ផ្តោតលើសេចក្តីល្អ


1274434329_mistik_3យើងទាក់ទាញអ្វីដែលយើងជឿ, មិនមែនអ្វីដែលយើងចង់ទេ។ ដូច្នេះបើយើងជឿថា មនុស្សទូទៅ សុទ្ធតែជាមនុស្សខូច មិនគួរអោយទុកចិត្ត, មួយជីវិតរបស់យើង នឹងជួបតែមនុស្សបែបនោះ, រួចហើយនឹកសរសើរខ្លួនឯងថា “ឃើញទេ! អញថាមិនចេះខុសទេ”។ តាមពិតទៅ មនុស្សទាំងអស់ សុទ្ធតែមានធាតុល្អនៅក្នុងខ្លួន ហើយមានមនុស្សខ្លះ បណ្តោយខ្លួនអោយ កាលៈទេសៈគ្រប់គ្រងខ្លួន ហើយបង្ខំចិត្តធ្វើខុស។ មនុស្សខ្លះទៀត មានបញ្ហាសរសៃប្រសាទ ផ្នែកគ្រប់គ្រងភាពដឹងខុសត្រូវ។ ប៉ុន្តែមិនមែនមនុស្សទាំងអស់ សុទ្ធតែក្រោកពីដេក ហើយគិតថា “ថ្ងៃនេះ អញត្រូវធ្វើបាបគេ ដោយរបៀបណា?” នោះទេ។

ផ្ទុយទៅវិញ បើយើងផ្តោតចិត្ត ទៅលើសេចក្តីល្អ, យើងនឹងឃើញភាពល្អ នៅក្នុងអ្នកដទៃ ពីព្រោះគុណភាពល្អនោះ មាននៅក្នុងខ្លួនយើងស្រាប់, ឯភាពល្អនៅក្នុងអ្នកដទៃ គឺជាការឆ្លុះបញ្ចាំង នៃភាពល្អរបស់យើង។ បើយើងគ្មានភាពល្អ នៅក្នុងខ្លួនយើងទេ, ទោះគេល្អយ៉ាងណា ក៏យើងមើលមិនឃើញដែរ។ ដូច្នេះ អាក្រក់ទាក់ទាញអាក្រក់, ល្អទាក់ទាញល្អ។

ការចេះដាក់​ខ្លួន​ពិត​ប្រាកដ គឺស្ថិត​នៅ​លើ​ឥរិយាបថ​នៃ​ការ​ឆ្លើយ​តប


Reject-Articleនៅក្នុងការអប់រំខ្មែរ មានការបង្រៀនមនុស្ស អោយចេះដាក់ខ្លួន, ប៉ុន្តែមានមនុស្សជាច្រើន ចេះត្រឹមតែបន្ទន់សំឡេង និយាយបានពិរោះ និងរៀបឫកពារ អោយបានសមរម្យ មើលទៅអោយសម ដូចជាអ្នកចេះដាក់ខ្លួនប៉ុណ្ណោះ។ ភាពចេះដាក់ខ្លួនពិតប្រាកដ គឺស្ថិតនៅលើ ឥរិយាបថ នៃការឆ្លើយតប ឯណោះទៅវិញទេ។

ឧទាហរណ៍ មានមនុស្សម្នាក់ ពោលពាក្យសរសើរ ចំពោះថ្វីដៃ, រូបសម្រស់, ឬប្រគល់វត្ថុអ្វីមួយ ជូនដល់ខ្លួន ហើយខ្លួនបែរជា ប្រកែកបដិសេធ មិនព្រមទទួល ដោយនិយាយថា វាមិនសក្តិសម នឹងខ្លួន។ ឥរិយាបថនៃការឆ្លើយតបបែបនេះ ធ្វើអោយអ្នកដែលអោយនោះ មានការខកចិត្ត ហើយមានអារម្មណ៍ ខ្មាសខ្លួនឯង ដែលត្រូវគេបដិសធ។ បើសម្រាប់មនុស្សប្រកាន់ច្រើន គេអាចនឹងចាត់ទុកថា ទង្វើ ឬអំណោយរបស់គេ មានភាពល្អ មិនគ្រប់គ្រាន់ ទើបគេបដិសេធ។

