ចូរប្រយ័ត្ននឹងភាពអវិជ្ជមាននៅជុំវិញខ្លួន


កាលណាយើងដើរកាត់ភ្លៀង, តិចឬច្រើន, គឺតែងតែទទឹក។ ដូចគ្នានឹងការនៅជាមួយមនុស្សអវិជ្ជមានដូច្នោះដែរ,បើយើង មិនប្រយ័ត្នខ្លួនទេ, យើងនឹងរងឥទ្ធិពលអវិជ្ជមាន ហើយធ្លាក់ ចូលទៅក្នុងការអូសទាញ។ អ្វីដែលយើងអាចធ្វើ គឺរក្សាស្មារតី បរិសកម្ម ចៀសវាងការមានប្រតិកម្មនឹងកម្លាំងខាងក្រៅ។
-បុត្រាខ្មែរ

ការរិះគន់


ការរិះគន់ គឺដូចជាភ្លៀង ដែលកាលណាបង្អុរខ្លាំងពេក នឹងបណ្តាលឲ្យជន់លិចលង់ ស្លាប់អស់ដំណាំ។ ការរិះគន់ គួរតែមានភាពទន់ភ្លន់ សមនឹងស្តាប់ចូលត្រចៀក ដូចគ្នានឹងភ្លៀងធ្លាក់គ្រប់ល្មម សម្រាប់ផ្គត់ផ្គង់ជីវិតគ្រប់យ៉ាង។
-បុត្រាខ្មែរ

ចំណុះនៃក្តីស្រឡាញ់


លក្ខណៈសម្បត្តិដែលធ្វើឲ្យបុគ្គលម្នាក់ មានភាពឧត្តមជាងបុគ្គលម្នាក់ទៀត និងជារង្វាស់ ដ៏សុក្រឹត សម្រាប់វាស់វែងតម្លៃរបស់មនុស្ស គឺសមត្ថភាពនៃការស្រឡាញ់។

មនុស្សមិនគួរវាយតម្លៃមនុស្ស, ប៉ុន្តែគួរវាយតម្លៃខ្លួនឯងមើលថា តើបេះដូងរបស់ខ្លួន អាចផ្ទុកសេចក្តីស្រឡាញ់ បានប៉ុនណា?

-បុត្រាខ្មែរ

រៀនពីកំហុសអ្នកដទៃ


មានមនុស្សមួយចំនួន ប្រកាន់ដាច់ខាតថា អ្វីដែលគេមិនបានឃើញនឹងភ្នែក, មិនបានឆ្លងកាត់ផ្ទាល់, គឺគេមិនជឿជាដាច់ខាត។ ឥរិយាបថបែបនេះហើយ ដែលជំរុញឲ្យយុវជនខ្លះ ទាត់ចោលមិនទទួលស្គាល់ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ យ៉ាងជូរជត់ នៅក្នុងសម័យខ្មែរក្រហម។ ចំណែករឿងកំពប់តែអុង ដែលយួនជីករណ្តៅកប់ខ្មែរ ទុកត្រឹមក្បាលសម្រាប់ធ្វើជាជើងក្រាននោះ ក៏ក្លាយទៅជាត្រឹមតែជាការនិទានប្រឌិតទៅវិញ។

ឥរិយាបថបែបនេះ មិនមែនទើបតែមាននៅក្នុងសម័យនេះទេ, គឺមាននៅក្នុងឈាមខ្មែរ តាំងពីបុរាណមក។ តាមការសង្កេតមើលចរិតរបស់ខ្មែរ, ពេលគេនៅក្មេងវ័យ, ចាស់ថាអ្វីក៏មិនសូវជឿទេ… លុះពេលខ្លួនឯងចូលវ័យចាស់ម្តង ហើយសមនឹងជីវិតមិនសូវមានផ្លែផ្កាផង ក៏បាក់អំណួតអស់សង្ឃឹម។ មនុស្សដែលអស់សង្ឃឹម តែងតែប្រវេប្រវា ចាប់តោង ស្វែងរកជំនឿអ្វីមួយ សម្រាប់ជាទីសង្ឃឹម, ដូច្នេះ កាលណាគេឮអ្វីដែលគេចង់ឮ គេដាក់ចិត្តជឿផ្កាប់មុខ ឥតសង្ស័យ។

