ខ្ញុំមានមោទនភាពកើតមកជាកូនខ្មែរ!


“ខ្ញុំមានមោទនភាពកើតមកជាកូនខ្មែរ”
=================
ឃ្លាដែលគេនិយាយនេះ ហាក់ដូចជាមានន័យថា គេអាចងាប់ទៅវិញតាមចិត្ត ហើយចង់កើតម្តងទៀតជាសាសន៍អ្វីក៏បាន (???)

នៅក្រោមមេឃ មានមនុស្សជាង ៧ពាន់លាននាក់ សុទ្ធតែបានកើតចេញពីម្ដាយ ហើយការដែលគ្រាន់តែចេញពីផ្ទៃម្ដាយ ដូចជាគ្មានអ្វីជាទីមោទនៈទេ។ អ្នកដែលមានមោទនភាព គួរជាម្ដាយដែលខំពរពោះ ៩ខែ និងឆ្លងកាត់គ្រោះថ្នាក់យ៉ាងលំបាក ក្នុងការបង្កើត។ ចំណែងខ្លួនឯង គ្រាន់តែកើតមក មានម៉ែបំបៅ និងចិញ្ចឹមអោយធំ… មោទនភាពអំបែងក្បឿងអីដែរ???

បើគ្រាន់តែប៉ុណ្ណឹង ក៏ជាជាទីមោទនដែរនោះ គឺមានន័យថា វាក៏ជាទីមោទនៈ សម្រាប់មនុស្សទាំងអស់ក្រោមមេឃ, ហើយបើវាជាធម្មតា សម្រាប់មនុស្សគ្រប់គ្នាទៅហើយ ចាំបាច់ទៅស្រែកចំទាល សម្ដែងមោទនភាពធ្វើអី?

មោទនភាព គឺប្រៀបដូចជាខោស្លីប។ អ្នកណាក៏មានខោស្លីប ប៉ុន្តែក៏មិនមែនបានសេចក្ដីថា គេត្រូវទម្លាក់ខោវែង បង្ហាញខោខ្លីនោះដែរ។

បើគេនិយាយថា “ខ្ញុំមានមោទនភាពជាខ្មែរ” នោះវាសមទំនងខ្លះ។ ឧទាហរណ៍, អេនចូលីណា ចូលី គាត់បានជ្រើសចូលសញ្ចាតិជាខ្មែរ, គាត់អាចនិយាយថា “ខ្ញុំមានមោទនភាពជាខ្ញុំ” ពីព្រោះគាត់ឃើញអ្វីម្យ៉ាង ដែលគាត់ពេញចិត្ត ហើយសម្រេចយកសញ្ជាតិជាខ្មែរ។ ប៉ុន្តែបើនៅសុខៗ យើងដើរស្រែកថា “ខ្ញុំមានមោទនភាពកើតមកជាកូនខ្មែរ” យើងក៏អាចស្រេកថា “ខ្ញុំមានមោទនភាពកើតមកជាកូនមនុស្ស” ហើយ ៧ពាន់លាននាក់ជាង សុទ្ធតែជាកូនមនុស្ស, ដូច្នេះមានអីអស្ចារ្យទៅ! ដល់តែអ៊ីចឹងទៅ គេថាអាហ្នឹងវាឡប់!

ហឺ!!! ម៉ែអាថ្លែនអឺយ!!!

484706_553388114673132_90059261_n

This too shall pass


It’s comforting to remind yourself that “This Too Shall Pass!” The clear skies are on the horizon. Of course, it’s highly unlikely going to happen if you don’t get your ass out of your Comfort Zone.

Good to remind ownself that this too shall.

