ចំណងស្នេហ៍ ១៨ ឆ្នាំ៖ ស្និទ្ធផ្តិតស្នេហ៍


%e1%9e%85%e1%9f%86%e1%9e%8e%e1%9e%84%e1%9e%9f%e1%9f%92%e1%9e%93%e1%9f%81%e1%9e%a0%e1%9f%8d-%e1%9f%a1%e1%9f%a8-%e1%9e%86%e1%9f%92%e1%9e%93%e1%9e%b6%e1%9f%86

នៅ យប់ នោះ, លោក សម្បត្តិ ទើប មក ដល់ ផ្ទះ នៅ ខណៈ ដែល ភរិយា របស់ លោក កំពុង រៀបចំ បាយ ល្ងាច។ ក្រោយ ពី ផ្លាស់ សម្លៀកបំពាក់ ធ្វើការ ចេញ, លោក អង្គុយ នៅ លើ តុបាយ, ចាប់ ទាញ ដៃ ភរិយា មក កាន់ រួច និយាយ ថា៖ “បង មាន រឿង ចង់ ប្រាប់ អូន”។

ភរិយា របស់ លោក អង្គុយចុះ ហើយ ចាប់ផ្តើម បរិភោគ ដោយ ស្ងៀមស្ងាត់។ លោក សម្បត្តិ បាន សង្កេត ឃើញ ក្តីក្រៀមក្រំ នៅ ក្នុង កែវភ្នែក របស់ ភរិយា ហាក់ ដូចជា បាន ដឹង មុន ថា  លោក ចង់ និយាយ អំពីអ្វី។ នៅ ពេល ភ្លាម នោះ, លោក ហាក់ ដូចជា បើក មាត់ និយាយ មិន ចេញ, ប៉ុន្តែ លោក ត្រូវតែ អោយ នាង ដឹង អំពី បំណង របស់ លោក។

“បង ចង់ លែង គ្នា”, លោក សម្បត្តិ លើក ប្រធានបទ ឡើង យ៉ាង ស្ងប់។

ភរិយា របស់ លោក ហាក់ ដូចជា មិន បាន រងការទង្គិច ចិត្ត នឹង សំដីរបស់ លោក សម្បត្តិ ឡើយ។ ផ្ទុយ ទៅ វិញ, លោកស្រី បាន សួរ ទៅ ស្វាមី វិញ ក្នុង សំលេង ធម្មតា យ៉ាង សុភាព ថា៖ “ហេតុ អី?”។

លោក សម្បត្តិ ឈ្ងោក មុខ ចុះ, សម្ងំ បរិភោគ បាយ ដោយ មិន ឆ្លើយតប ទៅ នឹង សំនួរ របស់ ភរិយា។ អាកប្បកិរិយា បែប នេះ បាន បណ្តាល ឲ្យ លោកស្រី ខឹង សម្បារ, គប់ សម និងស្លាបព្រា ទៅ នឹង ដី រួច និយាយ ទាំង តឹង សរសៃ ក ថា៖ “បង ឯង មិន សម ជា កូន ប្រុស ទេ!”។

នៅ យប់ នោះ, អ្នក ទាំង ពីរ មិន បាន និយាយ រក គ្នា អស់ ពេញ មួយ យប់ ហើយ ស្ថិត នៅ ក្នុង បន្ទប់ ផ្សេង គ្នា។ លោកស្រី អង្គុយ នៅ ក្នុង បន្ទប់ មួយ ទៀត ស្ងាត់ តែ ម្នាក់ ឯង, បង្ហូរ ទឹកភ្នែក ជោក ថ្ពាល់ ក្នុង ចិត្ត អួលណែន ពោរពេញ ដោយ ក្តីឈឺចាប់។ លោកស្រី ពិត ជា ចង់ ដឹង ណាស់ ថា, តើ មាន អ្វី កើត ឡើង ដល់ ចំណង អាពាហ៍ពិពាហ៍ របស់ គាត់ ទាំង ពីរ  រហូត ដល់ ថ្នាក់ នៅ សុខៗ ស្រាប់ តែ ស្វាមី មក ពោល ពាក្យ សុំ លែងលះ គ្នា ដែល បណ្តាល អោយ លោកស្រី មាន ការភ្ញាក់ផ្អើល ហួស វិស័យ ហាក់ ដូចជា ត្រូវ គេ ទះ កំភ្លៀង មួយ ដៃ យ៉ាងខ្លាំង ទាំង មិន ដឹង ខ្លួន។ រីឯ លោក សម្បត្តិ វិញ, សំងំ ដេក យក ដៃ គង ថ្ងាស, បើក ភ្នែក សំលឹង ពិដាន ភ្លឹះៗ ជាមួយ នឹង អារម្មណ៍ ច្របូកច្របល់។ លោក នឹក ខ្លោចចិត្ត អាណិត ដល់ ភរិយា កំសត់ ផង, នឹក ខ្មាស ខ្លួនឯង និង ខ្មាស ភរិយា ផង ដែល ហា ស្តី មិន ចេញ។

