បម្រើ…


Woman Carrying Serving Trayកាលណាយើង​និយាយ​ដល់ពាក្យ “បម្រើ” សម្រាប់ខ្មែរ​ភាគ​ច្រើន ដែលមិនយល់​ដល់ជម្រៅ​នៃគំនិតនេះ គេតែង​មាន​ការប្រកាន់ ចាត់ទុកថា​ការបម្រើ គឺមាន​ភាព​ទាបថោក។ ដូច្នេះហើយ បានជាមានអ្នកខ្លះ, ជាជាងផ្ដល់​ការបម្រើ​ក្នុងជំនួញ​ស្មោះត្រង់, គេប្លន់ច្របាច់ក​យកតែម្ដង។

ការបម្រើ គឺសំដៅទៅលើការផ្ដល់សេវាកម្ម ជូនដល់អតិថិជន ដើម្បីទទួលមកវិញ នូវកម្រៃជាថ្នូរ។ មនុស្សយើងទាំងអស់ សុទ្ធតែជាអ្នកលក់ ហើយក៏ជាអ្នកទិញ នៅក្នុងទម្រង់ណាមួយ — ជាហិរញ្ញវត្ថុ ឬការដោះដូរសេវាកម្ម។ ពោលគឺ យើងបម្រើគ្នាទៅវិញទៅមក។ កាលណាការបម្រើរបស់យើង មានគុណភាពកាន់តែល្អ ទំនាញអតិថិជនក៏កើនឡើងតាមទំហំស្របគ្នានោះដែរ។

ចូរចងចាំថា ការបម្រើអ្នកដទៃ គឺដើម្បីផលប្រយោជន៍ខ្លួនឯង, មិនមែនដើម្បីផលប្រយោជន៍គេទេ។ ថ្វីបើថៅកែជាអ្នកបើកប្រាក់ខែអោយមែន, ថៅកែក៏ជាអតិថិជនម្នាក់ដែរ។ គេប្រើលុយរបស់គេ មកទិញការបម្រើរបស់យើង, ហើយតម្លៃនៃការបម្រើរបស់យើង ខ្ពស់ឬទាបប៉ុណ្ណា គឺខ្លួនយើងជាអ្នកកំណត់។

បើយើងចង់បង្កើនតម្លៃខ្លួន គឺត្រូវតែខិតខំធ្វើការបន្ថែម ដោយយកចិត្តទុកដាក់។ បើការងារដែលយើងធ្វើរាល់ថ្ងៃ ទទួលកម្រៃបាន $៥០០ មួយខែ, យើងត្រូវតែបង្កើនកម្រិត ឬគុណភាពការងារ អោយបានខ្ពស់ជាងសព្វដង ទើបមានឱកាស អាចទទួលកម្រៃលើសជាងហ្នឹង។

ទោះជាធ្វើការងារអ្វីក៏ដោយ មិនត្រូវភ្លេចទេថា ខ្លួនកំពុងតែធ្វើដើម្បីខ្លួនឯង, មិនមែនដើម្បីភ្ញៀវ ឬថោកែ ហើយធ្វើអោយរួចពីដៃនោះឡើយ។ បើចៀសមិនផុតពីធ្វើដដែល គួរធ្វើដោយយកចិត្តទុកដាក់ ជាមួយនឹងស្នាមញញឹម… មិនមែនដើម្បីអ្នកណាផ្សេងទេ, គឺដើម្បីខ្លួនឯង។

បំបាត់វប្បធម៌ជិះជាន់ – ចាប់ពីក្នុង​ផ្ទះទៅ…


ជនជាតិខ្មែរថ្នាក់ទាប រអ៊ូរទាំអំពីការជិះជាន់ របស់អ្នកថ្នាក់ខ្ពស់ជាងខ្លួន ហើយមានការស្អប់ខ្ពើមជាខ្លាំង ចំពោះវប្បធម៌សក្ដិភូមិនេះ។ កត្តាដ៏ចម្បងដែលគេមើលរំលក គឺគេនាំគ្នាជិះជាន់គ្នា តាំងពីក្នុងផ្ទះឡើងទៅ។

ម៉ែឳពិតជាមានគុណចំពោះកូនមែន ប៉ុន្តែពុំមែនមានន័យថា កូនជាកម្មសិទ្ធ​​ សម្រាប់ទាញ​ផលចំណេញ ឬកេងប្រវញ្ចន៍ផ្លូវចិត្តនោះឡើយ។

មនុស្សបង្កើតកូនមក គឺដើម្បីស្រឡាញ់, ហើយការស្រឡាញ់ពិតប្រាកដ គឺការយល់ព្រម អនុញ្ញាតអោយកូនរបស់ខ្លួន ជ្រើសរើសផ្លូវដើររបស់គេ។ អ្នកខ្លះ (ជាពិសេស មនុស្សប្រុស) គ្រាន់តែបន្តក់ទឹកចោលពីរបីច្រូច រួចដោះដៃគេចមុខ មិនទទួលខុសត្រូវ នៅពេលប្រពន្ធពរពោះ។ ប៉ុន្តែពេលកូនធំពេញវ័យ គេត្រឡប់មករកកូន ហើយយកគុណជាឳមកសង្កត់ ហើយចាត់ចែងជីវិតគេ តាមអំពើចិត្តរបស់ខ្លួន។

ឳពុកម្ដាយខ្មែរ តែងកៀបសង្កត់កូនខ្លួនឯង ក្រោមរូបភាពនៃការស្រឡាញ់, ចង់អោយកូនល្អ, ខ្លាចកូនសម្រេចចិត្តខុស។ ឳពុកឫម្ដាយ គិតតែអំពីអ្វីដែលគេចង់បានប៉ុណ្ណោះ ប៉ុន្តែកម្រឃើញគេយកចិត្តទុកដាក់ថា កូនរបស់ខ្លួនចង់បានអ្វីនោះណាស់។

អ្នកក្រៗដែលស្រែកអយុត្តធម៌ អំពីការជិះជាន់ហ្នឹង, ខ្លួនឯង​ក៏មិនណយណាស់ដែរ។ នៅក្នុងផ្ទះ ប្រើឋានៈមេគ្រួសារ ជិះជាន់ប្រពន្ធកូនរៀងរាល់ថ្ងៃ។

បើចង់កែប្រែសង្គម, ដំបូងកែប្រែខ្លួនឯង, បន្ទាប់មក កែប្រែក្នុងគ្រួសារ។ បើស្អប់ការជិះជាន់, ចង់បានសេរីភាព ទាល់តែខ្លួនឯងហ្នឹង ឈប់ជិះជាន់គេផងដែរ។ ដូចលោកមហាត្មៈ គន្ធី បានមានប្រសាសន៍ថា ចូរប្រែខ្លួនអោយទៅជា បម្លាស់ប្ដូរដែលខ្លួនចង់ឃើញ។

យើងជាអ្នកជំនាន់ក្រោយ, កុំបន្តធ្វើបែបនេះ ដល់កូនចៅរបស់យើង។  អំណោយដ៏ឧត្ដម សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង គឺការបំបាត់វប្បធម៌ជិះជាន់គ្នានេះ អោយចប់នៅត្រឹមជំនាន់យើងចុះ។