អ្នក ដែល ធ្វើ ការងារ សុចរិត ដោយ កម្លាំង ញើសឈាម ខ្លួនឯង ទើប យល់ អំពី តម្លៃ ប្រាក់។ ចំណែក អ្នក រក វៀចវេរ ឬ អ្នកដេកស៊ី, ដេកសុំ ចាំតែ គេ អោយ, ទោះ មាន ភាពងាយស្រួល យ៉ាងណា ក៏ បាន ត្រឹមតែ បណ្ដោះអាសន្ន ហើយ ត្រូវ លះបង់ ការប្រឹងប្រែង ដែល ជា អត្ថន័យ ពិតប្រាកដ នៃ គោលបំណង ជីវិត សម្រាប់ ការលូតលាស់ របស់ មនុស្ស។ ជាក់ស្ដែង នៅ តាម កាស៊ីណូ, គេ កម្រ ឃើញ អ្នក ដែល ធ្វើ ការងារ ទៀងត្រង់ យក ប្រាក់ ដែល ជា កម្លាំង ញើសឈាម របស់ គេ ទៅ ចាក់ល្បែង បំផ្លាញ ណាស់។ ភាគច្រើន គឺ ពួក រក លុយ បាន តាម ផ្លូវ អបាយមុខ (ស្រី លក់ ខ្លួន, ចោរ លួច របស់, អ្នក លក់ គ្រឿងញៀន, អ្នក ទទួល ការសូកប៉ាន់) ឬ អ្នក ដេកស៊ី បន្លំលុយ រដ្ឋ។ ចំណែក វង់ល្បែង តាម ផ្ទះ វិញ, គេ លេង ស៊ីក្រហម មួយ គ្រាប់ សុទ្ធតែ ៥០សេន ទៅមួយដុល្លារ។
ដំណើរ រីកចម្រើន របស់ មនុស្ស គឺ ប្រៀប ដូចជា កសិកម្ម ស្រូវអង្ករ ដូច្នោះ ដែរ, គឺ ទាមទារ ការប្រឹងប្រែង ពី មួយ ជំហាន ទៅ មួយ ជំហាន។ គេ មិន អាច យក សំណាប ទៅ ស្ទូង ដោយ គ្មាន ការ ភ្ជួររាស់ ដី នោះ ឡើយ។ យើង ឃើញ គេ មានបាន ដោយសារ ផ្លូវកាត់, កេងបន្លំ, ប៉ុន្តែ អ្វី ដែល យើង បាន ឃើញ នោះ គឺ គ្រាន់តែ ជា ភាពរុងរឿង ដែល ជះ ពន្លឺ តែ មួយ ភ្លែត ប្រៀប ដូចជា ភ្លើង ចំបើង ប៉ុណ្ណោះ។ នៅ ចុង បញ្ចប់, គេ ធ្វើ អ្វី នឹង បាន ទទួល ហ្នឹង។ ជាក់ស្ដែង អ្នក លួច កោស MediCal បន្លំ ភ្នែក រដ្ឋ កាល ពី ដប់-ម្ភៃ ឆ្នាំ មុន នោះ តើ មាន អ្នកណា នៅ ហ៊ឺហា មក ទល់ សព្វថ្ងៃ ទេ? អ្នកខ្លះ ដេក ទ្រុងសារិកា, អ្នកខ្លះ រត់ គេច ខ្លួន ដល់ ប្រទេស ផ្សេង នៅ តែ FBI ចាប់ក្របួច យក មក វិញ, ហើយ ពេល ចេញ ពី គុក, រហាម លើស ដើម។
ជួនកាល យើង ឃើញ គេ ជិះ ឡាន ប្រណីត, សង្ហា អស្ចារ្យ, ប៉ុន្តែ យើង អត់ ដឹង ថា គេ កំពុង បើកបរ រក កន្លែង សម្រាប់ ចង ក ដើម្បី បញ្ចប់ រឿង សោះ។
ការងារ ទៀងត្រង់, ទោះ គ្មាន ភាពរុងរឿង, ហ៊ឺហា, ប៉ុន្តែ មនសិកា ភ្លឺ ជ្រះ, គ្មាន ការខ្លាចមុខ ខ្លាចក្រោយ, ភ័យខ្លាច កម្មពៀរ តាម ទាន់។ យើង អាចរី ករាយ នឹង អ្វី ដែល ខ្លួន រក បាន ដោយ កម្លាំង ញើសឈាម ខ្លួនឯង ជាជាង សៅហ្មង នឹង របស់ ដែល ខ្លួន គ្មាន ហើយ មើល រំលង អ្វី ដែល មាន។
ខ្ញុំយល់ស្រប! ធ្វើកិច្ចការសុចរិត មានសន្តិភាពក្នុងចិត្ត 🙂
ចូលចិត្តចូលចិត្ត