លោក សម្បត្តិ និង លោកស្រី ទេវី សម្បត្តិ បាន រៀប អាពាហ៍ពិពាហ៍ នឹង គ្នា អស់ រយៈ ពេល ១៨ ឆ្នាំ មក ហើយ។ ប៉ុន្តែ ដោយសារ អ្នក ទាំង ពីរ ជាប់រវល់ នឹង ការរកស៊ី ក៏ ទើប តែ សម្រេចចិត្ត យក បាន កូន ស្រី មួយ ដែល ទើប តែ មាន អាយុ ១០ ឆ្នាំ ប៉ុណ្ណោះ។ តាំងពី មាន កូនស្រី គួរ អោយ ស្រឡាញ់ មួយ មក, លោកស្រី បាន ឈប់ ទៅ ធ្វើការ ហើយ នៅ ផ្ទះ  ថែទាំ កូន។ រីឯ លោក សម្បត្តិ បាន ក្លាយ ជា ម្ចាស់ ក្រុមហ៊ុន មួយ ដែល កំពុង រីកចំរើន  ហើយ លោក បាន បាក់ចិត្ត  ស្រឡាញ់ គ្នា ជាមួយ នឹង លេខា ក្មេង របស់ លោក។ លោកអស់ ចិត្ត ស្នេហ៍ ចំពោះ ភរិយា របស់ លោក ប៉ុន្តែ នៅ មាន ក្តីអាណិត ជា ខ្លាំង។

ជាមួយ នឹង ក្តីអាណិត និង អារម្មណ៍ អ្នកប្រព្រឹត្តិខុស, លោក សម្បត្តិ បាន ព្រាង លិខិត លែងលះ ដោយ បញ្ជាក់ ថា, លោក សុខចិត្ត ប្រគល់ គេហដ្ឋាន និង ភាគហ៊ុន ចំនួន ៣០% អោយ ទៅ ភរិយា។ លោកស្រី ទេវី គ្រាន់តែក្រឡេក មើល លិខិត ព្រាង មួយ ភ្លែត ក៏ ហែក ជា ច្រើន ចំណែក រួច ដាក់ ចោល នៅ លើ តុ។ ស្ត្រី ម្នាក់ ដែល ចំណាយ ពេល រួមរក្ស ជាមួយ លោក អស់ ចំនួន ១៨ ឆ្នាំ, ពេលនេះ ហាក់ ដូចជា ក្លាយ ទៅ ជា មនុស្ស ចំលែកម្នាក់។

លោក សម្បត្តិ អាណិត ភរិយា ស្ទើរ ខ្លោចចិត្ត។ អាណិត លោកស្រី ដែល បាន ចំណាយ ពេលវេលា និង កំលាំងចិត្ត យ៉ាង ច្រើន ជាមួយ លោក។ ប៉ុន្តែ លោក មិន អាច លេប សំដី  ដែល បាន និយាយ ចេញ ហើយ នោះ មក វិញ ទេ, ណា មួយ លោក កំពុង បាក់ចិត្ត  ស្រឡាញ់ យ៉ាង ខ្លាំង ចំពោះ លីណា, លេខា ក្មេង របស់ លោក។

