ទោះស្អប់​យ៉ាងណាក៏ដោយ កុំនិយាយបំផ្លើសការពិត


ទម្លាប់អាក្រក់របស់មនុស្សខ្លះ តែងតែនិយាយបំភ្លើសការពិត នៅពេលណាគេវាយប្រហារ អ្នកណាម្នាក់ដោយការស្អប់ខ្លាំង។ ខ្ញុំបានឃើញការផ្សាយមួយ ដែលបង្ហោះផ្សាយនៅក្នុង Youtube, ថ្កោលទោសរដ្ឋ្ឋាភិបាលបច្ចុប្បន្ន ដោយប្រៀបធៀបថា របបនេះ អាក្រក់ព្រៃផ្សៃខ្លាំងជាងប៉ុល ពត។

ខ្ញុំយល់ ហើយបានឃើញថា ភាពអាក្រក់នៃរបបបច្ចុប្បន្នគឺមានច្រើន ដោយឥតប្រកែកបានមែន ប៉ុន្តែនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្មែរ, គ្មានរបបណាអាក្រក់ព្រៃផ្សៃជាងរបប ប៉ុល ពត នោះទេ។ នេះគឺជាការពិត ដែលមនុស្សក្នុងលោកបានដឹង។

បញ្ហាស្ថិតនៅត្រង់ការសង្ស័យថា, សូម្បីតែការពិតដែលគេដឹងគ្រប់គ្នានេះ ក៏ហ៊ាននិយាយបំភ្លើសដែរទៅហើយ, ចុះទម្រាំតែរឿងអ្វីផ្សេងទៀតដែលគេមិនដឹងនោះ?

ដូច្នេះ, ខ្ញុំគិតថា ការឃោសនាបំពានបែបនេះ បានត្រឹមតែធ្វើឲ្យអ្នកស្តាប់, អ្នកអាន ធុញទ្រាន់ទៅវិញ ហើយកើតចិត្តសង្ស័យ ទៅលើអ្នកធ្វើនយោបាយគ្រប់គ្នា។ ចូរកុំគិតថា មនុស្សទាំងអស់សុទ្ធតែល្ងង់ ហើយចង់អ្នកថាអ្វី ក៏គេជឿនោះឡើយ។ ការពិតប៉ុនណា គួរតែនិយាយប៉ុននោះ។ កុំប្រើកំសួលអារម្មណ៍ មកថែមល្បោយ, វាធ្វើឲ្យបាត់បង់សច្ចភាពទៅវិញទេ… វាជាកាំបិតចិតដងឯងប៉ុណ្ណោះ!!!

Advertisements

អភ័យទោស ដើម្បីភាពរីករាយនៃជីវិត


ការអភ័យទោសឲ្យខ្លួនឯង មានន័យថា ព្រមទទួលយកខ្លួនឯង។ ការព្រមទទួលយកខ្លួនឯង មានន័យថា អាចទទួលយកអ្នកដទៃ ដោយមិនរងការគំរាម ពីភាពល្អជាងរបស់គេ។
…………….

មនុស្សជាច្រើន តែងមានការមិនពេញចិត្តចំពោះខ្លួនឯង។ មិនពេញចិត្តនឹងកម្ពស់, មិនពេញចិត្តនឹងរូបរាងមិនស្អាត, មិនពេញចិត្តនឹងខ្លួនក្រ, មិនពេញចិត្តនឹងភាពមិនឆ្លាតវៃរបស់ខ្លួន។ ការមិនពេញចិត្តនឹងខ្លួនឯង ញ៉ាំងឲ្យខ្លួនសម្លឹងឃើញតែភាពគ្រាន់បើរបស់អ្នកដទៃ ដែលខ្លួនប្រាថ្នាចង់បាន ហើយភាគច្រើន កើតទៅជាការច្រណែន ហើយមានអារម្មណ៍ខ្វះភាពកក់ក្តៅ បណ្តាលឲ្យខ្លួន រងការគំរាមកំហែង ពីភាពល្អជាងរបស់អ្នកដទៃ។

