក្បាល  ដែល តំណាង ភាវៈ ល្អ និង ភាវៈ អាក្រក់។ ខាង ភាវៈ អាក្រក់ គឺ មាន កំហឹង, ក្ដីច្រណែន, ការលោភលន់, ការតូចចិត្ត, ភាពអន់ ជាង គេ, ការភូត កុហក, និង អំនួត អាត្មា។ ឯ ខាង ភាវៈ ល្អ គឺ មាន ក្ដីរីករាយ, សន្តិភាព, ក្ដីស្រឡាញ់, ក្ដីសង្ឃឹម, ការចេះ ដាក់ ខ្លួន, ក្ដីមេត្តា, ការចេះ យល់ចិត្ត, និងសេចក្ដីពិត។

ចៅប្រុស សញ្ជឹង គិត មួយ ភ្លែត ហើយ សួរ, “លោក តា, ចចក មួយ ណា ឈ្នះ?”

តា ឆ្លើយ, “គឺ ចចក ណា ដែល យើង អោយ អាហារ វា ស៊ី ជា អ្នក ឈ្នះ។”

ផល​ប្រយោជន៍​និង​សារសំខាន់​នៃ​ការ​បណ្ដុះ​គំនិត​សង្គហធម៌​ឬ​ធម៌​សង្គ្រោះ


 សប្បុរសជន​ជូន​អំណោយ​ដល់​អ្នក​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១៣។ Impact Cambodia Photo


សប្បុរសជន​ជូន​អំណោយ​ដល់​អ្នក​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១៣។
Impact Cambodia Photo

ដោយ កែវពេជ្រ មេត្តា
2013-10-20
“សង្គហធម៌” ឬ​ហៅ​ថា “ធម៌​សង្គ្រោះ” គឺ​ជា​គោលការណ៍​អប់រំ​មួយ​របស់​ព្រះពុទ្ធ​សាសនា ដើម្បី​ឲ្យ​មនុស្ស​ស្វែង​យល់​ជួយ​សង្គ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក ពិសេស​គ្រា​មាន​អាសន្នអន្ធក្រ ដូចជា​រង​គ្រោះ​ដោយ​អគ្គិភ័យ គ្រោះ​ទឹក​ជំនន់ ទុរ្ភិក្ស ខ្វះ​ស្បៀង​អាហារ ខ្វះ​ថ្នាំ​សង្កូវ ព្យាបាល​រោគ​ជាដើម។

សម្រាប់​សង្គម​ខ្មែរ​បច្ចុប្បន្ន ការ​អនុវត្ត​សង្គហធម៌​នៅ​មាន​កម្រិត​នៅ​ឡើយ ដែល​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​មនុស្ស​នៅ​ក្នុង​ប្រទេស​នេះ​ទាំង​អ្នក​ធំ ទាំង​អ្នក​តូច ភាគ​ច្រើន​ខ្វះ​ធម៌​សាមគ្គី មិន​យោគយល់​គ្នា មិន​ចុះ​សម្រុង​គ្នា។

ការ​អប់រំ​របស់​ព្រះពុទ្ធ​សាសនា​ស្ដីពី​សង្គហធម៌ ឬ​ធម៌​សង្គ្រោះ​មនុស្ស​ផង​គ្នា មាន ៤​យ៉ាង​ជា​សំខាន់ គឺ ការ​ឲ្យ​ទាន​ការ​ពោល​ពាក្យ​ពីរោះ ការ​ប្រព្រឹត្ត​អំពើ​ជា​ប្រយោជន៍​ដល់​គ្នា និង​ការ​តាំង​ខ្លួន​ឲ្យ​ស្មោះ​ស្មើ​ជាមួយ​គ្នា។ សម្រាប់​ធម៌​សង្គ្រោះ​ទី​១ ការ​ឲ្យ​ទាន មាន​ចែក​ចេញ​ពីរ​យ៉ាង​ទៀត គឺ​សាធារណ​ទាន និង អសាធារណទាន។

ចំពោះ​សាធារណៈ​ទាន គឺ​ជា​ទាន​ដែល​បុគ្គល​ណា​មួយ ឬ​ក្រុម​ពួក​ណា​មួយ​មាន​ចិត្ត​សប្បុរស បាន​ផ្ដល់​ឲ្យ​ដល់​ជន​ទូទៅ​ដោយ​មិន​រើស​អើង មិន​ប្រកាន់​ពូជ​សាសន៍ ពណ៌សម្បុរ មិន​ប្រកាន់​និន្នាការ​បក្សពួក​ជាដើម។ ចំណែក​ឯ​អសាធារណទាន គឺ​ទាន​ដែល​គេ​ផ្ដល់​ឲ្យ​ចំពោះ​តែ​បុគ្គល​ម្នាក់ៗ ដែល​គេ​ស្រឡាញ់​ពេញ​ចិត្ត ឬ​ដែល​គេ​ហៅ​ថា “បុគ្គលិកទាន”។

ព្រះ​មេគណ​ខេត្ត​កំពង់ស្ពឺ ព្រះតេជព្រះគុណ ឌូ វណ្ណឌឿន បាន​មាន​ព្រះ​ថេរដីកា​ថា ការ​ឲ្យ​នូវ​សាធារណៈ​ទាន ឬ​ឲ្យ​ទាន​មិន​រើស​មុខ មិន​ប្រកាន់ គឺ​ជា​ទាន​មាន​គុណធម៌​ខ្ពង់ខ្ពស់ ពីព្រោះ​ទាន​នេះ​ជា​អំពើ​ល្អ ជួយ​មនុស្ស​បណ្ដុះ​គំនិត​ស្រឡាញ់​រាប់​អាន​គ្នា ចេះ​ជួយ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្មោះស្ម័គ្រ ពិសេស​នៅ​ពេល​ដែល​គេ​ជួប​គ្រោះ​អាសន្ន​ទុក្ខ​លំបាក​ផ្សេងៗ​កើត​ឡើង។

ព្រះតេជព្រះគុណ​បាន​បន្ថែម​ថា ការ​ឲ្យ​ទាន​មិន​រើស​មុខ​ក្នុង​សង្គហធម៌ គឺ​ជា​ទាន​តាម​កម្លាំង​សទ្ធា​របស់​បុគ្គល​អ្នក​ឲ្យ​ទាន ដូច​ជា​អ្នក​ខ្លះ​គេ​ឲ្យ​ទាន​ទ្រព្យ​ថវិកា អ្នក​ខ្លះ​ដែល​មាន​ធនធាន​ច្រើន​គេ​ជួយ​កសាង​ផ្លូវ​ថ្នល់ ជីក​ព្រែក សង់​ស្ពាន ដាំ​ដើម​ឈើ ជីក​ស្រះ ជីក​អណ្ដូង សង់​សាលារៀន សង់​មន្ទីរ​ពេទ្យ ។ល។

ព្រះតេជព្រះគុណ ឌូ វណ្ណឌឿន៖ «ដូចជា​គ្រឿង​ស្លៀក​ដណ្ដប់ គ្រឿង​ស្លៀក​ពាក់​ហ្នឹង ដូច​ជា​អាហារភោជន​ទាំង​ឡាយ​ទាំង​ពួង ត្រូវ​ចេះ​ចែក​រំលែក​ទៅ​ដល់​គ្នា​និង​គ្នា ទៅ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ប្រការ​ណា​មួយ​ក្តី គឺ​តាម​វត្ត​អារាម ព្រះសង្ឃ អាចារ្យ គណៈកម្មការ សប្បុរសជន​នានា​ហ្នឹង គឺ​ចែក​រំលែក​នូវ​អ្វី​ដែល​ខ្លួន​មាន​ហ្នឹង អាច​មាន​លទ្ធភាព គឺ​ជួយ​គ្នា​នៅ​ក្នុង​គ្រា​លំបាក ដែល​បុរាណ​យើង​ថា “ស្រឡាញ់​គ្នា​នៅ​គ្រា​ក្រ ស្គាល់​មិត្ត​ល្អ​នៅ​ពេល​មាន​ទុក្ខ” នោះ»

