នៅពេល​យើង​ធ្លាក់​ដល់​បាត, ការ​កែប្រែ​គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏​ប្រសើរ


ដោយ បុត្រាខ្មែរ

ខ្មែរយើងចំណាំនិយាយថា សុខចិត្តអោយវាយខ្លួនប្រាណ ជាជាងរងការប្រមាថនៃពាក្យសម្ដី។ ការប្រមាថ, ទាំងវាចាក្ដី, ទាំងរាងកាយក្ដី គឺជារឿងមិនគួរមាន ប៉ុន្តែការប្រកាន់ទស្សនៈបែបនេះ គឺឆ្លុះបញ្ចាំងអោយឃើញ នូវកង្វះនៃការគ្រប់គ្រងអារម្មណ៍របស់ខ្លួន ងាយរងប្រតិកម្ម ទៅតាមកម្លាំងរុញច្រានពីខាងក្រៅ ដោយកត្តាច្រើនយ៉ាង, ប៉ុន្តែកត្តាបីធំជាងគេគឺ, ១, កង្វះសុជីវធម៌ គឺដើមចមនៃភាពច្រងេងច្រងាង។
២, អ្នកមានទ្រព្យ មានបុណ្យសក្ដិ អាងអំណាច, ហ៊ានប្រព្រឹត្តិតាមទំនើងចិត្ត ពីព្រោះគ្មានអ្នកណាតបត។ ៣, អ្នកក្រដែលហ៊ានធ្វើផ្តេសផ្តាស (ក្រពុលមុខ) គឺដោយសារខ្លួន គ្មានអ្វីសម្រាប់បំបាត់បង់ ។

ផ្ទុយទៅវិញ, នៅប្រទេសជឿនលឿនភាគច្រើន ដែលប្រជាជនរបស់គេ មានជីវភាពរស់នៅល្អប្រសើរ អាចត្រេកត្រអាលនឹងសេរីភាព និងអ្វីទាំងឡាយដែលខ្លួនមាន, គេមានការញញើតចំពោះច្បាប់ ពីព្រោះពេលគេចូលគុក គេនឹងបាត់បង់សេរីភាព, បាត់បង់ការងារ, ហើយអាចបាត់បង់ទាំងគ្រួសារ។

ចំណែកឯស្រុកយើង ដែលសំបូរទៅដោយអ្នកក្រ, ទោះជាបង្កើតច្បាស់ មានកម្រាសក្រាសជាងគម្ពីរត្រៃបិតក ក៏គ្មានប្រយោជន៍ដែរ, ដ្បិតអី កាលណាមនុស្សស្រេកឃ្លាន, កាលណាមនុស្សគ្មានដីនៅ, កាលណាមនុស្ស គ្មានអ្វីសម្រាប់បាត់បង់… គេមិនទៅខ្វល់នឹងច្បាប់អស់ហ្នឹងឡើយ។ ដូច្នេះសរុបសេចក្តីមក ភាពក្រីក្រគឺជាកត្តាចម្បងនៃអបាយមុខ ដែលរាប់តាំងពី ចោរអំបុកអំបែង, ក្មេងទំនើងលីដាវសាមូរ៉ៃ, រហូតដល់អំពើពុករលួយ ដែលជ្រាបចូលដល់ខួរឆ្អឹងរបស់ខ្មែរ។

ទោះយ៉ាងណាក្ដី, ភាពក្រីក្រ មិនមែនជាលេស សម្រាប់អោយមនុស្ស ប្រព្រឹត្តិអំពើបាប, ហើយការដេកបន្ទោសភាពក្រីក្រ និងបន្ទោសបរទេស ក៏មិនមែនជាដំណោះស្រាយ។ ខ្មែរយើងមានពាក្យមួយឃ្លាថា ខ្មោចស្រុកអោយដៃ ទើបខ្មោចព្រៃចូលភូមិ។ ពាក្យថាខ្មោចស្រុក មិនមែនសំដៅតែគណបក្ស ដែលកាន់អំណាចនោះទេ។ ខ្មោចស្រុក គឺខ្មែរទាំងអស់ខ្លួនឯងតែម្ដង។ ភាពកន្តើយរបស់ខ្មោចស្រុកទាំងតូច ទាំងធំ គឺជាសេចក្តីអញ្ជើញ ខ្មោចព្រៃចូលភូមិ។