កុំ​យំ​ដោយ​ព្រោះ​វាចប់…


អ្នកណាដែលចូលចិត្តមើលកុនគំនូរជីវចល ឬអានសៀវភៅគំនូរ របស់ Dr. Seuss សុទ្ធតែដឹងថា ទោះជាស្ថិតនៅក្នុងគ្រាលំបាកយ៉ាងណាក៏ដោយ ក៏គាត់តែងតែមានពាក្យពិរោះស្រទន់ បរិយាយរឿងអាក្រក់អោយទៅជាល្អ, ហើយពាក្យពេចន៍របស់គាត់ ក្លាយទៅជាថ្នាំប៉ូវគំនិតដ៏មានប្រសិទ្ធភាព សម្រាប់អ្នកអាន និងទស្សនិកជន។ ពាក្យដ៏ទន់ភ្លន់នៃភាសាវិជ្ជមានរបស់គាត់ តែងដាស់ស្មារតីរបស់យើងដោយថ្នមៗ អោយដឹងថា “រឿងល្អទាំងឡាយ ត្រូវតែមានការចប់”, ដូច្នេះយើងត្រូវចងចាំថា ខ្លួនមានសំណាងយ៉ាងណា ចំពោះបទពិសោធន៍ ដែលខ្លួនបានឆ្លងកាត់, ហើយទោះបីរឿងទាំងនោះ បានកន្លងផុតទៅហើយក្ដី។

Don't cry that it's over

មេឃ​គឺ​ជា​ដែន​កំណត់ កាល​ណា​ព្រំដែនគំនិត ត្រូវ​បាន​ទម្លាយ


គេ​ចំណាំ​និយាយថា ជ្រូក​មិន​អាច​ហោះ ប៉ុន្តែ​បើ​យើង​បំពាក់​គ្រឿង​ម៉ាស៊ីន​ត្រូវ, ជ្រូក​អាច​ហោះ​បាន​យ៉ាង​អ៊ាងហឺយ។ ដូចគ្នា​នោះ​ដែរ, អត់​មានុស្ស​ណា​កើតមក ហើយ​ត្រូវ​បាន​ទេវតា ចារគូទទុកថា ត្រូវ​តែល្ងង់​មួយ​ជីវិត​នោះឡើយ។ ការ​ទម្លាយ​ព្រំ​ដែន​គំនិត គឺ​ជា​ជំហាន​ដំបូង និង​ជា​ជំហាន​សំខាន់​បំផុត ឆ្ពោះ​ទៅ​កាន់​ក្ដី​ចម្រើន។ ដើម្បី​ទម្លាយ​ព្រំ​ដែន​គំនិត, ត្រូវ​​ហ៊ាន​ដាក់​ចោល​ទៅ​ម្ខាង នៅ​គំនិត​បុរេវិនិច្ឆ័យ ឬ​អ្វីៗទាំង​ឡាយ ដែល​សង្គម, សាសនា, ប្រពៃណី, និង​ទំនៀម​ទម្លាប់ បាន​កំណត់​ទ្រង់​ទ្រាយ​យើង។ កាល​ណា​​របាំង​គំនិត ត្រូវ​បាន​កម្ទេច​ចោល, យើង​អាច​ឆ្ងល់, អាច​ស្រមៃ, អាច​ពិចារណា ដោយ​​សេរី គ្មាន​អ្វី​មក​រាំង​ស្កាត់, ពោល​គឺ មេឃ គឺ​ជា​​ដែន​កំណត់ (មានន័យថា គ្មាន​ដែន​កំណត់​ទេ ព្រោះ​មេឃគ្មាន​ដំបូល)។ សំនួរ​សំខាន់​មួយ​ទៀត ដែល​ត្រូវ​ដណ្ដឹង​សួរ​ខ្លួន​ឯងគឺ “តើ​សក្ដានុពល​របស់​ខ្ញុំ ជា​អ្វី​ខ្លះ?”