ចំពោះ​ការ​ឲ្យ​ទាន​មិន​រើស​មុខ ឬ​សាធារណៈ​ទាន សម្រាប់​សង្គម​ខ្មែរ​សព្វ​ថ្ងៃ​គេ​ឃើញ​មាន​សប្បុរសជន​មួយ​ចំនួន​នៅ​ក្នុង​ ស្រុក​ខ្លះ និង​ក្រៅ​ស្រុក​ខ្លះ បាន​អនុវត្ត​សង្គហធម៌​ទី​១​នេះ ដោយ​បាន​ចែក​រំលែក​ម្ហូប​អាហារ សម្លៀក​បំពាក់ ថវិកា​ខ្លះ​ដល់​អ្នក​ក្រ​ខ្សត់ ដល់​កុមារ​កំព្រា ឬ​ជួយ​ដល់​អ្នក​ដែល​ជួប​គ្រោះ​មហន្តរាយ​ផ្សេងៗ ដូច​ជា​ទឹក​ជំនន់​ជន​លិច​ភូមិឋាន ផ្ទះសម្បែង ស្រែចំការ។

តួ​យ៉ាង​ដូច​ជា​កាល​ពី​អំឡុង​ទឹក​ជន​លិច​ភូមិ អ្នក​ស្រុក​នៅ​ភូមិ​ព្រែករៃ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល កាល​ពី​ក្នុង​ខែ​តុលា ឆ្នាំ​២០១៣ ជាដើម មាន​សប្បុរសជន​នៅ​ក្រៅ​ប្រទេស ដូចជា​ប្រទេស​អូស្រ្តាលី ប្រទេស​អង់គ្លេស បាន​ផ្ដល់​ថវិកា​សម្រាប់​ទិញ​ម្ហូប​អាហារ ត្រីសាច់ និង​អង្ករ​ជា​ច្រើន​តោន ព្រម​ទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ជាង ២០០​គ្រួសារ​នៅ​ទី​នោះ ជា​ពិសេស​គឺ​ជួយ​ដល់​ក្រុម​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ដែល​មាន​កូន​តូចៗ​ក្រោម​អាយុ ៣​ឆ្នាំ។ ការ​ផ្ដល់​ទាន​នេះ គេ​ធ្វើ​ទៅ​តាម​រយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្នុង​ស្រុក គឺ​អង្គការ អ៊ីមផែក ខេមបូឌា (Impact Cambodia)។

នាយិកា​ប្រតិបត្តិ​នៃ​អង្គការ អ៊ីមផែក ខេមបូឌា អ្នកស្រី សំបូរ បាន​បញ្ជាក់​ប្រាប់​ដែរ​ថា នៅ​ក្នុង​ជំនួយ​សង្គ្រោះ​នោះ គឺ​មិន​អាច​គ្រប់គ្រាន់​តាម​តម្រូវការ​ខ្វះខាត​របស់​អ្នក​ភូមិ​ទាំង​អស់​ទេ។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ ក៏​បាន​ជួយ​រំលែក​ទុក្ខ​លំបាក​ខ្វះខាត​ស្បៀង​អាហារ​របស់​អ្នកស្រុក​មួយ​ ចំនួន​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ទី​នោះ​ដែរ ពិសេស​អ្នក​ដែល​ងាយ​រង​គ្រោះ​ជាង​គេ គឺ​ស្ត្រី​មាន​ផ្ទៃ​ពោះ​និង​កុមារ​តូច។

អ្នកស្រី​បន្ត​ថា នៅ​ក្នុង​សង្គម​ខ្មែរ​ធ្លាប់​មាន​វប្បធម៌​ចែក​រំលែក​ឲ្យ​ទាន​ដល់​គ្នា​និង​ គ្នា ឬ​ដល់​អ្នក​ដែល​ខ្សត់ខ្សោយ ប៉ុន្តែ​មក​ដល់​សព្វថ្ងៃ វប្បធម៌​ចែក​រំលែក​នេះ​ហាក់​មាន​ការ​ធ្លាក់​ចុះ​ច្រើន។ បញ្ហា​នេះ​អាច​បណ្ដាល​មក​ពី​ខ្វះ​ការ​អប់រំ ឬ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ផល​ប្រយោជន៍ និង​គុណ​តម្លៃ​នៃ​សង្គហធម៌ ឬ​ធម៌​សង្គ្រោះ​គ្នា។ អ្នកស្រី​បាន​បញ្ជាក់​ទៀត​ថា ដើម្បី​ឲ្យ​សង្គម​ខ្មែរ​មាន​សង្គហធម៌ ផ្ដល់​ភាព​ចម្រើន​រុង​រឿង គឺ​ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ជួយ​ទាំង​អស់​គ្នា ទាំង​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន។

អ្នក​ប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ធម៌​សង្គ្រោះ​ទី​១ ការ​ឲ្យ​ទាន គឺ​ជា​ទាន​ផ្ដល់​កម្លាំង​ចិត្ត​មនុស្ស​ឲ្យ​ស្គាល់​ពី​តម្លៃ​នៃ​ការ​ធ្វើ​ អំពើ​ល្អ ឬ​អំពើ​បុណ្យ ពីព្រោះ​មនុស្ស​គ្រប់​រូប​តែងតែ​ប្រាថ្នា​ចង់​បាន​ល្អ និង​សេចក្ដី​សុខ​ចម្រើន។

លោក​បាន​បន្ត​ថា សេចក្ដី​ល្អ​ដែល​មនុស្ស​ត្រូវ​ការ គឺ​មិន​មែន​មាន​តែ​ការ​ឲ្យ​ទាន​ទ្រព្យ​សម្បត្តិ​ប៉ុណ្ណោះ​ទេ គឺ​គេ​ត្រូវ​ការ​បន្ថែម​ទៀត​នូវ​សេចក្ដី​ល្អ​នៃ​ពាក្យ​សម្ដី​ដែរ។ ហេតុ​ដូច្នោះ​ហើយ​នៅ​ក្នុង​សង្គហធម៌​នោះ​មាន​គោលការណ៍​អប់រំ​មួយ​សំខាន់​ទៀត ដែល​ជា​ធម៌​សង្គ្រោះ​ទី​២ គឺ “ការ​ប្រើ​សម្ដី​ត្រូវ”។ ការ​ប្រើ​សម្ដី​ត្រូវ គឺ​ជា​ធម៌​ល្អ​មួយ​អាច​ជួយ​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ និង​មាន​ទំនុក​ទុក​ចិត្ត​ស្មោះត្រង់​រវាង​គ្នា​និង​គ្នា ហើយ​អាច​ចេះ​ជួយ​រំលែក​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​បាន។

អាចារ្យ​មួយ​រូប​នៅ​ខេត្ត​តាកែវ លោក វ៉ាយ វិបុល បាន​មាន​ប្រសាសន៍​បញ្ជាក់​ពី​វាចា​ត្រូវ​នេះ​ថា គឺ​ការ​ពោល​ពាក្យ​សុចរិត ឬ​វចីសុចរិត ឬ​ពាក្យ​ដែល​ប្រកប​ទៅ​ដោយ​សីលធម៌៖ «គឺ​ពោល​ពាក្យ​ពីរោះ។ ពោល​ពាក្យ​ពីរោះ​បាន​ន័យ​ថា ពោល​ពាក្យ​ផ្អែមល្ហែម​រក​គ្នា​និង​គ្នា។ ការ​មិន​និយាយ​កុហក ការ​មិន​និយាយ​ញុះញង់ បំបែកបំបាក់​សាមគ្គី។ ការ​មិន​និយាយ​ពាក្យ​ទ្រគោះបោះបោក ការ​មិន​ជេរ​ប្រទេច មិន​និយាយ​រោយរាយ​ឥត​ប្រយោជន៍។ ហ្នឹង​ការ​ឲ្យ​ទាន ការ​និយាយ​ពាក្យ​ពីរោះ​នឹង​គ្នា គឺ​ជា​អង្គ​នៃ​សង្គហវត្ថុ»

ក្រៅ​ពី​ប្រើ​វាចា​ត្រូវ​នៅ​ក្នុង​សង្គហធម៌ ឬ​សង្គហវត្ថុ​នៃ​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​ធម៌ ​សង្គ្រោះ​ទី​៣ គឺ​អប់រំ​បណ្ដុះ​គំនិត​មនុស្ស​ឲ្យ​ជួយ​មនុស្ស​ផង​គ្នា​តែ​អ្វី​ដែល​មាន​ ប្រយោជន៍ ដូច​ជា​ផ្ដល់​គំនិត រក​មធ្យោបាយ​ផ្សេងៗ​ក្នុង​ការ​ប្រកប​ការងារ​ចិញ្ចឹម​ជីវិត រស់​នៅ​តែ​ក្នុង​អំពើ​ល្អ​ជាដើម។