នៅ ទីបំផុត, លោកស្រី ទេវី ស្រែក ទ្រហ៊ោរ យំ នៅ ចំពោះ មុខ ស្វាមី តាម ក្តីទន្ទឹង ទុក របស់លោក សម្បត្តិ។ ចំពោះ លោក គឺ ហាក់ ដូចជា មានអារម្មណ៍ ធូរទ្រូង ទៅ វិញ នៅ ពេល ដែល ឃើញ ភរិយា របស់ លោក ស្រែកយំ, ដ្បិតអី គំនិត នៃ ការ សុំ លែងលះ គ្នា នេះ បាន ដក់ជាប់ នៅ ក្នុង ខួរក្បាល របស់ លោក អស់ ជា ច្រើន ថ្ងៃ មក ហើយ។ អ្វី ដែល ធ្វើ អោយ លោក ថប់ អារម្មណ៍ នោះ គឺ ភាពស្ងាត់ស្ងៀម របស់ ភរិយា បន្ទាប់ ពី បាន ទទួល ដំណឹង មិន សប្បាយចិត្ត នេះ ទៅ វិញ ទេ។ ពេល នេះ, ការសំរេចចិត្ត របស់ លោក ហាក់ ដូចជា កាន់តែ ច្បាស់ និង រឹងមាំ ជាង មុន។

នៅ ថ្ងៃ បន្ទាប់, លោក សម្បត្តិ ត្រលប់ មក ផ្ទះ វិញ នៅ យប់ជ្រៅ, ឃើញ ភរិយា របស់ លោក  កំពុង អង្គុយ សរសេរ នៅ លើ តុ មួយ នៅ ក្នុង បន្ទប់ ទទួលភ្ញៀវ។ លោក មិន បាន និយាយ  អ្វី ទាំងអស់ ហើយ ដើរ ចូល បន្ទប់ ឡើង គ្រែ ដេក ភ្លាម ព្រោះ លោក អស់កម្លាំង ពីការ ចំណាយ ពេល ពេញ មួយ ថ្ងៃ ជា មួយ លេខា ស្រីស្នេហ៍ របស់ លោក។

នៅ ពេល អធ្រាតុ, លោក ក្រោក ទៅ កាន់ បន្ទប់ ទឹក ក៏ នៅតែ ឃើញ ភរិយា របស់ លោក  កំពុង សំងំ សរសេរ នៅ លើ តុ ដដែល។ លោក មិន បាន ចាប់អារម្មណ៍ ហើយ ក៏ ត្រលប់ ចូល ដំណេក វិញ បន្ទាប់ ពី ប្រើ បន្ទប់ ទឹក រួច។

លុះ ព្រឹក ឡើង, លោកស្រី បាន ប្រគល់ លិខិតព្រាង នៃ លក្ខខ័ណ្ឌ លែងលះ ឲ្យ ទៅ លោក  សម្បត្តិ។ លោកស្រី មិន ចង់ បាន ទ្រព្យសម្បត្តិ អ្វី ទាំងអស់។ លោកស្រី ស្នើ អោយ ស្វាមី ផ្តល់ ការជូនដំណឹង អោយ បាន មួយ ខែ មុន នឹង លែងលះគ្នា ព្រមទាំង សុំ អោយ ស្វាមី ព្យាយាម រស់នៅ ក្នុង ជីវិត ធម្មតា តាម ដែល អាច ធ្វើ បាន។

មូលហេតុ របស់ លោកស្រី គឺ សាម័ញ្ញ ប៉ុណ្ណោះ ថា៖ កូនស្រី នឹង ប្រឡង នៅ ខែ ខាងមុខ, ដូច្នេះ បើ លែងគ្នា នៅ ពេល នេះ គឺ អាច រំខាន ដល់ ការសិក្សា របស់ កូនស្រី។ ចំណុច នេះ  គឺ សមហេតុផល ល្មម អោយ លោក សម្បត្តិ អាច ទទួល បាន។

ប៉ុន្តែ នៅ មាន ចំណុច ផ្សេង ទៀត ដែល លោកស្រី បាន ចែង នៅ ក្នុង លក្ខខ័ណ្ឌ, គឺ សុំ អោយ លោក សម្បត្តិ នឹកឃើញ ឡើង វិញ នៅ ថ្ងៃ ដែល លោក បីត្រកង លោកស្រី នៅ ថ្ងៃ អាពាហ៍ពិពាហ៍។ ថែម ពី លើ នេះ, ក្នុង អំឡុង ពេល មួយ ខែ ចុងក្រោយ នេះ, លោកស្រី សុំ អោយ ស្វាមី បីត្រកង គាត់ ចេញ ពី បន្ទប់ ដេក ចេញ ទៅ ទ្វារមុខ ជា រៀងរាល់ ថ្ងៃ។

