យើងចំណាំឮគេរអ៊ូរថា អ្នកនេះកាច់ឫក ឬអ្នកនោះកាច់ឫក នៅពេលជួបមុខគ្នា គេមិននិយាយស្ដី — ឆ្មើងឆ្មៃ។ នៅក្នុងលោកនេះ មនុស្សសុភាព ហើយរាក់ទាក់បែបណាក៏មាន, មនុស្សឈ្លើយបែបណាក៏មាន, ប៉ុន្តែនិយាយអោយចំ យើងពុំអាចគ្រប់គ្រង ឥរិយាបថរបស់អ្នកណា ក្រៅពីឥរិយាបថ របស់ខ្លួនឯងនោះឡើយ។
បើនៅថ្ងៃក្រោយ អ្នកបានជួបជាមួយអ្នកណាម្នាក់ ហើយគេពុំបាននិយាយរក, ជាជាងចាត់ទុកថាគេជាជនជម្លើយ ឬជាមនុស្សប្រកាន់ឫក, ចូរសួរខ្លួនឯងថា តើខ្លួនឯងជាមនុស្ស ប្រកាន់ឫកដូចគេដែរ ឬក៏ជាមនុស្សមានចិត្តទូលាយជាងគេ? បើខ្លួនមិនពេញចិត្ត នឹងការប្រកាន់ឫករបស់គេ ហើយខ្លួន ក៏ចាប់ផ្ដើមប្រកាន់ឫកដែរនោះ, តើខ្លួនមានអ្វីគ្រាន់បើ ជាងមនុស្ស ដែលខ្លួនកំពុងតែចាត់ទុកថា ឆ្មើងឆ្មៃនោះ???
ជួនកាល យើងឃើញគេ ប៉ុន្តែគេមិនបានឃើញយើង, ឬឃើញហើយ ប៉ុន្តែមានរឿងអ្វីផ្សេងទៀតមករំខាន ដែលធ្វើអោយគេ គ្មានឱកាសនិយាយរកយើងមុន។ បើយយើងជឿថា ខ្លួនជាមនុស្សមានចិត្តទូលាយមែននោះ, ចូរហាមាត់និយាយរកគេមុន, ឬបើកាលៈទេសៈមិនអនុញ្ញាតទេ ក៏ចូរកុំប្រកាន់ខឹង ហើយចាត់ទុកថា គេជាមនុស្សឈ្លើយ ឬឆ្មើងឆ្មៃ។
តើមានគិតឃើញថា នៅខណៈដែលយើង កំពុងតែគិតថា គេជាមនុស្សឆ្មើងនោះ, គេក៏ប្រហែលជា កំពុងតែគិតថា យើងជាមនុស្សឆ្មើងដូចគ្នាដែរឬទេ???