មួយ​វិញ​ទៀត នៅ​ក្នុង​ធម៌​សង្គ្រោះ​ទី​៤ នៃ​សង្គហធម៌ គឺ​បង្ហាញ​អំពី​គុណ​តម្លៃ​នៃ​ការ​ប្រព្រឹត្ត​ខ្លួន​របស់​មនុស្ស ដោយ​ប្រកាន់​យក​ធម៌​កណ្ដាល ឬ​តាំង​ខ្លួន​ឲ្យ​នៅ​ស្មោះ​ស្មើ មិន​វាយ​ឫក​ក្រអឺតក្រទម ឆ្មើងកន្ទ្រើង មិន​មាន​អំនួត​អួតអាង ឬ​មិន​បន្ថោក​បន្ទាប​អ្នក​ដទៃ​ឲ្យ​នៅ​ក្រោម​អំណាច​ខ្លួន។

អ្នក​ប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​បញ្ជាក់​ថា បើ​មនុស្ស​នៅ​ក្នុង​សង្គម​ខ្មែរ ឬ​ក្នុង​ពិភពលោក​បាន​នាំ​គ្នា​គោរព​ស្រឡាញ់ និង​អនុវត្ត​តាម​គោលការណ៍​ធម៌​សង្គ្រោះ​ទាំង​៤​យ៉ាង​នៃ​សង្គហធម៌​នោះ គេ​ទាំង​អស់​គ្នា​នឹង​រស់​នៅ​ជាមួយ​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខ​សន្តិភាព និង​ភាព​សម្បូរ​សប្បាយ​រុងរឿង៕

សាររបស់ជនជាតិកូរ៉េម្នាក់ ចំពោះប្រជាជនហ្វីលីពីន


1146667_530954490310544_2043301383_nសរសេរដោយ ចែយូន គីម

បកប្រែក្រៅផ្លូវការដោយ បុត្រាខ្មែរ

កំណត់អ្នកបកប្រែ៖ យោងតាមសំណូមពររបស់អ្នកស្រី Nancy Lee, គាត់បានសុំអោយខ្ញុំ ជួយបកប្រែអត្ថបទនេះ ដើម្បីចែកជូនដល់ជនជាតិខ្មែរអាន និងដើម្បីបំផុសព្រលឹងវិញាណ នៃភាពជាតិនិយម នៅក្នុងដួងចិត្តខ្មែរគ្រប់ទីកន្លែង។ បន្ទាប់ពីអានអត្ថបទនេះរួច យើងអាចនឹងទទួលបាន នូវការជំរុញចិត្ត និងគំនិតខ្លះៗ ថាតើប្រទេសកូរ៉េខាងត្បូង គេបានប្រឹងប្រែងយ៉ាងណា ទម្រាំតែគេ អាចក្លាយទៅជាប្រទេសសេដ្ឋី និងអាចឈរនៅក្នុងចំណោម ប្រទេសមានឥទ្ធិពលផ្នែកសេដ្ឋកិច្ចខ្លាំង។ ខ្ញុំបានឆ្លៀតពេលវេលាផ្ទាល់ខ្លួន ធ្វើការបកប្រែឆៅៗ ទៅតាមលទ្ធភាពដែលខ្ញុំអាចធ្វើបាន។ បើមានការឆ្គាំឆ្គង ឬឃើញមានកំហុស សូមជួយផ្ដល់យោបល់ផង។ សូមអរគុណ។

ជនជាតិ ហ្វីលិពីនតែងតែត្អូញត្អែ អំពីអំពើពុករលួយនៅក្នុងប្រទេសហ្វីលីពីន។ តើអ្នកគិតថា អំពើពុករលួយ ពិតជាបញ្ហារបស់ហ្វីលីពីនឬ? ខ្ញុំពុំគិតដូច្នោះឡើយ។ ខ្ញុំជឿយ៉ាងមាំថា បញ្ហាគឺកង្វះនៃសេចក្ដីស្រឡាញ់ ចំពោះប្រទេសហ្វីលីពីន។

ជាដំបូង, សុំអនុញ្ញាតអោយខ្ញុំ និយាយអំពីប្រទេសរបស់ខ្ញុំ, គឺប្រទេសកូរ៉េ។ វាអាចជួយអោយអ្នក យល់អំពីអ្វីដែលខ្ញុំចង់បញ្ជាក់។ បន្ទាប់ពីសង្គ្រាមកូរ៉េ, កូរ៉េខាងត្បូង គឺជាប្រទេសដ៏ក្រីក្របំផុតក្នុងលោក។ ជនជាតិកូរ៉េ បានចាប់ផ្ដើមពីបាតដៃទទេ ពីព្រោះប្រទេសទាំងមូល ខ្ទេច​ខ្ទី​អស់បន្ទាប់ពី​សង្គ្រាម, ហើយយើងពុំមានធនធានធម្មជាតិអ្វីឡើយ។

ប្រជាជនកូរ៉េ ធ្លាប់និយាយអំពីប្រទេសហ្វីលីពីន, ដ្បិតអី កាលណោះ, ប្រជាជនហ្វីលីពីន មានខ្លាំងណាស់នៅ នៅក្នុងទ្វីបអាស៊ី។ យើងបានច្រណែន នឹងប្រជាជនហ្វីលីពីន។ ប្រជាជនកូរ៉េ ពិតជាចង់បាន អោយដូចនឹងអ្វី ដែលប្រជាជនហ្វីលីពីនមាន។ ជនជាតិកូរ៉េជាច្រើន បានដោយសារការស្រេកឃ្លាន។ ឳពុកខ្ញុំ និងបងប្អូនប្រុសរបស់ខ្ញុំ ក៏បានស្លាប់ដោយសារការស្រេកឃ្លាន។ រដ្ឋាភិបាលកូរ៉េ ពុករលួយយ៉ាងខ្លាំងនៅកាលនោះ ហើយសព្វថ្ងៃក៏នៅតែពុករលួយ ហួសពីការស្មាន, ប៉ុន្តែប្រទេសកូរ៉េអាចអភិវឌ្ឍយ៉ាងសម្បើម ដោយព្រោះតែប្រជាជនកូរ៉េ ពិតជាបាន​ប្រឹង​ប្រែង អស់​ពីជម្រៅចិត្តដើម្បីប្រយោជន៍រួម ជាមួយនឹងភាពស្នេហាជាតិ យ៉ាងសន្ធោសន្ធៅ។

ប្រជាជនកូរ៉េ ពុំបានប្រឹងប្រឹងសម្រាប់តែខ្លួនគេប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងបានប្រឹងប្រែង សម្រាប់អ្នកជិតខាង និងប្រទេសរបស់ខ្លួនផងដែរ។ ការសិក្សាអប់រំ បានបំផុសចិត្តយុវជន អោយលុះទៅដោយ ព្រលឹងវិញាណនៃភាពជាតិនិយម។

កាលពីសែសិបឆ្នាំកន្លងទៅ, លោកប្រធានាធិបតី ប៉ាក់ បានឡើងកាន់អំណាច ដើម្បីធ្វើការកែទម្រង់ប្រទេសកូរ៉េ។ លោកបានព្យាយាមបុលបំណុល ពីប្រទេសផ្សេងៗ, ប៉ុន្តែលោកពុំអាចស្វែង​រកឥណទាន និងទាក់ទាញការវិនយោគទុនបរទេសបាន​ឡើយ ពីព្រោះស្ថានភាពសេដ្ឋកិច្ចកូរ៉េខាងត្បូង ពិតជាដុនដាបក្រៃលែង។ កាលណោះ, ប្រទេសកូរ៉េមានរោងចក្រចំនួនបីប៉ុណ្ណោះ។ ដូច្នេះ, លោក ប៉ាក់ បានបញ្ជូនកម្មកររ៉ែ និងគិលានុបដ្ឋាជាច្រើននាក់ ទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីអោយពួកគេអាចផ្ញើប្រាក់ មកកាន់ប្រទេសកូរ៉េវិញ សម្រាប់សាងសង់រោងចក្រ។ ពួកគេត្រូវតែឆ្លងការពិសោធន៍ដ៏ជូរចត់។

