លាក្នុងអណ្តូង


នៅថ្ងៃមួយ សត្វលាមួយក្បាល របស់កសិករម្នាក់ បានធ្លាក់ចូលអណ្តូងមួយ។ សត្វលាស្រែករោទ៍ យ៉ាងកំសត់ អស់ជាច្រើនម៉ោង នៅខណៈដែល កសិករដែលជាម្ចាស់ កំពុងត្រិះរិះ ថាគួរធ្វើយ៉ាងណា។ នៅទីបំផុត គាត់បានសម្រេចចិត្តថា ដោយព្រោះតែ លាមួយក្បាលនេះ ចាស់ណាស់ទៅហើយ, ហើយគាត់ក៏ត្រូវការ លុបអណ្តូងនេះ ចោលផងដែរនោះ, ដូច្នេះ បើចង់សង្គ្រោះវា គឺហាក់ដូចជា មិនថួននឹងតម្លៃ ដែលគាត់ត្រូវបង់ចំណាយឡើយ។

គាត់បានអញ្ជើញ អ្នកជិតខាង របស់គាត់ អោយមកជួយ លុបអណ្តូង។ ពួកគេ បានចាប់យក ប៉ែលម្នាក់មួយ ហើយចាប់ផ្តើម ចូកដីបោះចូល ទៅក្នុងអណ្តូង។ កាលពីដំបូង សត្វលា ហាក់ដូចជាយល់សភាពការណ៍, ស្រែករោទ៍ដោយក្តីរន្ធត់។ បន្ទាប់មកបន្តិច វាក៏ចាប់ផ្តើមស្ងាត់ទៅវិញ ដែលជាការណ៍ចម្លែកមួយ សម្រាប់មនុស្សគ្រប់គ្នា។

ប៉ុន្មានប៉ែល ក្រោយមកទៀត, កសិករបានអើត សម្លឹងមើល ទៅក្នុងអណ្តូង។ គាត់មានការភ្ញាក់ផ្អើល នៅពេលដែល គាត់ឃើញថា ដីមួយប៉ែល មួយប៉ែល ដែលគេចូក បោះទៅលើវា, វារលាស់ខ្លួន ជម្រុះដីទៅក្រោម រួចហើយជាន់ឡើង មកលើមួយជំហាន។

នៅពេលដែល អ្នកជិតខាង របស់កសិករ បន្តការចូកដី បោះទោះលើសត្វលា, វាបន្តរលាស់ខ្លួន ជម្រុះដីទៅក្រោម ហើយជាន់ឡើង មួយជំហានម្តងៗ រហូតបានមកដល់ មាត់អណ្តូង ហើយរត់ត្រុយ ចេញទៅ ដោយក្តីរីករាយ។

ដំបូន្មាន ក្នុងរឿងនេះ គឺចង់បង្រៀន អោយយើងដឹងថា ជីវិតច្បាស់ជា នឹងចូកដីសព្វបែបយ៉ាង បោះមកលើយើង, បានសេចក្តីថា ជីវិតគឺពោរពេញ ដោយក្តីលំបាក គ្រប់ជំពូក។ ដូច្នេះ ល្បិចដ៏ល្អមួយ សម្រាប់រំដោះខ្លួន អោយរួចផុត ពីបាតអណ្តូង គឺត្រូវរលាស់ដីចេញ ហើយឈានឡើង មួយជំហានម្តង, មួយជំហានម្តង។ បញ្ហានីមួយនីមួយ របស់យើង គឺគ្រាន់តែជា គ្រឿងជំនួយ ជួយអោយយើង ឈានទៅមុខប៉ុណ្ណោះ។ យើងអាចងើបផុតពី បាតអណ្តូង ដ៏ជ្រៅមួយ ដោយគ្រាន់តែតស៊ូ ឥតបោះបង់។ ចូរកុំភ្លេចរលាស់វាចេញ ហើយឈានឡើង មួយជំហានម្តង, មួយជំហានម្តង!

អ្នកណាជាអ្នកសម្រេចពិតប្រាកដ


ម៉ោងប្រាំកន្លះ… ខ្ញុំអើតតាមបង្អួច ឃើញពន្លឺព្រឹមៗ នៃអរុណោទ័យ ដែលជាសញ្ញាប្រាប់ថា ថ្ងៃថ្មីបានមកដល់ហើយ។ នៅក្នុងថ្ងៃនេះ, មានតែខ្ញុំម្នាក់គត់ ដែលអាចសម្រេច ថាថ្ងៃថ្មីនេះ នឹងក្លាយទៅជាយ៉ាងណា។ វាអាចជាថ្ងៃដែលមមាញឹក ប្រកបដោយពន្លឺត្រចង់ និងសំណើចរីករាយ, ឬក៏អាចជាថ្ងៃដ៏អផ្សុក, មេឃស្រទុំ ពោរពេញដោយ ភាពសៅហ្មងនៅក្នុងចិត្ត។

ភាវៈនៃគំនិតរបស់ខ្ញុំ គឺជាគន្លឹះយ៉ាងសំខាន់ ដ្បិតអី ខ្ញុំគឺជាមនុស្សតែម្នាក់គត់ ដែលអាចបណ្តោយ អោយខ្លួនខ្ញុំ ទៅជាយ៉ាងណា។

ខ្ញុំអាចគិតដល់អ្នកដទៃ ហើយធ្វើអ្វីគ្រប់យ៉ាង ដើម្បីជួយ តាមដែលខ្ញុំអាចធ្វើ ឬខ្ញុំអាចអាត្មានិយម ដោយគិតតែអំពីខ្លួនឯង។ ខ្ញុំអាចរីករាយនឹងអ្វីដែលខ្ញុំធ្វើ ហើយធ្វើវាដោយក្តីសប្បាយ ឬខ្ញុំអាចមួរម៉ៅ រអ៊ូរទាំ ហើយធ្វើអោយពិបាកដល់គេឯង។

ខ្ញុំអាចអត់ធ្មត់ ជាមួយអ្នកដែលមិនយល់ ឬខ្ញុំអាចប្រមាថ ហើយធ្វើអោយគេឈឺចិត្ត តាមដែលខ្ញុំអាចធ្វើបាន។

ប៉ុន្តែខ្ញុំមានការទុកចិត្តចំពោះខ្លួនឯង ហើយជឿថា អ្វីដែលខ្ញុំនិយាយ, អ្វីដែលខ្ញុំធ្វើ, ខ្ញុំនឹងធ្វើដោយក្តីរីករាយ ហើយធ្វើយ៉ាងណា អោយមានន័យបំផុត សម្រាប់ថ្ងៃថ្មីនេះ!!!

