សប្បាយ និង រីករាយ


សម្រាប់សត្វឃ្មុំ, ផ្កាគឺជាប្រភពនៃជីវិត។ សម្រាប់ផ្កា, ឃ្មុំគឺជាអ្នកនាំសារនៃក្តីស្រឡាញ់។ ហើយសម្រាប់ទាំងឃ្មុំ ទាំងផ្កា, ការអោយ និងការទទួលនូវក្តីសប្បាយ(1) គឺជាសេចក្តីត្រូវការ និងជាក្តីរីករាយ(2)។
………………………………………………………
កំណត់សម្គាល់៖
សម្រាប់ខ្មែរយើង ក្តីសប្បាយ និងក្តីរីករាយ គឺជាវេវនស័ព្ទ។ បានសេចក្តីថា មានន័យដូចគ្នា ហើយយើងអាចប្រើមួយណាក៏បាន ដោយគ្រាន់តែមួយជាភាសាបាលី ហើយមួយទៀត ជាភាសាខ្មែរប៉ុណ្ណោះ។ ប៉ុន្តែដើម្បីភាពងាយយល់ នៅក្នុងវិស័យចិត្តវិទ្យា ខ្ញុំសូមធ្វើការបែងចែកដូចតទៅថា៖

(1) សប្បាយ គឺប្រើសម្រាប់បំពេញផ្នែករាងកាយ នៅក្នុងគ្រាណាមួយ។ ឧទាហរណ៍៖ យប់មិញ រាំលេងសប្បាយណាស់។ យប់មិញគឺជាគ្រា ហើយការរាំ គឺការបំពេញផ្នែករាងកាយ។

(2) រីករាយ គឺប្រើសម្រាប់ការបំពេញផ្នែកចិត្ត ដែលអាចកើតមានឡើង ដោយគ្មានពេលកំណត់។ ឧទាហរណ៍៖ នឹកឃើញយប់មិញ បានរាំសប្បាយជាមួយនឹងមិត្តភក្តី ពិតជាធ្វើឲ្យចិត្តខ្ញុំរីករាយណាស់។

សញ្ញាក្បៀសនៅក្នុងវេយ្យាករណ៍ខ្មែរ


អ្វីដែលគួរដឹង អំពីសញ្ញាក្បៀស នៅក្នុងវេយ្យាករណ៍ខ្មែរ។ ខ្ញុំផូសត៍អត្ថបទនេះ គឺសម្រាប់អ្នកដែលដឹងសេចក្តីតែម្ខាង ហើយឃើញគេសរសេរប្លែកពីខ្លួន ក៏តាំងសន្មត់ថាគេខុស ហើយទៅស្តីប្រដៅគេ។

សញ្ញាក្បៀសនៅក្នុងវេយ្យាករណ៍ខ្មែរ
១-ក្បៀស ( , ) ឬកណ្ដកសញ្ញា (La virgule)[9]
សញ្ញានេះ ប្រើសម្រាប់ញែកពាក្យក្នុងប្រយោគឲ្យដាច់ពីគ្នា ទោះពាក្យរៀបរាប់នោះ ជានាមក្តី ជាគុណនាមក្តី ជាកិរិយាស័ព្ទក្តី ។ គួរកត់សម្គាល់ថា ការប្រើក្បៀសក្នុងការសរសេររបស់ខ្មែរយើង ក៏ប្រហាក់ប្រហែលនឹងការប្រើក្បៀសរបស់លោកខាងលិចដែរ ។
ក/ ការប្រើក្បៀសក្នុងការពិពណ៌នា រៀបរាប់ជំពូកនាម
ខ/ ការពិពណ៌នារៀបរាប់អសាធារណនាម
គ/ ការពិពណ៌នារៀបរាប់គុណនាម
ឃ/ ការពិពណ៌នារៀបរាប់កិរិយាស័ព្ទ
● កំណត់សម្គាល់ នៅក្នុងឃ្លាប្រយោគបរទេសដូចជា ភាសាបារាំង អង់គ្លេស អេស្ប៉ាញ៉ុលជាដើមនោះ ប្រយោគល្បះណា ដែលខ្មែរយើងត្រូវប្រើដកឃ្លា គេប្រើក្បៀសទាំងអស់។ នេះអាចជាទម្លាប់ភាសាគេ ឬក៏ធ្វើទៅតាមការតម្រូវចាំបាច់ នៃក្បួនវេយ្យាករណ៍របស់គេ ។
អត្ថបទខ្មែរយើងពីបុរាណ ដែលចារនៅលើក្រាំងក្ដី សាស្ត្រាស្លឹករឹតក្ដី នៅក្នុងឃ្លាប្រយោគទាំងអស់នោះ ពុំដែលមានប្រើក្បៀសទាល់តែសោះ ។ យើងកត់សម្គាល់ឃើញថា ចាប់តាំងពីប្រទេសយើង ឋិតក្រោមរបបអាណានិគមបារាំងមក ប្រហែលដោយសារបានទទួលឥទ្ធិពល ពីរបៀបរបបសរសេរបែបបារាំង យើងក៏ចាប់ផ្ដើមប្រើក្បៀស ជារៀងរហូតមក ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី យើងសង្កេតឃើញមានទំនោរពីរគឺ ៖
ក/-ប្រភេទជនដែលបានរៀនសូត្រ ចេះដឹងជ្រៅជ្រះភាសាបារាំង ច្រើនសរសេរប្រើក្បៀស ។
ខ/-ប្រភេទជនដែលចេះតែភាសាខ្មែរ ក៏ទទួលយកទម្លាប់មត៌ក ពីបុព្វបុរសជាន់ដើម ហើយសរសេរឥតប្រើក្បៀសទេ ។
និយាយរួមមក ការប្រើដកឃ្លា ជំនួសក្បៀស ឬប្រើដកឃ្លាផង និងប្រើក្បៀសផង គឺមិនមានអ្វីប្លែកគ្នាខ្លាំងពេកនោះទេ ។ ប៉ុន្តែការប្រើក្បៀស វាមានចរិតច្បាស់លាស់ ប្រាកដប្រជាជាង[10] ។