នៅក្នុងឆ្នាំ ១៩៦៤, លោកប្រធានាធិបតី ប៉ាក់ បានធ្វើទស្សនកិច្ច ទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីសុំខ្ចីប្រាក់។ ជនជាតិកូរ៉េរាប់រយនាក់ បានមកកាន់អាកាសយានដ្ឋាន ដើម្បីស្វាគមន៍លោក ហើយពួកគេបានស្រក់​ទឹក​ភ្នែក ដោយក្ដីរំភើបខ្លាំង នៅពេលដែលពួកគេបានឃើញលោក។ គេបានសួរទៅកាន់លោកថា៖ “លោកប្រធានាធិបតី, តើនៅពេលណា ពួកយើងនឹងបានប្រសើរ?” នោះគឺជាសំនួរតែមួយគត់ ដែលគេចោមរោមសួរលោក។ លោកប្រធានាធិបតី ប៉ាក់ បានទ្រហ៊ោរយំជាមួយពួកគេ ហើយបានសន្យាចំពោះគេពួកថា ប្រទេសកូរ៉េនឹង​មាន ជីវភាព​ល្អប្រសើរ ប្រសិនបើម្នាក់ៗ ប្រឹងប្រែងដើម្បីកូរ៉េ។ ប្រធានាធិបតីអាល្លឺម៉ង់ បានទទួលការចាប់ចិត្តខ្លាំង​ ហើយបានផ្ដល់ឥណទាន ដល់ប្រទេសកូរ៉េ។ ដោយហេតុដូច្នោះឯង ដែលប្រធានាធិបតី ប៉ាក់ អាចសាងសង់រោងចក្រជាច្រើន នៅប្រទេសកូរ៉េ។ គាត់តែងតែសុំអោយជនជាតិជាតិកូរ៉េ ស្រឡាញ់ប្រទេសរបស់ខ្លួន ចេញពីជម្រៅដួងចិត្ត។

អ្នកវិទ្យាសាស្ត្រ និងវិស្វករសញ្ជាតិកូរ៉េ នៅសហរដ្ឋអាមេរិកជាច្រើន បានត្រឡប់មកកាន់ប្រទេសកូរ៉េវិញ ដើម្បីជួយអភិវឌ្ឍប្រទេស ពីព្រោះពួកគេ ចង់អោយប្រទេសរបស់ខ្លួន មានជីវភាពល្អប្រសើរ។ ទោះជាពួកគេបានទទួលប្រាក់ខែតិចក្ដី ក៏ពួកគេបានប្រឹងប្រែងអស់ពីចិត្ត ដើម្បីប្រទេសកូរ៉េ។ គេតែងតែមានសង្ឃឹមថា កូនចៅរបស់គេ នឹងរស់នៅនៅក្នុងប្រទេសមួយ ដែលមានជីវភាពល្អប្រសើរ។

ឳពុកម្ដាយរបស់ខ្ញុំ តែងតែបាននាំខ្ញុំ ទៅកាន់កន្លែងនានា ដែលមានជនក្រីក្រ និងអ្នកពិការរាងកាយរស់នៅ។ ពួកគេចង់អោយខ្ញុំ យល់អំពីជីវិតរបស់ពួកគេ និងជួយពួកគេ។ ខ្ញុំក៏ធ្លាប់បម្រើការងារជូនវិហារកាតូលិកផងដែរ កាលដែលខ្ញុំនៅក្នុងជួរកងទ័ព។ រឿងតែមួយគត់ ដែលខ្ញុំបានទទួល តាមការអប់រំរបស់វិហារកាតូលិក គឺថា យើងត្រូវតែស្រឡាញ់ភូមិរបស់យើង, ហើយខ្ញុំ បានស្រឡាញ់ភូមិរបស់ខ្ញុំ។ តើអ្នកដែលមានដែលស្រក់ទឹកភ្នែក ដើម្បីប្រទេសហ្វីលីពីនទេ? ខ្ញុំបានយំបួនប្រាំដងមកហើយ ដើម្បីប្រទេសរបស់ខ្ញុំ។ ខ្ញុំក៏បានយំដើម្បីប្រទេសហ្វីលីពីនផងដែរ, ពីព្រោះមានមនុស្សក្រខ្សត់ច្រើនណាស់។

ខ្ញុំបានទៅកាន់ពន្ធនាគារ ប៊ីលីប៊ីដ នៅប្រទេសហ្វីលីពីន។ អ្វីដែលបានធ្វើអោយខ្ញុំក្រៀមក្រំ​​នោះ គឺនៅក្នុងពន្ធនាគារ មានអ្នកដែលគ្មានចិត្តស្នេហាអ្វីទាល់តែសោះ ចំពោះប្រទេសជាតិរបស់ខ្លួន។ គេបានទៅធ្វើការទាំងហ្វូងៗ អោយព្រះវិហារ។ គេអធិស្ថានរាល់ថ្ងៃ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី គេពុំស្រឡាញ់ហ្វីលីពីនទេ។ ខ្ញុំបាននិយាយជាមួយទណ្ឌិតពីរនាក់ នៅឯមន្ទីរឃុំឃាំងដែលមានកម្រិតសន្តិសុខខ្ពស់បំផុត ហើយពួកគេទាំងពីរ បាននិយាយថា គេនឹងចាកចេញពីប្រទេសហ្វីលីពីនភ្លាម បន្ទាប់ពីការដោះលែង​។ គេបាននិយាយថា គេនឹងចាប់ផ្ដើមជីវិតថ្មី នៅឯប្រទេសផ្សេង ហើយលែងត្រឡប់មកកាន់ហ្វីលីពីនវិញ។

ជនជាតិ កូរ៉េជាច្រើន មានការស្រឡាញ់ជ្រាលជ្រៅ​ ចំពោះប្រទេសកូរ៉េ, ដូច្នេះហើយ ទើបយើងអាចចែករំលែកទ្រព្យធន ជាមួយនឹងអ្នកជិតខាង។ ថៅកែរោងចក្រ និងថៅកែក្រុមហ៊ុន បានបែងចែកភាគចំណេញ​ ជូនអ្នកធ្វើការរបស់គេបានយ៉ាងសមរម្យ ដើម្បីអោយអ្នកទាំងនោះ អាចទិញអ្វីដែលគេត្រូវការ និងសន្សំប្រាក់ទុក ដើម្បីអនាគតកូនចៅរបស់គេ។

កាលដែល ខ្ញុំនៅប្រទេសកូរ៉េ, ខ្ញុំមានជំនឿយ៉ាងរឹងមាំ ហើយចង់ក្លាយទៅជាបព្វជិត។ យ៉ាងណាមិញ, ពេលខ្ញុំមនកដល់ហ្វីលីពីន ខ្ញុំបានបាត់បង់ជំនឿទាំងស្រុង។ ខ្ញុំវង្វេងវង្វាន់នឹងគំហើញនៃស្ថានភាពជាច្រើន ដ៏មិនគួរអោយជឿ នៅក្នុងប្រទេសហ្វីលីពីន។ កុមារនៅតាមដងផ្លូវ តែងតែធ្វើអោយខ្ញុំក្រៀមក្រំ​​, ហើយខ្ញុំបានឃើញពួកគេ ជារៀងរាល់ថ្ងៃ។ ហ្វីលីពីន គឺជាប្រទេសតែមួយគត់ ដែល​កាន់​សាសនាកាតូលិក នៅក្នុងទ្វីបអាស៊ីទាំងមូល, ប៉ុន្តែមានអ្នកក្រខ្សត់យ៉ាងច្រើននៅទីនោះ។ មនុស្សម្នានាំគ្នាទៅបន់ព្រះនៅឯ​វិហារ រៀងរាល់ថ្ងៃអាទិត្យ, ប៉ុន្តែពុំមានអ្វី ត្រូវបានផ្លាស់ប្ដូរសោះឡើយ។