យើងរៀន


យើងរៀន យើងអាន យើងសរសេរ
មិននៅគ្នាន់គេ្នរ ទម្រន់ខ្លួន
ងើបឡើងសិក្សាអោយមាំមួន
ខាត់កោសល្យខ្លួនអោយស្រស់់ស្អាត។

ទោះយើងក្រីក្រក៏មិនថ្វី
ធ្វើការពេលថ្ងៃយប់សង្វាត
រៀនជុំបងប្អូនប្រឹងឱហាត
អានគ្រប់ក្បួនខ្នាតយ៉ាងជក់ចិត្ត។

បងបង្រៀនប្អូនស្ងួនវិជ្ជា
រួមទាំងអស់គ្នាយ៉ាងប្រៀងប្រិត
អានហើយពិគ្រោះន័យល្អន់ល្អិត
ស្រង់យកគំនិតផ្តិតជីវ៉ា។

យើងរៀនដើម្បីក្តីថ្កុំថ្កើង
ចម្រើនរុងរឿងសឿងថ្លៃថ្លា
រស់នៅសុខដុមដោយប្រាជ្ញា
ស្មារតីភ្លឺថ្លាព្រោះវិជ្ជា។

អ្នកស្រីកែវច័ន្ទបូរណ៍

 

 

 

រឿង​របស់​សេះពីរក្បាល


នៅ​មិន​ឆ្ងាយប៉ុន្មានពីផ្ទះខ្ញុំប៉ុន្មាន, មាន​​ផ្លូវ​​មួយតូច​ល្មមមួយ ​​អាចអោយឡាន​​បរ​ទៅ​មក​បាន។ នៅ​តាមបណ្តោយ​ផ្លូវ មាន​វាល​មួយ​។ នៅ​ក្នុង​វាល​នោះ មាន​សេះ​ពីរ​ក្បាល។

បើ​មើល​ពី​ចម្ងាយ អ្នកនឹង​ឃើញថា សេះ​ទាំងពីរក្បាល គឺ​ជា​សេះ​ធម្មតាប៉ុណ្ណោះ។ ប៉ុន្តែ​ប្រសិន​បើ​អ្នកឈប់រថយន្ត ហើយ​ដើរ​​ទៅ​ក្បែរ​របង, អ្នក​នឹងសង្កេត​ឃើញ​នូវ​ភាព​អស្ចារ្យ​ នៃ​សេះទាំងពីរ​នេះ ដែល​មាន​សេះមួយ​ ជាសេះ​​ខ្វាក់ភ្នែកទាំងគូ។

ម្ចាស់​របស់​សេះ​នេះ មិន​ត្រឹម​តែមិន​បាន​ បោះបង់សេះ​ខ្វាក់នេះទេ ​ប៉ុន្តែ​ថែម​ទាំងបានធ្វើ​រោង​យ៉ាង​ស្អាតមួយ ទុក​អោយ​វានៅ​ទៀត​ផង។ គ្រាន់​តែ​ការណ៍​នេះ វា​ជា​រឿ​ងអស្ចារ្យ​ណាស់​ទៅ​ហើយ។ ​

បើ​អ្នកយក​ចិត្ត​ទុកដាក់​​ស្តាប់​បន្តិច អ្នក​នឹង​ឮ​សំលេង​កណ្តឹង​ ល្វើយៗ​ពីចម្ងាយ។ នៅ​ពេល​អ្នក​រំពៃរក​មើល​ប្រភព​សំលេង អ្នក​នឹង​ឃើញថា សំលេង​​​នេះជា​​ចេញ​មកពី​​សេះ​មួយ​ទៀត ដែល​មាន​រាង​តូច​ជាងសេះខ្វាក់បន្តិច។

ភ្ជាប់​នៅ​លើ​ខ្សែ​បង្ហៀ ​របស់​សេះ​មួយ​ក្បាល​ទៀតនោះ គឺ​កណ្ដឹង​តូចមួយ ដែល​សម្រាប់​បន្លឺ​សំលេង ដើម្បី​អោយ​សេះ​​ដែល​ខ្វាក់​ភ្នែក អាច​ដឹងថា សេះ​មួយ​ក្បាល​ទៀតនៅ​ទីណា ហើយ​វា​អាច​ដើរតាម។

នៅ​ពេល​ដែល​អ្នក កំពុង​តែ​ឈរ​សម្លឹង​មើល សំលាញ់​ទាំង​ពីរ​នេះ, អ្នក​នឹងសង្កេត​ឃើញថា សេះ​​​ភ្លឺភ្នែកដែលមាន​កណ្តឹង​​ជាប់ក តែង​តែ​ងាក​មក​ក្រោយ​ជារឿយៗ ដើម្បី​​មើល​សេះ​ដែល​ខ្វាក់​ភ្នែក, ហើយ​សេះ​ដែល​ខ្វាក់​ភ្នែកនោះ តែងតែ​ផ្ទៀង​ស្តាប់​ស្នូរ​កណ្ដឹង ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​ដើរ​យឺតៗ ឆ្ពោះ​ទៅ​កាន់​សេះ​មួយទៀត ដោយ​ការ​ជឿជាក់ មិន​ខ្លាច​វង្វេង​ផ្លូវ​ឡើយ។

រៀង​រាល់​ល្ងាច នៅពេលដែល​​ពួកវា ត្រូវត្រឡប់​ចូល​រោង​នៅ​ក្នុង​ក្រោល, សេះ​ដែល​មានកណ្ដឹង​ តែង​តែ​ឈប់​ជា​រឿយៗ ហើយ​ងាក​មើល​ក្រោយ ដើម្បី​អោយ​ច្បាស់ថា សំលាញ់​​របស់​ខ្លួន ស្ថិត​នៅ​ជិត​ល្មម​ អាច​ស្តាប់​ឮ​សំលេង​កណ្ដឹង។

ដូចគ្នា​នឹង​ម្ចាស់ ​របស់សេះ​ខ្វាក់​នេះ​ ដូច្នោះដែរ, ព្រះ​ជា​ម្ចាស់ មិន​បោះបង់​យើង​ចោល ដោយ​ព្រោះ​តែ​យើង មិន​គ្រប់​លក្ខណៈ ឬ​ដោយ​ព្រោះ​តែ​យើង មាន​បញ្ហា ឬ​ពិការ​ភាព​នោះ​ឡើយ។ ព្រះ​​ជា​ម្ចាស់​តែង​តែ​ យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើងជានិច្ច ហើយ​នាំ​មនុស្ស​ផ្សេង​ទៀត ចូល​មក​ក្នុង​ជីវិត​របស់​យើង ដើម្បី​ជួយ​យើងក្នុង​ពេល​មាន​ការ។

ជួន​កាល​ យើង​ជា​សេះ​​ខ្វាក់ ដែល​ត្រូវ​ពឹង​លើ​ការ​នាំ​មុខ ដោយ​សំលេង​កណ្ដឹង​​របស់​មនុស្ស​ ដែល​ព្រះ​ជា​ម្ចាស់ បានរៀប​ចំ​អោយ​មាន នៅ​ក្នុង​​​ជីវិតរបស់​យើង។ ជួន​កាល​​ទៀត យើង​ជា​សេះ​​ដែល​ភ្លឺភ្នែក ជួយ​អ្នក​ដទៃ​​ស្វែង​រក​ផ្លូវ​របស់​គេ។

មិត្ត​សំលាញ់​ល្អ គឺ​ដូច្នេះឯង…. អ្នក​មិន​បាន​ឃើញ​គេ​រាល់ថ្ងៃមែន ប៉ុន្តែ​អ្នក​ដឹងថា ​អ្នក​អាច​​ពឹង​ពាក់​គេបាន នៅ​គ្រាចាំបាច់។