យើងដឹងហើយថា យុត្ត្ិធម៌នៅក្នុងលោកនេះ មិនមែនសុទ្ធតែ ១ បូកនឹង ១ ក្លាយទៅជា ២ នោះទេ។ មានរឿងជាច្រើន ដែលយើងមិនអាចគ្រប់គ្រងបាន, មានរឿងជាច្រើន ដែលយើងគ្មានជម្រើស។ យើងមិនអាចជ្រើសរើសថា ចង់កើតនៅទីណា, ជាមួយអ្នកណា, នៅក្នុងត្រកូលណា នោះទេ… ហើយយើងក៏មិនអាចគ្រប់គ្រងធាតុអាកាសថា ត្រូវភ្លៀងនៅពេលណា ឬបើកថ្ងៃនៅពេលណានោះឡើយ។

រឿងតែមួយដែលយើងអាចធ្វើ គឺការគ្រប់គ្រងខ្លួនឯង ចំពោះការឆ្លើយតប ទៅនឹងអ្វីដែលយើងមិនអាចគ្រប់គ្រង។ ដូចការដែលយើងកើតមក ជាមនុស្សទាប, មុខមិនស្អាត, ឬមានឳពុកម្តាយក្រីក្រនោះ គឺមិនមែនជាកំហុសអ្នកណាទេ។ ប៉ុន្តែបើយើងកើតចិត្តមួរហ្មង, ស្រែកជេរបញ្ចោរទេវតា ឬបន្ទោសពិភពលោក នោះគឺជាកំហុសរបស់យើងខ្លួនឯង ក្នុងការធ្វើបាបខ្លួនឯង, ព្រោះថា ការមានចិត្តសៅហ្មងចំពោះអ្វី ដែលយើងមិនអាចកែប្រែសោះនោះ គឺជាការដាក់ទណ្ឌកម្មខ្លួនឯងយ៉ាងព្រៃផ្សៃ, ធ្វើឲ្យជីវិតកាន់តែជូរចត់ ហើយកំពប់រាលដាល ដល់អ្នកដែលនៅក្បែរខ្លួន។ វិធីតែមួយគត់ ដែលយើងអាចធ្វើ ដើម្បីរំដោះខ្លួនពីរណ្តៅទុក្ខនេះ គឺដំបូងត្រូវទទួលស្គាល់ខ្លួនឯង, ហើយជាជាងសោកសៅ ចំពោះចំណុចខ្វះខាតរបស់ខ្លួន គួរតែប្រើចំណុចខ្លាំងរបស់ខ្លួន ធ្វើអ្វីដែលអាចធ្វើបាន… ត្រេកត្រអាលនឹងអ្វីដែលខ្លួនរកបាន។

កាលណាយើង ទទួលស្គាល់សភាពពិតចំពោះខ្លួនឯង យើងក៏អាចមើលឃើញសភាពពិតនៅខាងក្រៅ ហើយអាចទទួលយកអ្នកដទៃ ដោយពុំមានអារម្មណ៍រងការគំរាមកំហែង ដោយព្រោះតែគេចេះជាង, ស្អាតជាង, ឬមានប្រាក់ជាងនោះឡើយ។

ដូច្នេះការអភ័យទោសខ្លួនឯង គឺមានន័យថា ឈប់បន្ទោសថាខ្លួនឯអន់, ឈប់បន្ទោសថាមកពីខ្លួនមិនស្អាត, ឈប់បន្ទោសថា មកពីខ្លួនមិនឆ្លាត, ឈប់បន្ទោសថា មកពីខ្លួនគ្មានឱកាស, ឈប់បន្ទោស មកពីខ្លួនកើតក្នុងគ្រួសារក្រីក្រ… ព្រោះការបន្ទោសទាំងនេះ ពុំអាចកែប្រែអ្វីបានទាំងអស់!!!!

-បុត្រាខ្មែរ