ការបដិសេធពាក្យសរសើរ ឬអំណោយ គឺជាការបិទផ្លូវ ដល់ឱកាសនៃភាពរីកចម្រើន នៃទំនាក់ទំនង ទៅថ្ងៃក្រោយ។ ជាពិសេស, បើគេសរសើរថាខ្លួនស្អាត ហើយជាជាងនិយាយថាអរគុណ បែរជាបដិសេធថា ខ្លួនមិនស្អាតដូចគេនិយាយទេនោះ, គឺអាចមានន័យថា អ្នកនិយាយនោះ និយាយដោយចិត្តមិនស្មោះ ឬខ្វាក់ភ្នែក មើលមិនដឹងស្អាត ឬអាក្រក់។

ការបដិសេធពាក្យសរសើរ ឬអំណោយ [ស្របច្បាប់], ទោះនិយាយ ដោយកាយវិការទន់ភ្លន់យ៉ាងណា ក៏មិនមែនជាសញ្ញាបញ្ជាក់ថា ខ្លួនជាមនុស្ស​ចេះដាក់ខ្លួននោះឡើយ។ តាមពិត ការបដិសេធបែបនេះ, ទោះមានចេតនា ឬអចេតនាក្តី, គឺគ្មានប្លែកអ្វី ពីការអួតអាង យ៉ាងទន់ភ្លន់ នៅក្នុងកែវភ្នែក របស់អ្នកអោយនោះដែរ។

ការចេះដាក់ខ្លួនពិតប្រាកដ គឺចេះទទួលយកអំណោយ ដោយការដឹងគុណ។ ទោះអ្នកមានចិត្តអល់អែកយ៉ាងណាក្តី, ចូរទទួលយកក្តីមុខញញឹម, ហើយសឹមរកឱកាស តបស្នងគេវិញ តាមរបៀបណាមួយ។ ដូច្នេះ បើគេសរសើរថាខ្លួនស្អាត, ពាក្យដែលល្អបំផុត សម្រាប់ឆ្លើយតប គឺ “អរគុណ” ពីព្រោះការបដិសេធ ចំពោះការសរសើររបស់គេ អាចមាននន័យថា គេខ្វាក់ភ្លីភ្លើ មើលមិនដឹងយ៉ាងម៉េច ហៅថាស្អាត ហើយក៏បង្ហាញអំពី ភាពនៃការខ្វះជំនឿចិត្ត ចំពោះខ្លួនឯងដែរ។ បើគេចេញថ្លៃបាយអោយ, ពាក្យដែលល្អបំផុត គឺ “អរគុណ” ពីព្រោះការបដិសេធ ចំពោះរឿងបែបនេះ គឺមានន័យថា ខ្លួនកំពុងតែច្រានចោល នូវទឹកចិត្តរាប់អានរបស់គេ, ហើយកំពុងតែអួតប្រាប់គេថា ខ្លួនគ្រាន់បើដែរ, ដូច្នេះមិនត្រូវការអ្នកណាដាក់ទានឡើយ។

យ៉ាងណាក្តី បើខ្លួនមិនមែនជាមនុស្សដាក់ខ្លួន ឬគ្រាន់តែធ្វើពុត យកគួរសម ដើម្បីអោយគេឃើញថា ខ្លួនចេះដាក់ខ្លួននោះ, ចង់ធ្វើម៉េចក៏បានដែរ, ជាពិសេសជាមួយខ្មែរ គឺងាយនឹងធ្វើអោយគេជឿណាស់។

