បំណុល​ គឺ​ជា​ ភាព​អពមង្គល


ការជំពាក់ ឬ ការខ្ចី បំណុល គឺជា រឿង ងាយ ប៉ុន្តែ ការសង គឺជា ការពិបាក។ អ្នក ដែល មាន ទម្លាប់ខ្ចី គេ,ភាគច្រើន នឹង ជំពាក់ គេ មួយ ជីវិត — ផុត ពី បំណុល មួយ ចូល បំណុល មួយ, រក ថ្ងៃ សេរី ពុំ ឃើញ។

កាលណា យើង មាន បំណុល ដែល ត្រូវ សង, យើង ក្លាយ ជា ចំណាប់ខ្មាំង នៃ ចំណង ខ្លួនឯង។ នៅ ក្នុង ជីវិត, លៃ យ៉ាងណា កុំ ទម្លាប់ ខ្លួន អោយ ជំពាក់ គេ, ហើយ បង្រៀន កូនចៅ អោយ ចេះ របៀប ជំពាក់ គេ។ ចូរ បែងចែក អោយ ច្បាស់ រវាង អ្វី ដែល ខ្លួន ត្រូវការចាំបាច់ និង អ្វី ដែល ខ្លួន ចង់ បាន។

ការជំពាក់ បំណុល គេ គឺជា ភាពអពមង្គល ហាក់ ដូចជា ដុំពពក ខ្មៅ បាំង ពី លើ ក្បាល … ហាក់ ដូចជា ស្រមោល អន្ទោល តាម ប្រាណ។ មាន មនុស្ស ជាច្រើន បាន គេច វេស ពី បំណុល ប៉ុន្តែ មិន អាច គេច វេស ពី ផល ដែល ខ្លួន បាន ប្រព្រឹត្តិ ឡើយ។ គេ ត្រូវ តែ សង វិញ នៅ ក្នុង ទម្រង់ ណា មួយ ដោយ ចៀស មិន ផុត។

មនុស្ស ដែល មាន ឥស្សរភាព គឺអ្នក ដែល គ្មាន បំណុល ហើយ ទោះជា បំណុល នោះ ស្ថិត នៅ ក្នុងទម្រង់ អ្វី ក៏ដោយ។debt

តាំង​ខ្លួន​ជា​មនុស្ស​ចិត្ត​ទូលាយ


យើងចំណាំឮគេរអ៊ូរថា អ្នកនេះកាច់ឫក ឬអ្នកនោះកាច់ឫក នៅពេលជួបមុខគ្នា គេមិននិយាយស្ដី — ឆ្មើងឆ្មៃ។ នៅក្នុងលោកនេះ មនុស្សសុភាព ហើយរាក់ទាក់បែបណាក៏មាន, មនុស្សឈ្លើយបែបណាក៏មាន, ប៉ុន្តែនិយាយអោយចំ យើងពុំអាចគ្រប់គ្រង ឥរិយាបថរបស់អ្នកណា ក្រៅពីឥរិយាបថ របស់ខ្លួនឯងនោះឡើយ។

បើនៅថ្ងៃក្រោយ អ្នកបានជួបជាមួយអ្នកណាម្នាក់ ហើយគេពុំបាននិយាយរក, ជាជាងចាត់ទុកថាគេជាជនជម្លើយ ឬជាមនុស្សប្រកាន់ឫក, ចូរសួរខ្លួនឯងថា តើខ្លួនឯងជាមនុស្ស ប្រកាន់ឫកដូចគេដែរ ឬក៏ជាមនុស្សមានចិត្តទូលាយជាងគេ? បើខ្លួនមិនពេញចិត្ត នឹងការប្រកាន់ឫករបស់គេ ហើយខ្លួន ក៏ចាប់ផ្ដើមប្រកាន់ឫកដែរនោះ, តើខ្លួនមានអ្វីគ្រាន់បើ ជាងមនុស្ស ដែលខ្លួនកំពុងតែចាត់ទុកថា ឆ្មើងឆ្មៃនោះ???

ជួនកាល យើងឃើញគេ ប៉ុន្តែគេមិនបានឃើញយើង, ឬឃើញហើយ ប៉ុន្តែមានរឿងអ្វីផ្សេងទៀតមករំខាន ដែលធ្វើអោយគេ គ្មានឱកាសនិយាយរកយើងមុន។ បើយយើងជឿថា ខ្លួនជាមនុស្សមានចិត្តទូលាយមែននោះ, ចូរហាមាត់និយាយរកគេមុន, ឬបើកាលៈទេសៈមិនអនុញ្ញាតទេ ក៏ចូរកុំប្រកាន់ខឹង ហើយចាត់ទុកថា គេជាមនុស្សឈ្លើយ ឬឆ្មើងឆ្មៃ។

តើមានគិតឃើញថា នៅខណៈដែលយើង កំពុងតែគិតថា គេជាមនុស្សឆ្មើងនោះ, គេក៏ប្រហែលជា កំពុងតែគិតថា យើងជាមនុស្សឆ្មើងដូចគ្នាដែរឬទេ???

ការ​ចេះ​ចុះ​សម្រុង​គ្នា…


កត្តាមួយដ៏សំខាន់បំផុត នៅក្នុងចំណោមគ្រឿងផ្សំ នៃរូបមន្តសម្រាប់ជោគជ័យ គឺចេះការចុះសម្រុងគ្នាជាមួយអ្នកដទៃ។ មិនសំខាន់ថា ខ្ញុំចេះប៉ុនណា, មិនសំខាន់ អ្នកចេះប៉ុនណា, បើយើងឃើញអ្នកណាក៏ទើសភ្នែក យើងអាចជោគជ័យតែម្យ៉ាងគត់ គឺជោគជ័យនៃការធ្វើអោយខ្លួនឯងបរាជ័យ ក្នុងទំនាក់ទំនងជាមួយមនុស្ស។

មនុស្សគ្រប់រូប, មិនថាល្ងង់ដល់ថ្នាក់ណា, តែងតែចង់បានការគោរព និងផ្ដល់តម្លៃ អោយសមជាមនុស្ស ដូចគេដូចឯងដែរ។ ថ្វិដ្បិតតែកើតមក មានភិនភាគ, ព័ណ៌សម្បុរ, និងជាតិសាសន៍ ដោយឡែកពីគ្នាយ៉ាងក្ដី ប៉ុន្តែមនុស្សគ្រប់រូប សុទ្ធតែមានតម្រូវការចាំបាច់ ប្រហាក់ប្រហែលគ្នា។ ពោលគឺ តម្រូវការចាំបាច់ ដែលយើងចង់បាន, អ្នកដទៃក៏ចង់បានដូចគ្នា។ បើយើងចង់អោយគេប្រព្រឹត្តិមកលើយើងយ៉ាងណា គេក៏ចង់បានដូច្នោះដូចគ្នា។ ប៉ុន្តែអ្វីៗទាំងអស់ យើងមិនអាចទទួលបានទទេៗ ដោយគ្មានការបម្រើ ឬដោយគ្មានការប្រឹងប្រែង ជាមុននោះឡើយ។