ក្អែក និង ក្ងោក, មួយ ណា រីករាយ ជាង?


%e1%9e%80%e1%9f%92%e1%9e%a2%e1%9f%82%e1%9e%80-%e1%9e%93%e1%9e%b7%e1%9e%84-%e1%9e%80%e1%9f%92%e1%9e%84%e1%9f%84%e1%9e%80
ក្អែក តូចចិត្ត នឹង ខ្លួនឯង ខ្មៅ, គ្មាន អ្នកណា ចូលចិត្ត។ ពេល ក្អែក បាន ឃើញ ក្ងាន, ក្អែក កើត ក្ដីច្រណែន នឹង ក្ងាន ដែល មាន ពណ៌ ស ស្គុស។ ចំណែក ក្ងាន ច្រណែន នឹង សេក ដែល មាន ពីរ ពណ៌។ រីឯ សេក ច្រណែន នឹង ក្ងោក ដែល មាន ពណ៌ ចម្រុះ យ៉ាង ស្រស់ សោភា។ ក្ងោក ឯណោះ វិញ ច្រណែន នឹង ក្អែក ដែល មាន សេរីភាព ហោះហើរ តាម ចិត្ត ព្រោះ ខ្លួន ជា ចំណាប់ ខ្មាំង នៅ ក្នុង សួនសត្វ សម្រាប់ ជា ទំនាញ ទស្សនាចរ។
ចូរ ទាយ ទៅ មើល, សត្វ ទាំង បួន នេះ, មួយ ណា រីករាយ ជាង គេ? មនុស្ស យើង មិន ប្លែកគ្នា ពី សត្វ ទាំង បួន នេះ ឡើយ។ យើង ចូលចិត្ត តែ យក ខ្លួនឯង ទៅ ប្រៀប នឹង អ្នកដទៃ ហើយ តូចចិត្ត នឹង ខ្លួនឯង ដែល គ្មាន លក្ខណៈ ល្អ ដូច គេ … បណ្ដាល អោយ ខ្លួន មើល រំលង ចំណុច ល្អ របស់ ខ្លួន។
ការណ៍ ទាំង នេះ នាំ អោយ យើង ធ្លាក់ ចូល ក្នុង វង់មូល នៃ អពមង្គល ដ៏ កំណាច មួយ, រក ច្រក ចេញ មិន ឃើញ។ យើង គួរ ចេះ សប្បាយចិត្ត និង ផ្ដល់ តម្លៃ អ្វី ដែល ខ្លួន មាន ហើយ ពង្រីក សក្ដានុពល អោយ បាន ពេញ ទំហឹង ជាជាង ផ្ដោត គំនិត យ៉ាង អណ្ដែតអណ្ដូង ទៅ លើ អ្វី ដែល ខ្លួន គ្មាន និង ស្ថិត នៅ ឆ្ងាយ ពី ការឈោង ដល់, ហួស ពី ភាពប្រាកដនិយម។
ព្រះពុទ្ធ បាន ទូន្មាន មនុស្ស លោក អោយ ដើរ តាម គន្លង ធម៌ ជាក់ស្ដែង, ប៉ុន្តែ មនុស្ស យក ធម៌ មក បន្ថែម ភាពអច្ឆរិយៈ, បង្កប់ ភាពអាថ៌កំបាំង ដើម្បី បោកប្រាស់ មនុស្ស អោយ លុះ ក្រោម ឥទ្ធិពល របស់ ខ្លួន, ទុក អោយ គេ ដេក ស្រមៃ ចាំ ឡើង ឋានសួគ៌ នៅ ជាតិ ក្រោយ, រួច មើល រំលង ជាតិ នេះ។
ព្រះពុទ្ធ បង្រៀន អំពី របៀប ដើរ តាម គន្លង ធម៌ ដើម្បី ស្វែងរក សេចក្ដីសុខ, ប៉ុន្តែ មនុស្ស អោបក្រសោប ភាពលោភលន់ ប្រកប ដោយ ចិត្តច្រណែន និង ចូលចិត្ត វាស់វែង តម្លៃ គ្នា, ហើយ ដើរ កន្លង គន្លង ធម៌ ទៅ បន់ស្រន់ សុំ សេចក្ដីសុខ និង លាភសក្ការៈ។

បូណា និង ចំពាម កៅស៊ូ


%e1%9e%94%e1%9e%bc%e1%9e%8e%e1%9e%b6-%e1%9e%93%e1%9e%b7%e1%9e%84-%e1%9e%85%e1%9f%86%e1%9e%96%e1%9e%b6%e1%9e%98-%e1%9e%80%e1%9f%85%e1%9e%9f%e1%9f%8a%e1%9e%bc

