ផ្លែល្វា
លោកផ្តាំបុត្រភ្ញា កូនអើយផ្លែល្វា ស្អាតតែខាងក្រៅ
ក្នុងវិញសែនល្អក់ ពេញដោយដង្កូវ កុំរាប់នាំខ្លៅ ខ្មៅខូចសន្តាន។
នេះជាគំនិត មួយជ្រុងល្អន់ល្អិត លោកផ្តាំគ្រប់ប្រាណ
តែល្វាខ្លះវិញ សាច់ល្អកល្យាណ អាចធ្វើជ្រក់បាន ឆីឆ្ងាញ់ពិសា។
ល្វាមានគ្រប់បែប ល្វាល្អអាចសេព ពុំមានទោសា ល្វាខ្លះមមង់ ឆីឈឺផ្ទៃផ្សា ល្វាខ្លះល្អជា ឆីឆ្ងាញ់ពេញចិត្ត។
ច្នេះពេលយើងស្តាប់ ឧិ!បុត្រគួរគាប់ កុំភ្លេចពិនិត្យ ពិចារណ៍វិភាគ វែកញែកការពិត កុំជឿទាំងល្ងិត ភ្លេចមើលផ្លូវផ្សេង។
ផ្លូវល្អមានច្រើន សូមពៅក្រវើន បង្កើនច្រើនខ្នែង ញែកផ្លូវស្រាវជ្រាវ អោយឃើញច្បាស់ទែង ប្រទះផ្លូវផ្សេង សូមចែងចែកញាតិ។
កុំថាតាមគ្នា ត្រឹមតែមួយឃ្លា ពុំបែកព្រោងព្រាត
បើមិនស្គាល់ច្បាស់ ស្រាវជ្រាវកុំឃ្លាត នោះពៅវរនាថ ដឹងច្រើនភ្លឺច្រើន។