ធ្វើល្អព្រោះខ្លួនជាមនុស្សល្អ


មនុស្សទូទៅ តែងប្រកាន់គំនិតថា បើគេធ្វើល្អដាក់ខ្លួន, ខ្លួនធ្វើល្អដាក់គេវិញ។ បើគេធ្វើអាក្រក់ដាក់ខ្លួន, ខ្លួនត្រូវតែធ្វើអាក្រក់ដាក់គេវិញ ដើម្បីរួចគ្នា។

ការពិត គឺមិនមែនចាំបាច់ ត្រូវតែដូច្នោះឡើយ។ មនុស្សយើងភាគច្រើន ដែលសុទ្ធតែជឿលើកម្មផល គួរតែដឹងថា អ្វីដែលសាងចេញទៅ គឺរមែងត្រឡប់មករកខ្លួនវិញ តាមផ្លូវណាមួយ ដែលភាគច្រើន ខ្លួនមិនដែលចាប់ភ្លឹក ឬមិនដឹងទាល់តែសោះ។ ដរាបណា យើងប្រកាន់គំនិតបែបនេះ (អាក្រក់ទៅ អាក្រក់មក), ការស្អប់ខ្ពើម និងការគុំគួន នឹងនៅតែមានទៅ មានមក, បន្តកកើនឡើង មិនចេះចប់។

បើមិត្តគិតថា ខ្លួនជាមនុស្ស ដែលមានការទទួលខុសត្រូវខ្ពស់ មិត្តអាចបញ្ចប់វាបាន នៅត្រឹមខ្លួនមិត្ត។ ដូច្នេះហើយ ការដែលយើង គួរតែប្រព្រឹត្តិល្អដាក់មនុស្សគ្រប់គ្នា… គឺមិនមែនដោយសារតែគេ ធ្វើល្អចំពោះមិត្តមុនទេ… មិនមែនដោយសារមិត្ត ខ្លាចគេរករឿងខ្លួនទេ… មិនមែនដោយសារមិត្ត ជាមនុស្សអន់ខ្សោយទេ… មិនមែនដោយសារមិត្ត ចង់លន់តួ យកចិត្តគេទេ… ប៉ុន្តែគឺដោយសារ មិត្តជាមនុស្សល្អ, ទន់ភ្លន់, សុភាពរាបសារ មានចិត្តសន្តោស។
-បុត្រាខ្មែរ

ទន្សាយ និង អណ្តើក – ២០១២


ដោយ បុត្រាខ្មែរ

ថ្ងៃមួយ ទន្សាយ និងអណ្តើក ដែលជាមិត្តសម្លាញ់នឹងគ្នា បបួលគ្នាស៊ីផឹក ហើយក៏ទាស់សម្តីគ្នា។ ទន្សាយបាននិយាយបង្អាប់ ឌឺដងដាក់អណ្តើក ហើយបបួលអណ្តើក រត់ប្រណាំងគ្នា។ អណ្តើកដឹងថា ខ្លួនមិនអាច យកឈ្នះទន្សាយបានឡើយ ប៉ុន្តែខ្លួន ជាអ្នកមានអំនួតខ្ពស់ ចិត្តឆេវឆាវ ក៏ទទួលយកការប្រកួតនេះ ហើយក៏ចាញ់ដៃទន្សាយទៅហោង។ ទន្សាយមើលងាយ ហើយសើចចំអក ឲ្យអណ្តើកយ៉ាងខ្លាំង។ រីឯអណ្តើក កាន់ចិត្តស្អប់ទន្សាយ ផ្តាំកូនផ្តាំចៅ តាំងពីពេលនោះមក។

