ដូច្នេះហើយ បានជាព្រះ និងអរិយបុគ្គលទាំងអស់ ជំរុញអោយយើង ប្រព្រឹត្តិតែសេចក្តីល្អ, ចេះគោរពផ្តល់តម្លៃ, ចេះស្រឡាញ់មនុស្សដូចគ្នា, មិនបែងចែក ពូជសាសន៍, ពណ៌សម្បុរ, ឬសាសនា។ កម្មគ្រប់យ៉ាង សុទ្ធតែមានផល។ បើយើងអួតអំពីរបស់យើង ហើយបង្អាប់គេ, គេនឹងការពារកិត្តិយសគេ ហើយរករឿងបង្អាប់យើងវិញ។ ការបង្អាប់ទៅ បង្អាប់មក បណ្តាលអោយមានរឿងក្តៅក្រហាយ បង្កជាជម្លោះ – ដូចលោក មហាត្មៈ គន្ធី បាននិយាយថា “ភ្នែកធួននឹងភ្នែក ពិភពលោកទាំងមូល ទៅជាខ្វាក់” ។ រីឯនៅក្នុងព្រះគម្ពីរ ក៏បានចារពាក្យ ស្រដៀងគ្នានេះដែរ។
Day: ខែសីហា 18, 2012
កំហុស ឬចំណុចខ្វះខាត?
យើងទាំងអស់គ្នា សុទ្ធតែដឹងថា មនុស្សណាក៏មានកំហុស ប៉ុន្តែពុំសូវមានអ្នកណា សុខចិត្តទទួលស្គាល់កំហុស របស់ខ្លួនឡើយ។ កំហុសគឺជាពាក្យ ដែលមានតម្លៃអវិជ្ជមាន, ដូច្នេះដើម្បីកុំអោយ មានការសង្កៀចិត្ត យើងហៅកំហុសនោះ ថាជា “ចំណុចខ្វះខាត” ទៅចុះ។ យើងអាចហៅថា ចំណុចខ្សោយក៏បាន ប៉ុន្តែពុំមានមនុស្សច្រើនគ្នា ចូលចិត្តទទួលខ្លួនថា ខ្លួនខ្សោយនោះ ក៏ទេដែរ។