ឳពុកម្ដាយខ្ញុំ បានមកដល់ហ្វីលីពីន កាលពីសប្តាហ៍មុន ហើយពួក​គាត់ បានឃើញស្ថានភាពទាំងនេះ។ ពួកគាត់បានប្រាប់ខ្ញុំថា កាលគាត់នៅពីក្មេង, ប្រទេសកូរ៉េក្រីក្រ ជាងហ្វីលីពីនសព្វថ្ងៃទៅទៀត។ ពួកគាត់ខ្លោចចិត្តជាខ្លាំង ដែលឃើញមានអ្នកសុំទាន និងក្មេងអភ័ព្វនៅតាមដងផ្លូវ មានចំនួនច្រើនបែបនេះ។ នៅពេលដែលពួកយើង ធ្វើដំណើរទៅកាន់ ក្រុងប៉ាសាងចាន នៃខេត្តឡាហ្គូណា, ខ្ញុំបានបង្ខំអោយពួកគាត់ ធ្វើដំណើរតាមទូក ដើម្បី​សប្បាយ​នឹង​ការ​ធ្វើ​ដំណើរ។ យ៉ាងណាក្ដី, ពួកគាត់ពុំសប្បាយចិត្តឡើយ បន្ទាប់ពីជិះទូករួច។ ពួកគាត់បាននិយាយថា គាត់មិនចេះទូកទៀតទេ ពីព្រោះពួកគាត់ មានក្ដីអាណិតអាសូរខ្លាំងណាស់ ចំពោះអ្នករត់ទូក, ដ្បិតអី អ្នករត់ទូក ក្រខ្សត់តោកយ៉ាក ហើយមានរាងកាយតូចស្ដើង។ មនុស្សភាគច្រើន ជិះទូកសម្រាប់ជាការកំសាន្តប៉ុណ្ណោះ។ ប៉ុន្តែដោយព្រោះតែក្ដីស្រឡាញ់ចំពោះពួកគេ, ឳពុកម្ដាយរបស់ខ្ញុំ ពុំបានទទួលការសប្បាយអ្វីឡើយ។

ម្ដាយរបស់ខ្ញុំដែលបាន បម្រើការងារ ជូនវិហារកាតូលិក តាំងពីខ្ញុំនៅតូចមកនោះ បានប្រាប់ខ្ញុំថា ប្រសិនបើយើងទៅកាន់ការជំនុំគ្នា (ពិធីសាសនា) ដោយគ្មានការផ្លាស់ប្ដូរខ្លួនឯងអ្វីទាល់តែសោះនោះ, ពួកយើងពុំមែន ជាអ្នកកាតូលិកពិតប្រាកដទេ។ ជំនឿគួរតែមកជាមួយនឹងសកម្មភាព។ គាត់បានបន្ថែមទៀតថា កូនត្រូវតែស្រឡាញ់ជនជាតិហ្វីលីពីន ហើយធ្វើល្អចំពោះគេ ពីព្រោះពួកយើងទាំងអស់ គឺដូចគ្នា ហើយបានទទួលការស្រឡាញ់ ពីព្រះជាម្ចាស់ដូចគ្នា។ ខ្ញុំចង់អោយទំហំនៃក្ដីស្រឡាញ់ របស់ជនជាតិហ្វីលីពីន ចំពោះភូមិរបស់គេ និងប្រទេសរបស់គេ មានជម្រៅស្មើនឹងក្ដីស្រឡាញ់ ដែលគេមានចំពោះព្រះជាម្ចាស់ ដើម្បីអោយពួកគេ មានជីវភាពល្អប្រសើរ។

ខ្ញុំច្បាស់ក្នុងចិត្តណាស់ថា សេចក្ដីស្រឡាញ់ គឺជាកូនសោរសំខាន់ ដែលជនជាតិហ្វីលីពីន គួរតែចងចាំ។ យើងមិនអាចផ្លាស់ប្ដូរ រចនាសម្ព័ន្ធដ៏ប្រឡាក់ប្រឡូស ដោយអំពើបាប នៅក្នុងពេលតែ​មួយ​នោះឡើយ។ វាគួរតែចាប់ផ្ដើមពីមនុស្សម្នាក់ [ទៅមនុស្សម្នាក់]។ ការស្រឡាញ់ ត្រូវតែចាប់ផ្ដើមឡើង នៅក្នុងខ្លួនគ្រប់គ្នា, ពីរង្វាស់តូច ហើយត្រូវពង្រីកអោយដុះដាល។ រឿងជាច្រើន អាចនឹងកើតឡើង កាលណាយើងបើកចំហ ទទួលយកការស្រឡាញ់។ ចូរទុកគំនិតរើសអើង (ការវាយតម្លៃទុកជាមុន) របស់យើងទៅម្ខាង ហើយនាំគ្នាក្រឡេកមើលក្ដីបារម្ភ ជាមួយនឹងកែវភ្នែកថ្មីស្រស់។

ខ្ញុំរកឃើញថា មនុស្សគ្រប់រូប សុទ្ធតែមានតម្លៃ ធួននឹងទទួលបាននូវការស្រឡាញ់។ ចូរទុកចិត្តចំពោះក្ដីស្រឡាញ់, ពីព្រោះវាអាចធ្វើអោយការផ្លាស់កើត​មាន​ឡើង។ ក្ដីស្រឡាញ់ ផ្លាស់ប្ដូរអ្នកនិងខ្ញុំ។ វាផ្លាស់ប្ដូរមនុស្ស, បរិបទនៃមនុស្ស, និងទំនាក់ទំនងនៃមនុស្ស។ វាផ្លាស់ប្ដូរពិភពលោក។ សូមមេត្តា ស្រឡាញ់ភូមិរបស់អ្នក និងប្រទេសរបស់អ្នក។

ព្រះយេស៊ូ គ្រិស្ទ បានមានព្រះបន្ទូលថា អ្វីដែលអ្នកធ្វើដាក់អ្នកដទៃ គឺជាអ្វីដែលអ្នកធ្វើដាក់ព្រះអង្គ។ នៅហ្វីលីពីន មានព្រះអាទិទេព សម្រាប់មនុស្សដែលត្រូវគេធ្វើបាប និងត្រូវគេបោះបង់។ មានព្រះអាទិទេព ដែលយំស្រែក ទាររកសេចក្ដីស្រឡាញ់។ បើអ្នកមានកូន, ចូរបង្រៀនកូនរបស់អ្នក អោយចេះស្រឡាញ់ហ្វីលីពីន។ បង្រៀនកូនថា ហេតុអ្វីបានជាគេ ត្រូវតែស្រឡាញ់ភូមិរបស់គេ និងប្រទេសរបស់គេ។ អ្នកបានដឹងស្រាប់ហើយថា ព្រះជាម្ចាស់នឹងសព្វព្រះហឫទ័យក្រៃលែង ប្រសិនបើអ្នក ស្រឡាញ់មនុស្សដទៃ។

តែប៉ុណ្ណឹងឯង ដែលខ្ញុំសុំពិតប្រាកដ ពីអ្នកទាំងអស់គ្នា ដែលជាជនជាតិហ្វីលីពីន។៊

មេឃ​គឺ​ជា​ដែន​កំណត់ កាល​ណា​ព្រំដែនគំនិត ត្រូវ​បាន​ទម្លាយ


គេ​ចំណាំ​និយាយថា ជ្រូក​មិន​អាច​ហោះ ប៉ុន្តែ​បើ​យើង​បំពាក់​គ្រឿង​ម៉ាស៊ីន​ត្រូវ, ជ្រូក​អាច​ហោះ​បាន​យ៉ាង​អ៊ាងហឺយ។ ដូចគ្នា​នោះ​ដែរ, អត់​មានុស្ស​ណា​កើតមក ហើយ​ត្រូវ​បាន​ទេវតា ចារគូទទុកថា ត្រូវ​តែល្ងង់​មួយ​ជីវិត​នោះឡើយ។ ការ​ទម្លាយ​ព្រំ​ដែន​គំនិត គឺ​ជា​ជំហាន​ដំបូង និង​ជា​ជំហាន​សំខាន់​បំផុត ឆ្ពោះ​ទៅ​កាន់​ក្ដី​ចម្រើន។ ដើម្បី​ទម្លាយ​ព្រំ​ដែន​គំនិត, ត្រូវ​​ហ៊ាន​ដាក់​ចោល​ទៅ​ម្ខាង នៅ​គំនិត​បុរេវិនិច្ឆ័យ ឬ​អ្វីៗទាំង​ឡាយ ដែល​សង្គម, សាសនា, ប្រពៃណី, និង​ទំនៀម​ទម្លាប់ បាន​កំណត់​ទ្រង់​ទ្រាយ​យើង។ កាល​ណា​​របាំង​គំនិត ត្រូវ​បាន​កម្ទេច​ចោល, យើង​អាច​ឆ្ងល់, អាច​ស្រមៃ, អាច​ពិចារណា ដោយ​​សេរី គ្មាន​អ្វី​មក​រាំង​ស្កាត់, ពោល​គឺ មេឃ គឺ​ជា​​ដែន​កំណត់ (មានន័យថា គ្មាន​ដែន​កំណត់​ទេ ព្រោះ​មេឃគ្មាន​ដំបូល)។ សំនួរ​សំខាន់​មួយ​ទៀត ដែល​ត្រូវ​ដណ្ដឹង​សួរ​ខ្លួន​ឯងគឺ “តើ​សក្ដានុពល​របស់​ខ្ញុំ ជា​អ្វី​ខ្លះ?”