សូម​មិត្តស្តាប់​សំលេង​ កណ្ដឹង​នៃ​មិត្ត​របស់ខ្ញុំ នៅ​ខណៈ​ដែល​ខ្ញុំផ្ទៀង​ស្តាប់ ​សំលេង​កណ្ដឹង​របស់មិត្ត, ហើយ​សូមមិត្ត​ចង​ចាំថា ត្រូវ…

• រស់​នៅ​យ៉ាង​សាមញ្ញ
•• ស្រឡាញ់​អោយបាន​ច្រើន
••• យក​ចិត្តទុកដាក់ អោយ​បាន​ជ្រាលជ្រៅ
•••• និយាយ​ដោយ​​សុភាព
••••• ត្រូវ​មាន​ក្តី​មេត្តាអោយ​ច្រើន​ ចំពោះ​មនុស្ស​គ្រប់​រូប​, ដ្បិតអី​អ្នក​ដែល​មិត្ត​ជួប, សុទ្ធប្រឈម ​នឹង​បញ្ហា​​អ្វី​ម្យ៉ាងដូច​នៅក្នុងជីវិត​

សិល្បៈប្រើវោហារបង្ហូរគំនិត


ដោយ នភ ហង្ស ផលា

អ្នកប្រាជ្ញ មិនមែនជាប្រាជ្ញ ដោយការនិយាយច្រើន តែប្រាជ្ញដោយសារគំនិតនិងការប្រព្រឹត្ត ប្រកប ដោយ សីលធម៌ គុណធម៌ និងការនាំនូវគតិបណ្តុះនូវគុណប្រយោជន៍ សម្រាប់មនុស្សផង ជាទូទៅ ដោយការប្រើពាក្យពេចន៍ ប្រពៃថ្លៃថ្នូរ មានន័យខ្លឹមសារ មានគំនិតនិងឆន្ទៈ ឧត្តុង្គឧត្តម មានសច្ចៈភាព សមរម្យតាមកាលៈទេសៈ មានន័យថា អ្នកប្រាជ្ញទាំងឡាយ រមែងត្រិះរិះ គិតវែកញែក វិភាគល្អិតល្អន់ ច្បាស់លាស់ អំពីគុណសម្បត្តិនិងគុណវិបត្តិ ដែលជាផលនៃ ពាក្យពោលស្ដីរបស់ខ្លួន ទាំងឡាយ។ ដូច្នេះ យើងគប្បីជ្រើសរើស គំរូល្អរបស់លោកបែបខាងលើនេះ យកមកប្រើប្រាស់ ដើម្បី បង្កើនថ្វីដៃនិពន្ធរបស់យើង អោយឈានចូល កម្រិតមួយ យ៉ាងខ្ពស់ត្រដែត គង់វង្សយូរអង្វែង។

ពូជពង្សសាវតារខ្មែរជាអ្នកសិល្បៈកាព្យឃ្លោង

បើសិនយើងនាំគ្នាសង្កេត អោយជាក់លាក់ទៅ យើងនឹងបានឃើញថា ស្មេរខ្មែរដ៏ល្បីល្បាញ ទាំងឡាយ ច្រើននិយមជ្រើសរើស ចងក្រងអក្សរសិល្ប៍ លក្ខណៈ កម្រងកែវ បែប កំណាព្យ (ដូចជានៅក្នុងរឿង រាមកេរ្តិ៍ ក្រុងសុភមិត្រ ទុំទាវ ច្បាប់អប់រំ ច្បាប់ផ្សេងៗ) ចម្រៀង(ទំនុកច្រៀងមហោរី ប្រពៃណី ប្រជាប្រិយ និងសម័យ) និង ភាសិតផ្សេងៗ ជាដើម។ មូលហេតុចំបងដែលខ្មែរយើងមាន ទម្លាប់ សរសេរ បែបកាព្យឃ្លោង គឺមកពីឥទ្ធិពលនៃ តន្ត្រីនិងសិល្បៈ បានដោតដាំ ក្នុងសន្ដានរបស់យើង តាំងពី បុរេកាលមក ដោយសារការយល់ឃើញ ជាប់ជានិច្ចថា ‍‌ជីវិតខ្មែរគឺជាសិល្បៈ សិល្បៈគឺជាជីវិតខ្មែរ។ ទស្សនៈនេះ បានញ៉ាំងអោយប្រទេសជាតិខ្មែរ ទទួលនូវការរីកដុះដាលចម្រុងចម្រើន ច្រើនសម័យកាល រាប់មិនអស់ រហូតធ្លាប់ត្រូវបានគេទទួលស្គាល់ទូទាំងសកលលោក ថា ជាអាណាចក្រមួយ ដែលប្រកបដោយវប្បធម៌ និង អរិយធម៌យ៉ាងខ្ពង់ខ្ពស់ ត្រកុំត្រកាល ទៀតផង។ ទន្ទឹមនឹងការរីកចម្រើននេះ កម្រងកែវ ផ្នែកកំណាព្យកាព្យឃ្លោង ក៏បានក្លាយជា គោលចំបងនៃការនិពន្ធអក្សរសិល្ប៍ខ្មែរ ដែលអ្នកប្រាជ្ញបញ្ញវ័ន្ដ និងកវីរបស់យើង ជាច្រើនជំនាន់តមក និយមជ្រើសយកមកធ្វើជាគោល ក្នុងការសរសេរ ផ្តិតគំនិតនិងឆន្ទៈរបស់ខ្លួន នៅក្នុងការណែនាំអ្នកអាន អោយបានទទួលនូវការកំសាន្តផង ទទួលចំណេះចេះដឹងផង និងបណ្តុះស្មារតីជាតិនិយមផង ព្រមជាមួយគ្នាយ៉ាងពេញទំហឹង តែម្តង។ ដោយមូលហេតុនេះ ទើបយើងឃើញ សិល្បៈកំណាព្យ បានធ្វើដំណើរវិវដ្តជ្រួតជ្រាបក្នុងជីវិតរបស់ខ្មែរ គ្រប់ស្រទាប់វណ្ណៈ រហូតមានជាប់ជាទំនៀមទម្លាប់ តរៀងដល់សព្វថ្ងៃនេះ ដូចជាប្រភេទ សំនៀងតូរ្យតន្ត្រី ដែលគេច្រៀងប្រគំឡើង នៅពេលមានបុណ្យទាន ឬពិធីសំខាន់ៗ ដូចជា ពីធីមង្គលការ ពីធីឡើងផ្ទះ ពិធីបង្កក់កូនចៅ ពិធីឈាបនកិច្ច ជាដើម។

