ការ​ឆ្លើយតប និង ប្រតិកម្ម


ThermiteReactionសូមចែករំលែកការពិចារណាមួយ អំពីខ្លឹមសារនៃពាក្យដែលគួរដឹង៖

ការឆ្លើយតប និងប្រតិកម្ម គឺជាវេវចនស័ព្ទ ប៉ុន្តែមានតម្លៃវិជ្ជមាន និងអវិជ្ជមាន ផ្សេងគ្នា។

ការឆ្លើយតប គឺធ្វើឡើង ដោយស្មារតី ទទួលខុសត្រូវ។ គឺមានន័យថា មានការថ្លឹងថ្លែង ល្អិតល្អន់ មុននឹងឆ្លើយតប។ ភាសាអង់គ្លេសហៅថា Response ហើយកាលណា Response + ability គឺមានន័យថា សមត្ថភាពឆ្លើយតប ដែលក្លាយទៅជាភាពទទួលខុសត្រូវ។

ប្រតិកម្ម គឺជាឆ្លើយតប ដោយគ្មានការព្រៀងទុក, គ្មានការពិចារណា, គ្មានការត្រិះរិះ, គ្មានការគ្រប់ ប្រៀបដូចខ្ទះខ្លាញ់ ដែលកំពុងឆាម្ហូប ហើយយើងចាក់ទឹកចូលទៅ ក៏ប្រតិកម្មឆេះសន្ធោសន្ធៅដូច្នោះ។ ភាពអង់គ្លេសហោថា Reaction រីឯកាយវិការដែល ដែលរងចាំតែប្រតិកម្ម គ្មានដឹងក្បាលកន្ទុយអីសោះនោះ គេហៅថា ប្រតិកិរិយា – Reactionary ។

ជម្រើសនៃការប្រើប្រាសវេវចនស័ព្ទនីមួយ គួរស្វែងយល់អោយច្បាស់ មុននឹងយកមកប្រើ, កុំសំអាងលើសំឡេងពិរោះ ហើយយកមកប្រើ អោយឡូយថូយនោះ។ ការប្រើពាក្យច្បាស់លាស់ អ្នកអានអាចយល់ ដល់គោលគំនិត និងចរិតលក្ខណៈ របស់អ្នកសរសេរ បានដោយងាយ ពុំបាច់មានការពន្យល់ច្រើន។

អង្គការ ឬអង្គភាពឆ្លើយតបរហ័ស និង អង្គការ ឬអង្គភាពប្រតិកម្មរហ័ស ទោះបីមានតួនាទីដូចគ្នា ប៉ុន្តែមានខ្លឹមសារ ឬសមត្ថភាពផ្សេងគ្នា។ តួយ៉ាងដូចនៅក្នុងរូបភាពនេះ គឺជាប្រតិកម្មនៃសារធាតុគីមី។ នៅក្នុងស្ថានភាពមួយ តើយើងចង់ឆ្លើយតបជាមនុស្ស ឬមានប្រតិកម្មដូចជាសារធាតុគីមី???

តម្លៃស្ត្រី


2508558514_14d00b48e3

ស្ត្រីគឺជាមាតានៃមនុស្សលោក ប៉ុន្តែអ្នកដែលរងអំពើអយុត្តិធម៌បំផុត គឺជាស្ត្រីភេទ។ សឹងតែទូទៅ នៅតាមបណ្ដាប្រទេស ដូចជាស្រុកខ្មែរជាដើម, ស្ត្រីគ្រាន់តែ ជាឧបករណ៍ លម្អបុរស ប្រៀបដូចជាថូផ្កា ដាក់ក្បែរបង្អួចទុកបង្អួតគេ ឬជាឧបករណ៍កំដរមនុស្សប្រុស ក្នុងនាមជាស្រី លួចលាក់ម្នាក់ប៉ុណ្ណោះ។ នៅពេលណាស្ត្រីណាម្នាក់ ធ្លាក់ចូលក្នុងការប្រជែងអំនួត រវាងបុរស ឬទាក់ទងនឹង មុខមាត់ដ៏មហិមា នៃកិត្តិយសក្លែងក្លាយ ស្ត្រីក្លាយទៅជា អ្នករងគ្រោះ ហើយចប់វាសនាដូចនាងកាកី, ម្ចាស់ក្សត្រីយ៍ ដៃអាណា, ពិសិដ្ឋ ពលីការ…។ល។ នៅក្នុងថ្ងៃដំបូងនៃឆ្មាំថ្មីនេះ ខ្ញុំសុំឆ្លៀតឱកាស ជូនពរដល់ស្ត្រី ក្នុងលោកទាំងអស់ ទទួលបាននូវការផ្តល់តម្លៃ និងចាកផុតពីការកេងប្រវញ្ចន៍ និងអំពើហិង្សាគ្រប់បែបយ៉ាង។

គិតលេងៗ៖


ខ្មែរយើងមានរបៀបសម្គាល់ពាក្យ សម្រាប់អោយដឹងថា មួយណាជានាម, មួយណាជាកិរិយាស័ព្ទ ប៉ុន្តែជារឿយៗ ខ្មែរតែងយកមកប្រើច្របូកច្របល់គ្នា វង្វេងវង្វាន់ឡប់អាចម៌ខ្សៀ។ ពាក្យខ្លះ អាចលើកលែងបាន ទោះជាមានលក្ខណៈស្ទួនគ្នាក្តី។ ឧទាហរណ៍៖ អភិវឌ្ឍ, ពិសោធ, អនុញ្ញាត (កិរិយាស័ព្ទ), អភិវឌ្ឍន៍, ពិសោធន៍, អនុញ្ញាតិ (នាម)។