tumblr_lq6k8lrDk31qgmxx0o1_400

ការសម្លុត និងការរិះគន់បង្អាប់ គឺជាទង្វើជនកំសាក


bullyប្រសិនបើការរិះគន់បន្ថោក គឺជាទង្វើនៃជនកំសាក ដែលខ្លាចរអារ ចំពោះការផ្លាស់ប្តូរនោះ, ជនជាតិខ្មែរ អាចចាត់ទុកថា ជាមនុស្សដែលភ័យខ្លាចបំផុត ចំពោះបម្លាស់ប្តូរថ្មី ពីព្រោះខ្មែរភាគច្រើន ចូលចិត្តណាស់ រឿងរិះ

គន់ចំអន់មនុស្សដូចគ្នា។

ខ្ញុំហ៊ានសារភាពថា តាំងពីដើមមក មិនមែនខ្ញុំមិនដែល រិះគន់បន្តុះបង្អាប់ ដល់អ្នកណាម្នាក់នោះទេ។ ផ្ទុយទៅវិញ, ខ្ញុំជាមនុស្សម្នាក់ ស្ថិតនៅក្នុងចំណោម មនុស្សដែលពូកែរិះគន់បង្អាប់ជាងគេ។ ប៉ុន្តែមានចំណុចមួយ ដែលខ្ញុំតែងតែចាប់អារម្មណ៍ថា បន្ទាប់ពីរិះគន់បង្អាប់គេរួច, ពុំបានធ្វើអោយខ្ញុំ មានចិត្តរីករាយនោះឡើយ, ផ្ទុយទៅវិញ ខ្ញុំតែងមានអារម្មណ៍ រសាប់រសល់ ហាក់ដូចជាខុស នឹងរឿងអ្វីមួយ។ ទីបំផុត ទើបខ្ញុំយល់ ថាហេតុអ្វី បានជាមនុស្ស ចូលចិត្តបន្តុះបង្អាប់ ដល់អ្នកដទៃដូច្នេះ។

មនុស្សដែលអាងខ្លួនពូកែសម្តី ហើយនិយាយបន្តុះបង្អាប់គេនោះ គឺគ្មានអ្វីប្លែកពីមនុស្ស ដែលអាចខ្លួនមាឌធំ ហើយប្រើទម្ងន់របស់ខ្លួន សង្កត់សង្កិនគេនោះឡើយ។ គ្រាន់តែមួយប្រើកម្លាំងបាយ, មួយទៀត ប្រើមាត់, ប៉ុន្តែមានផ្នត់គំនិតដូចគ្នា។

ហេតុអ្វី បានជាខ្ញុំយល់ថា អ្នកទាំងនេះ ជាមនុស្សកំសាក? ភាពកំសាករបស់គេ គឺស្ថិតនៅត្រង់ចំណុច នៃការភ័យខ្លាចចំពោះការផ្លាស់ប្តូរ។ ពួកគេមិនចំណាយពេល អភិវឌ្ឍខ្លួនឯង អោយបានល្អប្រសើរទេ ប៉ុន្តែគេក៏មិនចង់ អោយអ្នកដទៃ មានប្រៀបលើខ្លួនដែរ។ ដូច្នេះ គេជ្រើសរើស យកការសម្លុតគំរាម និងការរិះគន់បំផ្លាញ មកប្រើប្រាសជាមធ្យោបាយ សម្រាប់រក្សាតំណែងរបស់គេ នៅក្នុងសង្គម។ គេគិតថា ការជាន់ពន្លិចអ្នកដទៃ អាចរក្សាអោយគេស្ថិតនៅទីខ្ពស់។ គេនៅទីខ្ពស់មែន ប៉ុន្តែពុំមានការលូតលាស់ទេ ព្រោះពួកគេ ខ្លាចណាស់ ចំពោះការប្រែប្រួល ដែលមិនអាចស្មានដឹង។

ប្រសិនបើអ្នក ជាមនុស្សដែលចូលចិត្ត និយាយដើម អាក្រក់អំពីអ្នកដទៃ, រិះគន់បន្ដុះបង្អាប់អ្នកដទៃ, ឬចូលចិត្តប្រើសាច់ដុំសម្លុតអ្នកដទៃ… ក្រោយពីអានអត្ថបទនេះរួច តើអ្នកឃើញភាពស្រដៀងខ្លះទេ ចំពោះអ្វីដែលខ្ញុំនិយាយ???

~បុត្រាខ្មែរ

មេរៀន ដែល ត្រូវ បង្រៀន


បកប្រែដោយ បុត្រាខ្មែរ

គាត់ មាន ឈ្មោះ ថា អ្នកគ្រូ ថមសុន។ នៅ ថ្ងៃ ចូល រៀន ដំបូង, គាត់ ឈរ នៅ ចំពោះ មុខ សិស្ស ថ្នាក់ ទី ៥ របស់ គាត់, គាត់ និយាយ កុហក ដូចតែ គ្រូ ភាគច្រើន ឯ ទៀត ដូច្នេះ ថា   គាត់ ស្រឡាញ់ ពួក គេ ស្មើៗ គ្នា។ ប៉ុន្តែ រឿង នេះ ពុំ អាច ធ្វើ ទៅ បាន ទេ ពីព្រោះ នៅ កៅអី ជួរខាង មាន ក្មេង ប្រុស ម្នាក់ ឈ្មោះ ធេឌី ស្តូដាដ ដែល អង្គុយ នៅ ក្នុង កៅអី របស់ ខ្លួន  ហាក់ ដូចជា គ្មាន ឆ្អឹងឆ្អែង ទប់ ខ្លួន គួរ អោយ ធុញ។

កាល ពី ឆ្នាំ កន្លង ទៅ, អ្នក គ្រូថមសុន បាន សង្កេត ឃើញ ថា, ធេឌី ពុំ សូវ ចុះ សំរុង ជាមួយ សិស្ស ដទៃ ទេ។ ខោអាវ របស់ គាត់ តែងតែ ប្រឡាក់ ប្រឡូស គ្មាន សណ្ដាប់ ធ្នាប់ ដែល ត្រូវការ ងូត ទឹក សំអាត យ៉ាង ញឹកញាប់។ នៅ ពេល ខ្លះ ធេឌី គ្មាន ភាពរីករាយ គួរ អោយ ធុញ រហូត ដល់ថ្នាក់ អ្នកគ្រូ ថមសុន ពេញ ចិត្ត នឹង ប្រើ ប៊ិច ហ្វើត ពណ៌ ក្រហម គូស សញ្ញា ជើងក្អែក ហើយ ដាក់ អក្សរ F យ៉ាង ធំ មួយ នៅ ពី លើ ក្រដាស ប្រឡង របស់ ធេឌី  (F មានន័យថា ធ្លាក់ – failed)។

លក្ខខ័ណ្ឌ របស់ សាលា បាន តំរូវ អោយ អ្នកគ្រូ ថមសុន ពិនិត្យ មើល ប្រវត្តិ សិក្សា របស់ សិស្ស នីមួយៗ។ អ្នកគ្រូ ថមសុន បាន ទុក សំណុំរឿង របស់ ធេឌី ក្រោយ គេ ហើយ គាត់ មាន ការភ្ញាក់ផ្អើល យ៉ាង ខ្លាំង នៅ ពេល គាត់ ចាប់ផ្តើម អាន ប្រវតិ្ត សិក្សា របស់ ធេឌី។

