រៀនផ្តល់តម្លៃខ្លួនឯង


លុះត្រាណាតែយើង រៀនចេះនូវមេរៀននៃ ការចេះផ្តល់តម្លៃខ្លួនឯង ហើយយកវាមកអនុវត្ត, បើមិនដូច្នោះទេ យើងនឹងចំណាយជីវិត រស់នៅត្រាប់តាមអ្នកដទៃ ហើយប្រមាថខ្លួនឯង។ -បុត្រាខ្មែរ

អ្នកហ៊ានស្បែកដាច់ អ្នកខ្លាចស្បែករឹង


ចាស់ៗខ្មែរជំនាន់មុន តែងទូន្មានយើង កុំឲ្យធ្វើអ្វីដោយប្រថុយប្រថានពេក ដើម្បីចៀសវាងការខកចិត្ត និងការបង់ខាតធំ ដោយនិយាយថា “អ្នកហ៊ានស្បែកដាច់ អ្នកខ្លាចស្បែករឹង”។

ដំបូន្មាននេះ គឺពិតជាល្អណាស់សម្រាប់ ការយករួចខ្លួន។ ប៉ុន្តែបើយើងសិក្សាអំពីប្រវត្តិសាស្ត្រឡើងវិញ យើងនឹងបានឃើញថា ទស្សនៈយករួចខ្លួននេះ គឺបានត្រឹមតែរក្សាជីវិត ឲ្យនៅរស់ប៉ុណ្ណោះ, ប៉ុន្តែមិនបានរស់នៅទេ។

ការរស់នៅ គឺជាការប្រថុយ, ជាការហ៊ានផ្សងព្រេងនឹងជីវិត, ហើយអ្នកដែលហ៊ានប្រថុយ រមែងបានជោគជ័យ ហើយកំណត់វាសនា របស់អ្នកដែលត្រឹមតែនៅរស់ ខ្លាចមុខ ខ្លាចក្រោយ។

ល្មមដល់ពេលយើង នាំគ្នារស់នៅម្តងសាកលមើលហើយ ក្រែងនឹងបានឃើញពន្លឺ អាចងើបមុខងើបមាត់នឹងគេ ក្រៅពីយកអង្គរវត្តទៅបង្អួត។

វិភាគលេងៗៈ ជួយគេដោយជួយខ្លួនឯងដើម្បីអាចឲ្យគេជួយ


មានមនុស្សមិនតិចទេ ដែលតូចចិត្តនឹងវាសនា ដោយសារកើតមកជាខ្មែរ។ បើយើងនិយាយ នៅក្នងលក្ខខ័ណ្ឌ នៃការទទួលយកការពិត គឺខ្មែរយើងពិតជាអកុសល ពីមួយជំនាន់ ទៅមួយជំនាន់, ចុះទឹកក្រពើ ឡើងលើខ្លា, ចូលព្រៃមុតបន្លា ចូលផ្សារ ប៉ូលីសជាន់កយកកប្រាក់, ហើយថែមទាំង ហែកហួរ ប្រខាំគ្នា ឥតឈប់ឈរ។

ប៉ុន្តែយ៉ាងណាក្តី, បានជាកើតមកជាខ្មែរទៅហើយ យើងគ្មានជម្រើសអ្វីផ្សេងទៀតទេ ព្រោះមួយជាតិ អាចកើតបានតែម្តងប៉ុណ្ណោះ។ រីឯការកើតមកជាខ្មែរនេះ ក៏មិនមែនជាកំហុសដែរ។ ការដែលដឹង ថាខ្លួនអន់ហើយ ហើយមិនព្រមកែប្រែឲ្យល្អ ទើបជាកំហុស។ ការដែលដឹងថា ខ្មែរមិនចេះរួមសាមគ្គីហើយ ហើយនៅតែមើលបំណាំគ្នាទៀតនោះ ទើបជាកំហុស។

ភាពអន់របស់យើង មិនមែនស្ថិតនៅត្រង់ថា ខ្លួនកើតនៅស្រុកអន់នោះទេ… មនុស្សទេដែលអន់, មិនមែនស្រុកទេ។ បើយើងគិតតាមភូមិសាស្ត្រ និងសម្បត្តិធម្មជាតិ គឺខ្មែរស្ថិតនៅទីតាំងដ៏ល្អមួយ ដែលតែងតែងចៀសផុតពីគ្រោះធម្មជាតិធំៗទាំងឡាយ នៅខណៈដែលប្រទេសដទៃទៀត រងការប៉ះពាល់យ៉ាងដំណំ, ហើយថែមទាំងសំបូរធនធានធម្មជាតិ អាចទ្រទ្រង់ប្រទេសទាំងមូល បានយ៉ាងបរិបូណ៍។ និយាយឲ្យខ្លី គឺយើងមានពេជ្រ តែមិនចេះរក្សា, មិនចេះឆ្នៃ។ បើទោះជាសព្វថ្ងៃ អស់ព្រៃឈើ, អស់ត្រី ក៏នៅតែមានដី និងទឹកមានជីជាតិ, អាចដាំដុះ និងបង្កាត់ពូជត្រីឡើងវិញ។