កវី ការគិត និង ការបង្ហូរគំនិត

កវីទាំងឡាយ ច្រើនផ្តល់ការវិភាគលំអិត ទៅលើអ្វីៗទាំងពួង ដែលទាក់ទិនទៅនឹងរឿងរ៉ាវ ក្នុងជីវិត របស់ខ្លួន ឬក្នុងសង្គម ត្បិតអី កវីជាប្រភេទអ្នកនិពន្ធ ដែលចូលចិត្តធ្វើការសង្កេត ពិនិត្យ ល្អិតល្អន់ ជាទីបំផុត។ មិនថានៅទីណា កន្លែងណា កវីតែងសម្លឹងរក លក្ខណៈប្លែកៗ ពិសេសៗ អស្ចារ្យ នៃអ្វីៗជុំវិញខ្លួនជានិច្ច ហើយចងក្រងនូវគំហើញផ្សេងៗរបស់គេ ទុកជាបទចម្រៀង ឬ ជាកំណាព្យផ្សេងៗ ដែលមានចុងចួនពិរោះរណ្ដំ តាមក្បួនខ្នាតនៃសិល្បៈកំណាព្យខ្មែរ។ កវីឆ្នើម ច្រើនមានទេពកោសល្យខ្ពស់ក្នុងការប្រើប្រាស់ពាក្យពេចន៍ ពិរោះរណ្ដំ តាមលក្ខណៈអក្សរសិល្ប៍ ដើម្បីបង្ហាញនូវគំនិត និង អារម្មណ៍ផ្សេងៗ ដែលទាក់ទងទៅនឹងសោភ័ណជីវិត និងប្រយោជន៍ទាំងឡាយ ដែលនាំជីវិត អោយកាន់តែថ្កុំថ្កើងរុងរឿង។ លក្ខណៈពិសេសនៃសំណេរកវី គឺផ្តោតទៅលើ គោលការណ៍ច្បាស់លាស់ មានចេតនាអ្វីមួយពិត ប្រាកដ ដែលធ្វើអោយអារម្មណ៍ អ្នកអានរំភើបរីករាយសប្បាយ និងទទួលភាពរមនានៅក្នុងចិត្ត ទើបស្នាដៃនិពន្ធនិមួយៗនោះ មានអត្ថន័យ រសខ្លឹមសារ ពណ្ណរាយ សម្រាប់កវីខ្លួនឯងផង សម្រាប់អ្នកអានទាំងឡាយផង។ ស្នាដៃចងក្រងនិមួយៗ ជាប្រភព បែងចែកកវីនិពន្ធ អោយមានលក្ខណៈ ពិសេសៗ រៀងៗខ្លួន យោងទៅតាមគំនិត ប្រាជ្ញា និង ការបណ្ដុះភាពរីករាយរបស់កវីចំពោះអ្នកអាន។

ជាធម្មតា កវីច្រើនមានគោលបំណងក្នុងការចងក្រងអត្ថបទអក្សរសិល្ប៍ ដូចជា៖

១. និពន្ធដើម្បីកំសាន្ដ សប្បាយជាទូទៅ

២. និពន្ធដើម្បីរៀបរាប់អំពីបទពិសោធន៍ និង អារម្មណ៍របស់អ្នកនិពន្ធ

៣. និពន្ធដើម្បីបញ្ចេញមតិយោបល់ ឬ គំនិតផ្សេងៗ ទាក់ទងទៅនឹងសង្គម និង ជីវិត

៤. និពន្ធដើម្បីការអប់រំទូន្មាន បណ្ដុះប្រាជ្ញា និង បង្កើនស្មារតីទទួលខុសត្រូវរបស់មនុស្សក្នុងសង្គម

១. និពន្ធដើម្បីកំសាន្ដ សប្បាយជាទូទៅ

កវីដែលនិពន្ធសម្រាប់កំសាន្ដ ច្រើនរៀបរាប់ពីសម្ព័ន្ធចំណងដួងចិត្ត រវាងអ្នកនិពន្ធ និង ធម្មជាតិស្រស់ត្រកាល ពីសេចក្ដីស្រឡាញ់ ប្រតិព័ទ្ធ ភក្ដីភាព ឬ ពីអារម្មណ៍រំជើបរំជួល ជ្រួលក្នុងបេះដូង ដូចជានៅក្នុងបទចម្រៀង ឬ កំណាព្យកាព្យឃ្លោងពិរោះរណ្ដំ ដើម្បីខាបអារម្មណ៍អ្នកស្ដាប់ អោយអណ្ដែតអណ្ដូង តាមរយៈសំនួនវោហារដ៏ផ្អែមល្ហែមរបស់អ្នកនិពន្ធ។ កវីយើង និយមចងក្រងពីសោភ័ណ ធម្មជាតិ មានដូចជា ទឹកជ្រោះ ព្រឹក្សាលតាវល្លិ៍ ព្រៃភ្នំក្រំថ្ម ទឹករលកសមុទ្រ ជើងមេឃ ពពកខ្យល់ ម្រឹគីម្រឹគា បក្សីបក្សា មច្ឆា និង ភូមិករ។ល។ ទាំងនេះជាលក្ខណៈពិសេស ដែលកវីបញ្ចេញទឹកដមស្នាដៃបង្កអារម្មណ៍អ្នកអាន អោយយល់នូវភាពរមនា សប្បាយរីករាយ ក្សេមក្សាន្ដ នៅក្នុងក្រអៅបេះដូង។

២. និពន្ធដើម្បីរៀបរាប់អំពីបទពិសោធន៍ និង អារម្មណ៍របស់អ្នកនិពន្ធ

នៅក្នុងរឿងជីវិតជាទូទៅ មនុស្សយើងម្នាក់ៗ រមែងឆ្លងកាត់ហេតុការណ៍ច្រើនរាប់មិនអស់ ដែលជាបទពិសោធន៍ផ្ទាល់ខ្លួន ប្លែកៗ ផ្សេងៗគ្នា។ ជួនកាលកវីយើងខ្លះ មានត្រឹមតែបទពិសោធន៍ផ្ទាល់ខ្លួននេះ សម្រាប់់បន្ធូរបន្ថយភាពតានតឹង ដែលមានក្នុងចិត្តរបស់ខ្លួន អោយបានធូស្រាល នៅពេលដែលកំពុងប្រឈមមុខនឹងអារម្មណ៍ណែនណាន់ តានតឹង ពិបាកអ្វីមួយ។ បទពិសោធន៍មិនល្អ បង្ករអោយមានអារម្មណ៍មិនល្អ។ នេះជាហេតុនាំអោយកវីយើង មួយចំនួន និយមលើកយកតែអារម្មណ៍ហ្មួហ្មងរបស់ខ្លួន មកបញ្ចេញតាមរយៈទឹកខ្មៅចុងប៉ាកា ដែលជាហេតុបង្ក និង ជម្រុញអោយអ្នកអាន មានអារម្មណ៍ធុញថប់ តប់ប្រមល់ តាមអត្ថរសសំណេរអវិជ្ជមានរបស់កវី ដូចជា ការសរសេរអំពីគំនុំសងសឹក លាយឡំនិង កំហឹងទោសៈ ស្អប់ខ្ពើម និន្ទារិះគន់ ច្រណែន ប្រទុស្តឫស្យា ការបន្ទាបបន្ថោកតម្លៃមនុស្សភាពរបស់ខ្លួន ឬ អ្នកដទៃ ជាដើម។ ប្រការនេះ ជាបញ្ហាដ៏ធំមួយនៅក្នុង សង្គមខ្មែរបច្ចុប្បន្ននេះ ព្រោះថា ការចងក្រងតាមលក្ខណៈអវិជ្ជមាន បានបាក់ក្លាយជាផ្នត់គំនិត ចាក់ស្រែះ ក្នុងអត្ថបទអក្សរសិល្ប៍ខ្មែរ ហើយនៅមិនទាន់ឃើញមានការកែប្រែ អោយប្រសើរ វិជ្ជមាន ច្រើននៅឡើយទេ។ ដើម្បីកែប្រែទម្លាប់មិនល្អនេះ ស្មេរទាំងឡាយ គប្បីរក្សាសតិស្មារតីរបស់ខ្លួនអោយមានលំនឹង និង រក្សាទឹកដមស្នាដៃ អោយឋិតនៅក្នុងភាពវិជ្ជមានជានិច្ច ជាពិសេសនៅពេលដែលចងក្រងអត្ថបទ ដែលនឹងមានប្រិយភាពយូរលង់ចេរកាល នៅក្នុងប្រវត្តិអក្សរសិល្ប៍ខ្មែរ។ ស្មេរទាំងឡាយ គប្បីសិក្សា សម្រាំងយកក្បួនល្អៗ ពីកវីបណ្ឌិត និង អ្នកប្រាជ្ញខ្មែរ ដូចដែលយើងនបានរៀបរាប់ពីខាងដើម។ នៅពេលណាដែលស្មេរ ចងក្រងអត្ថបទ ដែលនាំមកនូវភាពរុងរឿង ថ្កុំថ្កើង ក្សេមក្សាន្ដ នោះសង្គមខ្មែរយើង នឹងបរិបូរណ៍ទៅដោយភាពវិជ្ជមាន មានវឌ្ឈនៈភាព និងសុខមាលភាព ក្នុងដួងចិត្តយ៉ាងពិតប្រាកដ។