គ្រូបង្រៀន ថ្នាក់ ទី ១ របស់ ធេឌី បាន សរសេរ នៅ ក្នុង កំណត់ហេតុ ថា៖ “ធេឌី គឺជា ក្មេង ឆ្លាត ម្នាក់ ដែល អាច ផ្ទុះ សំណើច ដោយ ងាយ។  គាត់ ធ្វើ កិច្ចការ របស់ គាត់ បាន ស្អាតប្រណីត និង មាន សណ្ដាប់ធ្នាប់។ គាត់ ជា ក្មេង ល្អ ម្នាក់ ដែល នាំ ក្តីរីករាយ ដល់ អ្នក នៅ ក្បែរ ខ្លួន។”

គ្រូបង្រៀន ថ្នាក់ ទី ២ របស់ ធេឌី បាន សរសេរ នៅ ក្នុង កំណត់ហេតុ ថា៖ “ធេឌី គឺ ជា សិស្សដ៏ ល្អ ម្នាក់ ដែល ទទួល ការចូលចិត្ត យ៉ាង ច្រើន ពី សំណាក់ មិត្ត រួម ថ្នាក់, ប៉ុន្តែ គាត់ មាន ទុក្ខកង្វល់ ដោយសារ ម្ដាយ របស់ គាត់ ធ្លាក់ខ្លួន មាន ជំងឺ រ៉ាំរ៉ៃ។ ជីវិត ក្នុង ផ្ទះ របស់ គាត់  ច្បាស់ ជា ត្រដាប ត្រដួស ខ្លាំង ណាស់ ហើយ។”

គ្រូបង្រៀន ថ្នាក់ ទី ៣ របស់ ធេឌី បាន សរសេរ នៅ ក្នុង កំណត់ហេតុ ថា៖ “មរណភាព ម្តាយ របស់ គាត់ បាន ប៉ះទង្គិច ដល់ គាត់ យ៉ាង ខ្លាំង។ គាត់ ព្យាយាម យ៉ាង ខ្លាំង ប៉ុន្តែ ឳពុក របស់ គាត់ ពុំ សូវ បង្ហាញ ការចាប់អារម្មណ៍ ឡើយ។ ជីវិត នៅ ក្នុង ផ្ទះ របស់ គាត់ នឹង ប៉ះពាល់ ដល់ គាត់ ខ្លាំង ប្រសិនបើ គ្មាន អ្វី កែប្រែ។”

គ្រូបង្រៀន ថ្នាក់ ទី ៤ របស់ ធេឌី បាន សរសេរ នៅ ក្នុងកំណត់ហេតុ ថា៖ “ធេឌី មិន សូវ ចូល ចំណោម គេ ហើយ មិន សូវ ចាប់អារម្មណ៍ នឹង ការសិក្សា ទេ។ គាត់ មិន មាន មិត្តភក្តិ ច្រើន  ហើយ ជួនកាល គាត់ ដេក នៅ ក្នុង ថ្នាក់។”

មក ដល់ ពេល នេះ អ្នកគ្រូ ថមសុន បាន យល់ អំពី បញ្ហា របស់ ធេឌី ហើយ គាត់ មាន ការខ្មាសអៀន ចំពោះ ខ្លួនឯង យ៉ាង ខ្លាំង ដែល ចង គំនួច ស្អប់ ធេឌី ។ គាត់ មាន អារម្មណ៍ កាន់តែ មិន ល្អ នៅ ពេល ដែល សិស្ស ឯទៀតៗ បាន យក ជំនូន គ្រីសម៉ាស ដែល ខ្ចប់ ដោយ ប្រអប់ និង ក្រដាស រុំ ស្អាតប្រណីត មក អោយ គាត់, លើកលែង តែ ធេឌី ម្នាក់ ចេញ។ ជំនូន របស់ ធេឌី រុំខ្ចប់ នៅ ក្នុង ស្បោង ក្រដាស ពណ៌ ត្នោត មួយ ដែល បាន មក ពី ហាង លក់ ចាប់ហួយ, មើល ទៅ កំពីកកំពក គ្មាន ត្រង់ ណា គួរ អោយ ចាប់ ចិត្ត។

អ្នកគ្រូ ថមសុន មាន អារម្មណ៍ ក្តុកក្តួល និង ឈឺចាប់ ក្នុង ទ្រូង នៅ ក្នុង ពេល ជាមួយ គ្នា  ដែល គាត់ កំពុង បើក មើល អំណោយ។ សិស្ស ឯទៀត នាំគ្នា សើច កក្អឹក នៅ ពេល គេ ឃើញ ខ្សែដៃ មួយ ខ្សែ ដែល ធ្វើ ពី ត្បូងកាឡៃ ជ្រុះ បាត់ ត្បូង អស់ ប៉ុន្មាន គ្រាប់ និង ទឹកអប់ មួយ ដប ដែល នៅ សល់ តែ មួយ ភាគ បួន ប៉ុណ្ណោះ។

អ្នកគ្រូ ថមសុន បាន ធ្វើ អោយ សំណើច របស់ សិស្ស ឯទៀត រលត់ បាត់ ស្ងៀម នៅ ពេល ដែល គាត់ បង្ហាញ ភាពភ្ញាក់ផ្ញើល ចំពោះ ភាពស្អាតប្រណីត នៃ ខ្សែដៃ រួច យក មក ពាក់ បន្ទាប់ មក គាត់ ផ្តិត  ទឹកអប់ យក មក លាប នៅ ជុំវិញ កដៃ ទាំង សងខាង របស់ គាត់។

ពេល ដល់ ម៉ោង ចេញ ពី ថ្នាក់, ធេឌី ស្តូដាដ ស្ថិត នៅ ក្នុង ថ្នាក់ ក្រោយ គេ យូរ ល្មម នឹង និយាយ ថា “អ្នកគ្រូ ថមសុន, ថ្ងៃ នេះ អ្នក គ្រូ មាន ក្លិន ក្រអូប ដូច ម៉ាក់ ខ្ញុំ កាល ពី មុន,” រួចហើយ ក៏ដើរ ចេញ ទៅ។ បន្ទាប់ ពី សិស្ស ចេញ ផុត អស់ ពី ថ្នាក់, អ្នកគ្រូ ថមសុន សម្ងំ ខ្សឹកខ្សួល តែ ម្នាក់ ឯង អស់ យ៉ាង តិច មួយ ម៉ោង។ ចាប់ តាំង ពី ថ្ងៃ នោះ មក, អ្នកគ្រូ ថមសុន ឈប់ បង្រៀន ត្រឹមតែ មុខ វិជ្ជា ទៀត ហើយ, គឺ គាត់ ចាប់ផ្តើម បង្រៀន ក្មេង។

អ្នកគ្រូ ថមសុន បាន បន្ថែម ការយកចិត្តទុកដាក់ ដល់ សិស្ស, ជា ពិសេស ចំពោះ ធេឌី។ តាំង ពី ពេល ដែល គាត់ ចាប់ផ្តើម ធ្វើ កិច្ចការ ជាមួយ ធេឌី, សតិ របស់ ធេឌី ចាប់ផ្តើម មាន ភាពរស់រវើក ឡើង វិញ។ គាត់ ផ្តល់ កំលាំងចិត្ត ដល់ ធេឌី កាន់តែ ច្រើន, ធេឌី ឆ្លើយ តប កាន់តែ លឿន។

ឈាន ដល់ ដំណាច់ ឆ្នាំ, ធេឌី បាន ក្លាយ ទៅ ជា សិស្ស ម្នាក់ ក្នុង ចំណោម សិស្ស ដ៏ ឆ្លាត បំផុត នៅ ក្នុង ថ្នាក់, ហើយ ទោះបី អ្នកគ្រូ ថមសុន បាន កុហក ថា គាត់ ស្រឡាញ់ សិស្សទាំងអស់ ស្មើ គ្នា ក្តី, ធេឌី បាន ក្លាយ ទៅ ជា សិស្ស សំណព្វ ម្នាក់ របស់ គាត់។

