មន្តស្នេហ៍ភ្នែកស្រី


ឧិភ្នែកទាំងគូចោលរស្មី    ភ្នែកស្ងួននួនថ្លៃប្រៀបព្រួញស្នេហ៍

ទម្លុះចិត្តបង ​ផ្សងឥតល្ហែ    ព្រួញអឺយ​ព្រួញ​ស្នេហ៍​ដក​យ៉ាងណា?

បែរ​មុខ ​ទៅ​អូន​កុំ​មើល​បង ម៉្លេះរៀម​មិន​ផ្សង​ប៉ង​ប្រាថ្នា

សោះរបួសចិត្ត​ ត្បិត​ស្នេហា    អូន​ជា​បុប្ផា​ក្នុង​របង។

ពន្លឺភ្លឺមុតពេជ្រនេត្រា    រស្មីកាមា​រៀម​គេង​ផ្សង

សាយណ្ហសម័យបងចងក្រង    យប់សុបិនផ្សង​ឃើញ​ភ្នែកស្រី។

ឧត្តមសុបិនពេញចិន្តា    ឃើញគូនេត្រា​ពេជ្រចរណៃ

ភ្នែកបើក​ព្រឹមៗ​ស្រទន់​ក្រៃ    ឧិគូភ្នែកស្រី គាប់ចិន្តា។

សុបិនបន្ត​ល្អឥតខ្ចោះ    ស្រមោលស្រណោះ​តំណក់ថ្លា

ទឹកភ្នែកអូនស្រក់​ចែង​វាចា   អូនខ្សឹប​ប្រាប់ថា អូន​មានប្តី។

អរុណោទ័យក្តី​យល់​ សប្តិ    បាន​ត្រូវ​បញ្ចប់​ក្នុង​ភ្នែក​ស្រី

ភ្ញាក់ពីដំណេក ផ្តេកស្រមៃ    បេះដូង​ផ្សា​ក្រៃ…អន្ទាក់ស្នេហ៍។

ភ្នែកអឺយភ្នែកស្រីសែនគ្រោះថ្នាក់    ភ្នែកជាអន្ទាក់ដាក់មន្តស្នេហ៍

ភ្នែកអូនអាចនាំទុក្ខឥតល្ហែ    អាសូរ «អ្នកក្បែរ» ស្នេហ៍មិនទៀង។

ច័ន្ទថ្មី


ដួងច័ន្ទយប់មុនពេញបូណ៌មី

ពាលពៅចរណៃ មាន​គេថែ

ឥឡូវយប់នេះច័ន្ទប្រួលប្រែ

រនោចខូចខែព្យុះចិន្តា។

អូនអឺយកុំយំសោកសង្រេង

ក្តុកក្តួលកណ្តែង ត្បិត​ស្នេហា

តំណក់ទឹកភ្នែកជោគភក្ត្រា

ចិត្តគេសាវា កុំស្តាយឡើយ។

ច័ន្ទរះកន្លង មានច័ន្ទថ្មី

រនោចដូចស្រីណាត្រាណត្រើយ

ពេញបូណ៌ម្តងទៀត…មកដល់ហើយ

ញញឹម ត្រាណ​ត្រើយ សាងស្នេហ៍ថ្មី។

នឹមនួនវរលក្ខណ៍ ធ្នាក់ជីវ័ន្ត

«សម្បត្តិ»ពាក់ព័ន្ធ ស្ម័គ្រមេត្រី

រួមស្នេហ៍ផ្តេកស្និទ្ធ ផ្តិតដួងចៃ

ច័ន្ទពេញបូណ៌មី ផ្អឹបទ្រូងបង។

ម្សឹលមិញរនោចណាឆោមឆាយ

អូនកុំនឹកស្តាយនាំសៅហ្មង

យប់នេះយប់ថ្មីយើងចងក្រង

ស្នេហ៍អូននិងបង ភពច័ន្ទថ្មី។

ច័ន្ទ សម្បត្តិ

ស្នាមស្នេហ៍វិបត្ត


ជីវិតនរណាមិនដែលស្លាប់
ស្នាមស្នេហ៍ចុកចាប់ ភពលោកីយ៍
អស់ស្នេហ៍លែងស្និទ្ធចប់សម្តី
ស្វែងរកភពថ្មីសាងសុភៈ។

