ការសម្លុត និងការរិះគន់បង្អាប់ គឺជាទង្វើជនកំសាក


bullyប្រសិនបើការរិះគន់បន្ថោក គឺជាទង្វើនៃជនកំសាក ដែលខ្លាចរអារ ចំពោះការផ្លាស់ប្តូរនោះ, ជនជាតិខ្មែរ អាចចាត់ទុកថា ជាមនុស្សដែលភ័យខ្លាចបំផុត ចំពោះបម្លាស់ប្តូរថ្មី ពីព្រោះខ្មែរភាគច្រើន ចូលចិត្តណាស់ រឿងរិះ

គន់ចំអន់មនុស្សដូចគ្នា។

ខ្ញុំហ៊ានសារភាពថា តាំងពីដើមមក មិនមែនខ្ញុំមិនដែល រិះគន់បន្តុះបង្អាប់ ដល់អ្នកណាម្នាក់នោះទេ។ ផ្ទុយទៅវិញ, ខ្ញុំជាមនុស្សម្នាក់ ស្ថិតនៅក្នុងចំណោម មនុស្សដែលពូកែរិះគន់បង្អាប់ជាងគេ។ ប៉ុន្តែមានចំណុចមួយ ដែលខ្ញុំតែងតែចាប់អារម្មណ៍ថា បន្ទាប់ពីរិះគន់បង្អាប់គេរួច, ពុំបានធ្វើអោយខ្ញុំ មានចិត្តរីករាយនោះឡើយ, ផ្ទុយទៅវិញ ខ្ញុំតែងមានអារម្មណ៍ រសាប់រសល់ ហាក់ដូចជាខុស នឹងរឿងអ្វីមួយ។ ទីបំផុត ទើបខ្ញុំយល់ ថាហេតុអ្វី បានជាមនុស្ស ចូលចិត្តបន្តុះបង្អាប់ ដល់អ្នកដទៃដូច្នេះ។

មនុស្សដែលអាងខ្លួនពូកែសម្តី ហើយនិយាយបន្តុះបង្អាប់គេនោះ គឺគ្មានអ្វីប្លែកពីមនុស្ស ដែលអាចខ្លួនមាឌធំ ហើយប្រើទម្ងន់របស់ខ្លួន សង្កត់សង្កិនគេនោះឡើយ។ គ្រាន់តែមួយប្រើកម្លាំងបាយ, មួយទៀត ប្រើមាត់, ប៉ុន្តែមានផ្នត់គំនិតដូចគ្នា។

ហេតុអ្វី បានជាខ្ញុំយល់ថា អ្នកទាំងនេះ ជាមនុស្សកំសាក? ភាពកំសាករបស់គេ គឺស្ថិតនៅត្រង់ចំណុច នៃការភ័យខ្លាចចំពោះការផ្លាស់ប្តូរ។ ពួកគេមិនចំណាយពេល អភិវឌ្ឍខ្លួនឯង អោយបានល្អប្រសើរទេ ប៉ុន្តែគេក៏មិនចង់ អោយអ្នកដទៃ មានប្រៀបលើខ្លួនដែរ។ ដូច្នេះ គេជ្រើសរើស យកការសម្លុតគំរាម និងការរិះគន់បំផ្លាញ មកប្រើប្រាសជាមធ្យោបាយ សម្រាប់រក្សាតំណែងរបស់គេ នៅក្នុងសង្គម។ គេគិតថា ការជាន់ពន្លិចអ្នកដទៃ អាចរក្សាអោយគេស្ថិតនៅទីខ្ពស់។ គេនៅទីខ្ពស់មែន ប៉ុន្តែពុំមានការលូតលាស់ទេ ព្រោះពួកគេ ខ្លាចណាស់ ចំពោះការប្រែប្រួល ដែលមិនអាចស្មានដឹង។

ប្រសិនបើអ្នក ជាមនុស្សដែលចូលចិត្ត និយាយដើម អាក្រក់អំពីអ្នកដទៃ, រិះគន់បន្ដុះបង្អាប់អ្នកដទៃ, ឬចូលចិត្តប្រើសាច់ដុំសម្លុតអ្នកដទៃ… ក្រោយពីអានអត្ថបទនេះរួច តើអ្នកឃើញភាពស្រដៀងខ្លះទេ ចំពោះអ្វីដែលខ្ញុំនិយាយ???