បើនិយាយអំអ្វីដែលខ្មែរចូលចិត្តជឿ ទាំងក្មេងទាំងចាស់ គឺជំនឿអរូបី ដែលទាក់ទងខ្មោចព្រាយ, ទេវតា, ព្រះឥន្ទ្រ… ប៉ុន្តែអ្វីដែលទាក់ទងនឹងមនុស្ស គឺថាភាគច្រើន បើមិនបានឃើញ គឺមិនជឿ។ នៅក្នុងសតវត្ស ២១ ទៅហើយ, ហើយថែមទាំងបាន មករស់នៅក្នុងស្រុកមួយ ដែលជឿលឿនឈានមុខគេ ផ្នែកវិទ្យាសាស្ត្រ, នៅតែមានមនុស្សអត់ជឿថា ផែនដីមូលនៅឡើយ។

មានរឿងខ្លះ ទោះជាយើងមិនបានឃើញផ្ទាល់ភ្នែក ឬឆ្លងកាត់ខ្លួនឯងផ្ទាល់ក៏ដោយ ក៏យើងអាចយកមកសម្រាប់ជាតម្លៃនៃការសិក្សា អំពីបទបិសោធន៍ របស់អ្នកដែលបានឆ្លងកាត់មុនយើង, ដើម្បីកែឆ្នៃ និងចៀសវាងកំហុស ជាន់ដានអ្នកជំនាន់មុន។

កាលណាមនុស្សម្នាក់ មិនព្រមទទួលស្គាល់បទពិសោធន៍ របស់មនុស្សម្នាក់ទៀត ដែលមានបទពិសោធន៍ , យូរឬឆាប់ ខ្លួនគេនឹងក្លាយទៅជាមនុស្សនៃបទពិសោធន៍មិនខាន។

មួយជីវិតនេះ គ្មានជនណាម្នាក់ មានពេលវេលាគ្រប់គ្រាន់ សម្រាប់ធ្វើខុស ហើយសិក្សាអំពីកំហុសខ្លួនឯងទេ, ដូច្នេះហើយ យើងត្រូវចេះសិក្សាអំពីកំហុស របស់អ្នកដទៃ ហើយដកស្រង់បទពិសោធន៍របស់គេ។

-បុត្រាខ្មែរ

ការសិក្សាអំពីសុភាវធម៌ខ្មែរ


កាលសម័យ មុនឆ្នាំ១៩៧៥ សុភាវធម៌ខ្មែរ ជាមុខវិជ្ជា ដ៏សំខាន់មួយ ដែលសាលាទូទៅ ក្នុងប្រទេស បង្រៀនសិស្ស ក្នុងក្របខណ្ឌ័ផ្លូវការ តាំងពីបថមសិក្សា រហូតដល់ ថ្នាក់បឋមភូមិដូចជា មុខវិជ្ជាដទៃៗ ជាច្រើនទៀត។ នៅសម័យសព្វថ្ងៃ ក្រោយឆ្នាំ១៩៧៩ យើងពុំបានផ្តោត ទៅលើការសិក្សា មុខវិជ្ជាសុភាវធម៌ ខ្មែរ នៅក្នុងសាលា នោះតទៅទៀតឡើយ។ សុភាវធម៌ខ្មែរ ដែលនៅសេសសល់ សព្វថ្ងៃ ជាការបង្រៀន របស់ម្តាយឪពុក ចាស់ទុំ ឬព្រះសង្ឃ តាមវត្តអារាម តែប៉ុណ្ណោះ។ ជួនកាល បច្ឆាជន ជំនាន់ក្រោយខ្លះៗ បែរជានាំគ្នា គិតថា គេមានប្រាជ្ញា ជាងចាស់ជំនាន់មុន ដោយគ្រាន់តែបើក វចនានុក្រម អានអត្ថន័យ នៃពាក្យ សុភាវធម៌ នេះហើយ គេក៏អាចយល់ន័យ គ្រប់គ្រាន់ នឹងអនុវត្តន៍ ប្រព្រឹត្តខ្លួន នៅក្នុងសង្គមរស់នៅ បានយ៉ាងជោគជ័យ ក្នុងជីវិត ដោយមិនចាំបាច់រៀនសូត្រ ពីនរណាឡើយ។ នោះជាការភន្ត័ច្រឡំមួយ យ៉ាងធំ ព្រោះថា វចនានុក្រម ជាសៀវភៅ អក្ខរាវិរុទ្ធ មិនមែនសៀវភៅ កំណែអប់រំ មារយាទ និងការគិត របស់មនុស្សឡើយ។