លោក សម្បត្តិ គិត ថា ភរិយា របស់ លោក ខូចចិត្ត ដល់ ថ្នាក់ ឆ្កួត ហើយ។ ប៉ុន្តែ ដើម្បី ចុះសំរុងគ្នា នៅ ក្នុង ពេល មួយ ខែ ចុងក្រោយ នេះ, លោក ក៏ យល់ព្រម ទាំង ទើសទាល់។ លោក បាន និយាយ ប្រាប់ លីណា, លេខា ក្មេង របស់ លោក អំពី លក្ខខ័ណ្ឌ នេះ។ នាង អស់ សំណើច ហើយ គិត ថា ជា រឿង ផ្តេសផ្តាស, ឡប់ៗ, រួច និយាយ ដោយ ក្តីចំអក ថា៖  “ពិត ជា អាណិត ស្រី ចាស់ ណាស់, ប៉ុន្តែ ទោះ គេ ចង់ លេង ល្បិច អី ក៏ គេច មិន ផុត ពី ការប្រឈម មុខ នឹង ការលែងលះ ដែរ!”។

ច្រើន ឆ្នាំ មក ហើយ ដែល លោក សម្បត្តិ មិន ដែល បាន បី ភរិយា ដូច កាល ដែល ទើបតែ រៀបការ ថ្មោង ថ្មី ទេ។ នៅ ថ្ងៃ ដំបូង ដែល លោក បី ភរិយាជា ថ្មី ចេញ ពី បន្ទប់ដេក, អ្នក ទាំង ពីរ នាក់ ហាក់ ដូចជា មាន កាយវិការ ឆ្គាំឆ្គង។

នៅ ខណៈ ដែល លោក បី ភរិយា ដើរ នៅ ក្នុង ផ្ទះ, កូនស្រី របស់ លោក បានឃើញ ហើយ ទះដៃ សើចពព្រាយ រួច និយាយ ដូច ក្តីរីករាយ ថា៖ “ប៉ា បី ម៉ាក់! ល្អណាស់!!!”។

សំលេង ទះដៃ និង សំដី របស់ កូនស្រី ហាក់ ដូចជា បន្លា ចាក់ដោត បេះដូង របស់ លោក  សម្បត្តិ។ ចាប់ ពី បន្ទប់ ដេក រហូត ដល់ ទ្វារ ខាង មុខ មាន ចំងាយ ប្រហែល ដប់ ជំហាន។ មួយ ជំហានៗ ដែល លោក ឈាន គឺ ពោរពេញ ដោយ អារម្មណ៍ ឈឺចាប់ ជាមួយ នឹង ភាពច្របូកច្របល់។

ស្ថិត នៅ ក្នុង រង្វង់ដៃ របស់ ស្វាមី, លោកស្រី ទេវី បិទ ភ្នែក រួច បន្លឺ ទៅ កាន់ ស្វាមី ថា៖ “បង កុំ ប្រាប់ កូនស្រី យើង អំពី រឿង លែងលះគ្នា ណា៎!”។

លោក សម្បត្តិ ងក់ ក្បាល ព្រម ទាំង សង្កៀ ចិត្ត។ ពេល ទៅ ដល់ មាត់ទ្វារ ខាង មុខ, លោក បាន ដាក់ ភរិយា ចុះ រួច ហើយ ដើរ ទៅ កាន់ រថយន្ត បើក ទៅ កាន់ការិយាល័យ របស់ លោក។