tumblr_lq6k8lrDk31qgmxx0o1_400

សេចក្ដី​អាក្រក់ មិន​​ស្គាល់​ភាព​អព្យាក្រិត


មិន​ថា​នៅ​គ្រា​ណា, ជីវិត​ហាក់​ដូច​ជា​គ្មាន​យុត្តិធម៌ ហើយ​មនុស្ស​ល្អ ដូច​ជា​ចេះ​តែ​រងទុក្ខ​មិន​ចេះ​ចប់។ ពិត​មែន​ហើយ, មនុស្ស​ល្អ​នឹង​រង​ទុក្ខ​បន្ត​ទៀត ដរាប​ណា​មនុស្ស​ល្អ មិន​នាំ​គ្នា​ឈឺ​ឆ្អាល ចេញ​មុខការ​ពារ​អ្វី​ដែល​សំខាន់។ ការ​​គិត​ថា​ខ្លួន​មិន​ធ្វើ​អ្វី​ដាក់​អ្នកណា ខ្លួន​នឹង​បាន​សុខនោះ គឺ​ជាការ​ស្រមៃ​មួយ ដែល​ប្រាស​ចាក​ការពិត យ៉ាង​សែន​ឆ្ងាយ។

មនុស្ស​ជា​ច្រើន​ត្អូញត្អែថា “ខ្ញុំ​អត់​បាន​ធ្វើ​អី​ផង ហេតុ​អ្វី​បាន​ជា​មាន​រឿង​អកុសល កើត​ដល់​ខ្ញុំ?” បញ្ហា​គឺ​ស្ថិត​នៅ​ត្រង់​ថា “អត់​បាន​ធ្វើ​អីហ្នឹង” ឯង!!! ធ្វើ​ក៏​ជា​ទង្វើ, មិន​ធ្វើ​ក៏​ជា​ទង្វើ! ជ្រើស​រើស ក៏​ជា​ជម្រើស, មិន​ជ្រើស​រើស ក៏​ជា​ជម្រើស!

អ្វី​ដែល​ខ្លួន​មិន​បាន​ធ្វើ គឺ​ជា​ទង្វើ​ដែល​ខ្លួន​បណ្ដោយ អោយ​អ្នក​ផ្សេង​ធ្វើ​តាម​ចិត្ត​គេ។ ការ​មិន​សម្រេច​ចិត្ត​ជ្រើសរើស គឺ​ជា​ជម្រើស ​ដែល​ខ្លួន​បានជ្រើស​រើស ថាមិន​ជ្រើស​រើស ហើយ​ទុក​អោយ​អ្នក​ដទៃ​ជ្រើស​រើស​ជំនួស។ នៅ​ពេល​យើងធ្វើ​អ្វី​មួយ គឺ​យើង​តែងតែ ហើយ​ត្រូវតែគិត​ខ្លួន​ឯង​មុន, មិន​អ៊ីចឹងឬ? ដូច្នេះ​បើ​យើង បណ្ដោយទុកអោយគេធ្វើ, តើយើង​អាច​រំពឹងថា គេត្រូវតែគិត​​ដល់​យើង​មុនដែរ​ឬ​ទេ?

អធិរាជ​ណាប៉ូឡេអុង ​ធ្លាប់​បាន​និយាយ ប្រហាក់​ប្រហែល​ដូច្នេះថា ទុក្ខសោក​ទាំង​អស់ គឺ​មិន​មែន​បណ្ដាល​មកពី​មនុស្ស​ខូច​ទេ, គឺ​បណ្ដាល​មក​ពី​ ភាព​ស្ងាត់​ស្ងៀម​នៃ​មនុស្ស​ល្អ។