ថ្ងៃ មួយ, បូណា និង នារី, ពីរ នាក់ បងប្អូន, បាន ទៅ លេង ផ្ទះ ជីដូន នៅ ឯ ជនបទ។ បូណា បាន យក ចំពាមកៅស៊ូ ទៅ ហាត់ បាញ់ នៅ ក្នុង ចំការ ក្រូច។ ទោះជា ព្យាយាម យ៉ាងណា ក៏ បាញ់ មិន ចំ គោលដៅ, រហូត ដល់ ម៉ោង បាយ ថ្ងៃ ត្រង់, គាត់ ក៏ ដើរ តយង៉យ ត្រឡប់ ទៅ ផ្ទះ ជីដូន វិញ ទាំង ក្ដីធុញថប់។

នៅ ពេល ដែល គាត់ ដើរ ត្រលប់ ទៅ វិញ, គាត់ ប្រទះ នឹង មាន់ មួយ ក្បាល របស់ ជីដូន គាត់។ គាត់ លើក ចំពាមកៅស៊ូ បាញ់ ទាំង ឥត តំរង់ ហើយ ចៃដន្យ ចំ ត្រូវ ក្បាល មាន់, ដាច់ ខ្យល់ ស្លាប់ មួយ រំពេច។ គាត់ ស្លន់ស្លោ ហើយ ក៏ យក មាន់ ទៅ លាក់ នៅ ក្នុង គំនរ អុស។ នារី សំលឹង មើល តាម បង្អួច, ឃើញ ហេតុការណ៍ ទាំងអស់, ប៉ុន្តែ នាង ឥត និយាយ អ្វី ទាំងអស់។

នៅ ថ្ងៃ បន្ទាប់, ក្រោយ ពី អាហារ ពេល ព្រឹក រួច, ជីដូន បាន ប្រើ នារី អោយ លាង ចាន។ ប៉ុន្តែ នារី បាន ប្រាប់ ទៅ ជីដូន ថា បូណា ចង់ ធ្វើ កិច្ចការ នៅ ក្នុង ផ្ទះបាយ។ បន្ទាប់ មក, នារី ខ្សឹប ដាក់ ត្រចៀក បូណា ថា, “ចាំ រឿង មាន់ ម្សិល មិញ ទេ?” បូណា ភ្ញាក់ផ្អើល ហៅ ភ័យ ជា ខ្លាំង នៅ ពេល ដែល គាត់ ដឹង ថា, នារី បាន ដឹង អំពី រឿង គាត់ សំលាប់ មាន់ របស់ ជីដូន។ ដូច្នេះ, បើ គាត់ មិន ធ្វើ តាម សំដី របស់ បងស្រី ខ្លួន ទេ, គាត់ ច្បាស់ ជា ទំលាយ រឿង ប្រាប់ ជីដូន មិន ខាន។ បូណា ក៏ ព្រម លាង ចាន និង ជូត សំអាត ផ្ទះបាយ ទាំង សៅហ្មង។

នៅ ល្ងាច ថ្ងៃ ដដែល, ជីដូន ហៅ នារី អោយ ជួយ បុក គ្រឿង និង ហាន់ បន្លែ ដើម្បី ស្លរ ម្ជូរគ្រឿង។ ប៉ុន្តែ នារី ញញឹម ហើយ ប្រាប់ ជីដូន ថា, “បូណា ប្រាប់ ចៅ ថា, គាត់ ចង់ រៀន ធ្វើ ម្ហូប ពី លោក យាយ”។

នារី ងាក ទៅ ខ្សឹប ដាក់ បូណា ថា, “ចាំ រឿង មាន់ ម្សិល មិញ ទេ?” ដូច្នេះ, នារី ក៏ នៅ អង្គុយ ឆ្កឹះ ក្រចក ធ្វើ ហី, ចំណែក បូណា ទៅ បុក គ្រឿង និង ហាន់ បន្លែ។

ពីរបី ថ្ងៃ ក្រោយ មក, បូណា ទ្រាំ លែង បាន នឹង ការជំរិត របស់ នារី, គាត់ ក៏ ដាច់ចិត្ត សារភាព ប្រាប់ ជីដូន ថា, គាត់ បាន បាញ់ មាន់ ស្លាប់ ដោយ ចៃដន្យ ហើយ ភ័យ ពេក ក៏ យក ទៅ លាក់ នៅ ក្នុង គំនរ អុស។

ជីដូន របស់ គាត់ លុត ជង្គង់ ចុះ ហើយ អោប គាត់ រួច និយាយ ថា, “ចៅ សំលាញ់, យាយ ដឹង។ យាយ ឈរ  ជាមួយ នារី មើល ចៅ តាម បង្អួច ឃើញ ហេតុការណ៍ ទាំងអស់។ ប៉ុន្តែ យាយ ស្រលាញ់ ចៅ ហើយ បាន អភ័យទោស អោយ ចៅ រួច ទៅ ហើយ។ យាយ គ្រាន់តែ ចង់ ដឹង មើល ថា, តើ នារី អាច ជំរិត ចៅ បាន យូរ ប៉ុណ្ណា ប៉ុណ្ណោះ។”