ភាគច្រើន, ម្នាក់ៗ បើកមាត់ឡើង ថាស្រឡាញ់ជាតិ, អាណិតជាតិណាស់, ប៉ុន្តែពុំព្រមទទួលតួនាទី និងភាពទទួលខុសត្រូវនៃភាពជាពលរដ្ឋ, ហើយចាំតែស្រែកថ្ងូរ, ចង្អុលកំហុស បន្ទោសអ្នកដឹកនាំ, បន្ទោសអ្នកមានទ្រព្យ។ ខ្ញុំនិយាយនេះ មិនមែនកាន់ជើងអ្នកធំទេ, ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា ភាពសោះអង្គើយរបស់យើង គឺជាការបើកដៃអោយមនុស្សខូច ធ្វើព្យុះធ្វើភ្លៀងតាមចិត្ត។ ការដឹងហើយ, ឃើញហើយ ថាគេធ្វើខុស តែបែរជាសំងំសុខយករួចខ្លួន, ទោះទៅប្ដឹងព្រះឥន្ទ ក៏ព្រះឥន្ទមិនអាណិតដែរ។ នៅសហរដ្ឋអាមេរិក បើគេរកឃើញថា មនុស្សម្នាក់ ដឹងអំពីគម្រោងឃាតកម្ម របស់មនុស្សម្នាក់ទៀត ហើយមិនព្រមបំពេញតួនាទី ជាពលរដ្ឋល្អ ដោយរាយការណ៍ទៅអាជ្ញាធរទេនោះ គេអាចជាប់ទោសឧក្រិដ្ឋ ពីបទឃុបឃិតនៅក្នុងឃាតកម្ម។

សរុបសេចក្តីទៅ ដូចខ្ញុំធ្លាប់និយាយមកហើយថា កុំរង់ចាំព្រះព្រះបាទធម្មឹគ មកប្រោសអី។ អត្តាហិ អតនោ នាថោ (ដឹងត្រូវឬខុសទេ?), ខ្លួនទីពឹងខ្លួន។ អ្វីដែលយើងត្រូវធ្វើ គឺអភិវឌ្ឍជាពលរដ្ឋល្អ ដោយមិនបាច់មើលបំណាំអ្នកដទៃ។ អ្នកដទៃធ្វើអ្វី មិនមែនសំខាន់ ដូចដែលខ្លួនធ្វើអ្វីនោះឡើយ។ បើយើងមិនពេញចិត្ត នឹងស្ថានភាពបច្ចុប្បន្ន ការកែប្រែដើម្បីភាពប្រសើរនៃអនាគត គឺជាច្រកចេញតែមួយគត់!

នៅពេលដែលយើង លែងមានអ្វីសម្រាប់បាត់បង់ ការកែប្រែគឺជាសម្ព័ន្ធមិត្ត ដ៏មហាប្រសើរ!!!

គំនិត​មួយ​ជ្រុង តាម​រយៈការគិតលេងៗ


រៀង​រាល់​ពេល​ដែលឮ ឬ​ឃើញ​គំនិត​ប្លែក​អ្វីមួយ ដែល​ជំរុញ​អោយ​មាន​ការ​ផ្លាស់​ប្ដូរ, អ្នក​ប្រតិកម្ម​និយម រមែង​​សំអាងទាញយក​ហេតុផល នៃ​ការ​ការពារ​អត្តសញ្ញាណរបស់​ខ្មែរ។ នៅ​ពេល​ខ្លះ តើ​គេ​មាន​ដែល​ស្ដាប់សម្ដី ដែល​ខ្លួន​គេ​និយាយ​ដែរ​ឬទេ?