ការសម្លុត និងការរិះគន់បង្អាប់ គឺជាទង្វើជនកំសាក


bullyប្រសិនបើការរិះគន់បន្ថោក គឺជាទង្វើនៃជនកំសាក ដែលខ្លាចរអារ ចំពោះការផ្លាស់ប្តូរនោះ, ជនជាតិខ្មែរ អាចចាត់ទុកថា ជាមនុស្សដែលភ័យខ្លាចបំផុត ចំពោះបម្លាស់ប្តូរថ្មី ពីព្រោះខ្មែរភាគច្រើន ចូលចិត្តណាស់ រឿងរិះ

គន់ចំអន់មនុស្សដូចគ្នា។

ខ្ញុំហ៊ានសារភាពថា តាំងពីដើមមក មិនមែនខ្ញុំមិនដែល រិះគន់បន្តុះបង្អាប់ ដល់អ្នកណាម្នាក់នោះទេ។ ផ្ទុយទៅវិញ, ខ្ញុំជាមនុស្សម្នាក់ ស្ថិតនៅក្នុងចំណោម មនុស្សដែលពូកែរិះគន់បង្អាប់ជាងគេ។ ប៉ុន្តែមានចំណុចមួយ ដែលខ្ញុំតែងតែចាប់អារម្មណ៍ថា បន្ទាប់ពីរិះគន់បង្អាប់គេរួច, ពុំបានធ្វើអោយខ្ញុំ មានចិត្តរីករាយនោះឡើយ, ផ្ទុយទៅវិញ ខ្ញុំតែងមានអារម្មណ៍ រសាប់រសល់ ហាក់ដូចជាខុស នឹងរឿងអ្វីមួយ។ ទីបំផុត ទើបខ្ញុំយល់ ថាហេតុអ្វី បានជាមនុស្ស ចូលចិត្តបន្តុះបង្អាប់ ដល់អ្នកដទៃដូច្នេះ។

មនុស្សដែលអាងខ្លួនពូកែសម្តី ហើយនិយាយបន្តុះបង្អាប់គេនោះ គឺគ្មានអ្វីប្លែកពីមនុស្ស ដែលអាចខ្លួនមាឌធំ ហើយប្រើទម្ងន់របស់ខ្លួន សង្កត់សង្កិនគេនោះឡើយ។ គ្រាន់តែមួយប្រើកម្លាំងបាយ, មួយទៀត ប្រើមាត់, ប៉ុន្តែមានផ្នត់គំនិតដូចគ្នា។

ហេតុអ្វី បានជាខ្ញុំយល់ថា អ្នកទាំងនេះ ជាមនុស្សកំសាក? ភាពកំសាករបស់គេ គឺស្ថិតនៅត្រង់ចំណុច នៃការភ័យខ្លាចចំពោះការផ្លាស់ប្តូរ។ ពួកគេមិនចំណាយពេល អភិវឌ្ឍខ្លួនឯង អោយបានល្អប្រសើរទេ ប៉ុន្តែគេក៏មិនចង់ អោយអ្នកដទៃ មានប្រៀបលើខ្លួនដែរ។ ដូច្នេះ គេជ្រើសរើស យកការសម្លុតគំរាម និងការរិះគន់បំផ្លាញ មកប្រើប្រាសជាមធ្យោបាយ សម្រាប់រក្សាតំណែងរបស់គេ នៅក្នុងសង្គម។ គេគិតថា ការជាន់ពន្លិចអ្នកដទៃ អាចរក្សាអោយគេស្ថិតនៅទីខ្ពស់។ គេនៅទីខ្ពស់មែន ប៉ុន្តែពុំមានការលូតលាស់ទេ ព្រោះពួកគេ ខ្លាចណាស់ ចំពោះការប្រែប្រួល ដែលមិនអាចស្មានដឹង។

ប្រសិនបើអ្នក ជាមនុស្សដែលចូលចិត្ត និយាយដើម អាក្រក់អំពីអ្នកដទៃ, រិះគន់បន្ដុះបង្អាប់អ្នកដទៃ, ឬចូលចិត្តប្រើសាច់ដុំសម្លុតអ្នកដទៃ… ក្រោយពីអានអត្ថបទនេះរួច តើអ្នកឃើញភាពស្រដៀងខ្លះទេ ចំពោះអ្វីដែលខ្ញុំនិយាយ???