~បុត្រាខ្មែរ

លំនឹង


balanceអ្វីៗគ្រប់យ៉ាងនៃធម្មជាតិ គឺអំពីលំនឹង។ កាលណាបាត់លំនឹង ចលាចលអ្វីម្យ៉ាង នឹងកើតឡើង។ ព្រះពុទ្ធក៏បានប្រដៅ អោយយើង កាន់យកផ្លូវកណ្ដាលនេះដែរ ហើយការប្រកាន់យកផ្លូវកណ្ដាល ដែលព្រះអង្គទូន្មាននោះ ពុំមែនមានន័យថា អោយយើង រក្សាភាពអព្យាក្រិត សម្ងំសុខយករួចខ្លួននោះទេ។ ឧបមាថា យើងដាំដើមផ្កាមួយដើម។ យើងមិនមែនគ្រាន់តែជីកដី រួចដោតដើមផ្កា ហើយកាយដីលុបគល់ ចាត់ទុកថារួចដៃនោះឡើយ។ យើងត្រូវដាក់ជីរ, ស្រោចទឹកអោយល្មម សមទៅតាមស្ថានភាពដី និងកម្ដៅថ្ងៃ ទើបដើមផ្ការបស់យើង លូតលាស់ពេញសក្តានុពល។ ការប្រកាន់ផ្លូវកណ្ដាល គឺពុំមែនជាការមិនកាន់ជើងខាងណា, មិនខ្វល់រឿងអ្នកណា, ហើយសម្ងំយកសុខ ដូចមនុស្សជាច្រើនបានយល់នោះទេ។ ការប្រកាន់ផ្លូវកណ្ដាល គឺការរក្សាលំនឹង ដើម្បីកុំអោយកើតមានចលាចល។

ជាក់ស្តែង នៅស្រុកយើង, លំនឹងរវាងអំពើល្អ និងអំពើអាក្រក់ មានភាពបាក់ស្រុតទៅម្ខាង ហើយបះម្ខាងទៀត បណ្ដាលអោយមាន ភាពមិនប្រក្រតី នៅក្នុងប្រទេសទាំងមូល។ ដើម្បីរក្សាលំនឹង នៅក្នុងប្រទេសមួយ គឺយើងត្រូវមានចិត្តឈឺឆ្អាល ដូចគ្នាដែលយើង មានចិត្តឈឺឆ្អាល ចំពោះការដាំផ្កាដូច្នោះ។

កាលណាយើង ព្រងើយកន្តើយ សម្ងំយករួចខ្លួន គឺគ្មានអ្វីខុសគ្នា នឹងការកាន់ជើង មនុស្សអាក្រក់ អោយកកូរកកាយបានតាមចិត្តនោះឡើយ។ បើកាលណា មនុស្សអាក្រក់បានដៃហើយ, ចូរកុំគិតថា ខ្លួនមិនធ្វើអីដាក់គេ គេក៏មិនធ្វើអីដាក់យើងនោះ។ ថ្ងៃនេះខ្លួនបិទភ្នែក មើលគេធ្វើបាបអ្នកដទៃ, ថ្ងៃក្រោយ, យូរឬឆាប់ នឹងមកដល់វេនខ្លួន, ហើយបើមិនដល់វេនខ្លួនទេ, ចុះកូនចៅជំនាន់ក្រោយរបស់ខ្លួន? តើខ្លួនចង់ទុកពិភពលោកល្អមួយ ដល់កូនចៅ ឬសម្ងំសុខយករួចខ្លួនសិន ហើយទុកអោយកូនចៅ ដោះស្រាយខ្លួនគេ។