តួយ៉ាងដូចជាការស្លៀកពាក់ស្រើបស្រាល ឬការអោបរិតគ្នានៅទីចំហ ដែលមិនមែនជាទំនៀមទម្លាប់របស់ខ្មែរជាដើម, អ្នកខ្លះបញ្ចេញប្រតិកម្ម ខ្លាំងជាងការបាត់បង់កោះត្រល់ទៅទៀត។

ទំនៀមទម្លាប់ និងប្រពៃណី ពិតជាអត្តសញ្ញាណ នៃជាតិសាសន៍នីមួយៗមែនហើយ ប៉ុន្តែកុំភ្លេចថា ភាពចង្អៀតចង្អល់ ដែលជាប់នៅក្នុងទំនៀមទម្លាប់ និងប្រពៃណីនោះ ក៏ជាសត្រូវដ៏ធំ នៃការរីកចម្រើនរបស់សង្គម និងសន្តិភាពក្នុងចិត្ត, ហើយកង្វះនៃភាពលូតលាស់ ក៏ជាអត្តសញ្ញាណនៃមនុស្សម្នាក់ ឬជាតិមួយដូចគ្នាផងដែរ។

ប្រសិនបើយើងឃើញគេស្លៀកពាក់ខ្លី ហើយចាត់ទុកថា វាគ្រាន់តែជាការសម្តែងមតិ នៃការពេញចិត្តនឹងរាងកាយ របស់គេទៅនោះ, យើងក៏មិនចាំបាច់ ក្ដៅក្រហាយតែម្នាក់ឯងដែរ។ ប្រសិនបើយើងឃើញគេអោបគ្នា នៅក្នុងទីចំហ, យើងគ្រាន់តែចាត់ទុកថា គេកំពុងសម្ដែងការស្រឡាញ់ដាក់គ្នាទៅនោះ យើងក៏មិនបាច់ឈឺចិត្តឆ្អិតទ្រូង ហើយដើររអ៊ូរទាំ ដូចអ្នកចាញ់ល្បែង ដេញតុងទីនមិនបាននោះដែរ។

បើនិយាយពីភាវៈពិតនៃមនុស្ស, មនុស្សកើតមក គ្មានសម្លៀកបំពាក់ជាប់ខ្លួនទេ, ចុះបើគ្រាន់តែគេស្លៀកពាក់ខ្លី ឬអោបគ្នាបញ្ចាក់ការស្រឡាញ់, ចាំបាច់អីប្រកាន់ដល់ម្លឹង? ឬខឹងច្រណែនទេដឹង? ឬធុញថប់នឹងជីវិតខ្លួនឯងទេ ហើយរកមូលហេតុ ជះកំហឹងទេដឹង?

នៅក្នុងអក្សរសាស្ត្រ ក៏ដូចគ្នាដូច្នោះដែរ។ ប្រសិនបើការផ្លាស់ប្ដូរបន្តិចបន្តួច អាចជួយសម្រួលដល់ការងារ និងការប្រើប្រាសជាទូទៅ, តើមានហេតុផលអី ដែលត្រូវកម្រិតខ្លួនឯង អោយយកតាម តែវចនានុក្រមមួយក្បាល ដែលមានចំណាស់ ស្ទើរកន្លះសតវត្សនោះ? យ៉ាងហោចណាស់ សូមគិតថា អ្នកខ្លះគ្មានចង់បានអ្វី ក្រៅពីការរីកចម្រើន ហើយចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួន ដើម្បីធ្វើការសិក្សា និងស្រាវជ្រាវនោះដែរ។ រឿងដ៏គួរសមបំផុត ដែលគួរធ្វើ យ៉ាងហោចណាស់ ទទួលយកទុកសម្រាប់ពិចារណា ជាជាងទាត់ចោលដូចបាល់ ព្រោះភ័យខ្លាចក្បួនចាស់។

ពិភពលោកធំធេង ពេញទៅដោយសក្តានុពល, មានហេតុផលអី ត្រូវកម្រិតខ្លួនឯង អោយស្ថិតនៅក្នុងចំណង នៃភាពចាស់គំរិល?