មួយ ឆ្នាំ ក្រោយ មក, អ្នកគ្រូ ថមសុន បាន រក ឃើញ សំបុត្រ មួយ នៅ ក្រោម ចន្លោះ ទ្វារ, ផ្ញើ មក ពី ធេឌី, ប្រាប់ គាត់ ថា គាត់ នៅ តែ ជា គ្រូបង្រៀន ម្នាក់ ដ៏ ល្អ បំផុត នៅ ក្នុង ជីវិតរបស់ ធេឌី។

ប្រាំមួយ ឆ្នាំ កន្លង មក, អ្នកគ្រូ ថមសុន បាន ទទួល សំបុត្រ មួយ ទៀត មក ពី ធេឌី។ ធេឌី បាន សរសេរ ថា គាត់  បាន រៀន ចប់ វិទ្យាល័យ ហើយ, គឺ បាន ពិន្ទ ឈរ នៅ លេខ បី  នៅ ក្នុង ចំណោម សិស្ស រួម ថ្នាក់ ហើយ ប្រាប់ អ្នកគ្រូ ថមសុន ដដែល ថា គាត់ នៅ តែ ជា គ្រូបង្រៀន ម្នាក់ ដ៏ ល្អ បំផុត នៅ ក្នុង ជីវិត របស់ ធេឌី។

បួន ឆ្នាំ បន្ទាប់ មក ទៀត, គាត់ បាន ទទួល សំបុត្រ មួយ ទៀត ដែល និយាយ ថា, ទោះជា មាន ពេល ខ្លះ មាន ការលំបាក ក្តី ក៏ ខ្លួន នៅ តែ ស្ថិត នៅ ក្នុង ការសិក្សា ហើយ រក្សា ភាពខ្ជាប់ខ្ជួន រហូត ដល់ បាន បញ្ចប់ ការសិក្សា នៅ មហាវិទ្យាល័យ ទទួល បាន កិត្តិយស យ៉ាង ខ្ពស់ បំផុត ពី សាលា។ គាត់ បាន បញ្ជាក់ អះអាង ប្រាប់ អ្នក គ្រូ ថមសុន ថា គាត់ ជា អ្នក គ្រូដ៏ ល្អ បំផុត និង ជាទី ចូលចិត្ត បំផុត ដែល គាត់ មាន នៅ ក្នុង ជីវិត របស់ គាត់។

តមក ទៀត, បួន ឆ្នាំ បាន កន្លង ទៅ យ៉ាង ឆាប់, សំបុត្រ មួយ ច្បាប់ ទៀត បាន មក ដល់ អ្នកគ្រូ ថមសុន។ នៅ ក្នុង សំបុត្រ លើក នេះ, ធេឌី បាន ពន្យល់ ប្រាប់ ថា, បន្ទាប់ ពី គាត់ បាន ទទួល បរិញ្ញាប័ត្រ គាត់ សម្រេចចិត្ត ទៅ អោយ បាន កាន់តែ ឆ្ងាយ ថែម ទៀត។ នៅ ក្នុង សំបុត្រ មាន ការពន្យល់ ប្រាប់ អ្នកគ្រូ ថមសុន ថា គាត់ ជា អ្នកគ្រូ ដ៏ ល្អ បំផុត និង ជាទី ចូលចិត្ត បំផុត ដែល គាត់ មាន នៅ ក្នុង ជីវិត របស់ គាត់។ ប៉ុន្តែ លើក នេះ ឈ្មោះ របស់ ធេឌី  វែង ជាង មុន។ នៅ ពី ក្រោម សំបុត្រ មាន ចុះហត្ថលេខា ថា វេជ្ជបណ្ឌិត ធេឌី ហ្វ. ស្តូដាដ។

អ្នក គិត ថា រឿង វែង ឆ្ងាយ គួរ អោយ ធុញ អាន ហើយ ចប់ទាំង គ្មាន ន័យ នៅ ត្រឹម នេះមែន ទេ? នៅ ទេ។ នៅ ក្នុង រដូវ ផ្ការីក នៃ ឆ្នាំ ដដែល នោះ, សំបុត្រ មួយ ច្បាប់ ទៀត របស់ ធេឌី បាន ផ្ញើ ជូន អ្នក គ្រូ ថមសុន។ ធេឌី បាន រៀបរាប់នៅ ក្នុង សំបុត្រ ថា, គាត់ បាន ជួប  នារី ម្នាក់ ហើយ មាន បំណង ចង់ រៀបការ ជាមួយ នាង។ គាត់ បាន ពន្យល់ ថា, ដោយព្រោះតែ ឳពុក របស់ គាត់ បាន ស្លាប់ ចោល គាត់ តាំង ពី ពីរ ឆ្នាំ មុន, ដូច្នេះ គាត់ ចង់ សុំ អោយ អ្នកគ្រូ ថមសុន អង្គុយ ជា អធិបតី ក្នុង តំណែង ជា ម្តាយ របស់ កូនកម្លោះ។ អ្នកគ្រូ ថមសុន បាន យល់ព្រម។

នៅ ថ្ងៃ រៀបការ អ្នក គ្រូ ថមសុន បាន ពាក់ ខ្សែដៃ ត្បូង កាឡៃ, គឺ ខ្សែដៃ កេរ ម៉ែ មួយ ខ្សែ   ជ្រុះបាត់ ត្បូង អស់ ពីរ បី គ្រាប់ ដែល ធេឌី បាន ប្រគល់ ជូន អ្នកគ្រូ ថមសុន ជា អំណោយ បុណ្យ ណូអែល នៅ ក្នុង ថ្នាក់ ទី ៥។ អ្នកគ្រូ ថមសុន ក៏ មិន បាន ភ្លេច លាបទឹកអប់ ដែល នៅ សល់ របស់ ម្តាយ ធេឌី ដែរ គឺ ដើម្បី អោយ ធេឌី នៅ ចងចាំ ម្តាយ របស់ ខ្លួន និង ថ្ងៃ ចុងក្រោយ ដែល ពួក គេ នៅ ជាមួយ គ្នា ក្នុង ឱកាស បុណ្យ ណូអែល។ ពួក គេ បាន អោបរឹត គ្នា យ៉ាង តឹងណែន។ លោក វេជ្ជបណ្ឌិត ស្តូដាដ បាន ខ្សឹប ដាក់ ត្រចៀក អ្នកគ្រូ ថមសុន ថា៖ “សូម អរគុណ, អ្នក គ្រូ ថមសុន, ដែល ជឿជាក់ ចំពោះ ខ្ញុំ។ សូម អរគុណ ជា អតិបរិមា ដែល បាន ធ្វើ អោយ ខ្ញុំ មាន អារម្មណ៍ ថា ខ្លួនឯង សំខាន់ និង សូម អរគុណ  ចំពោះ ការបង្ហាញ អោយ ខ្ញុំ ឃើញ ថា ខ្ញុំ អាច ធ្វើ អោយ មាន ភាពប្លែក នៅ ក្នុង ជីវិត។”

អ្នកគ្រូ ថមសុន, ជាមួយ នឹង ទឹកភ្នែក ហូរស្រក់ កាត់ ស្បែកថ្ពាល់ ជ្រីវជ្រួញ របស់ គាត់, បាន ខ្សឹប ដាក់ ត្រចៀក របស់ ធេឌី វិញ ថា, “ធេឌី, ក្មួយ យល់ច្រឡំ ហើយ។ គឺ ក្មួយ ទេ ដែល បាន បង្រៀន អ្នកគ្រូ អោយ យល់ដឹង ថា, អ្នកគ្រូ អាច ធ្វើ អោយ មាន ភាពប្លែក។ អ្នកគ្រូ មិន ចេះ បង្រៀន សិស្ស ទេ រហូត ដល់ ជួប ក្មួយ។”

សូម ចងចាំ ថា, អ្នក ទៅ ទីណា ក្តី, ធ្វើ អ្វី ក្តី, អ្នក នៅ តែ អាច ជះ ឥទ្ធិពល និង កែប្រែ គំហើញ ជីវិត របស់ អ្នកណា ម្នាក់។ សូម ព្យាយាម ធ្វើ ដោយ គំនិត វិជ្ជមាន  ក្នុង ន័យ ស្ថាបនា។

“មិត្តភក្តិ គឺ ដូចជា ទេវតា ដែល ជួយ លើក យើង អោយ ផុត ពី ដី នៅ គ្រា ដែល យើង  មាន ទុក្ខលំបាក ខ្លាំង មិន អាច ហោះហើរ បាន។”