តើភ្នែកនរណាមិនដែលយំ
ទុក្ខសោកក្តៅងំ មនុស្សម្នាក់ៗ
ចិត្តចង់ប្តូរផ្លាស់វាស់ជ្រៅរាក់
ទទើមទទាក់ធ្នាក់ស្នងស្នេហ៍។

ស្មានអណ្តូងជ្រៅ… តខ្សែវែង
លង់ស្នេហ៍វង្វេង ផុតលែងបែរ
អណ្តូងកំផែល ប្រាំងខួបខែ
លាហើយម្ចាស់ស្នេហ៍ខ្វះភក្តី។

ដង្ហើមចេញចូលគង់ត្រូវផុត
ចង្កៀងរលត់អស់រស្មី
ពន្លឺចុងក្រោយសោកស្តាយអ្វី
ជាតិមនុស្ស…គង់ថ្ងៃចាកសង្ខារ។

សុបិនស្នេហ៍


ច័ន្ទអឺយច័ន្ទចរលើវេហា យល់ភក្ត្រច័ន្ទថ្លាចិត្តរំជួល

លង់ចិត្តងប់ស្នេហ៍ឆោមនិមល គ្រប់ពេលនឹកដល់ម៉ុមមាសស្នេហ៍។

រាត្រីស្ងាត់សូន្យដួងច័ន្ទអើយ សូមអ្នកឆ្លងឆ្លើយស្រដីមក

បំពេចិត្តខ្ញុំផ្តល់ជម្រក ផ្តល់ត្រួយពន្លកនៃក្តីស្នេហ៍។

ឱហ្វូងតារារះត្រសង រស្មីបំព្រងព័ទ្ធដួងខែ

តើអ្នកយល់ទេសុបិនស្នេហ៍ មានន័យអ្វីដែរប្រាប់ខ្ញុំផង។

ឬអ្នកចង់ពោលប្រាប់ខ្ញុំថា កុំនឹកប្រាថ្នា កុំនឹកប៉ង

នាងជាកុលាបក្នុងរបង កុំគិតគួចផ្សងនាំហ្មងសៅ។

យប់អឺយបន្តកុំភ្លឺអី ខ្ញុំសូមស្រមៃនឹកឆោមឆ្លៅ

ឲ្យខ្ញុំបានស្ងប់ក្នុងយប់ជ្រៅ រៀងរាល់តទៅក្នុងសុបិន។

ម៉ុមអឺយ សូមអូនជឿដល់ចិត្ត បងស្នេហ៍អូនពិត ណ៎ាមាសឆ្អិន

បងសូមសារភាពទោះប្រសិន បានត្រឹមសុបិន គ្រប់គ្រាន់ហើយ។

ម៉ុម! ម៉ុម នឹមនួនស្ងួនចរណៃ សុបិនឃើញថ្លៃទ្រូងបងស្បើយ

ឃើញអូនញញឹមជាចម្លើយ ឱរាត្រីអឺយសែនសុភៈ។

ច័ន្ទអឺយកុំទាន់យាងទៅណា សូមស្តាប់វាចាខ្ញុំប្រាប់អ្នក

ថាខ្ញុំបានឃើញ ឃើញវង់ភក្ត្រ ស្រីម៉ុមវរលក្ខណ៍ក្នុងសុបិន។

ផ្កាយអឺយសូមអ្នកជួយអរផង ប្រាប់ម៉ុមនួនល្អងស្រស់មាសឆ្អិន

ថាខ្ញុំ “ជួប…” នាងក្នុសុបិន កែវភ្នែកមាសឆ្អិនផ្តិតរូបខ្ញុំ។