នៅមិនឆ្ងាយប៉ុន្មានពីផ្ទះខ្ញុំប៉ុន្មាន, មានផ្លូវមួយតូចល្មមមួយ អាចអោយឡានបរទៅមកបាន។ នៅតាមបណ្តោយផ្លូវ មានវាលមួយ។ នៅក្នុងវាលនោះ មានសេះពីរក្បាល។
បើមើលពីចម្ងាយ អ្នកនឹងឃើញថា សេះទាំងពីរក្បាល គឺជាសេះធម្មតាប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើអ្នកឈប់រថយន្ត ហើយដើរទៅក្បែររបង, អ្នកនឹងសង្កេតឃើញនូវភាពអស្ចារ្យ នៃសេះទាំងពីរនេះ ដែលមានសេះមួយ ជាសេះខ្វាក់ភ្នែកទាំងគូ។
ម្ចាស់របស់សេះនេះ មិនត្រឹមតែមិនបាន បោះបង់សេះខ្វាក់នេះទេ ប៉ុន្តែថែមទាំងបានធ្វើរោងយ៉ាងស្អាតមួយ ទុកអោយវានៅទៀតផង។ គ្រាន់តែការណ៍នេះ វាជារឿងអស្ចារ្យណាស់ទៅហើយ។
បើអ្នកយកចិត្តទុកដាក់ស្តាប់បន្តិច អ្នកនឹងឮសំលេងកណ្តឹង ល្វើយៗពីចម្ងាយ។ នៅពេលអ្នករំពៃរកមើលប្រភពសំលេង អ្នកនឹងឃើញថា សំលេងនេះជាចេញមកពីសេះមួយទៀត ដែលមានរាងតូចជាងសេះខ្វាក់បន្តិច។
ភ្ជាប់នៅលើខ្សែបង្ហៀ របស់សេះមួយក្បាលទៀតនោះ គឺកណ្ដឹងតូចមួយ ដែលសម្រាប់បន្លឺសំលេង ដើម្បីអោយសេះដែលខ្វាក់ភ្នែក អាចដឹងថា សេះមួយក្បាលទៀតនៅទីណា ហើយវាអាចដើរតាម។
នៅពេលដែលអ្នក កំពុងតែឈរសម្លឹងមើល សំលាញ់ទាំងពីរនេះ, អ្នកនឹងសង្កេតឃើញថា សេះភ្លឺភ្នែកដែលមានកណ្តឹងជាប់ក តែងតែងាកមកក្រោយជារឿយៗ ដើម្បីមើលសេះដែលខ្វាក់ភ្នែក, ហើយសេះដែលខ្វាក់ភ្នែកនោះ តែងតែផ្ទៀងស្តាប់ស្នូរកណ្ដឹង ដោយការយកចិត្តទុកដាក់ ហើយដើរយឺតៗ ឆ្ពោះទៅកាន់សេះមួយទៀត ដោយការជឿជាក់ មិនខ្លាចវង្វេងផ្លូវឡើយ។
រៀងរាល់ល្ងាច នៅពេលដែលពួកវា ត្រូវត្រឡប់ចូលរោងនៅក្នុងក្រោល, សេះដែលមានកណ្ដឹង តែងតែឈប់ជារឿយៗ ហើយងាកមើលក្រោយ ដើម្បីអោយច្បាស់ថា សំលាញ់របស់ខ្លួន ស្ថិតនៅជិតល្មម អាចស្តាប់ឮសំលេងកណ្ដឹង។
ដូចគ្នានឹងម្ចាស់ របស់សេះខ្វាក់នេះ ដូច្នោះដែរ, ព្រះជាម្ចាស់ មិនបោះបង់យើងចោល ដោយព្រោះតែយើង មិនគ្រប់លក្ខណៈ ឬដោយព្រោះតែយើង មានបញ្ហា ឬពិការភាពនោះឡើយ។ ព្រះជាម្ចាស់តែងតែ យកចិត្តទុកដាក់ចំពោះយើងជានិច្ច ហើយនាំមនុស្សផ្សេងទៀត ចូលមកក្នុងជីវិតរបស់យើង ដើម្បីជួយយើងក្នុងពេលមានការ។
ជួនកាល យើងជាសេះខ្វាក់ ដែលត្រូវពឹងលើការនាំមុខ ដោយសំលេងកណ្ដឹងរបស់មនុស្ស ដែលព្រះជាម្ចាស់ បានរៀបចំអោយមាន នៅក្នុងជីវិតរបស់យើង។ ជួនកាលទៀត យើងជាសេះដែលភ្លឺភ្នែក ជួយអ្នកដទៃស្វែងរកផ្លូវរបស់គេ។
មិត្តសំលាញ់ល្អ គឺដូច្នេះឯង…. អ្នកមិនបានឃើញគេរាល់ថ្ងៃមែន ប៉ុន្តែអ្នកដឹងថា អ្នកអាចពឹងពាក់គេបាន នៅគ្រាចាំបាច់។
សូមមិត្តស្តាប់សំលេង កណ្ដឹងនៃមិត្តរបស់ខ្ញុំ នៅខណៈដែលខ្ញុំផ្ទៀងស្តាប់ សំលេងកណ្ដឹងរបស់មិត្ត, ហើយសូមមិត្តចងចាំថា ត្រូវ…
• រស់នៅយ៉ាងសាមញ្ញ
•• ស្រឡាញ់អោយបានច្រើន
••• យកចិត្តទុកដាក់ អោយបានជ្រាលជ្រៅ
•••• និយាយដោយសុភាព
••••• ត្រូវមានក្តីមេត្តាអោយច្រើន ចំពោះមនុស្សគ្រប់រូប, ដ្បិតអីអ្នកដែលមិត្តជួប, សុទ្ធប្រឈម នឹងបញ្ហាអ្វីម្យ៉ាងដូចនៅក្នុងជីវិត