ការ​ទទួលខុសត្រូវ គឺមិន​មែនត្រឹម​តែ​អ្នកណាខុស ឬអ្នកណា​ត្រូវ


21226_590515224293754_327786248_n

ពាក្យថា “ទទួលខុសត្រូវ” ពុំមែនមានន័យត្រឹមថា បើខ្លួនខុស ត្រូវហ៊ានទទួលខុស ឬបើខ្លួនត្រូវ ត្រូវទទួលត្រូវនោះទេ។ ខ្មែរសឹងតែទូទៅ សុទ្ធតែយល់ថា ខ្លួនមានការទទួលខុសត្រូវ តាមរយៈការច្រានចោល រុញដាក់អ្នកដទៃ ឬអ្វីផ្សេងទៅវិញ ពីព្រោះខ្លួនមិនបានធ្វើ គឺមិនមែនជាកំហុសខ្លួន (ដូចស្តេចសីហនុ បន្ទោសខ្មែរក្រហម)។

ឧទាហរណ៍ថា បើគេបើកឡាន ក្រឡាប់នៅត្រង់ផ្លូវកោងណាមួយ, គេមិនមែនជាអ្នកខុស ដោយសារខ្វះការប្រុងប្រយ័ត្នទេ គឺខុសមកពីផ្លូវកោងពេក ឬនៅកន្លែងហ្នឹងងងិតពេក។ បើអ្នកណាម្នាក់ ជិះម៉ូតូកាត់មុខរាងកៀកបន្តិច គេក្ដៅឆេវហើយតាមដេញបុក ឬតាមជេរបញ្ចោរ ឬគំរាមចាប់ដាក់គុក ហើយអ្នកដែលខុស មិនមែនមកពីខ្លួនឯង មិនអាចគ្រប់គ្រងអារម្មណ៍ឆេវឆាវរបស់ខ្លួនទេ, គឺមកពីគេធ្វើអោយខ្លួនខឹង។

ពាក្យថា “ទទួលខុសត្រូវ” គឺពុំមែនត្រឹមតែមានន័យថា ហ៊ានស៊ីហ៊ានសង, ហើយអ្វីដែលខ្លួនមិនបានធ្វើ បិទភ្នែកដើរចេញនោះទេ។ ឧបមាថា យើងកំពុងដើរនៅតាមផ្លូវ ឃើញកន្ទុយបារីនៅឆេះមួយ ដែលគេចោលលើគំនរសំរាម ហើយកំពុងចាប់ផ្ដើមឆេះ។ ការឆេះគំនរសំរាមនោះ មិនមែនជាកំហុសរបស់យើងទេ, ប៉ុន្តែបើយើងបានឃើញហើយ បែរជាធ្វើមិនដឹង សុខចិត្តបណ្ដោយ អោយឆេះកាន់តែខ្លាំង – ពីព្រោះខ្លួនមិនបានដុត – នោះបានន័យថា ខ្លួនជាមនុស្សខ្វះភាពទទួលខុសត្រូវហើយ, ដ្បិតអីនៅគ្រានោះ យើងមានឱកាស និងអំណាចចិត្តជ្រើសរើសពន្លត់ភ្លើងនោះ។ ដូច្នេះពាក្យថា “ទទួលខុសត្រូវ” គឺមានជាប់ទាក់ទង នឹងការមានចិត្តចេះឈឺឆ្អាល, ចេះការពារ, ចេះបង្ការឿងតូច កុំអោយក្លាយជារឿងធំ។

