ផ្តោតលើសេចក្តីល្អ


1274434329_mistik_3យើងទាក់ទាញអ្វីដែលយើងជឿ, មិនមែនអ្វីដែលយើងចង់ទេ។ ដូច្នេះបើយើងជឿថា មនុស្សទូទៅ សុទ្ធតែជាមនុស្សខូច មិនគួរអោយទុកចិត្ត, មួយជីវិតរបស់យើង នឹងជួបតែមនុស្សបែបនោះ, រួចហើយនឹកសរសើរខ្លួនឯងថា “ឃើញទេ! អញថាមិនចេះខុសទេ”។ តាមពិតទៅ មនុស្សទាំងអស់ សុទ្ធតែមានធាតុល្អនៅក្នុងខ្លួន ហើយមានមនុស្សខ្លះ បណ្តោយខ្លួនអោយ កាលៈទេសៈគ្រប់គ្រងខ្លួន ហើយបង្ខំចិត្តធ្វើខុស។ មនុស្សខ្លះទៀត មានបញ្ហាសរសៃប្រសាទ ផ្នែកគ្រប់គ្រងភាពដឹងខុសត្រូវ។ ប៉ុន្តែមិនមែនមនុស្សទាំងអស់ សុទ្ធតែក្រោកពីដេក ហើយគិតថា “ថ្ងៃនេះ អញត្រូវធ្វើបាបគេ ដោយរបៀបណា?” នោះទេ។

ផ្ទុយទៅវិញ បើយើងផ្តោតចិត្ត ទៅលើសេចក្តីល្អ, យើងនឹងឃើញភាពល្អ នៅក្នុងអ្នកដទៃ ពីព្រោះគុណភាពល្អនោះ មាននៅក្នុងខ្លួនយើងស្រាប់, ឯភាពល្អនៅក្នុងអ្នកដទៃ គឺជាការឆ្លុះបញ្ចាំង នៃភាពល្អរបស់យើង។ បើយើងគ្មានភាពល្អ នៅក្នុងខ្លួនយើងទេ, ទោះគេល្អយ៉ាងណា ក៏យើងមើលមិនឃើញដែរ។ ដូច្នេះ អាក្រក់ទាក់ទាញអាក្រក់, ល្អទាក់ទាញល្អ។