នៅ ថ្ងៃ ទី ពីរ, កាយវិការ របស់អ្នក ទាំង ពីរ មិន សូវ ឆ្គាំឆ្គង។ លោកស្រី អោប ក ស្វាមី ជាប់  ហើយ ផ្តេក ក្បាល ទៅ នឹង ទ្រូង របស់ គាត់។ លោក សម្បត្តិ ធុំ ក្លិន ក្រអូប សាយភាយ ចេញ ពី អាវ របស់ ភរិយា។ លោក ទើបតែ ដឹង ថា, លោក ខាន សំលឹង មើល ភរិយា របស់ លោក  ដោយ យកចិត្តទុកដាក់ អស់ ជា ច្រើន ឆ្នាំ មក ហើយ។ ពេល លោក សំលឹងចុះ មើល ទៅ ភរិយា លោក សង្កេត ឃើញ ថា ភរិយា របស់ លោក មិនមែន ក្មេង ទៀត ទេ ហើយ ថែម ទាំង មាន សក់ស្កូវ មួយៗ នៅ គល់ សក់ ព្រមទាំង មាន ស្បែក មុខ និង ស្បែក ក ជ្រីវជ្រួញ តិចៗ ទៀតផង។

មួយ រំពេច នោះ, លោក ដណ្ដឹង សួរ ចិត្ត ខ្លួនឯង ភ្លាម ថា៖ “តើ អាត្មា អញ បាន ធ្វើ អ្វី ដល់ ស្ត្រី កំសត់ ម្នាក់ នេះ?”។

នៅ ថ្ងៃ ទី បី, នៅ ពេល លោក សម្បត្តិ លើក ភរិយា ឡើង បី នៅ ក្នុង រង្វង់ ដៃ, លោក ទទួល អារម្មណ៍ ថា ភាពជិតស្និទ្ធ របស់ ពួក គាត់ ហាក់ ដូចជា កំពុង ត្រលប់ មក វិញ។ លោក សំលឹង មុខ ភរិយា ដោយ ទឹកមុខ ញញឹម រួច គិត ក្នុង ចិត្ត ថា, នេះ គឺជា ស្ត្រី ម្នាក់ ដែល ប្តូរផ្តាច់ នឹង លោក អស់ ចំនួន ១៨ ឆ្នាំ កន្លង មក។

នៅ ថ្ងៃ ទី បួន, លោក ដឹង ច្បាស់ នៅ ក្នុង ចិត្ត ថា, អារម្មណ៍ ជិតស្និទ្ធ ជាមួយ នឹង ភរិយា របស់ លោក បាន ត្រលប់ មក វិញ។ លោក មិន បាន ប្រាប់ រឿង នេះ ដល់ លីណា ទេ។

នៅ ព្រឹក មួយ, ភរិយា របស់ លោក ព្យាយាម រក សំលៀកបំពាក់ មិន ត្រូវ ខ្លួន សោះ។ លោកស្រី ពោល ដោយ ក្តីខកចិត្ត ថា៖ “ហ៊ឺ! សំពត់ អូន រលុង អស់ ហើយ!”។ ភ្លាម នោះ លោក សម្បត្តិ ភ្ញាក់ ខ្លួន ថា, ភរិយា របស់ លោក ពិតជា ស្គម ជាង មុន។ ដូច្នេះ ហើយ បាន ជា លោក អាច លើក បី រាល់ ព្រឹក បាន ដោយ ងាយ។ ពេល នេះ, លោក ទើបតែ បាន ដឹង ថា  ភរិយា របស់ លោក បាន លាក់ ទុក នូវ ការឈឺចាប់ និង ក្តីទុក្ខសោក យ៉ាង ច្រើន នៅ ក្នុង ជំរៅចិត្ត របស់ គាត់។ នៅ ខណៈ ដែល លោក លើក ដៃ ស្ទាបអង្អែល ក្បាល ភរិយា ទាំង មិន ដឹងខ្លួន នោះ, លោក ត្រូវ បាន ពញ្ញាក់ ស្មារតី ដោយ សំលេង កូនស្រី របស់ លោក ថា៖ “លោក ប៉ា! ដល់ ម៉ោង បី ម៉ាក់ ចេញ ពី បន្ទប់ ហើយ!”។