អ្វីទៅដែលហៅថាសុភាវធម៌?

សុភាវធម៌=សុ (ល្អ ប្រពៃ ប្រសើរ) + ភាវ (ភាព) + ធម៌ (ឧិវាទ ក្រិត្យក្រម ពាក្យទូន្មានណែនាំ ច្បាប់ វិន័យ)

សុភាវធម៌ មានន័យថា ជាក្រិត្យក្រម ច្បាប់វិន័យអប់រំ ដើម្បីអោយមនុស្ស មានដំណើរក្នុងភាព ជាមនុស្សល្អប្រពៃ ប្រសើរ។

តើសុភាវធម៌ ដែលជាច្បាប់អប់រំមនុស្ស មានសាខាប្រការបែបណាខ្លះ ដើម្បីអប់រំមនុស្ស អោយក្លាយ ជាមនុស្សល្អ ក្នុងសង្គម?

សុភាវធម៌ ចែកចេញជាបីសាខា សំខាន់ជាងគេ គឺ សុជីវធម៌ សីលធម៌ និងគុណធម៌។

តើសាខាទាំងបីយ៉ាង ខុសគ្នាយ៉ាងណាខ្លះ ហើយប្រកបដោយសិល្ប៍វិធីអប់រំ បែបណាខ្លះ សម្រាប់ជួយតម្រង់មនុស្ស អោយក្លាយជាបុគ្គលប្រពៃ ក្នុងសង្គម?

សុជីវធម៌ = សុ (ល្អ ប្រពៃ ប្រសើរ) + ជីវ (ជីវិត) + ធម៌(ឧិវាទ ក្រិត្យក្រម ច្បាប់ វិន័យ ពាក្យទូន្មានណែនាំ)

សុជីវធម៌ សំដៅទៅលើច្បាប់អប់រំខ្លួន ដើម្បីរក្សាដំណើរជីវិត អោយប្រពៃសមសួន។ សុជីវធម៌ មានរួមបញ្ចូលនូវការអប់រំផ្សេងៗ ដូចជា ៖

1- ការប្រើពាក្យពេចន៍ និងការប្រព្រឹត្តកិរិយា អោយសមសួន តាមវ័យ តាមឋានៈ តាមទីកន្លែង ជាដើម។

2- ការរៀនទទួលខុសត្រូវចំពោះមុខនាទីរបស់ខ្លួន ៖ ដូចជាមុខនាទី ជាឪពុកម្តាយ ត្រូវធ្វើដូចម្តេចខ្លះ? មុខនាទីជាកូន ជាសិស្ស ជាគ្រូ ជាមេកោយ ជាបុគ្គលិកការងារ ជាពលរដ្ឋរបស់ជាតិ។ល។ តើត្រូវធ្វើដូចម្តេចខ្លះ ដើម្បី រក្សា ដំណើរជីវិតរបស់ខ្លួន អោយសមសួនប្រពៃ សម្រាប់គ្រួសារ និងសង្គមជាតិ។

3- ការទទួលស្គាល់ដឹងថា ខ្លួនជាផ្នែកមួយនៃសង្គម មិនមែនរស់នៅតែម្នាក់ឯង ឡើយ ហេតុនេះ ត្រូវស្គាល់ច្បាប់ទម្លាប់ និងវិន័យ ជាច្រើនទៀត ដែលមានចែង សម្រាប់រក្សាសណ្តាប់ធ្នាប់ វិន័យ និងរបៀបរៀបរយ ក្នុងគ្រួសារ ឬក្នុងសង្គម។

តើសីលធម៌ជាអ្វី? មានអត្ថន័យប្រាកដ យ៉ាងដូចម្តេចដែរ?