ភាពអន់របស់យើង គឺស្ថិតនៅជំនឿ ដែលជឿថាខ្លួនអន់ ហើយមិនព្រមធ្វើអ្វី ដើម្បីកែប្រែ ក្រៅពីការលើកកំហុសដាក់អ្នកនេះ បន្ទោសអ្នកនោះ, បន្ទោសកាលៈទេសៈ, បន្ទោសព្រហ្មលិខិត។ ថាសម័យបុរាណចុះ គ្មានអ្នកណាដឹងឮ អាចជួយឈឺឆ្អាល, ប៉ុន្តែសម័យនេះ ជាសម័យសកលភារូបនីយកម្ម ដែលមានអ្នកឈឺឆ្អាល ជួយស្រែក ជួយថា, ជួយបរិច្ចាគ, ជួយបណ្តុះបណ្តាល ស្ទើរគ្រប់វិស័យ។

អ្វីដែលខ្មែរត្រូវធ្វើនោះ គឺគ្រាន់តែជួយបង្ហើបគូថខ្លួនឯង ឲ្យហើបគូថសិន ទើបគេអាចជួយយិត ជួយយោងបាន។ ទំនួលខុសត្រូវរបស់ខ្មែរ គឺគ្រាន់តែធ្វើយ៉ាងណា ឲ្យចេះស្រឡាញ់ខ្លួនឯង, ផ្តល់តម្លៃដល់ខ្លួនឯង, ចេះស្រុះស្រួលរួមសាមគ្គីគ្នា, ចេះឈឺឆ្អាល ការពារប្រយោជន៍រួម (លោតែឈឺឆ្អាល, ឈឺឆ្អាលខុសរឿង ដូចជារឿងស្លៀកខ្លី ទើសភ្នែកឯណោះទៅវិញ) ដើម្បីភាពចំរុងចម្រើនខ្លួនឯងតែប៉ុណ្ណោះ។

ខ្មែរយើងសព្វថ្ងៃ ប្រៀបដូចជាស្ត្រី ដែលត្រូវប្តីធ្វើបាបកាន់ខែកាន់ឆ្នាំ ស្រែកហៅឲ្យគេជួយ, លុះគេលូកដៃទៅជួយ ក៏បែរជាទទួលយកតែប្រាក់ ប៉ុន្តែមិនហ៊ានចាកចេញ ឬមិនដាច់អាល័យ
ពីប្តីកំណាច (Stockholm Syndrome?)។

Insanity is doing the same thing over and over and expect different results. –Albert Einstein

ទោះស្អប់​យ៉ាងណាក៏ដោយ កុំនិយាយបំផ្លើសការពិត


ទម្លាប់អាក្រក់របស់មនុស្សខ្លះ តែងតែនិយាយបំភ្លើសការពិត នៅពេលណាគេវាយប្រហារ អ្នកណាម្នាក់ដោយការស្អប់ខ្លាំង។ ខ្ញុំបានឃើញការផ្សាយមួយ ដែលបង្ហោះផ្សាយនៅក្នុង Youtube, ថ្កោលទោសរដ្ឋ្ឋាភិបាលបច្ចុប្បន្ន ដោយប្រៀបធៀបថា របបនេះ អាក្រក់ព្រៃផ្សៃខ្លាំងជាងប៉ុល ពត។

ខ្ញុំយល់ ហើយបានឃើញថា ភាពអាក្រក់នៃរបបបច្ចុប្បន្នគឺមានច្រើន ដោយឥតប្រកែកបានមែន ប៉ុន្តែនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្មែរ, គ្មានរបបណាអាក្រក់ព្រៃផ្សៃជាងរបប ប៉ុល ពត នោះទេ។ នេះគឺជាការពិត ដែលមនុស្សក្នុងលោកបានដឹង។

បញ្ហាស្ថិតនៅត្រង់ការសង្ស័យថា, សូម្បីតែការពិតដែលគេដឹងគ្រប់គ្នានេះ ក៏ហ៊ាននិយាយបំភ្លើសដែរទៅហើយ, ចុះទម្រាំតែរឿងអ្វីផ្សេងទៀតដែលគេមិនដឹងនោះ?

ដូច្នេះ, ខ្ញុំគិតថា ការឃោសនាបំពានបែបនេះ បានត្រឹមតែធ្វើឲ្យអ្នកស្តាប់, អ្នកអាន ធុញទ្រាន់ទៅវិញ ហើយកើតចិត្តសង្ស័យ ទៅលើអ្នកធ្វើនយោបាយគ្រប់គ្នា។ ចូរកុំគិតថា មនុស្សទាំងអស់សុទ្ធតែល្ងង់ ហើយចង់អ្នកថាអ្វី ក៏គេជឿនោះឡើយ។ ការពិតប៉ុនណា គួរតែនិយាយប៉ុននោះ។ កុំប្រើកំសួលអារម្មណ៍ មកថែមល្បោយ, វាធ្វើឲ្យបាត់បង់សច្ចភាពទៅវិញទេ… វាជាកាំបិតចិតដងឯងប៉ុណ្ណោះ!!!