បើនៅក្នុងភាសាអង់គ្លេសវិញ គេហៅថា Responsibility (response+ability) មានន័យថា សមត្ថភាពមៃការឆ្លើយតប ឬភាពអាចឆ្លើយតប, ប៉ុន្តែខ្មែរយើង បកប្រែថា ការទទួលខុសត្រូវ ហើយបើយើងគិតតាមពាក្យ គឺមានត្រឹមតែ ទទួលខុស ឬទទួលត្រូវប៉ុណ្ណោះ។ ហេតុអ្វីបានជាក៏មិនហៅថា accept right and wrong តែម្ដងទៅ? ពីព្រោះការទទួលខុស ឬទទួលត្រូវ គឺគ្រាន់តែជាប្រតិកម្មប៉ុនណោះ។ អ្នកជេរខ្ញុំ (ខុស) ខ្ញុំជេរអ្នកវិញ (ត្រូវ) គឺមកពីអ្នកជេរខ្ញុំវិញ (ប្រតិកម្ម), ជេរទៅជេរមក, ដណ្ដើមយកត្រូវរៀងខ្លួន, រឿងតូច ក្លាយចារឿងធំ។

អ្វីដែលយើងធ្វើរាល់ថ្ងៃ ភាគច្រើនគឺគ្រាន់តែជាប្រតិកម្មប៉ុណ្ណោះ, ពុំមែនជាអ្វី ដែលយើងធ្វើឡើង ជាមួយនឹងលទ្ធភាពនៃការឆ្លើយតប។ លទ្ធភាពឆ្លើយតប ឬ responsibility គឺមានន័យថា ការឆ្លើយតបដោយភាពបរិសកម្ម, គឺមានន័យថា ពិចារណាមុននឹងធ្វើសកម្មភាព ដែលប្លែកគ្នាពីប្រតិកម្ម ម៉ាំងទៅម៉ាំងមក។

Advertisements

កម្ម​ មិន​មែន​ជា​ព្រហ្មលិខិត


គិតលេងៗ៖

តាមរយៈអក្សរសីល្ប៍ខ្មែរ អាចអោយដឹងបានថា ជនជាតិខ្មែរយើង ពុំសូវចូលចិត្ត ទទួលខុសត្រូវ ចំពោះជីវិតខ្លួនឯងប៉ុន្មានឡើយ។ នៅក្នុងអក្សរសីល្ប៍ខ្មែរ, ភាគច្រើន គឺឆ្លុះបញ្ចាំងអោយឃើញ អំពីការច្រានចោលទំនួលខុសត្រូវ ដោយយបន្ទោសទៅលើ “កម្ម” ឬ “ព្រហ្មលិខិត”។ ចំណែកនៅក្នុងជីវិតពិតប្រាកដ, អ្នកធំគ្រប់គ្រងវាសនាអ្នកតូច, ឳពុកម្ដាយជាអ្នកសម្រេចវាសនាកូនចៅ។ ចំណែកអ្នកតូច សុខចិត្តប្រគល់វាសនាទឹកដី អោយអ្នកមានបុណ្យសម្រេច, កូនចៅទុកអោយម៉ែឳជាអ្នកសម្រេច។ ពេលជួបវិបត្តិ នាំគ្នាបន្ទោសកម្មវាសនា បន់ទេវតា អារក្សអ្នកតាអោយមកជួយ។

ការបន្ទោសកម្មផល គឺពិតជារឿងត្រឹមត្រូវ ពីព្រោះផលនៃកម្មទាំងឡាយ គឺខ្លួនឯងជាអ្នកបានធ្វើ ឬមិនបានធ្វើ (បានធ្វើក៏មានផល, មិនបានធ្វើក៏មានផល)។ ប៉ុន្តែទោះជាផលនៃកម្ម គឺជាអ្វីដែលខ្លួនបានធ្វើ ឬមិនបានធ្វើ, បានជ្រើសរើស ឬក៏មិនបានជ្រើសរើសក៏ដោយ (មិនជ្រើសរើស ក៏ជាការជ្រើសរើស) ក៏កម្រមានអ្នកណាទទួលស្គាល់ថា ផលនៃកម្មនោះ គឺជាអ្វីដែលខ្លួនឯងបានធ្វើ (ឬមិនបានអើពើធ្វើ) ហើយជាអ្វីដែលខ្លួន ត្រូវប្រឈមនឹងការទទួលខុសត្រូវដែរ, ដ្បិតអីកម្មដែលគេបន្ទោសនោះ គឺសំដៅទៅលើព្រហ្មលិខិត ឬវាសនាដែលត្រូវបាន [ទេវតា]ចារទុកមកជាមុន។