កន្លងមក ខ្មែរយើងខ្លះ ចំណាំនាំគ្នាប្រើពាក្យនេះ តាមសម័យប៉ុលពត ដែលគេប្រើពាក្យនេះ សំដៅទៅលើ ចំណងរវាងបុរសនិងស្ត្រី។ តែពេលនេះ យើងសិក្សាអំពីអត្ថន័យពិតប្រាកដ របស់ពាក្យសីលធម៌។

សីលធម៌ = សីល (ដំណើរប្រព្រឹត្ត វៀរចាកអំពើបាប ឬអំពើអាក្រក់) + ធម៌ (ឧិវាទ ក្រិត្យក្រម ច្បាប់ វិន័យ ពាក្យទូន្មានណែនាំ)

សីលធម៌ សំដៅទៅលើ វិន័យក្រិត្យក្រម សំរាប់អប់រំខ្លួន អោយប្រព្រឹត្ត កាយ វាចា ចិត្ត វៀរចាកនូវអំពើបាប ឬអំពើអាក្រក់

តើសីលធម៌មានអ្វីខ្លះ?

នៅក្នុងព្រះពុទ្ធសាសនា ជនសាមញ្ញទូទៅ ហោចណាស់ ត្រូវរៀន កាន់ក្រិត្យ វិន័យអោយបានប្រាំសាខា ធំៗ គឺ ៖

1- មិនគិត មិនប្រព្រឹត្ត អំពើ ពាលា យាយី រំខាន ជីវិត ឬសេចក្តីសុខ របស់ខ្លួន ឬ របស់អ្នកដទៃ ដោយ កាយ វាចា ចិត្ត និងគំនិត។

2- មិនលួចកេងប្រវញ្ច័ លើអ្នកដទៃ ដើម្បីប្រយោជន៍ របស់ខ្លួន ដោយការប្រព្រឹត្ត ទាំង កាយ វាចា ចិត្ត និងគំនិត

3- មិនភូតភរ កុហកបោកប្រាស់ មិនពន្លូតឬបំផ្លើសការពិត អោយកើតមាន សៅហ្មង ឬអន្តរាយ។

4- មិនសេពគ្រឿងស្រវឹង ដែលធ្វើអោយបាត់សតិស្មារតី លែងស្គាល់ ខុសត្រូវ ល្អអាក្រក់ សុចរិត ទុច្ចរិត។

5- មិនប្រព្រឹត្តខុស នៅក្នុងវិន័យផ្លូវភេទ មិនក្បត់ភក្តីភាព ចំពោះស្វាមីភរិយា មិនបង្ក អនាធិបតេយ្យ ផ្លូវភេទ ដោយប្រការណាមួយឡើយ មិនថា យើង ជាមនុស្សប្រុស ឬជាមនុស្សស្រី នៅលីវ ឬមានគ្រួសារ ក៏ដោយក្តី។

6- ចេះរំលត់ លោភៈទោសៈមោហៈ របស់ខ្លួន មិនអោយបង្ក ភាពអន្តរាយអវិជ្ជមាន ដល់ខ្លួន ដល់អ្នកដទៃ ឬដល់សង្គម ជាដើម។

តើគុណធម៌ ជាអ្វី?