រវាង​​ខុស និង ត្រូវ, ល្អ និង​អាក្រក់ គឺ​ពុំ​មែន​ជា​អ្វី ដែល​យើង​អាច​ស្ថិត​នៅ​ ជា​អព្យាក្រិត​បាន​ឡើយ ពី​ព្រោះ​ថា ​បើ​ចង់​អោយ​ស្មៅ វាយ​លុក​សួនច្បារ គឺ​មិន​បាច់​ជម្រះ​ថែទាំង​អ្វីអស់ ពីព្រោះ​ការ​មិន​ធ្វើអ្វី​ទាំងអស់​នោះ​ហើយ ដែល​ជា​ភាព​អព្យាក្រិត។ ចំណែក​អំពើ​អាក្រក់​ក៏​ដូច្នោះ​ដែរ៖ អំពើ​អាក្រក់​នឹង​ឈ្នះឯង នៅ​ពេល​ណា​យើង មិន​ធ្វើ​អ្វី​ទាំងអស់ ព្រោះ​ចង់​នៅ​អព្យាក្រិត។ ថ្ងៃ​នេះ អំពើ​អាក្រក់ កើត​នៅ​ផ្ទះត្បូងភូមិ, ថ្ងៃ​ស្អែក អំពើ​អាក្រក់ អាច​កើតនៅ​ផ្ទះ​ជើង​ភូមិ, ចុះ​ស្អែក​មួយ​ទៀត ហើយ​ស្អែក​មួយទៀត តើ​ភាព​អព្យាក្រិត​របស់​ខ្លួន អាច​បញ្ចៀស​សេចក្ដីអាក្រក់ មិន​អោយ​កើត​ឡើង នៅ​ផ្ទះ​របស់ខ្លួន​បាន​ដែរ​ឬទេ???

ការ​ទទួលខុសត្រូវ គឺមិន​មែនត្រឹម​តែ​អ្នកណាខុស ឬអ្នកណា​ត្រូវ


21226_590515224293754_327786248_n

ពាក្យថា “ទទួលខុសត្រូវ” ពុំមែនមានន័យត្រឹមថា បើខ្លួនខុស ត្រូវហ៊ានទទួលខុស ឬបើខ្លួនត្រូវ ត្រូវទទួលត្រូវនោះទេ។ ខ្មែរសឹងតែទូទៅ សុទ្ធតែយល់ថា ខ្លួនមានការទទួលខុសត្រូវ តាមរយៈការច្រានចោល រុញដាក់អ្នកដទៃ ឬអ្វីផ្សេងទៅវិញ ពីព្រោះខ្លួនមិនបានធ្វើ គឺមិនមែនជាកំហុសខ្លួន (ដូចស្តេចសីហនុ បន្ទោសខ្មែរក្រហម)។

ឧទាហរណ៍ថា បើគេបើកឡាន ក្រឡាប់នៅត្រង់ផ្លូវកោងណាមួយ, គេមិនមែនជាអ្នកខុស ដោយសារខ្វះការប្រុងប្រយ័ត្នទេ គឺខុសមកពីផ្លូវកោងពេក ឬនៅកន្លែងហ្នឹងងងិតពេក។ បើអ្នកណាម្នាក់ ជិះម៉ូតូកាត់មុខរាងកៀកបន្តិច គេក្ដៅឆេវហើយតាមដេញបុក ឬតាមជេរបញ្ចោរ ឬគំរាមចាប់ដាក់គុក ហើយអ្នកដែលខុស មិនមែនមកពីខ្លួនឯង មិនអាចគ្រប់គ្រងអារម្មណ៍ឆេវឆាវរបស់ខ្លួនទេ, គឺមកពីគេធ្វើអោយខ្លួនខឹង។

ពាក្យថា “ទទួលខុសត្រូវ” គឺពុំមែនត្រឹមតែមានន័យថា ហ៊ានស៊ីហ៊ានសង, ហើយអ្វីដែលខ្លួនមិនបានធ្វើ បិទភ្នែកដើរចេញនោះទេ។ ឧបមាថា យើងកំពុងដើរនៅតាមផ្លូវ ឃើញកន្ទុយបារីនៅឆេះមួយ ដែលគេចោលលើគំនរសំរាម ហើយកំពុងចាប់ផ្ដើមឆេះ។ ការឆេះគំនរសំរាមនោះ មិនមែនជាកំហុសរបស់យើងទេ, ប៉ុន្តែបើយើងបានឃើញហើយ បែរជាធ្វើមិនដឹង សុខចិត្តបណ្ដោយ អោយឆេះកាន់តែខ្លាំង – ពីព្រោះខ្លួនមិនបានដុត – នោះបានន័យថា ខ្លួនជាមនុស្សខ្វះភាពទទួលខុសត្រូវហើយ, ដ្បិតអីនៅគ្រានោះ យើងមានឱកាស និងអំណាចចិត្តជ្រើសរើសពន្លត់ភ្លើងនោះ។ ដូច្នេះពាក្យថា “ទទួលខុសត្រូវ” គឺមានជាប់ទាក់ទង នឹងការមានចិត្តចេះឈឺឆ្អាល, ចេះការពារ, ចេះបង្ការឿងតូច កុំអោយក្លាយជារឿងធំ។