ដូចលោក អាញស្តាញ បានពោលថា “ភាពឆ្កួតលីលា គឺការធ្វើអ្វីដដែលជាដដែល ហើយនាំគ្នាបន់ អោយមានលទ្ធផលប្លែក”។ ដូចខ្ញុំធ្លាប់បាននិយាយមកហើយថា បញ្ហាធំរបស់ខ្មែរយើង គឺជាបញ្ហាផ្នត់គំនិត។ ទោះជាយើងចាប់ជនអាក្រក់ យើងមកកាត់ក្បាលដប់ម្ភៃនាក់ ទុកជាការគំរាម ក៏ជាការឥតប្រយោជន៍ដែរ, ដ្បិតអីផ្នត់គំនិតរបស់ខ្មែរភាគច្រើន គឺចាក់ចេញពីពុម្ពនៃសង្គមតែមួយ។ យើងមានភាពសំបូរបែបគួរអោយគេកោតសរសើរមែន ប៉ុន្តែចូរកុំភ្លេចថា នៅក្នុងភាពសំបូរបែបទាំងនោះ ក៏បង្កប់នូវឫសគល់នៃបញ្ហា យ៉ាងច្រើនរាប់មិនអស់ដែរ។ ចូរយើងគិតទៅមើលថា បើយើងចង់បាន លទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដមួយ នៅក្នុងខណៈពេល ដែលយើងទាំងអស់គ្នា អោបយ៉ាងស្អិតនូវឥរិយាបថសក្ដិភូមិ ដែលពោរពេញទៅដោយ ការបែងចែកវណ្ណៈ, ការប្រកាន់រើសអើង, ប្រើឋានៈសង្គ្រប់គ្នាតាំងពីថ្នាក់កំពូល រហូតដល់គ្រួសារយ៉ាងតូចមួយ… តើអាចទៅរួចដែរឬទេ?

សកម្មភាពនយោបាយសព្វថ្ងៃ ទោះបក្សមានឈ្មោះប្លែកពីគ្នា ហើយមានគោលនយោបាយប្លែកពីគ្នា ប៉ុន្តែឥរិយាបថដូចគ្នាដដែល… គឺចាក់ចេញពីពុម្ពសក្ដិភូមិដូចគ្នា។ បើចង់បានលទ្ធផលប្លែក គួរនាំគ្នាធ្វើអ្វី ដែលមិនធ្លាប់បាន… គឺផ្លាស់ប្តូរឥរិយាបថ[គំនិត]… ហើយដើម្បីផ្លាស់ប្ដូរឥរិយាបថបាន ទាល់តែបើកគំនិតអោយទូលាយ ដោយមិនខ្លាចកំពប់ខួរក្បាល ឬខ្លាចអ្នកតាកាច់។
ចេះតែគិតលេងៗទៅទេ!

ប្រព័ន្ធ​នៃ​ការអោយតម្លៃ


ការផ្លាស់ប្ដូរពិតប្រាកដនៃជីវិត កើតឡើងនៅពេលណាយើង ចាប់ផ្ដើមកែប្រែរបៀបអោយតម្លៃ។ ប្រសិនបើយើង ផ្ដល់តម្លៃខ្លួនឯង ត្រឹមតែជាទាកប៉ា យើងបានត្រឹមតែឆ្លេឆ្លានៅលើដី។ បើចង់ហោះហើរខ្ពស់ និងដោយសេរី ដូចជាសត្វឥន្ទ្រីយ៍ ទាល់តែសំភីទម្លាយព្រំដែនគំនិត។

BaldEagle

ប្រតិកម្ម… ប្រតិកម្ម… ប្រតិកម្ម!


