គេចំណាំនិយាយថា ជ្រូកមិនអាចហោះ ប៉ុន្តែបើយើងបំពាក់គ្រឿងម៉ាស៊ីនត្រូវ, ជ្រូកអាចហោះបានយ៉ាងអ៊ាងហឺយ។ ដូចគ្នានោះដែរ, អត់មានុស្សណាកើតមក ហើយត្រូវបានទេវតា ចារគូទទុកថា ត្រូវតែល្ងង់មួយជីវិតនោះឡើយ។ ការទម្លាយព្រំដែនគំនិត គឺជាជំហានដំបូង និងជាជំហានសំខាន់បំផុត ឆ្ពោះទៅកាន់ក្ដីចម្រើន។ ដើម្បីទម្លាយព្រំដែនគំនិត, ត្រូវហ៊ានដាក់ចោលទៅម្ខាង នៅគំនិតបុរេវិនិច្ឆ័យ ឬអ្វីៗទាំងឡាយ ដែលសង្គម, សាសនា, ប្រពៃណី, និងទំនៀមទម្លាប់ បានកំណត់ទ្រង់ទ្រាយយើង។ កាលណារបាំងគំនិត ត្រូវបានកម្ទេចចោល, យើងអាចឆ្ងល់, អាចស្រមៃ, អាចពិចារណា ដោយសេរី គ្មានអ្វីមករាំងស្កាត់, ពោលគឺ មេឃ គឺជាដែនកំណត់ (មានន័យថា គ្មានដែនកំណត់ទេ ព្រោះមេឃគ្មានដំបូល)។ សំនួរសំខាន់មួយទៀត ដែលត្រូវដណ្ដឹងសួរខ្លួនឯងគឺ “តើសក្ដានុពលរបស់ខ្ញុំ ជាអ្វីខ្លះ?”