មួយជំនាន់ក្រោយមក, ដើម្បីលុបលាងការអាម៉ាស របស់ពួកអណ្តើកទាំងអស់, អ្នកជំនាន់ក្រោយរបស់អណ្តើក បាននឹកឃើញល្បិចមួយ សម្រាប់ផ្ចាញ់ទន្សាយ, ហើយក៏បបួលអ្នកជំនាន់ក្រោយ របស់ទន្សាយ រត់ប្រណាំងគ្នា ទៅកាន់កន្លែងមួយ ដែលត្រូវឆ្លងកាត់ស្ទឹងមួយ។ ទន្សាយរត់វឹង លឿនស្លេវ ដូចឡានដាក់ turbo, ប៉ុន្តែពេលទៅដល់មាត់ស្ទឹង ក៏តាំងអង្គុយអេះចៃ មិនដឹងលកលៃយ៉ាងណា ដើម្បីឆ្លងស្ទឹងរួច។ អណ្តើកវាគើមៗមកតាមក្រោយ ហើយក៏ហែលឆ្លងស្ទឹងទៅត្រើយម្ខាង រួចត្រលប់មកវិញ ប្រកាសជោគជ័យលើទន្សាយ។ អណ្តើកចាស់ៗ នាំគ្នាអុជធូបអុជទៀន អរគុណដូនតា ចំពោះជោគជ័យដ៏ត្រចះត្រចង់នេះ។ រីឯពួកពួកទន្សាយ ជាពិសេសចាស់ៗជំនាន់ កើតក្តីក្តៅក្រហាយ ហើយស្តីបន្ទោសយ៉ាងខ្លាំង ទៅលើទន្សាយដែលចាញ់ដៃអណ្តើក។

ចៃដន្យយប់នោះ មានភ្លើងឆេះព្រៃសន្ធោសន្ធៅ។ ពួកទន្សាយនាំគ្នានឹកអរក្នុងចិត្តថា “ពេលនេះ ថ្ងៃអន្សារបស់អណ្តើកមកដល់ហើយ… សូមអរគុណព្រះជាម្ចាស់!។ ពួកវាច្បាស់ជា ត្រូវឆេះស្លាប់ទាំងអស់មិនខាន”។

ទន្សាយ និងអណ្តើក ដែលរត់ប្រណាំងគ្នា បាននឹកឃើញស្របគ្នាថា មានតែការរួមដៃគ្នាទេ ទើបអាចចៀសផុត ពីគ្រោះកាចមរណ:។ អណ្តើកដឹងច្បាស់ថា ដោយព្រោះតែខ្លួនធ្វើដំណើរយឺតពេក ច្បាស់ជាមិនអាចគេចផុតពីភ្លើងព្រៃ ដែលកំពុងឆេះឆាបយ៉ាងលឿននេះឡើយ។ ចំណែកទន្សាយ គិតឃើញថា ទន្សាយអាចរត់លឿន គេចផុតភ្លើងពៃ្រ, ប៉ុន្តែភ្លើងនឹងឆាបឆេះ ទៅដល់មាត់ស្ទឹង។ ដូច្នេះ ទន្សាយនឹងត្រូវឆេះស្លាប់ដូចគ្នា នៅមាត់ស្ទឹង ព្រោះខ្លួនមិនចេះហែលទឹក។ ទាំងពីរនាក់ បានជួបពិគ្រោះគ្នា រួចពិគ្រោះយោបល់ ជាមួយចាស់ទុំរៀងៗខ្លួន។

ភាគីទាំងសងខាង បានយល់អំពីផលប្រយោជន៍រួម ហើយក៏សុខចិត្តរួមសហការណ៍គ្នា។ ពួកទន្សាយ នាំគ្នាំលីអណ្តើក រត់ទៅកាន់មាត់ស្ទឹង, បន្ទាប់មក ឡើងជិះលើស្នូកអណ្តើក ឆ្លងទៅត្រើយម្ខាង, បានរួចជីវិតពីភ្លើងព្រៃរៀងៗខ្លួន។ តាំងពីពេលនោះមក ទន្សាយ និងអណ្តើក រាប់អានគ្នា ហើយតែងតែគោរព និងផ្តល់តម្លៃដល់ភាពផ្សេងគ្នារបស់គេរៀងៗខ្លួន។

