ថ្វីបើយើងក្រ


ថ្វីបើយើងក្រ ក្រត្រឹមទ្រព្យ
មិនក្រទម្លាប់ ជាប់បវរ
មិនដើរស្មូមគេ កេរតំណ

សូវធ្វើការល្អ ល្អនាំជឿន។

ក្រទ្រព្យាពិត ចិត្តមិនខ្វះ
ព្រលឹមថ្ងៃរះ រះរូតលឿន
មិននៅរង់ចាំ ឆ្មាំដាស់តឿន
ស្វែងការជម្រឿន ជឿននាំជ័យ។

ថ្ងៃខ្លះទៅរៀន ប្រៀនខ្លួនទ្វេ
ថ្ងៃណាទំនេរ គ្នេររំពៃ
សព្វកិច្ចសារពើ ធ្វើញាប់ដៃ
មិនចាំសំដី ស្តីដាស់ប្រាប់។

ពុកជាគម្រូ គ្រូផងកូន
លំអិតច្រើនក្បួន ខ្ជួនទម្លាប់
រក្សាវិន័យ ថ្លៃជាទ្រព្យ
សំណាងផលភ័ព្វ គាប់រឿងរុង។

អ្នកស្រី កែវ ច័ន្ទបូរណ៍

 

 

 

ចម្លងឬអភិវឌ្ឍន៍?


ពុកម៉ែប្រៀនកូនមើលគម្រូ
ចាស់មុនយារយូរល្បីល្បាញណាស់
ចម្លងយកតាមកុំផ្តេសផ្តាស

ធ្វើតាមរហ័សល្បីដូចគាត់។

កូនឆ្លើយថាទេ ពុកម៉ែអើយ
សម័យនេះហើយ អភិវឌ្ឍន៍
ចម្លងផន់គេខុសច្បាប់រដ្ឋ
កូនមិនព្រមភ្លាត់ធ្វើតាមឡើយ។

ពុកម៉ែគំហកកូនក្បាលរឹង
យើងប្រាប់ឯងហ្នឹងអោយល្អហើយ
ម្តេចមិនធ្វើតាមបែរព្រងើយ
តើថ្ងៃណាឡើយនឹងបានថ្កើង?

កូនថាពុកម៉ែកុំបន្ទោស
ថាកូននេះខុសមិនឡើងទ្រើង
ការពិតកូនមានគំនិតថ្កើង
ខុសផ្លូវរៀមច្បងដើរពីមុន។

យុគអភិវឌ្ឍន៍យើងស្ទាត់ការ
ស្វែងសព្វមាត្រាកាយកែកុន
ផ្លូវថ្កើងមានច្រើនមិនបាច់ស៊ុន
ធ្វើតាមបែបមុនតែមួយមុខ។

ថ្វីបើកូនម៉ែមិនធ្វើតាម
ដំណើរឆ្វេងស្តាំដូចចារទុក
មិនមែនមានន័យថាផ្គើនពុក
ដែលមិនព្រមលុកតាមពាក្យចាស់។

សម័យបច្ចុប្បន្នយើងសិក្សា
ស្រាវជ្រាវសាស្រ្តាយុគចំណាស់
ត្រងជាគំនិតជួយប្រៀនដាស់
តែកូនខំណាស់បំបែកទៀត។

សង្គមវិវត្តន៍មិនដដែល
កូនចៅប្រឹងហែលមិនឃ្លាឃ្លាត
ស្វះស្វែងរកផ្លូវល្អវរនាថ
ដែលចាស់មុនឃ្លាតមិនប្រទះ។

សិនកូនរកឃើញមាគ៌ាល្អ
គួរអោយគោចរលឿនរហ័ស
ក្នុងយុគសម័យវិទ្យាសាស្រ្ត
កូនចៅឆ្លាតណាស់គួរជម្រុញ។

ច្នេះសូមពុកលើកកម្លាំងចិត្ត
ម៉ែផ្តល់គំនិតលែងនៅសុញ
អោយកូនប្រឹងស្រាវស្រង់កកកុញ
ប្រាជ្ញាបញ្ចេញយ៉ាងចំណាប់។

នោះកូនក្លាយជាទំពាំងស្នង
ឬស្សីរៀមច្បងចងក្បួនច្បាប់
ថែមសត្រាថ្មីល្បីខ្ទ័រស័ព្ទ
ខេមរាលែងអាប់ឆាប់រុងរឿង។

អ្នកស្រីកែវច័ន្ទបូរណ៍

Success


Success
by: Ralph Waldo Emerson

To laugh often and much;
To win the respect of intelligent

people and the affection of children;
To earn the appreciation of honest critics and endure the betrayal of false friends;
To appreciate beauty,
To find the best in others,
To leave the world a bit better,
whether by a healthy child,
A garden patch or a redeemed social condition;
To know even one life has breathed
easier because you have lived.
This is to have succeeded.

 

 

 

សេរី!!


