បំបាត់គំនិតលុតក្រាប


អ្វីដែលខ្មែរត្រូវការបំផុត ដើម្បីកែប្រែវាសនាជាតិ និងវាសនារបស់ខ្លួន គឺភាពជាអ្នកដឹកនាំផ្ទាល់ខ្លួន និងទំនួលខុសត្រូវផ្ទាល់ខ្លួន។ កាលណាយើងមាន ភាពដឹកនាំ និងទំនួលខុសត្រូវផ្ទាល់ខ្លួន, ភាពដឹកនាំ និងទំនួលខុសត្រូវសាធរណៈ ក៏មិនពិបាកដែរ។ គឺបានសេចក្តីថា ខ្មែរត្រូវបំបាត់ផ្នត់គំនិត នំតូចជានាលិ។ ទស្សនៈនំមិនធំជាងនាលិ គឺជាផ្នត់គំនិតសក្តិភូមិ ចាស់គំរិល។ យើងតោងចេះឆ្ងល់, ចេះសួរ, ចេះមានគំនិតខ្លួនឯង… កុំចាំតែស្តាប់បញ្ជា ឬគោរពតែសម្តីរបស់អ្នកធំ។ កាលបើយើង ចេះឆ្ងល់, ចេះសួរ, ចេះមានគំនិតខ្លួនឯង, យើងក៏ត្រូវផ្តល់ឱកាសដូចគ្នានេះ អោយទៅអ្នកដទៃ, ជាពិសេសស្រទាប់យុវជន, អោយចេះឆ្ងល់, ចេះសួរ, ចេះមានគំនិតខ្លួនឯងផង ជាជាងទាត់ចោលគំនិតរបស់គេ ដោយព្រោះតែគេក្មេងជាង, ក្រជាង, ឬមានឋានៈតូចជាងខ្លួន។

នយោបាយ និង ប៉ូលីទិក


ពាក្យនយោបាយសម្រាប់ជនជាតិខ្មែរ គឺមានន័យត្រឹមតែ កលល្បិច ឬមេគំនិតដែលគេផ្ដើមឡើង ដើម្បីដឹកនាំជនដទៃ ឲ្យប្រព្រឹត្ត ទៅរកទីដៅយ៉ាងនេះ ឬយ៉ាងនោះប៉ុណ្ណោះ។ ចំណែកពាក្យថា politic ដែលក្លាយមកពីពាក្យក្រិក politika គឺមានន័យថា កិច្ចការប្រទេសជាតិ។

បើនិយាយអំពីកិច្ចការប្រទេសជាតិ មនុស្សខ្មែរសាមញ្ញ គ្មានទម្លាប់ ហើយក៏គ្មានការចាប់អារម្មណ៍ដែរ ពីព្រោះខ្មែរយើង ត្រូវបានអប់រំគ្រប់ជំនាន់ អោយរស់នៅ ក្រោមការគ្រប់គ្រង របស់អាណាព្យាបាល, ដូចជា កូនរស់នៅក្រោមការគ្រប់គ្រង របស់ឳពុកម្តាយ, រាស្ត្ររស់នៅក្រោមការគ្រប់គ្រង របស់ស្តេចត្រាញ់ ឬព្រះរាជា។ ឳពុកម្តាយ ជាអ្នករៀបចំ ទុកដាក់វាសនារបស់កូន ដូចជារឿងគូស្រករជាដើម, ឯព្រះរាជា ឬអ្នកដឹកនាំ ជាអ្នករៀបចំវាសនាប្រទេស ដោយគ្មានការចូលរួម ឬគ្មានសិទ្ធចូលរួមពីរាស្ត្រសាមញ្ញ។

កាលណាខ្មែរម្នាក់ៗ នៅប្រកាន់ជំនឿថា ខ្លួនជាអ្នកតូចតាច មិនអាចធ្វើអោយមាន ការកែប្រែ, គេនៅតែជិះសេះលែងដៃដដែល។

កាលណាឃើញ មានភ្លើងឆេះ នៅក្នុងភូមិ, ទាល់តែយើង នាំគ្នាឆាប់ជួយពន្លត់ ទើបភ្លើងនោះ មិនរាលដាល ដល់ផ្ទះយើង។

រីឯសង្គមជាតិទាំងមូល ក៏ដូច្នោះដែរ!
កាលណាយើងឃើញ មានទង្វើអាក្រក់ បំពានច្បាប់ ជិះជាន់អ្នកស្លូតត្រង់ ហើយយើងសម្ងំយករួចខ្លួននោះ, ថ្ងៃណាមួយ អំពើអាក្រក់ទាំងនោះ នឹងរាលដាល មកដល់ខ្លួនយើង ឬបងប្អូន ឬកូន ឬចៅរបស់យើងមិនខាន។