គំនិតត្រិះរិះ
កំហឹងឆេវឆាវមួយពេល អាចបង្កគំនុំ និងការស្អប់ខ្ពើមគ្នាយ៉ាងយូរ ដោយគ្មានបានប្រយោជន៍អ្វីទាំងអស់។ ដូចយើងឃើញស្រាប់ហើយថា នៅក្នុងរឿងនេះ បញ្ហាកើតឡើង ពីការស៊ីផឹក និងការទាស់សម្តីគ្នាតិចតួច រវាងសម្លាញ់ពីរនាក់។ វាជារឿងផ្ទាល់ខ្លួនសោះ ប៉ុន្តែបានប្រែក្លាយទៅជាមរតកគំនុំ តដល់កូនចៅជំនាន់ក្រោយ។

កំហឹងឆេវឆាវ បណ្តាលឲ្យបាត់បង់ការពិចារណា។ អណ្តើកដឹងច្បាស់ថា ធម្មជាតិរបស់ខ្លួន គឺកាយវិការយឺតយ៉ាវ ប៉ុន្តែនៅតែខឹងច្រឡោត ហ៊ានប្រកួតជាមួយទន្សាយ។

នៅមានច្រើនចំណុចទៀត ដែលអាចលើកយកមកសិក្សា ប៉ុន្តែខ្ញុំសូមទុកឱកាសនេះ ជូនដល់មិត្តទាំងអស់ សម្រាប់បញ្ចេញយោបល់រៀងៗខ្លួនចុះ។


អ្វីដែលយកបានមក ដោយការប្រឹងប្រែង តាមភាពសុចរិតទៀងត្រង់ ពិតជាធ្វើឲ្យយើង មានកម្លាំងចិត្តខ្ពស់ ហើយមានភាពនឹងធឹង។ អ្វីដែលបានមក ដោយកេងប្រវញ្ចកម្លាំងអ្នកដទៃ អាចឲ្យយើងដោះទាល់រួចមួយគ្រា ប៉ុន្តែកម្លាំងចិត្តចុះខ្សោយ ព្រោះដឹងថាខ្លួន គឺជាមនុស្សគ្មានតម្លៃ សមនឹងអាការៈខាងក្រៅ ហើយតែងតែមានចិត្តស្រាល រអៀសខ្លួន ភ័យខ្លាចគ្រប់យ៉ាង។

 

 

បើព្រះមានតែមួយអង្គ


ដោយៈ អ្នកស្រីកែវច័ន្ទបូរណ៍

ពេលជួបអាសន្នមានទុក្ខព្រួយ
គ្រប់គ្នាបោះពួយថ្វាយចេកដូង
អុជធូបបន់ស្រន់បួងសង្រូង
ទួញហៅព្រះអង្គយាងមកប្រោស។
បើព្រះមានតែមួយព្រះអង្គ
តើលោកត្រូវផ្ចង់យាងសណ្តោស
មួយណាមុនទៅអោយរួចទោស
ផុតអាសន្នគ្រោះរស់សុខសាន្ត?
មនុស្សមានទុក្ខគ្រប់នគរ
លង់សោកលង់មោហ៍ច្រើនបរិមាណ
ពឹងតែព្រះម៉្យាងច្បាស់ខកខាន
ព្រះតែមួយប្រាណប្រោសមិនទាន់។
ច្នេះទើបព្រះអង្គផ្តល់ដីការ
ជនគ្រប់អាត្មារៀនរួសរាន់
ខ្លួនទីពឹងខ្លួនកុំអោយភ័ន្ត
ព្រះយាងមិនទាន់ក៏មិនស្លុត។
តម្រាអាត្មាយោងខ្លួនឯង
ជាក់ស្តែងប្រយោជន៍ល្អមរកត
មានទុក្ខដោះស្រាយដោយម៉ដ្ឋចត់
ជួបសុខប្រាកដមិនចាំព្រះជួយ។