សេរី! សេរី! ក្នុងជីវិត
សេរី គំនិត និងប្រាជ្ញា
សេរី ដួងចិត្ត សែនស្រស់ថ្លា

សេរី អស្ចារ្យ ព្ធមេឃា។

កើតមកសេរី ភាពជាមនុស្ស
ត្រកងយកចុះ ក្នុងទ័យា
នូវសំណាងល្អ ដ៏រមនា
សត្វផងនានា គ្មានជោគដល់។

សេរីមិនខ្លាចជ្រើសរើសផ្លូវ
ប្រសើរនាំទៅសុខមង្គល
សេរីដើរចៀសក្តីអំពល់
វិបរិតសោតសល់មិនយល់ឡើយ។

សេរីចាប់ផ្តើមពីការគិត
ពិចារណ៍សុក្រិតមិនតោះតើយ
សេរីទង្វើមិនព្រងើយ
ធ្វើតែល្អហើយសាងប្រយោជន៍។

សេរីក្នុងការសេពទាំងឡាយ
ញាតិមិត្តជិតឆ្ងាយចម្ងាយយោជន៍
សេរីជ្រើសថ្កើងចៀសហិនហោច
សេរីរុងរោចន៍គ្មានរបង។

សេរីក្នុងធម៌ចរពិចារណ៍
សេរីរក្សាចិន្តាចង
ការពារអារម្មណ៍មិនអោយហ្មង
រស់នៅសុខផងសែនរមនា។

ស្គាល់សេរីភាពផន់យើងភ្លាម
កុំនៅទីមទាមយន់យូរយារ
ងើបឡើងប្រើវឹងសេរីជា
នាំជោគជ័យថ្លាដល់ជីវិត។

អ្នកស្រី កែវ ច័ន្ទបូរណ៍

 

 

 

យើងរៀន


យើងរៀន យើងអាន យើងសរសេរ
មិននៅគ្នាន់គេ្នរ ទម្រន់ខ្លួន
ងើបឡើងសិក្សាអោយមាំមួន
ខាត់កោសល្យខ្លួនអោយស្រស់់ស្អាត។

ទោះយើងក្រីក្រក៏មិនថ្វី
ធ្វើការពេលថ្ងៃយប់សង្វាត
រៀនជុំបងប្អូនប្រឹងឱហាត
អានគ្រប់ក្បួនខ្នាតយ៉ាងជក់ចិត្ត។

បងបង្រៀនប្អូនស្ងួនវិជ្ជា
រួមទាំងអស់គ្នាយ៉ាងប្រៀងប្រិត
អានហើយពិគ្រោះន័យល្អន់ល្អិត
ស្រង់យកគំនិតផ្តិតជីវ៉ា។

យើងរៀនដើម្បីក្តីថ្កុំថ្កើង
ចម្រើនរុងរឿងសឿងថ្លៃថ្លា
រស់នៅសុខដុមដោយប្រាជ្ញា
ស្មារតីភ្លឺថ្លាព្រោះវិជ្ជា។

អ្នកស្រីកែវច័ន្ទបូរណ៍

 

 

 

បើព្រះមានតែមួយអង្គ


ដោយៈ អ្នកស្រីកែវច័ន្ទបូរណ៍

ពេលជួបអាសន្នមានទុក្ខព្រួយ
គ្រប់គ្នាបោះពួយថ្វាយចេកដូង
អុជធូបបន់ស្រន់បួងសង្រូង
ទួញហៅព្រះអង្គយាងមកប្រោស។
បើព្រះមានតែមួយព្រះអង្គ
តើលោកត្រូវផ្ចង់យាងសណ្តោស
មួយណាមុនទៅអោយរួចទោស
ផុតអាសន្នគ្រោះរស់សុខសាន្ត?
មនុស្សមានទុក្ខគ្រប់នគរ
លង់សោកលង់មោហ៍ច្រើនបរិមាណ
ពឹងតែព្រះម៉្យាងច្បាស់ខកខាន
ព្រះតែមួយប្រាណប្រោសមិនទាន់។
ច្នេះទើបព្រះអង្គផ្តល់ដីការ
ជនគ្រប់អាត្មារៀនរួសរាន់
ខ្លួនទីពឹងខ្លួនកុំអោយភ័ន្ត
ព្រះយាងមិនទាន់ក៏មិនស្លុត។
តម្រាអាត្មាយោងខ្លួនឯង
ជាក់ស្តែងប្រយោជន៍ល្អមរកត
មានទុក្ខដោះស្រាយដោយម៉ដ្ឋចត់
ជួបសុខប្រាកដមិនចាំព្រះជួយ។

បាលី និង ខ្មែរ


ដកស្រង់ពីសៀវភៅ “ប៉ាកកាទេព: សិល្បវីធីនិពន្ឋ ដោយប្រើវិញ្ញាណ១០”,

និពន្ឋរៀបរៀង និង រចនាក្រប  អ្នកស្រី កែវ ចន្ទ័បូរណ៍

 

ស្មេរខ្លះនិពន្ឋស្នេហ៍បាលី

គិតថាប្រពៃល្អខ្ពង់ខ្ពស់

ប្រើពាក្យខ្មែរងាយលាយចម្រុះ

 

គិតថាស្រកយសអស់តម្លៃ។

ភ្លេចគិតហើយឬថាភាសា

បាលីសាស្ត្រាខ្មែររបានខ្ចី

ពីស្រុកគេផ្សេងយូរមកអី

បើប្រើបាលីយើងត្រូវប្រែ។

 

ហេតុម្តេចទម្លាប់ជំទើតជើង

បរទេសលើកឡើងខ្ពស់ម្ល៉េះទេ

រួចជាន់បង្អាប់ភាពជាខ្មែរ

ភាសាស្រុកស្រែពុកម៉ែប្រៀន?

 

ភាសាខ្មែរររាយងាយស្រួលស្តាប់

អ្នកស្រុកអានគាប់មិនយ៉ាករៀន

មិនបាច់រត់ស្វែងបណ្ឌិតស្មៀន

ជួយបកស្រាយប្រៀនពន្យល់ន័យ។

 

ភាសាតាដូនផ្ញើកូនចៅ

ម្តេចជាន់លិចទៅទាបស្មើដី

ពាក្យខ្មែររាយតួសមប្រពៃ

ស្តាប់យល់អស់ន័យម្តេចថាអន់?