សំរាប់ នាង តូច, ការឃើញ ឳពុក របស់ ខ្លួន បី ម្តាយ ចេញ ពី បន្ទប់ រាល់ ព្រឹក ដូច្នេះ, បាន ក្លាយ ទៅ ជា ផ្នែក សំខាន់ មួយ នៃ ជីវិត ប្រចាំថ្ងៃ របស់ នាង។ ភរិយា របស់ លោក សម្បត្តិ  បាន បោយដៃហៅ កូនស្រី មក ជិត ហើយ អោបរឹត ផ្អឹប នឹង ទ្រូង យ៉ាង តឹងណែន ក្នុង រង្វង់ ដៃ នៅ ចំពោះ មុខ ស្វាមី។ ស្ថិត នៅ ក្នុង ទិដ្ឋភាព បែប នេះ, លោក សម្បត្តិ ងាក មុខ ចេញ  ដើម្បី ចៀសវាង មាន ការទន់ចិត្ត។ លោក បាន បី ភរិយាយ នៅ ក្នុង ដៃ ដើរ ចេញ ពី បន្ទប់ ដេក, កាត់ បន្ទប់ ទទួលភ្ញៀវ ឆ្ពោះ ទៅ កាន់ ទ្វារ មុខ។ ដៃ របស់ លោកស្រី អោប ក ស្វាមី  ដោយ ក្តីថ្នាក់ថ្នម។ លោក សម្បត្តិ បី ភរិយា តឹងណែន នៅ ក្នុង ត្រកង ដៃ ដូចជា ថ្ងៃ ដំបូង  ដែល លោក បី ភរិយា នៅ ថ្ងៃ រៀបការ។ ប៉ុន្តែលោក មាន អារម្មណ៍ ក្រៀមក្រំ ដោយ ព្រោះ ភរិយា របស់ លោក មាន ទំងន់ ស្រាល ជាង មុន យ៉ាង ច្រើន។

មួយ ថ្ងៃ មុន ថ្ងៃ ចុងក្រោយ មក ដល់, លោក និង ភរិយា បាន ផ្ញើ កូនស្រី អោ នៅ លេង ឯ ផ្ទះ ប្អូនស្រី ដើម្បី អនុញ្ញាត អោយ លោក ទាំងពីរ មាន ពេល នៅ ជាមួយ គ្នា នា យប់ ចុងក្រោយ ដោយ គ្មាន អ្នកណា រំខាន។ នៅ ព្រឹក នៃ ថ្ងៃ ចុងក្រោយ ដែល លោក ត្រូវ បំពេញ លក្ខខ័ណ្ឌ, លោក ត្រកង បីភរិយា នៅ ក្នុង ដៃ ប៉ុន្តែ បោះ ជំហាន ទៅ មុខ ទាំង លំបាក។ រាល់ ជំហាន ដែល លោក ឈាន, លោក ទទួល អារម្មណ៍ ឈឺចាប់, ក្តុកក្តួល, តឹងទ្រូង, ពោរពេញ ទៅ ដោយ អារម្មណ៍ អ្នក មាន កំហុស។ ទីបំផុត លោក យល់ ថា, លោក មិន បាន ចាប់អារម្មណ៍ សោះ ឡើយ ថា, ភាពឃ្លាតគ្នា រវាង លោក និង ភរិយា គឺ បណ្តាល មក ពី ខ្វះ ការយកចិត្តទុកដាក់, ខ្វះ ភាពស្និទ្ធស្នាល។

លោក សម្បត្តិ ចូល ឡាន បើក សំដៅ ការិយាល័យ យ៉ាង ប្រញាប់។ លោក ចេញ ពី ឡាន យ៉ាង លឿន ដោយ មិន បាន ចាក់ សោរ ឡាន ព្រោះ លោក នឹក ខ្លាច ថា, ការពន្យារ ពេល  សូម្បី តែ មួយ វិនាទី អាច នឹងប ណ្តាល អោយ លោក កែប្រែ ចិត្ត។

លោក ឡើង ទៅ ជាន់ ទីពីរ សំដៅ ការិយាល័យ របស់ លោក។ លីណា ញញឹម ពព្រាយ  បើក ទ្វារ ទទួល លោក។ លោក និយាយ ទៅ កាន់ លីណា ថា៖ “សុំ ទោស, លីណា, បង មិន ចង់ លែងលះ ប្រពន្ធ បង ទៀត ទេ”។