បើនៅក្នុងភាសាអង់គ្លេសវិញ គេហៅថា Responsibility (response+ability) មានន័យថា សមត្ថភាពមៃការឆ្លើយតប ឬភាពអាចឆ្លើយតប, ប៉ុន្តែខ្មែរយើង បកប្រែថា ការទទួលខុសត្រូវ ហើយបើយើងគិតតាមពាក្យ គឺមានត្រឹមតែ ទទួលខុស ឬទទួលត្រូវប៉ុណ្ណោះ។ ហេតុអ្វីបានជាក៏មិនហៅថា accept right and wrong តែម្ដងទៅ? ពីព្រោះការទទួលខុស ឬទទួលត្រូវ គឺគ្រាន់តែជាប្រតិកម្មប៉ុនណោះ។ អ្នកជេរខ្ញុំ (ខុស) ខ្ញុំជេរអ្នកវិញ (ត្រូវ) គឺមកពីអ្នកជេរខ្ញុំវិញ (ប្រតិកម្ម), ជេរទៅជេរមក, ដណ្ដើមយកត្រូវរៀងខ្លួន, រឿងតូច ក្លាយចារឿងធំ។

អ្វីដែលយើងធ្វើរាល់ថ្ងៃ ភាគច្រើនគឺគ្រាន់តែជាប្រតិកម្មប៉ុណ្ណោះ, ពុំមែនជាអ្វី ដែលយើងធ្វើឡើង ជាមួយនឹងលទ្ធភាពនៃការឆ្លើយតប។ លទ្ធភាពឆ្លើយតប ឬ responsibility គឺមានន័យថា ការឆ្លើយតបដោយភាពបរិសកម្ម, គឺមានន័យថា ពិចារណាមុននឹងធ្វើសកម្មភាព ដែលប្លែកគ្នាពីប្រតិកម្ម ម៉ាំងទៅម៉ាំងមក។

កម្ម​ មិន​មែន​ជា​ព្រហ្មលិខិត


គិតលេងៗ៖

តាមរយៈអក្សរសីល្ប៍ខ្មែរ អាចអោយដឹងបានថា ជនជាតិខ្មែរយើង ពុំសូវចូលចិត្ត ទទួលខុសត្រូវ ចំពោះជីវិតខ្លួនឯងប៉ុន្មានឡើយ។ នៅក្នុងអក្សរសីល្ប៍ខ្មែរ, ភាគច្រើន គឺឆ្លុះបញ្ចាំងអោយឃើញ អំពីការច្រានចោលទំនួលខុសត្រូវ ដោយយបន្ទោសទៅលើ “កម្ម” ឬ “ព្រហ្មលិខិត”។ ចំណែកនៅក្នុងជីវិតពិតប្រាកដ, អ្នកធំគ្រប់គ្រងវាសនាអ្នកតូច, ឳពុកម្ដាយជាអ្នកសម្រេចវាសនាកូនចៅ។ ចំណែកអ្នកតូច សុខចិត្តប្រគល់វាសនាទឹកដី អោយអ្នកមានបុណ្យសម្រេច, កូនចៅទុកអោយម៉ែឳជាអ្នកសម្រេច។ ពេលជួបវិបត្តិ នាំគ្នាបន្ទោសកម្មវាសនា បន់ទេវតា អារក្សអ្នកតាអោយមកជួយ។