==============================================

គំនិត ត្រិះរិះ៖ ពេល ណា យើង ធ្វើ ខុស, យើង ត្រូវ សារភាព កំហុស។ វា ជា លក្ខណៈសម្បត្តិ របស់ មនុស្ស ដែល មាន ស្មារតី ចេះ ទទួលខុសត្រូវ។ វា នឹង ធ្វើ អោយ អ្នក បាន ស្បើយ ពី បន្ទុក នៃ អារម្មណ៍ ជាប់ទោស។ វា នឹង ធ្វើ អោយ មនសិការ របស់ អ្នក កើន ឡើង ខ្ពស់ ប្រកប ដោយ ភាពជ្រះថ្លា។ វា ថែមទាំង មិន អាច អោយ អ្នកណា ឆ្លៀត ចំណេញ ពី កំហុស ស្ងាត់ៗ របស់ យើង ផង។ ចូរ ចេះ ទទួល កំហុស, ចេះ សុំទោស, និង ចេះ សុំ ការអធ្យាស្រ័យ ដោយ សុភាពរាបសា។

កង្កែប ក្នុង ឆ្នាំង


%e1%9e%80%e1%9e%84%e1%9f%92%e1%9e%80%e1%9f%82%e1%9e%94-%e1%9e%80%e1%9f%92%e1%9e%93%e1%9e%bb%e1%9e%84-%e1%9e%86%e1%9f%92%e1%9e%93%e1%9e%b6%e1%9f%86%e1%9e%84

មិត្ត ទាំងអស់ ប្រហែល ជា ធ្លាប់ តែ ឮ ពាក្យ ស្លោក អំពី កង្កែប ក្នុង អណ្ដូង, ប៉ុន្តែ ថ្ងៃ នេះ, ខ្ញុំ សុំ និយាយ អំពី កង្កែប ក្នុង ឆ្នាំង ម្ដង។

មាន ថ្ងៃ មួយ, កង្កែប មួយ ក្បាល ធ្លាក់ ចូល ក្នុង ឆ្នាំង មួយ នៅ លើ ចង្ក្រាន ដែល ទឹក កំពុង នៅ ត្រជាក់ នៅ ឡើយ។ កង្កែប ពុំ បាន ព្យាយាម លោត ចេញ ពី ឆ្នាំង ទេ, ផ្ទុយ ទៅ វិញ, វា សំងំ នៅ ស្ងៀម។ នៅ ខណៈ ដែល កំដៅ ទឹក កើន ឡើង ម្ដង បន្តិច, ខ្លួនប្រាណ របស់ កង្កែប អាច សំរួល សីតុណ្ហភាព អោយ ស្រប តាម កំដៅ ទឹក។ នៅ ពេល ដែល ខ្លួនប្រាណ របស់ វា  លែង អាច សំរួល សីតុណ្ហភាព អោយ ស្រប តាម កំដៅ ទឹក, វា ក៏ ព្យាយាម លោត ចេញ។ ប៉ុន្តែ ហួស ពេល ទៅ ហើយ, ពីព្រោះ ទឹក ពុះ គគ្រុក, ហើយ វា ក៏ ក្លាយ ទៅ ជា កង្កែប ស្ងោរ។ តើ មូលហេតុ អ្វី ដែល កង្កែប មិន អាច លោត ចេញ ពី ឆ្នាំង? តើ គួរ បន្ទោស ថា មក ពី ទឹក ដែល ក្ដៅ ខ្លាំង ឬ?

=============================

គំនិត ត្រិះរិះ៖

កង្កែប មិន អាច លោត ចេញ គឺ ដោយសារ វា គ្មាន សមត្ថភាព ដើម្បី សំរេច ចិត្ត ថា, ពេល ណា ជា ពេល ដែល គួរតែ លោត ចេញ ឡើយ។ នេះ គឺ ជា ធម្មជាតិ របស់ កង្កែប ដែល មិន អាច កែប្រែ បាន។ យ៉ាងណាមិញ, យើង ជា មនុស្ស។ ធម្មជាតិ បាន ផ្ដល់ អោយ យើង នូវ សមត្ថភាព លើស ពី កង្កែប ដើម្បី កែប្រែ ជីវិត ខ្លួនឯង។

វា ជា រឿង ប្រពៃ ណាស់ ដែល យើង ត្រូវតែ តស៊ូ, ប្រឈម នឹង បញ្ហា ហើយ សំរប ខ្លួន តាម កាលៈទេសៈ។ ប៉ុន្តែ មាន ពេល ខ្លះ យើង ក៏ ជួប នឹង ស្ថានភាព មួយ ដែល តំរូវ អោយ យើង ធ្វើ សកម្មភាព ដ៏ សមហេតុផល មួយ នៅ ខណៈ ដែល យើង នៅ មាន ឱកាស ឬ នៅ មាន កំលាំង អាច ធ្វើ នៅ ឡើយ។ ពេល ណា គួរ ដើរ ចេញ, យើង គួរ ដើរ ចេញ, កុំ ចាំ ទាល់តែ ដល់ ពេល ត្រូវ លោត, ពីព្រោះ នៅ ក្នុង ស្ថានភាព ដ៏ ក្ដៅ គគុក មួយ, យើង ប្រហែល ជា លោត មិន ទាន់ ឡើយ។