គិតលេងៗ៖
តាមរយៈអក្សរសីល្ប៍ខ្មែរ អាចអោយដឹងបានថា ជនជាតិខ្មែរយើង ពុំសូវចូលចិត្ត ទទួលខុសត្រូវ ចំពោះជីវិតខ្លួនឯងប៉ុន្មានឡើយ។ នៅក្នុងអក្សរសីល្ប៍ខ្មែរ, ភាគច្រើន គឺឆ្លុះបញ្ចាំងអោយឃើញ អំពីការច្រានចោលទំនួលខុសត្រូវ ដោយយបន្ទោសទៅលើ “កម្ម” ឬ “ព្រហ្មលិខិត”។ ចំណែកនៅក្នុងជីវិតពិតប្រាកដ, អ្នកធំគ្រប់គ្រងវាសនាអ្នកតូច, ឳពុកម្ដាយជាអ្នកសម្រេចវាសនាកូនចៅ។ ចំណែកអ្នកតូច សុខចិត្តប្រគល់វាសនាទឹកដី អោយអ្នកមានបុណ្យសម្រេច, កូនចៅទុកអោយម៉ែឳជាអ្នកសម្រេច។ ពេលជួបវិបត្តិ នាំគ្នាបន្ទោសកម្មវាសនា បន់ទេវតា អារក្សអ្នកតាអោយមកជួយ។
ការបន្ទោសកម្មផល គឺពិតជារឿងត្រឹមត្រូវ ពីព្រោះផលនៃកម្មទាំងឡាយ គឺខ្លួនឯងជាអ្នកបានធ្វើ ឬមិនបានធ្វើ (បានធ្វើក៏មានផល, មិនបានធ្វើក៏មានផល)។ ប៉ុន្តែទោះជាផលនៃកម្ម គឺជាអ្វីដែលខ្លួនបានធ្វើ ឬមិនបានធ្វើ, បានជ្រើសរើស ឬក៏មិនបានជ្រើសរើសក៏ដោយ (មិនជ្រើសរើស ក៏ជាការជ្រើសរើស) ក៏កម្រមានអ្នកណាទទួលស្គាល់ថា ផលនៃកម្មនោះ គឺជាអ្វីដែលខ្លួនឯងបានធ្វើ (ឬមិនបានអើពើធ្វើ) ហើយជាអ្វីដែលខ្លួន ត្រូវប្រឈមនឹងការទទួលខុសត្រូវដែរ, ដ្បិតអីកម្មដែលគេបន្ទោសនោះ គឺសំដៅទៅលើព្រហ្មលិខិត ឬវាសនាដែលត្រូវបាន [ទេវតា]ចារទុកមកជាមុន។
ដូចលោក អាញស្តាញ បានពោលថា “ភាពឆ្កួតលីលា គឺការធ្វើអ្វីដដែលជាដដែល ហើយនាំគ្នាបន់ អោយមានលទ្ធផលប្លែក”។ ដូចខ្ញុំធ្លាប់បាននិយាយមកហើយថា បញ្ហាធំរបស់ខ្មែរយើង គឺជាបញ្ហាផ្នត់គំនិត។ ទោះជាយើងចាប់ជនអាក្រក់ យើងមកកាត់ក្បាលដប់ម្ភៃនាក់ ទុកជាការគំរាម ក៏ជាការឥតប្រយោជន៍ដែរ, ដ្បិតអីផ្នត់គំនិតរបស់ខ្មែរភាគច្រើន គឺចាក់ចេញពីពុម្ពនៃសង្គមតែមួយ។ យើងមានភាពសំបូរបែបគួរអោយគេកោតសរសើរមែន ប៉ុន្តែចូរកុំភ្លេចថា នៅក្នុងភាពសំបូរបែបទាំងនោះ ក៏បង្កប់នូវឫសគល់នៃបញ្ហា យ៉ាងច្រើនរាប់មិនអស់ដែរ។ ចូរយើងគិតទៅមើលថា បើយើងចង់បាន លទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដមួយ នៅក្នុងខណៈពេល ដែលយើងទាំងអស់គ្នា អោបយ៉ាងស្អិតនូវឥរិយាបថសក្ដិភូមិ ដែលពោរពេញទៅដោយ ការបែងចែកវណ្ណៈ, ការប្រកាន់រើសអើង, ប្រើឋានៈសង្គ្រប់គ្នាតាំងពីថ្នាក់កំពូល រហូតដល់គ្រួសារយ៉ាងតូចមួយ… តើអាចទៅរួចដែរឬទេ?
សកម្មភាពនយោបាយសព្វថ្ងៃ ទោះបក្សមានឈ្មោះប្លែកពីគ្នា ហើយមានគោលនយោបាយប្លែកពីគ្នា ប៉ុន្តែឥរិយាបថដូចគ្នាដដែល… គឺចាក់ចេញពីពុម្ពសក្ដិភូមិដូចគ្នា។ បើចង់បានលទ្ធផលប្លែក គួរនាំគ្នាធ្វើអ្វី ដែលមិនធ្លាប់បាន… គឺផ្លាស់ប្តូរឥរិយាបថ[គំនិត]… ហើយដើម្បីផ្លាស់ប្ដូរឥរិយាបថបាន ទាល់តែបើកគំនិតអោយទូលាយ ដោយមិនខ្លាចកំពប់ខួរក្បាល ឬខ្លាចអ្នកតាកាច់។
ចេះតែគិតលេងៗទៅទេ!