ភាព​លាក់​ពុត​នៃ​ភាសិ​តខ្មែរ “​ពុត​គ្រូ​កុំ​ត្រាប់ ច្បាប់​គ្រូ​សឹម​យក”


yuckនៅក្នុងសម្ភាសន៍ ជាមួយវិទ្យុអាស៊ីសេរី អំពីសុភាសិតខ្មែរ “ពុតគ្រូកុំត្រាប់ ច្បាប់គ្រូសឹមយក”, លោកព្រឹទ្ធាចារ្យ មាស លី បកស្រាយថា «ទ្រឹស្ដីរបស់អ្នកប្រាជ្ញហ្នឹងក៏តៗគ្នាមក ដើម្បីប្រៀនប្រដៅកូនខ្មែរ។ ពុតគ្រូហ្នឹងវាមានល្បិចកលច្រើនដែរ ការបង្រៀនរបស់គ្រូហ្នឹង។ លក្ខណៈរបស់គ្រូហ្នឹង គឺលោកបង្រៀនចង់ឲ្យសិស្សចេះ ប៉ុន្តែលក្ខណៈដែលជាចរិតអត្តចរិតរបស់គ្រូហ្នឹង ជួនកាលគ្រូខ្លះកាច ជួនកាលគ្រូខ្លះរាយមាយ ជួនកាលគ្រូខ្លះធ្វើអំពើអត់ប្រយោជន៍។ ទាំងអស់ហ្នឹង កុំយកទៅតាមពុតហ្នឹង លោកមិនឲ្យត្រាប់ទេ»។

អ្វីដែលលោកបកស្រាយ អំពីអត្ថន័យរបស់សុភាសិត គឺពុំមានកន្លែងណាខុសទេ, អ្វីដែលខុស គឺគំនិតនៅពីក្រោយសុភាសិតនេះតែម្ដង។ ការអប់រំមនុស្ស ពុំអាចចេះតែនិយាយចេញ អោយផុតពីមាត់ ហើយរំពឹងអោយគេ ធ្វើតាមសម្ដីខ្លួននោះឡើយ។ របៀបរីកចម្រើនរបស់មនុស្សលោក គឺការរៀនធ្វើតាមគ្នា ពីមួយទៅមួយជាគំរូ។ សូម្បីតែសត្វតិរិច្ឆាន ក៏វាត្រាប់តាមគ្នាដែរ។

ដូច្នេះ, អ្នកដែលបង្កើតសុភាសិតនេះឡើង គឺដើម្បីលើកលែងអោយខ្លួន អាចធ្វើអ្វីផ្ទុយនឹងការបង្រៀនរបស់ខ្លួន នៅខណៈដែលខ្លួន កំពុងបង្គាប់បញ្ចាគេ អោយគោរពតាមការអប់រំរបស់ខ្លួនប៉ុណ្ណោះ។ នេះគេហៅថា “គីង្គក់លក់ថ្នាំស្រែង”។ សូមមនុស្សជំនាន់ក្រោយ កុំយកភាសិតសម្អុយនេះ មកអនុវត្តទៀត ពីព្រោះវាជាការបង្រៀន និងជាលេស សម្រាប់អោយមនុស្ស មានភាពលាក់ពុតប៉ុណ្ណោះ។

បើចង់អោយមនុស្សគោរព, គួរប្រព្រឹត្តិខ្លួនជាគម្រូ។ បើខ្លួនបង្រៀនគេអំពីសីលធម៌សង្គម ត្រូវប្រព្រឹត្តិខ្លួន អោយស្របនឹងគោលការណ៍ នៃអ្វីដែលខ្លួនកំពុងបណ្ដុះបណ្ដាល។ បើខ្លួនជាមន្ត្រីច្បាប់ ត្រូវគោរព និងអនុវត្តទៅតាមគោលការណ៍ច្បាប់។ បើខ្លួនជាព្រះសង្ឃ ត្រូវប្រព្រឹត្តិខ្លួនអោយសមនឹងធម៌វិន័យ។ នោះហើយជាការដឹកនាំដោយគំរូ។ ការអប់រំមនុស្ស គឺគេត្រូវដឹកនាំពីមុខ ដូចគ្នានឹងការដឹកមុខគោក្របីដូច្នោះ។ យើងមិនអាចរុញពីក្រោយ ហើយខឹងគោដើរមិនត្រង់ផ្លូវនោះឡើយ។ សូមធ្វើខ្លួនជាអ្នកដឹកនាំ កុំធ្វើជាអ្នកបញ្ជា!!!

Advertisements

ចចក ​ពីរ​ ក្បាល


two-wolves-of-life1

បុរស ចំណាស់ នៃ កុលសម្ព័ន្ធ ឥណ្ឌីឆេរ៉ូគី (ជនជាតិ ដើម អាមេរិកាំង) ម្នាក់ និយាយ ប្រាប់ ចៅប្រុសខ្លួន ថា៖
-ចៅ សម្លាញ់, នៅ ក្នុង ខ្លួន យើង មាន ការប្រយុទ្ធ គ្នា យ៉ាង ខ្លាំងក្លា មួយ រវាង ឆ្កែ ចចក ពីរ ក្បាល  ដែល តំណាង ភាវៈ ល្អ និង ភាវៈ អាក្រក់។ ខាង ភាវៈ អាក្រក់ គឺ មាន កំហឹង, ក្ដីច្រណែន, ការលោភលន់, ការតូចចិត្ត, ភាពអន់ ជាង គេ, ការភូត កុហក, និង អំនួត អាត្មា។ ឯ ខាង ភាវៈ ល្អ គឺ មាន ក្ដីរីករាយ, សន្តិភាព, ក្ដីស្រឡាញ់, ក្ដីសង្ឃឹម, ការចេះ ដាក់ ខ្លួន, ក្ដីមេត្តា, ការចេះ យល់ចិត្ត, និងសេចក្ដីពិត។

ចៅប្រុស សញ្ជឹង គិត មួយ ភ្លែត ហើយ សួរ, “លោក តា, ចចក មួយ ណា ឈ្នះ?”

តា ឆ្លើយ, “គឺ ចចក ណា ដែល យើង អោយ អាហារ វា ស៊ី ជា អ្នក ឈ្នះ។”