៣. និពន្ធដើម្បីបញ្ចេញមតិយោបល់ ឬ គំនិតផ្សេងៗ ទាក់ទងទៅនឹងសង្គម និង ជីវិត

សិទ្ធសេរីភាពក្នុងការបញ្ចេញមតិយោបល់ មានតម្លៃខ្លាំងណាស់សម្រាប់ការរីកចំរើនរបស់សង្គមយើង ព្រោះថា គំនិតនិមួយៗ មិនដូចគ្នា ហើយអាចនាំប្រយោជន៍ដល់សង្គមយើង ប្រសើរៗ ផ្សេងៗគ្នាដែរ។ កវីនិពន្ធយើងមួយចំនួន បានស្គាល់ច្បាស់នូវតម្លៃនេះហើយ ក៏បានខំប្រឹងព្យាយាម យកក្បួនតែងកំណាព្យផ្សេងៗ មកប្រើប្រាស់ ជាទបង្ហូរគំនិត ឆន្ទៈ និង ការពិសោធន៍ផ្ទាល់ខ្លួន ដើម្បីដុះខាត់នូវទេពកោសល្យរបស់ខ្លួន ដើម្បីពង្រីកនិងពង្រឹង ភាពរីកចម្រើនក្នុងផ្នែកអក្សរសិល្ប៍ខ្មែរផង ក្នុងការបណ្ដុះបណ្ដាល គំនិតពណ្ណរាយ របស់មនុស្សក្នុងសង្គមជាតិផង។ មតិយោបល់ ដែលមានតម្លៃបំផុតគឺជាមតិដែលនាំនូវសារៈប្រយោជន៍ប្លែកៗ យ៉ាងបរិបូណ៌ដល់សង្គម ក្នុងគោលបំណងកែលំអរអោយបានប្រសើរជាងមុន អោយមានភាពរីកចំរើន អោយមានការដុះដាល ទាំងប្រភពធនធានមនុស្ស និង សង្គម ជាទូទៅ។ រីឯគំនិតល្អៗទាំងនោះវិញសោត ក៏អាស្រ័យទៅលើការដែលយើងអាចយកគំនិតនោះទៅអនុវត្តន៍ ប្រើប្រាស់ បានដោយមានប្រសិទ្ធភាពជាក់ស្ដែង។ កវីដែលមានគោលដៅបែបនេះ ច្រើនសរសេររៀបរាប់លើកយកហេតុផល គុណសម្បត្តិ មកបង្ហាញ ដើម្បីជាឯកសារយោង គាំទ្រគំនិតយោបល់របស់ខ្លួន។ កាលបើអ្នកអានណាមួយ ប្រទះស្នាដៃ និង គំនិតជ្រៅជ្រះបែបលក្ខណៈខាងលើនេះ គួរឆ្លៀតឱកាស ស្រង់គំនិត និងមតិយោបល់ល្អៗទាំងឡាយនោះ មកវិភាគ ពិចារណាអោយបានហ្មត់ចត់ មុននឹងយកទៅអនុវត្តន៍ពិសោធន៍ អោយបានឃើញជាក់ច្បាស់។

៤. និពន្ធដើម្បីការអប់រំទូន្មាន បណ្ដុះប្រាជ្ញា និង បង្កើនស្មារតីទទួលខុសត្រូវរបស់មនុស្សក្នុងសង្គម

ភ័ព្វសំណាងមួយរបស់ខ្មែរគឺ ប្រទេសយើងបរិបូណ៌ ទៅដោយអ្នកប្រាជ្ញ សឹងតែគ្រប់សម័យកាល គ្រប់ជំនាន់ ជាពិសេស អ្នកប្រាជ្ញដែលមានឆន្ទៈមុតមាំក្នុងការអប់រំ ណែនាំ កូនចៅ អោយទទួលនូវគំនិត និង ការទូន្មានល្អៗ ទៅអនុវត្តន៍ បណ្ដុះបណ្ដាលភាពរីកចម្រើន និង សុភមង្គលក្នុងជីវិត។ ជាតិជាអ្នកប្រាជ្ញ រមែងប៉ិនប្រសប់ ក្នុងការស្វែងរកវិធីសាស្ដ្រផ្សេងៗ ដើម្បីអប់រំ ណែនាំ បង្ហាញផ្លូវ ក្នុងចំណោមនោះ មានការសរសេរចងក្រងគំនិតអប់រំ ជាកំណាព្យ ជាកម្រងកែវទំនុកចម្រៀង ជាភាសិត ពិរោះៗ ជាពាក្យស្លោក ជាច្បាប់ទូន្មាន ជារឿងព្រេងនិទាន ជារឿងប្រលោមលោក ជាអត្ថបទសិក្សា ផ្សេងៗ។ល។

កវីអ្នកប្រាជ្ញរបស់យើង និយមលើកយកសេចក្ដីល្អ ក្នុងសីលធម៌ និង គុណធម៌ ចាំបាច់សម្រាប់ការរស់នៅ ដោយសុខសន្តិភាព និង វឌ្ឍនៈភាព ដូចជា៖