គុណធម៌ = គុណ(ដំណើរ ធ្វើអោយចម្រើនឡើង ដោយលក្ខណៈ ដែលអ្នកដទៃ គួរគោរព) +ធម៌ (ឧិវាទ ក្រិត្យក្រម ច្បាប់ វិន័យ ពាក្យទូន្មានណែនាំ)

គុណធម៌មានន័យថា ជាការប្រព្រឹត្ត អំពើល្អប្រសើរ ចំពោះអ្នកដទៃ ដែលជាអំពើ ដែលនាំមកនូវភាពចម្រុងចម្រើន កាន់តែច្រើន ដែលគេផងរាល់គ្នា គោរព កោតសរសើរ ហើយក៏មាន ទឹកចិត្ត កត្តញ្ញូ ចង់តបស្នង ធ្វើនូវអំពើល្អនោះ ត្រឡប់ទៅវិញ បន្ថែម បន្តទៀត ដោយទឹកចិត្ត ជ្រះថ្លា ពីក្នុងចិត្ត ក្នុងបេះដូងរបស់គេ។ គុណធម៌ គឺជាដំណើរប្រព្រឹត្ត អំពើល្អ របស់មនុស្ស ចំពោះពលរដ្ឋដទៃទៀត ក្នុងសង្គម ដូចជា សង្គមគ្រួសារ សង្គមការងារ សង្គមជាតិ ជាដើម។

តើដំណើរប្រព្រឹត្តអំពើគុណធម៌ មានអ្វីខ្លះទៅ ជាឧទាហរណ៍?

1- ការមានទឹកចិត្ត ជួយឈឺឆ្អាល សុខទុក្ខគ្នា ជួយហុចដៃ ហុចគំនិត យិតយោងគ្នា ពេលមានគ្រោះអាសន្ន ឬមាន ការខ្វះខាត ជាដើម។

2- ការមិនឈរមើលបំណាំគ្នា ចាប់កំហុសគ្នា ទៅវិញទៅមក។

3- ការនិយាយស្តីលើកកម្លាំងចិត្ត នៅពេលមនុស្សកំពុងបាក់ទឹកចិត្ត ឬប្រទះការលំបាកផ្លូវចិត្ត ដោយប្រការណាមួយ។

4- ការជួយដាស់តឿន បង្រៀន រំលឹក ណែនាំគ្នា អោយចេះគិតវិជ្ជមាន ប្រសើរ ហើយរីកចម្រើន។

5- ការដឹកដៃ ប្រាប់នូវប្រភពល្អៗ សម្រាប់ពលរដ្ឋ ក្នុងសង្គមគ្រួសារខ្លួន ឬសង្គមជាតិ អោយចេះជួយខ្លួនឯង អោយរៀនស្វែងរកផ្លូវប្រសើរ ក្នុងជីវិត សម្រាប់ដើរ អោយមានការសិក្សា ភ្លឺស្វាង អោយមានមុខរបរ ឬមុខជំនាញ សម្រាប់កាត់បន្ថយភាពខ្វះខាតក្នុងគ្រួសារ។ល។

6- ការមានសេចក្តីសណ្តោសមេត្តា និងមានសប្បុរសធម៌ ដល់ពិការជន ទុរគតជន កុមារកំព្រា ជនដែលមានជំងឺសតិ ឬចាស់ជរា ឬមនុស្ស ដែលមិនអាច ជួយខ្លួនឯងបាន។

7- ការផ្តល់វិជ្ជា ការថែទាំអប់រំ ការរក្សាមនុស្ស អោយចាកផុត ពីការប្រព្រឹត្ត អំពើអាក្រក់ ជាដើម។

អ្នកស្រីកែវច័ន្ទបូរណ៍

ចចកពីរក្បាល


នៅក្នុងខ្លួនយើងគ្រប់គ្នា មានចចកពីរក្បាល។

មួយគឺអាក្រក់៖     កំហឹង, ក្តីច្រណែន, ក្តីលោភលន់, ការចងគំនុំ, ការភូតកុហក, ហឹនភាព, និងភាពប្រកាន់អាត្មា

មួយទៀតគឺល្អ៖    ក្តីសោមនស្ស, សន្តិភាព, ក្តីស្រឡាញ់, ក្តីសង្ឃឹម,     ការដាក់ខ្លួន, ក្តីមេត្តា, ការយល់ចិត្ត, និងសច្ចភាព
ចចកដែលឈ្នះ៖    ចចកដែលអ្នកបំប៉ន
-សុភាសិតអាមេរិកាំងឥណ្ឌា, កុលសម្ព័ន្ធឆេរ៉ូគី