ខ្ញុំសង្កេតឃើញភាគច្រើន, ទាំងក្នុងសៀវភៅ, ទស្សនាវដ្ដី, កាសែត… យកនាមមកប្រើជាកិរិយាស័ព្ទ ហើយពេលប្រើក្នុងទម្រង់នាម ការថែមពាក្យ ការ នៅពីមុខ ដូចជា ការអភិវឌ្ឍន៍, ការពិសោធន៍, ការអនុញាតិ ។ ខ្ញុំគិតថា បើយើងមានរបៀបសម្គាល់ទៅហើយនោះ យើងគួរតែនាំគ្នា យកមកអនុវត្តជាផ្លូវការ ដើម្បីបំបាត់ភាពច្របូកច្របល់។

យ៉ាងណាក្តី ពាក្យទាំងនេះ ពុំសូវមានកំហុសធ្ងន់ទេ។ ពាក្យដែលខុសធ្ងន់ គឺដូចជាពាក្យ ទំនាក់ទំនង ដែលជានាម, មានន័យថា ការទាក់ទង… ប៉ុន្តែគេយកទៅប្រើជាកិរិយាស័ព្ទ ហើយដែលពេលគេប្រើជាទម្រង់នាម គេសរសេរថា ការទំនាក់ទំនង។ រីឯពាក្យ ទាក់ទង ដែលជាកិរិយាស័ព្ទ នៃពាក្យទំនាក់ទំនង បែរជាគេបំបាត់ចោល ព្រោះមូលហេតុគឺ មានសំឡេងមិនពិរោះ។

ធ្ងន់ជាងនេះ ពាក្យដែលបណ្ដាល អោយខុសកាន់តែធ្ងន់ គឺពាក្យ នឹង, និង។ តួយ៉ាង ដូចលោក ខឹម វាសនា ដែលលើកពាក្យសម្រង់ល្អៗ មកបកប្រែ បញ្ចេញបញ្ចូល ដើម្បីផ្សព្វអប់រំ, ប៉ុន្តែការសរសេរ មានការភ័ន្តច្រឡំគ្នា រវាងពាក្យ នឹង និង និង ដែលជួនកាល បណ្ដាលអោយដូរខ្លឹមសារ នៃពាក្យសម្ដីទាំងមូល។

នៅក្នុងអក្សរសិល្ប៍ គេអាចប្រឡែងលេងនឹងពាក្យ ដោយស្មេរគ្រាន់តែប្ដូរទម្រង់តិចតួច នៅក្នុងសំណេរ ទៅតាមក្បួនដែលមានចែងមកស្រាប់ ញ៉ាំងអោយអត្ថបទរបស់គេ មានន័យខ្លឹមសារ ពិរោះជក់ចិត្ត មិនរំខានដល់អ្នកអាន ដែលទើសភ្នែក នឹងការសរសេរខុស។

យ៉ាងណាក្តី នេះគ្រាន់តែជាគំហើញមួយជ្រុង ដែលខ្ញុំលើកឡើងសម្រាប់ ចែកគ្នាពិចារណា។

កម្ម​ – Karma


កាលណានិយាយដល់កម្ម (Karma) ខ្មែរភាគច្រើន តែងគិតដល់ជាតិមុន ជាតិក្រោយ ហើយនៅក្នុងលក្ខណៈអវិជ្ជមាន។ កម្ម គឺមានន័យត្រឹមតែជា អំពើ; ទោះអំពើល្អក្ដី អាក្រក់ក្ដី ក៏ហៅថា កម្ម (កម្មជាកុសល, កម្មជាអកុសល។ ប៉ុន្តែដោយសារ ពិសោធន៍ជីវិត របស់យើងភាគច្រើន ជួបតែរឿងអាក្រក់, យើងក៏នឹកដល់ តែចំណុចអវិជ្ជមាន។

យោងទៅតាម ការបង្រៀនរបស់លោក ឡៅ ស៊ី ដែលជាទស្សនវិទូចិន ដ៏ល្បីល្បាញម្នាក់ នៅក្នុងសម័យបុរាណ, ច្បាប់កម្ម[ផល] មានលំនាំដូចតទៅថា៖
“ចូរប្រយ័ត្ននឹងគំនិត ដ្បិតវាក្លាយជាអំពើ;
ចូរប្រយ័ត្ននឹងអំពើ ដ្បិតវាក្លាយជាទម្លាប់;
ចូរប្រយ័ត្ននឹងទម្លាប់ ដ្បិតវាក្លាយជាចរិត;
ចូរប្រយ័ត្ននឹងចរិត ដ្បិតវាក្លាយទៅជាវាសនា។”

នេះគឺជាការពិត ហើយគឺជាដំណើរការនៃច្បាប់កម្ម[ផល]។ កាលណាយើងបណ្ដុះគំនិតល្អ, គំនិតដែលធ្វើអោយយើងរីករាយ, ដែលធ្វើអោយយើង មានចិត្តសប្បុរស, ដែលបណ្ដុះប្រឌិតញាណ, ដែលជំរុញអោយយើង ធ្វើរឿងល្អៗ… វាចារបស់យើង ក៏នឹងឆ្លុះបញ្ចាំង នូវភាវៈនៃសតិរបស់ខ្លួនដូច្នោះដែរ។010113-dt