– កំណត់សម្គាល់នូវសេចក្ដីល្អ និង វិន័យប្រចាំខ្លួន គឺ សីលធម៌

– កំណត់សម្គាល់នូវអំពើល្អ របស់មនុស្ស គឺ គុណធម៌

– ការសម្ដែងកតញ្ញូតា ចំពោះអំពើល្អ របស់បុគ្គល ដូចជាអ្នកមានគុណ គ្រូបាអាចារ្យ ជាដើម។

– កំណត់សម្គាល់នូវសេចក្ដីព្យាយាមរបស់មនុស្ស ដើម្បីជម្រុញ ពង្រឹងចិត្តកូនចៅ អោយខិតខំតស៊ូ បំពេញកិច្ចការ តាមមុខនាទី។

– ពង្រឹងស្មារតីទទួលខុសត្រូវ របស់កូនចៅ ដូចជាការផ្ដល់ឳវាទ អប់រំ រំលឹកដាស់តឿន កូនចៅ ឬ មនុស្សទាំងឡាយក្នុងសង្គម អោយប្រព្រឹត្តខ្លួនសមរម្យ ក្នុងការចិញ្ជឹមជីវិតដោយសុចរិត ដោយកម្លាំងសតិប្រាជ្ញា កម្លាំងកាយចិត្ត និងមានស្មារតី មនសិការ រក្សាការពារ ផ្ទះសម្បែង ទីលំនៅ បរិដ្ឋាន ញាតិ មិត្រ ទ្រព្យសម្បត្តិ។ល។

– ពង្រីកសាមគ្គីភាព ដោយក្រើនរំលឹក អោយមនុស្សចេះសម្របសម្រួលខ្លួន ចិត្ត គំនិត រួមសហការរវាងគ្នានឹងគ្នា ដើម្បីសម្រេចគោលការណ៍អ្វីមួយ ព្រមទាំងបង្ហាញអោយមនុស្សគ្រប់រូប បានឃើញ បានយល់នូវសារៈប្រយោជន៍ និង កម្លាំងដ៏មុតមាំអស្ចារ្យនៃសាមគ្គីភាព។

– បណ្ដុះសុខមាលភាព គឺ ភាពកក់ក្ដៅក្នុងគ្រួសារ និង ពន្លាតឥទ្ធិពលនៃសុភមង្គលរបស់មនុស្ស ទៅលើសង្គមញាតិមិត្តជុំវិញខ្លួន និង សង្គមជាតិទាំងមូល។

– កំណត់សម្គាល់នូវសប្បុរសធម៌ យោគយល់ អធ្យាស្រ័យ របស់មនុស្សចំពោះមនុស្សដូចគ្នា គឺ ការលើកបង្ហាញនូវភាពប្រសើរ របស់បុគ្គល ដែលមានទង្វើល្អ មានអនុគ្រោះ និង ការអត់ អោន រវាងគ្នានឹងគ្នា។

ក្នុងចំណោមចំនុចសំខាន់ៗខាងលើ យើងគប្បីផ្ដល់តម្លៃ និង ចំណាប់អារម្មណ៍ ខ្ពស់បំផុតទៅលើ ការនិពន្ធដើម្បីអប់រំទូន្មាន បណ្ដុះប្រាជ្ញា និង ស្មារតីទទួលខុសត្រូវ។ សូមបញ្ជាក់ថា ការអប់រំដែលប្រសើរ ពុំមានការបង្គាប់បញ្ជា អោយអ្នកអានធ្វើអ្វីៗតាមពាក្យបញ្ជា ដោយមិនទុកឱកាស អោយគេបានពិចារណា គ្រប់ជ្រុងជ្រោយនោះឡើយ។ ផ្ទុយទៅវិញ ការអប់រំល្អប្រសើរ រមែងជួយអោយអ្នក ទទួលនូវពន្លឺប្រាជ្ញា និង ភាពស្រស់ត្រកាលក្នុងជីវិត ប្រកបដោយក្ដីសង្ឃឹមក្នុងដួងចិត្ត និង ភាពវិជ្ជមាននៅក្នុងគំនិតជានិច្ច ជាកាល។ ស្មេរអាចសម្រេចគោលបំណងធំនេះ ដោយប្រសិទ្ធបាន អាស្រ័យទៅលើទេពកោសល្យប្រើវោហារ បែបអ្នកប្រាជ្ញប៉ិនប្រសប់ ដើម្បីបញ្ចេញនូវគំនិតល្អៗ រាប់មិនអស់ សាបព្រោះក្នុងសង្គមខ្មែរ អោយរីកចម្រើនរុងរឿងនិរន្តន៍។

‹សច្ចៈភាពជាជំហរ សីលធម៌បរិបូណ៌ នាំអភិរម្យ គុណធម៌ប្រពៃជាគោលធំ យុត្តិធម៌មុតមាំជាកំពូល›

‹វិន័យជាគន្លឺះ ភាពថ្លៃថ្នូរជាគ្រឹះ ខន្តីជាជំហរ អភ័យជាគ្រឿងលំអ ចិត្តបវរជាសរសរគំនិតអ្នកប្រាជ្ញ› ‍‍

~ នហផ

តម្លៃនៃពាក្យ៖


បរិសកម្ម និង ប្រតិកម្ម គឺជាការឆ្លើយតបដូចគ្នា ប៉ុន្តែផ្សេងដោយឡែកពីគ្នាត្រង់ថា មួយមានតម្លៃវិជ្ជមាន, មួយទៀត មានតម្លៃអវិជ្ជមាន។

បរិសកម្ម គឺការឆ្លើយតបតាមរបៀបឆ្លាតវៃ ដោយប្រើសតិបញ្ញា ប្រកបដោយទំនួលខុសត្រូវខ្ពស់។ ឧទាហរណ៍ថា មានអ្នកណាម្នាក់ មកបញ្ចេញយោបល់ឡប់ៗ និយាយគ្មានដឹងខ្យល់អីសោះ, យើងឆ្លើយតបទៅគាត់វិញ តាមរបៀបឆ្លាតវៃ ដោយមិនប្រើសម្តីឡឺកឺដូចគាត់, ឬយើងមិនធ្វើការឆ្លើយតបក៏បាន ពីព្រោះវាគ្មានបានប្រយោជន៍អ្វី។ នៅក្នុងកាលៈទេសៈខ្លះ, ការមិនឆ្លើយតបសោះ គឺអាចជាការឆ្លើយតបដ៏ល្អបំផុត។

ប្រតិកម្ម គឺការឆ្លើយតបតាមរបៀបអគតិ ទៅតាមកំសួលអារម្មណ៍ ដែលគ្មានការពិចារណា។ ឧទាហរណ៍ថា មានអ្នកណាម្នាក់ មកបញ្ចេញយោបល់ឡប់ៗ និយាយគ្មានដឹងខ្យល់អីសោះ, យើងឆ្លើយតបទៅគាត់វិញ ដោយប្រើភាសាអសុរោះ, បង្កើតអោយមានអារម្មណ៍តានតឹង។

យើងអាចធ្វើការប្រៀបធៀប ដោយយកទឹកសុទ្ធមួយដប និងទឹកសូដាមួយដប មកក្រឡុក រួចហើយបើគម្របចេញ។ យើងនឹងបានឃើញថា ដបទឹកសូដា នឹងមានពពុះផ្ទុះហូរហៀរចេញមកខាងក្រៅ ដែលបង្ហាញអោយឃើញ ពីការខ្វះសមត្ថភាពគ្រប់គ្រងខ្លួនឯង, ងាយទទួលរងការប៉ះទង្គិច ហើយចាំតែមានប្រតិកម្មរហូត។