proactive_vs_reactive

មូលហេតុដែលខ្មែរភាគច្រើន ស្រឡាញ់ពេញចិត្តនឹងការប្រើពាក្យប្រតិកម្ម – ដូចជា អង្គភាពប្រតិកម្មរហ័ស ។ល។ – ពីព្រោះទង្វើជាច្រើន សុទ្ធសឹងជាប្រតិកម្ម, មិនមែនបរិសកម្ម ដែលជាសកម្មភាព មានការពិចារណា ឬការគិតគូរជាមុន។ ណាមួយទៀត ពាក្យនេះស្ដាប់ទៅ ទំនងដូចជាឡូយ ជាងពាក្យឆ្លើយតប ពីព្រោះពាក្យឆ្លើយតប ស្ដាប់ទៅដូចជាធម្មតាពេក។ ចូរមើលនិយមន័យ របស់ពាក្យ ប្រតិកម្ម៖

ប្រតិកម្ម ( ន. ) អំពើប្រឆាំង, អំពើតទប់, អំពើតបតត្រឡប់មករកវិញ, ការរករឿងហេតុតបតមកវិញ : ប្រតិកម្មបានកើតឡើងភ្លាម ក្រោយដែលទីប្រជុំបានពិភាក្សាសម្រេចរឿងនោះរួចហើយ (បារ. Réaction) ។

ប្រសិនបើយើងមើលតាមគីមីវិទ្យា សារធាតុមួយ ប្រតិកម្មនឹងសារធាតុមួយទៀត កាលណាយើងលាយចូលគ្នាក្នុងកម្រិតណាមួយ។ ដូច្នេះមានន័យថា សារធាតុដែលប្រតិកម្ម គឺដោយសារយើងបង្កវា ឬបង្កដោយអ្វីម្យ៉ាង ហើយសារធាតុទាំងនោះ គ្មានជម្រើសណាមួយផ្សេងទៀត ក្រៅពីប្រតិកម្មទៅតាមកំណើតវានោះឡើយ។

ចំណែកមនុស្សយើង គឺផ្សេងគ្នាពីសារធាតុទាំងឡាយ ត្រង់យើងមានសតិប្រាជ្ញា អាចធ្វើការជ្រើសរើស នូវរបៀបឆ្លើយតប ទៅនឹងនឹងព្រឹត្តិការណ៍ណាមួយ។ ប៉ុន្តែបើយើងមិនចេះប្រើគំនិត ដើម្បីធ្វើការពិចារណាទេ យើងនឹងចាំតែប្រតិកម្ម ដូចជាសារធាតុទាំងនោះដូច្នោះឯង។ ដរាបណាយើងចាំតែប្រតិកម្ម គឺមានន័យថា យើងចាំតែធ្វើការឆ្លើយតប ដោយគ្មានទំនួលខុសត្រូវ (ព្រោះមិនពិចារណា) ហើយយើងនៅតែមិនអាច ក្ដោបក្ដាប់ដំណើរជីវិត របស់ខ្លួនឯងជារៀងរហូត សមនឹងពាក្យត្អូញត្អែ ដែលយើងឮជារឿយៗថា ជីវិតអណ្តែតត្រសែតដូចចក។

ទោះនៅទីណា ឬកាលៈទេសៈបែបណា យើងមានអំណាចជ្រើសរើស ហើយមានតែការជ្រើសរើស ដែលប្រកបដោយស្មារតីទទួលខុសត្រូវទេ ដែលជាគន្លឹះសំខាន់ សម្រាប់ក្តោបក្ដាប់វាសនាខ្លួនឯង។ ទោះបីជាជម្រើសមួយណា ក៏ជាការស្លាប់ ក៏យើងនៅតែអាចជ្រើសការស្លាប់ ដែលស្ថិតនៅក្នុងលក្ខណ៍ខ័ណ្ឌរបស់ខ្លួនឯង។