~បុត្រាខ្មែរ

លំនឹង


balanceអ្វីៗគ្រប់យ៉ាងនៃធម្មជាតិ គឺអំពីលំនឹង។ កាលណាបាត់លំនឹង ចលាចលអ្វីម្យ៉ាង នឹងកើតឡើង។ ព្រះពុទ្ធក៏បានប្រដៅ អោយយើង កាន់យកផ្លូវកណ្ដាលនេះដែរ ហើយការប្រកាន់យកផ្លូវកណ្ដាល ដែលព្រះអង្គទូន្មាននោះ ពុំមែនមានន័យថា អោយយើង រក្សាភាពអព្យាក្រិត សម្ងំសុខយករួចខ្លួននោះទេ។ ឧបមាថា យើងដាំដើមផ្កាមួយដើម។ យើងមិនមែនគ្រាន់តែជីកដី រួចដោតដើមផ្កា ហើយកាយដីលុបគល់ ចាត់ទុកថារួចដៃនោះឡើយ។ យើងត្រូវដាក់ជីរ, ស្រោចទឹកអោយល្មម សមទៅតាមស្ថានភាពដី និងកម្ដៅថ្ងៃ ទើបដើមផ្ការបស់យើង លូតលាស់ពេញសក្តានុពល។ ការប្រកាន់ផ្លូវកណ្ដាល គឺពុំមែនជាការមិនកាន់ជើងខាងណា, មិនខ្វល់រឿងអ្នកណា, ហើយសម្ងំយកសុខ ដូចមនុស្សជាច្រើនបានយល់នោះទេ។ ការប្រកាន់ផ្លូវកណ្ដាល គឺការរក្សាលំនឹង ដើម្បីកុំអោយកើតមានចលាចល។

ជាក់ស្តែង នៅស្រុកយើង, លំនឹងរវាងអំពើល្អ និងអំពើអាក្រក់ មានភាពបាក់ស្រុតទៅម្ខាង ហើយបះម្ខាងទៀត បណ្ដាលអោយមាន ភាពមិនប្រក្រតី នៅក្នុងប្រទេសទាំងមូល។ ដើម្បីរក្សាលំនឹង នៅក្នុងប្រទេសមួយ គឺយើងត្រូវមានចិត្តឈឺឆ្អាល ដូចគ្នាដែលយើង មានចិត្តឈឺឆ្អាល ចំពោះការដាំផ្កាដូច្នោះ។

កាលណាយើង ព្រងើយកន្តើយ សម្ងំយករួចខ្លួន គឺគ្មានអ្វីខុសគ្នា នឹងការកាន់ជើង មនុស្សអាក្រក់ អោយកកូរកកាយបានតាមចិត្តនោះឡើយ។ បើកាលណា មនុស្សអាក្រក់បានដៃហើយ, ចូរកុំគិតថា ខ្លួនមិនធ្វើអីដាក់គេ គេក៏មិនធ្វើអីដាក់យើងនោះ។ ថ្ងៃនេះខ្លួនបិទភ្នែក មើលគេធ្វើបាបអ្នកដទៃ, ថ្ងៃក្រោយ, យូរឬឆាប់ នឹងមកដល់វេនខ្លួន, ហើយបើមិនដល់វេនខ្លួនទេ, ចុះកូនចៅជំនាន់ក្រោយរបស់ខ្លួន? តើខ្លួនចង់ទុកពិភពលោកល្អមួយ ដល់កូនចៅ ឬសម្ងំសុខយករួចខ្លួនសិន ហើយទុកអោយកូនចៅ ដោះស្រាយខ្លួនគេ។