រីឯដបទឹកសុទ្ធ, ទោះបីជាយើងក្រឡុកវាយ៉ាងយូរ ហើយបើកគម្របចេញក៏ដោយ ក៏វានៅតែមានសភាពស្ងប់ស្ងៀមធម្មតា ដែលបង្ហាញអោយឃើញពីភាពទទួលខុសត្រូវខ្ពស់, មិនឆ្លើយតបតាមកំសួលអារម្មណ៍របស់ខ្លួន។

គិតលេងៗ ក្រែងអាចបង្កាត់ភ្លើង ដុតកម្ទេចវប្បធម៌នៃការជិះជាន់គ្នា


មានមនុស្សម្នាក់ បានប្រាប់ខ្ញុំថា បើអ្នកណាអាចទ្រាំនឹងសម្តីខ្ញុំបាន គឺជាមនុស្សដ៏មានអំណត់បំផុតហើយ។ ខ្ញុំគិតមើលឡើងវិញ, យល់ឃើញថា ពេលខ្លះ ពាក្យសម្តីរបស់ខ្ញុំ ពិតជាមុតខ្លាំងមែន។ អីចឹងតើបានជាសំបូរអ្នកជ្រិញនឹងខ្ញុំណាស់។ ប៉ុន្តែតាមពិតទៅ ខ្ញុំឥតដែលប៉ងប្រាថ្នារករឿងអ្នកណាសោះ។ ភាគច្រើន, គេច្រើនតែអញ្ជើញខ្លួនគេ មកឲ្យខ្ញុំទាត់ដោយពាក្យសម្តី។

ជាក់ស្តែង, ថ្ងៃមុន ពួកយើងបានជួបអុំប្រុសម្នាក់ នៅពេលកំពុងញ៉ាំអាហារ នៅក្នុងភោជនីយដ្ឋានមួយ។ គាត់បានដើរពីតុមួយផ្សេងទៀត មកអង្គុយរួមតុជាមួយពួកយើង ដោយគ្មានការអញ្ជើញ។ ដំបូងឡើយ, គាត់និយាយលេងនឹងពួកយើង ញុំតាមរបៀបធម្មតា បន្ទាប់មកចាប់ផ្តើមដេញដោលពីរឿងផ្ទាល់ខ្លួន តាំងពីអាយុ, ការងារ, ប្រាក់ចំណូល, ហើយទីបំផុត គាត់សួរថា មានប្រពន្ធហើយឬនៅ?

មិត្តភក្តិរបស់ខ្ញុំ ចេះតែលួចសម្លឹងមុខខ្ញុំ ហាក់ដូចជាចង់ប្រាប់ថា “Be cool, Bro!”។ គេធ្វើយ៉ាងនេះ ព្រោះគេយល់ចិត្តខ្ញុំច្បាស់ថា ខ្ញុំមិនចូលចិត្តការរំខាន ជាពិសេសការដេញដោល ជីកឫសជីកគល់ អំពីជីវិតផ្ទាល់ខ្លួន។ ខ្ញុំដឹងពីគោលបំណងរបស់មិត្តខ្ញុំ, ខ្ញុំក៏ឆ្លើយប្រាប់គាត់តាមសម្រួលថា ខ្ញុំអត់ទាន់បានរៀបការម្តងណានៅឡើយទេ។ ស្រាប់តែនៅពេលនោះ គាត់លាន់មាត់ថា “ស្លាប់អញហើយ! អាយុសែជាងទៅហើយ នៅរកប្រពន្ធមិនទាន់បាន។ អន់ម៉េះ?!” (នេះជាពាក្យគ្រប់ម៉ាត់របស់គាត់)។

ពេលឮដូច្នេះ ខ្ញុំក៏ដាក់ស្លាបព្រានិងសមទៅលើតុ, ទាញក្រដាសមកជូតមាត់, លើកកែវទឹកមកផឹកមួយក្អឹក ហើយឆ្លើយទៅកាន់គាត់វិញ មួយៗតាមសម្រួលថា៖ “អុំឯងមិនដែលស្គាល់ខ្ញុំសោះ, ហេតុអីអុំឯង ហ៊ានវាយតម្លៃខ្ញុំយ៉ាងហ្នឹង? មនុស្សម្នាក់មិនការប្រពន្ធ មិនមែនមានន័យថា គេអត់ស្នេហាឯណា!”។

គាត់ដាក់ពែងតែចុះ សម្លឹងមើលមកខ្ញុំ ហើយនិយាយទាំងខឹងថា “អញគ្រាន់តែនិយាយលេងផងមិនបាន? មិនបាច់មកប្រដៅអញទេ! អញចំណាស់នេះ មិនត្រូវការអាណាប្រដៅទេ!”។

ខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំ សម្លឹងមុខគ្នាដោយការហួសចិត្ត ហើយក៏អោនមុខចុះញ៉ាំបាយបន្តទៀត។
អុំប្រុសម្នាក់នោះ បានដើរចេញពីតុខ្ញុំ ទៅរួមតុមួយផ្សេងទៀត ដែលមានគ្នីគ្នាចាស់ៗដូចគាត់ដែរ។ ខ្ញុំលួចដៀងកន្ទុយភ្នែកមើលទៅតុនោះ ឃើញអុំម្នាក់នោះ កំពុងនិយាយជាមួយចាស់ៗឯទៀត ហើយចង្អុលមកតុខ្ញុំ។

នៅពេលចាកចេញពីភោជនីយដ្ឋាន ពួកម៉ាករបស់ខ្ញុំ បាននិយាយមួយៗ (ត្រាប់តាមរបៀបខ្ញុំនិយាយ)ប្រាប់ខ្ញុំថា “សម្បត្តិឯង, ពេលនិយាយស្តី ទោះខំបន្ទន់សំលេងយ៉ាងណា ក៏មិនអាចលាក់ទឹកមុខបាន។ មុខសម្បត្តិឯង… បើគេមិនខ្លាចទេ គឺគេស្អប់… ព្រោះមុខហ្នឹងមានអំណាច ហើយពាក្យសម្តីនិយាយមួយៗ ច្បាស់ៗ ចំៗ ធ្វើឲ្យមនុស្សខ្លះទ្រាំមិនបាន។ បើអ្នកណាអាចទ្រាំនឹងសម្តីសម្បត្តិឯងបាន គឺជាមនុស្សដែលមានចិត្តអំណត់បំផុត”។

ខ្ញុំភ្ញាក់ព្រើតពេលឮសម្តីនេះ។ ខ្ញុំគិតមើលទៅ ឃើញថាអីចឹងមែន, ប៉ុន្តែខ្ញុំសម្គាល់ឃើញថា ពួកម៉ាករបស់ខ្ញុំម្នាក់នេះ តែងតែគាំទ្រខ្ញុំរហូតមក… បានសេចក្តីថា បើនៅមានមនុស្ស អាចអត់ធ្មត់នឹងខ្ញុំបាននៅឡើយទេ, ខ្ញុំមិនទាន់ដល់ថ្នាក់យ៉ាប់បំផុតនោះឡើយ។ ពួកម៉ាកខ្ញុំម្នាក់នេះ គឺជាមនុស្ស មានអំណត់បំផុត នៅក្នុងលោក។