លីណា សំលឹង មើល លោក សម្បត្តិ ទាំង ស្រឡាំងកាំង រួច យក ដៃ ស្ទាប ថ្ងាស របស់ លោក។

“បង គ្រុន ក្តៅ ឬ?”, នាងសួរ។

លោក សម្បត្តិ កៀស ដៃ នាងចេញ រួច បន្លឺថា៖ “សុំ ទោស, លីណា! បង មិន លែង ប្រពន្ធ បង ទេ។ ជីវិត អាពាហ៍ពិពាហ៍ របស់ បង អាប់អួរ គឺ ដោយសារ បង និង នាង មិន បាន ចាប់អារម្មណ៍ និង មិន បាន ផ្តល់តម្លៃ ដល់ រឿង តូចតាច… មិនមែន ដោយសារ មក ពី ពួក យើង អស់ ក្តីស្រឡាញ់ ចំពោះ គ្នា នោះ ទេ។ ឥឡូវ ទើប បង យល់ ថា, តាំងពី ថ្ងៃ ដំបូង ដែល បង បាន បី នាង ចូល ក្នុង ផ្ទះ នៅ ក្នុង ថ្ងៃ រៀបការ មក, គឺ បង ត្រូវ បីនាង ជា រៀងរហូត  ដល់ ថ្ងៃ បែក គ្នា ដោយ ការស្លាប់”។

លីណា ភ្ញាក់ផ្អើល ខ្លាំង នឹង សំដី នេះ, បើក ភ្នែក ធំៗ រួច ទះ លោក សម្បត្តិ មួយ កំភ្លៀង  ហើយ រុញ ទ្វារ បិទ យ៉ាង ខ្លាំង។ លោក សម្បត្តិ ដើរ ចុះ ក្រោម សំដៅ ឡាន ហើយ បើក ចេញ ទៅ វិញ។ លោក បាន ចូល ទិញ ផ្កា ផ្ញើ ភរិយា។

កញ្ញា អ្នក លក់ បាន សួរ លោក ថា៖ “តើ លោក ចង់ អោយ នាង ខ្ញុំ សរសេរ នៅ លើ ប័ណ្ណ ថា ម៉េច ដែរ?”។

លោក ញញឹម ហើយ ឆ្លើយ ថា៖ “បង នឹង បីត្រកង អូន រៀងរាល់ ព្រឹក រហូត ដល់ ថ្ងៃ មរណា”។ លោក សម្បត្តិ បាន យក ផ្កា ត្រឡប់ ទៅ ការិយាល័យ វិញ ដាក់ ចូល ទូរត្រជាក់។ លីណា បាន ឈប់ ពី ការងារ ដោយ មិន បាន លា។

នៅ ល្ងាច ថ្ងៃ ដដែល នោះ, លោក បាន ត្រលប់ ទៅ ផ្ទះ វិញ ជាមួយ នឹង ផ្កា មួយ បាច់ នៅ ក្នុង ដៃ ប្រកប ដោយ ទឹកមុខ ញញឹម ពព្រាយ។ លោក បាន បើក ទ្វារ ផ្ទះ ចូល ទាំង ប្រញាប់។ ប៉ុន្តែ ពេល លោក បាន ចូល ដល់ បន្ទប់, ភរិយា របស់ លោក បាន ដេក ស្លាប់ នៅ លើ គ្រែ បាត់ ទៅ ហើយ។

លោកស្រី ទេវី សម្បត្តិ បាន ប្រឈមមុខ នឹង ជំងឺមហារីក អស់ ជា ច្រើន ខែ មក ហើយ។ ចំណែក ឯ លោក សម្បត្តិ មិន បាន ចាប់អារម្មណ៍ នឹង អាការៈ ផ្លាស់ប្តូរ របស់ ភរិយា ឡើយ, ដោយ ព្រោះ តែ លោក ជាប់រវល់ វក់វីរ ជាមួយ នឹង លីណា លេខា ក្មេង របស់ខ្លួន។ លោកស្រី  មិន បាន ប្រាប់ ស្វាមី អោយ ដឹង ដោយសារ ឃើញ ស្វាមី ជាប់ រវល់ នឹង ការងារ ខ្លាំង ពេក។ ប៉ុន្តែ នៅ ខណៈ ដែល លោកស្រី ចង់ ប្រាប់ ស្វាមី អោយ ដឹង អំពី ជំងឺ ដែល ចេះ តែ ដុនដាប  ពី មួយ ថ្ងៃ ទៅ មួយ ថ្ងៃ នោះ, ក៏ គាប់ជួន គ្នា ចំ ពេល ដែល ស្វាមី របស់ លោកស្រី សុំ លែងលះ គ្នា។ លោកស្រី មិន ចង់ យក ជំងឺ របស់ លោកស្រី មក ធ្វើ ជា មូលហេតុ ដើម្បី បង្ខំ ចិត្ត ស្វាមី អោយ ប្តូរចិត្ត ពីការ សុំ លែងគ្នា។

