តោ និង ដំរី


កាលពី ព្រេងនាយ មាន តោ មួយ ក្បាល, អ្វី ក៏ មិន ខ្លាច, ខ្លាច តែ សំលេង មាន់ រងាវ។ រៀងរាល់ ពេល ឮ មាន់ រងាវ, វា ភ័យ ញ័រចំប្រប់, សរៀវ ដល់ ឆ្អឹង ខ្នង។ ថ្ងៃ មួយ វា បាន សារភាព ប្រាប់ ដំរី, ដំរី អស់ សំណើច ជា ខ្លាំង។

“សំលេង មាន់ រងាវ មិន អាច បង្ក អន្តរាយ ដល់ ឯង ទេ,” ដំរី និយាយ, “ឯង គិត ទៅ មើល!”

មួយ រំពេច នោះ, មូស មួយ ក្បាល ហើរ ឆ្វែល ក្បាល ដំរី។ ដំរី ភ័យ ស្លន់ស្លោរ ហើយ ស្រែក ហៅ តោ អោយ ជួយ ថា, “ជួយ អញ្ ផង! បើ វា ចូល ត្រចៀក អញ, អញ ច្បាស់ ជា ស្លាប់ មិន ខាន។” ដល់ វេន តោ សើច ទធាក់ជើង អុក គូថ នឹង ដី ម្ដង។

គំនិត ត្រិះរិះ៖ ប្រសិនបើ យើង អាច មើល ឃើញ ការភ័យខ្លាច របស់ ខ្លួនឯង ដូច ដែល យើង មើល ឃើញ ការភ័យខ្លាច របស់ អ្នក ដទៃ នោះ, ការភ័យខ្លាច ដែល យើង មាន គឺ សុទ្ធតែ ផ្ដេសផ្ដាស ទាំងអស់។

Advertisements

ផលវិបាក នៃ ការនិយាយ កាត់ៗ


ខ្មែរ ចូលចិត្ត និយាយ កាត់ៗ, សរសេរ កាត់ៗ, ដែល ភាគច្រើន យល់ តែ ខ្លួនឯង, និង ពេល ខ្លះ បណ្ដាល អោយ មាន ការយល់ ខុស។ ការធ្វើ អ្វី កាត់ៗ ដើម្បី យក ស្រួល មួយ គ្រា គឺ ឆ្លុះ បញ្ចាំង នូវ ភាព ខ្ជីខ្ជា របស់ មនុស្ស។ ភាពខ្ជីខ្ជា គឺ កើត ចេញ ពី ការខ្ជិលច្រអូស។ ដូច្នេះ ហើយ បាន ជា ឥត ចម្លែក សោះ ឡើយ, នៅ ពេល មាន ការសន្ទនា ណា មួយ ដែល ជជែក និង ដេញដោល សួរ យ៉ាង ពិស្ដារ, ខ្មែរ ភាគច្រើន ឆាប់ ខឹង ឬ ធុញ មិន ចង់ ប្រឈម, ហើយ ពេល ខ្លះ ដោះស្រាយ នឹង កំលាំង បាយ វិញ។

ខ្មែរ មាន ភាសា សរសេរ និង ភាសា និយាយ។ ភាសា និយាយ របស់ ខ្មែរ គឺ ប្រើ បាន តែ នៅ ក្នុង លក្ខណៈ ងាយស្រួល សម្រាប់ ទំនាក់ទំនង ប្រចាំ ថ្ងៃ, ប៉ុន្តែ ដល់ តែ ពេល យក ភាសា និយាយ មក សរសេរ ចេញ ជា អក្សរ គឺ មាន ភាពឆ្គង, ពិបាក យល់ ឬ យល់ ខុស។

ភាសា និយាយ ដែល គេ និយាយ ភ្លាមៗ គឺ យើង អាច យល់ បាន ដោយ ផ្អែក ទៅ លើ បរិបទ៖ កាយវិការ, សំនៀង, អារម្មណ៍ របស់ អ្នក និយាយ, និង បរិយកាស ដែល គេ កំពុង និយាយ។ ប៉ុន្តែ ពេល គេ យក ភាសា និយាយ មក សរសេរ ចេញ ជា អក្សរ, សម្រាប់ អ្នក ដែល មិន ដឹង បរិបទ, ជួនកាល មើល អត់ យល់ ឬ យល់ តាម របៀប ផ្សេង ទៅ វិញ។

ប្រហែល ជា បញ្ហា នេះ ហើយ ដែល រាល់ ពេល ខ្ញុំ មើល ភាពយន្ត ខ្មែរ, ទោះ មើល យ៉ាង ណា ក៏ ឥត ស្លុង អារម្មណ៍ សោះ។ ពោល គឺ, បើ គេ និយាយ ត្រឹមត្រូវ តាម របៀប សរសេរ, ស្ដាប់ ទៅ គឺ ដឹង ថា ជា ភាពក្លែងក្លាយ, ប៉ុន្តែ បើ គេ និយាយ តាម ធម្មតា ដូច គេ និយាយ នៅ ខាង ក្រៅ, ស្ដាប់ ទៅ គឺ មាន លក្ខណៈ ពិត ប៉ុន្តែ សង្កៀ ត្រចៀក។

ការនិយាយ ត្រឹមត្រូវ ដូច ការសរសេរ គឺ ច្បាស់, ងាយ យល់, លើក កម្លាំងចិត្ត និង បង្កើន ការជឿជាក់ ចំពោះ ខ្លួនឯង, និង ជួយ អោយ អ្នក និយាយ មាន ភាពសំរាក, មិន សូវ តក់ក្រហល់ ដូច ការនិយាយ កាត់ៗ ដែល ភាគច្រើន ឮ តែ ញ៉ិតៗៗៗៗៗ ដូច កង់ ខ្វះ ប្រេង។ ដូច្នេះ, ក្មេងៗ ជំនាន់ ក្រោយ ដែល មាន ឱកាស បាន ទៅ រៀន នៅ សាលា, គួរ បំបាត់ ទំលាប់ និយាយ កាត់ៗ នេះ ចោល ហើយ រៀន និយាយ អោយ ដូចគ្នា នឹង ការសរសេរ ដែល មាន លក្ខណៈ ត្រឹមត្រូវ។