នៅក្នុងជីវិតមនុស្ស(ខ្មែរ) គឺសំបូរណាស់នូវមនុស្សដូចអុំម្នាក់នោះ។ ស្ថិតនៅក្នុងកាលៈទេសៈខាងលើេនេះ, ខ្ញុំមានជម្រើសក្នុងការឆ្លើយតប។ ខ្ញុំអាចនិយាយដូចដែលអ្វីដែលខ្ញុំបាននិយាយ ឬខ្ញុំអាចឆ្លើយតប ជាមួយនឹងការមិននិយាយស្តី តបទៅនឹងការវាយតម្លៃរបស់គាត់ ដោយអង្គុយនៅស្ងៀម ឲ្យគាត់រិះគន់វាយតម្លៃតាមចិត្ត។

រឿងនេះជារឿងផ្ទាល់ខ្លួនតូចមួយប៉ុណ្ណោះ ប៉ុន្តែវាឆ្លុះបញ្ចាំងនូវរឿងជាច្រើន នៅក្នុងវប្បធម៌របស់ខ្មែរយើង។ គឺវាឆ្លុះបញ្ចាំងអំពីឥរិយាបថរបស់អ្នកធំ (ក្នុងករណីនេះ គឺមនុស្សចាស់ជាង) ដែលតែងតែធ្វើទង្វើ បំពានលើអ្នកតូចតាច ដោយគ្មានការក្រែងចិត្ត។ ទម្លាប់នៃការខ្លាចអ្នកធំ (ឬមនុស្សចាស់) បានក្លាយទៅជារឿង”សាមញ្ញ” តគ្នាពីមួយជំនាន់ ទៅមួយជំនាន់ ដោយមិនហ៊ានតវ៉ា ហាស្តីអ្វីទាំងអស់។ អីចឹងហើយ បានជាជនជាតិខ្មែរយើង ត្រូវបានអ្នកធំសង្កត់កជាប់ គ្រប់ជំនាន់… ហើយការជិះជាន់ មិនគោរពមនុស្សដូចគ្នា គឺមានចាប់ផ្តើមចេញពីគ្រួសារនីមួយៗ៖ ទោះខុសឬត្រូវ កូនត្រូវតែគោរព”កោតខ្លាច”ឳពុកម្តាយ, ប្រពន្ធត្រូវតែខ្លាចប្តី, ប្អូនត្រូវខ្លាចបង… ហើយរាលដាល បាចសាយភាយ ធ្លាយដល់សហគមន៍ រួចដល់កម្រិតនៃជាតិទាំងមូល។ អ្នកតូចខ្លបខ្លាចអ្នកធំ, អ្នកក្រខ្លបខ្លាចអ្នកមាន, អ្នកមានតិច ត្រូវខ្លាចអ្នកមានច្រើន, អ្នកធំតូច ខ្លាចអ្នកធំធំ។ ពោលឲ្យខ្លី គឺយើងជិះជាន់តៗគ្នា ចាប់តាំងពីក្នុងផ្ទះឡើងទៅ។

ការគ្របសង្កត់គ្នានេះ គឺមិនខុសគ្នានឹងការដាំកូនឈើមួយដើម នៅក្នុងដបកែវ ហើយបិទឆ្នុកពីលើនោះទេ។ តើធ្វើដូចម្តេច នឹងអាចលូតលាស់ទៅកើត។ សូម្បីតែរុក្ខជាតិ នៅត្រូវការសេរីភាព ដើម្បីលូតលាស់, ចុះទម្រាំតែមនុស្សដែលមានវិញ្ញាណ???

ខ្មែរយើងអាចលូតលាស់ទៅមុខ, ខ្ញុំគិតថា, រឿងដំបូងបំផុត គឺត្រូវបំបាត់់ការបែងចែកឋានៈនេះ (តាមការសិក្សាអប់រំ, មិនមែនតាមរបៀបខ្មែរក្រហមទេ)។ ដើម្បីកែប្រែវប្បធម៌នេះ, អ្វីៗគឺចាប់ផ្តើមចេញពីខ្លួនឯង។ គឺត្រូវផ្លាស់ប្តូរកញ្ចក់ថ្មី សម្រាប់សម្លឹងមើលជីវិត តាមរបៀបថ្មី, ហើយកុំរង់ចាំអ្នកដឹកនាំ ឬរង់ចាំអំណាចរដ្ឋាភិបាល មកធ្វើការកែប្រែឲ្យនោះ! (ដាំចេកឲ្យបានច្រើនដើមទៅ!)។ ការគ្រប់គ្រងលើអ្នកដទៃ គឺជាអំណាចដែលមនុស្សគ្រប់គ្នា តែងតែប្រាថ្នាចង់បាន… បើយើងបណ្តោយតាមគេ, គេនឹងរកមធ្យោបាយគ្រប់យ៉ាង ដើម្បីគ្រប់គ្រងយើ់ងតែរហូតហ្នឹង!!!

ការគោរពមនុស្ស គឺត្រូវតែគោរព, ប៉ុន្តែមិនមែនគោរពដោយសារតែគេចាស់ជាង, មានទ្រព្យច្រើន, ឬមានអំណាចធំជាងខ្លួននោះទេ។ យើងគោរពគ្នា គឺក្នុងនាមជាមនុស្សដូចគ្នា, ជាជនជាតិខ្មែរដូចគ្នា… ហើយសំខាន់បំផុត គឺការផ្តល់ការគោរព និងទទួលការគោរពពីគ្នាទៅវិញទៅមក ដោយព្រោះតែយើងម្នាក់ៗ ជាមនុស្សគួរឲ្យគោរព។ ចូរចាំថា កាលណាយើងធ្វើជាគំរូល្អដល់កូនចៅ យើងមិនត្រូវការដាក់វិន័យច្រើន ដើម្បីឲ្យគេគោរពតាមឡើយ។ អ្វីដែលយើងធ្វើ កូនចៅយើងច្រើនតែធ្វើតាម។ យើងអាចបញ្ឈប់កង់វិល នៃវប្បធម៌ជិះជាន់គ្នានេះ ចាប់ពីជំនាន់យើងនេះទៅ!!!

រឿងអុំនោះមិនសំខាន់ទេ។ គឺខ្ញុំគ្រាន់លើកមកនិយាយ ដើម្បីភ្ជាប់ទៅផ្នែកខាងក្រោមនៃអត្ថបទ ដែលនិយាយអំពីការសង្កត់សង្កិនគ្នានៅក្នុងវប្បធម៌ខ្មែរ។

សូមស្វាគមន៍ការបញ្ចេញមតិទាំងអស់ ប៉ុន្តែសូមមេត្តា កុំដកពាក្យគន្លឹះចេញពីបរិបទ មកបំបែកជាប្រធានបទផ្សេង។ សូមអរគុណ