លោកស្រី បាន ដឹង មុន ថា, លោកស្រី រស់នៅ មិនបាន យូរ ប៉ុន្មាន ទៀត ទេ។ ការដាក់ លក្ខខ័ណ្ឌ អោយ ស្វាមី នៅ ជាមួយ បាន មួយ ខែ ទៀត នោះ គឺ លោកស្រី មិន ចង់ អោយ មាន ប្រតិកម្ម អាក្រក់ ពី សំណាក់ កូនស្រី ទៅ លើ ឳពុក របស់ ខ្លួន ដែល អាច មាន កើត ឡើង នៅ ពេល ដែល លោក សម្បត្តិ មានះ ជំរុញ សុំ លែងលះ គ្នា។ ការធ្វើ ដូច្នេះ, យ៉ាងហោច ណាស់ ក្រោយ ពី លោកស្រី ស្លាប់ ទៅ, លោក សម្បត្តិ អាច ស្ថិត នៅ ជាស្វាមីជាទី ស្រឡាញ់ និង ជា ឳពុក ដ៏ ល្អ នៅក្នុ ង កែវភ្នែក កូនស្រី។

គំនិតត្រិះរិះ៖

រឿង លំអិត នៅ ក្នុងជីវិត ដែល មនុស្ស ភាគច្រើន តែង យល់ ថា ជា រឿង តូចតាច ឬ មិន បានការ នោះ, គឺ មាន សារសំខាន់ នៅ ក្នុង ចំណងមេត្រី។ ផ្ទះ ធំ ស្កឹមស្កៃ, ឡាន ប្រណីត, ទ្រព្យធន និង ប្រាក់ ដាក់ ធនាគារ ហូរហៀ ទាំង នេះ ពិត ជា បង្កើត បរិយាសកាស ទាក់ទាញ  ទៅ កាន់ សុខមង្គល មែន ប៉ុន្តែ មិន អាច ផ្តល់ ក្តីសុខ ពិតប្រាកដ ដោយ ខ្លួន វា បាន ឡើយ។

ចំណង ស្នេហ៍ ដ៏ ល្អ បំផុត រវាង មនុស្ស ប្រុស-ស្រី គឺ មាន មិត្តភាព រវាង គេ ទាំង ពីរ អ្នក  សម្រាប់ ជា មូលដ្ឋាន។ ដូច្នេះ, ចូរ បង្កើត ពេលវេលា នៅ ក្នុង ជីវិត របស់ អ្នក ដើម្បី ធ្វើ ជា មិត្ត ដ៏ ល្អ របស់ ស្វាមី/ភរិយា ឬ គូស្នេហ៍ របស់ ខ្លួន, ហើយ ធ្វើ ជូន គ្នា ទៅ វិញ ទៅ មក នូវ រឿង “តូចតាច” ទាំង នោះ ដើម្បី បង្កើន ភាពជិតស្និទ្ធ។ ការណ៍នេះ ពិតជា នឹង ធ្វើ អោយ អ្នក មាន ចំណង ស្នេហា រីករាយ ជាទី ប្រាថ្នា នៃមនុស្ស ទាំងពួង។

បើ អ្នក យល់ ថា, រឿង នេះ មាន តម្លៃសិក្សា គួរ អោយ ពិចារណា, សូម មេត្តា ជួយ ចែករំលែក អោយ មនុស្ស ច្រើន គ្នា បាន អាន។  ថា មិន ត្រូវ, អ្នក ប្រហែល ជា អាច សង្គ្រោះ  ចំណង ស្នេហ៍ ដែល កំពុង បែកស្រាំ ផង ក៏ មិន ដឹង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s