ការបន្ទោសកម្មផល គឺពិតជារឿងត្រឹមត្រូវ ពីព្រោះផលនៃកម្មទាំងឡាយ គឺខ្លួនឯងជាអ្នកបានធ្វើ ឬមិនបានធ្វើ (បានធ្វើក៏មានផល, មិនបានធ្វើក៏មានផល)។ ប៉ុន្តែទោះជាផលនៃកម្ម គឺជាអ្វីដែលខ្លួនបានធ្វើ ឬមិនបានធ្វើ, បានជ្រើសរើស ឬក៏មិនបានជ្រើសរើសក៏ដោយ (មិនជ្រើសរើស ក៏ជាការជ្រើសរើស) ក៏កម្រមានអ្នកណាទទួលស្គាល់ថា ផលនៃកម្មនោះ គឺជាអ្វីដែលខ្លួនឯងបានធ្វើ (ឬមិនបានអើពើធ្វើ) ហើយជាអ្វីដែលខ្លួន ត្រូវប្រឈមនឹងការទទួលខុសត្រូវដែរ, ដ្បិតអីកម្មដែលគេបន្ទោសនោះ គឺសំដៅទៅលើព្រហ្មលិខិត ឬវាសនាដែលត្រូវបាន [ទេវតា]ចារទុកមកជាមុន។

ដូចលោក អាញស្តាញ បានពោលថា “ភាពឆ្កួតលីលា គឺការធ្វើអ្វីដដែលជាដដែល ហើយនាំគ្នាបន់ អោយមានលទ្ធផលប្លែក”។ ដូចខ្ញុំធ្លាប់បាននិយាយមកហើយថា បញ្ហាធំរបស់ខ្មែរយើង គឺជាបញ្ហាផ្នត់គំនិត។ ទោះជាយើងចាប់ជនអាក្រក់ យើងមកកាត់ក្បាលដប់ម្ភៃនាក់ ទុកជាការគំរាម ក៏ជាការឥតប្រយោជន៍ដែរ, ដ្បិតអីផ្នត់គំនិតរបស់ខ្មែរភាគច្រើន គឺចាក់ចេញពីពុម្ពនៃសង្គមតែមួយ។ យើងមានភាពសំបូរបែបគួរអោយគេកោតសរសើរមែន ប៉ុន្តែចូរកុំភ្លេចថា នៅក្នុងភាពសំបូរបែបទាំងនោះ ក៏បង្កប់នូវឫសគល់នៃបញ្ហា យ៉ាងច្រើនរាប់មិនអស់ដែរ។ ចូរយើងគិតទៅមើលថា បើយើងចង់បាន លទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដមួយ នៅក្នុងខណៈពេល ដែលយើងទាំងអស់គ្នា អោបយ៉ាងស្អិតនូវឥរិយាបថសក្ដិភូមិ ដែលពោរពេញទៅដោយ ការបែងចែកវណ្ណៈ, ការប្រកាន់រើសអើង, ប្រើឋានៈសង្គ្រប់គ្នាតាំងពីថ្នាក់កំពូល រហូតដល់គ្រួសារយ៉ាងតូចមួយ… តើអាចទៅរួចដែរឬទេ?

សកម្មភាពនយោបាយសព្វថ្ងៃ ទោះបក្សមានឈ្មោះប្លែកពីគ្នា ហើយមានគោលនយោបាយប្លែកពីគ្នា ប៉ុន្តែឥរិយាបថដូចគ្នាដដែល… គឺចាក់ចេញពីពុម្ពសក្ដិភូមិដូចគ្នា។ បើចង់បានលទ្ធផលប្លែក គួរនាំគ្នាធ្វើអ្វី ដែលមិនធ្លាប់បាន… គឺផ្លាស់ប្តូរឥរិយាបថ[គំនិត]… ហើយដើម្បីផ្លាស់ប្ដូរឥរិយាបថបាន ទាល់តែបើកគំនិតអោយទូលាយ ដោយមិនខ្លាចកំពប់ខួរក្បាល ឬខ្លាចអ្នកតាកាច់។
ចេះតែគិតលេងៗទៅទេ!