ផលនៃការប្រព្រឹត្តរបស់ឪពុកម្តាយ


  • បើសិនថ្ងៃនេះ ខ្ញុំមួម៉ៅខ្លាំង ហើយក៏ជ្រុល វាយកូន មួយដៃ។ នេះមានន័យថា ខ្ញុំកំពុងបង្រៀនកូន អោយចេះវាយតប់។
  • បើសិន មានគេមករកខ្ញុំ នៅផ្ទះ។ ខ្ញុំប្រាប់កូន អោយប្រាប់គេថា ខ្ញុំមិននៅផ្ទះទេ សូមអោយ មកជួប ថ្ងៃក្រោយវិញ។ ពេលនេះ ខ្ញុំកំពុង បង្រៀន កូនខ្ញុំ អោយចេះកុហក។
  • បើសិននៅផ្សារ អ្នកលក់នំម្នាក់ គិតលុយខុស បានអាប់ប្រាក់លើស មកអោយ កូនខ្ញុំ។ ខ្ញុំឃើញហើយ មិនមាត់កឡើយ។ ពេលនោះ ខ្ញុំកំពុង បង្រៀនកូន អោយចេះ កេងប្រវញ្ច។
  • បើសិន ខ្ញុំឃើញកូន ច្រឡំដាក់ឥវាន់ ចូលកន្ត្រក យកមកផ្ទះ ភ្លេចគិតលុយ ហើយមិនប្រាប់កូន អោយវិលត្រឡប់ ទៅបង់ថ្លៃឥវាន់ នេះដែរ។ ពេលនេះ ខ្ញុំកំពុងបង្រៀនកូន អោយចេះលួច។
  • ថ្ងៃនេះ ខ្ញុំឈ្លោះគ្នា ជាមួយ អ្នកបើកបរម៉ូតូ វ៉ាកាត់មុខខ្ញុំ ហើយក៏ស្រែកជេរ គ្នាឡើង វ៉ូងវ៉ាងតាមផ្លូវ រហូតដល់មូរដៃអាវ វាយប្រតប់គ្នា ថែនទៀតផង។ ពេលនេះ ខ្ញុំកំពុងបង្រៀន កូនខ្ញុំ អោយប្រើហឹង្សា លើអ្នកដទៃ និង ការរៀនស្អប់អ្នកដទៃ ទាំងមិនដឹង នរណាខុស នរណាត្រូវ។
  • តាមរយៈ សាច់រឿង ខាងលើ យើងកំពុង បង្ហាត់បង្ហាញ កូនចៅរបស់យើង នូវការប្រៀនគម្រូជីវិត តាមរយៈ ការប្រព្រឹត្ត របស់យើង។
  • ថ្ងៃនេះ បើសិន ខ្ញុំសរសើរ លើកទឹកចិត្តកូនខ្ញុំ ដែលបានធ្វើកិច្ចការល្អ ប្រចាំថ្ងៃ នៅក្នុងផ្ទះ ជូនគ្រួសារ ដូចជា បោសផ្ទះ លាងចាន បោកខោអាវជាដើម។ ពេលនេះ ខ្ញុំកំពុងផ្តល់នូវមោទនភាព ចំពោះកូនដែលមាន ទឹកចិត្តល្អ និងមានភាពឧស្សាហ៍។
  • ថ្ងៃនេះ បើសិន ខ្ញុំឈប់ខ្ចីលុយគេទៀត ហើយបានខំធ្វើការ សងជំពាក់ ទៅម្ចាស់បំណុលវិញ នូវអ្វីដែលខ្ញុំធ្លាប់ជំពាក់ ព្រមទាំងរៀនរក្សា ពាក្យសំដីរបស់ខ្លួន តាមសន្យា។ ពេលនេះ ខ្ញុំកំពុងបង្ហាញកូន នូវស្មារតីទទួលខុសត្រូវ របស់ខ្ញុំ ចំពោះជីវិត។
  • ថ្ងៃនេះ បើសិនខ្ញុំបានបង្ហាញ កូនចៅរបស់ខ្ញុំ នូរការរស់នៅ ដោយសុចរិត នូវការរៀន បង្ក្រាបហឹង្សា និងរំលត់ភាពស្អប់ខ្ពើម ក្នុងចិត្ត ចំពោះអ្នកដទៃ និងការប្រកាន់សីលធម៌ និងគុណធម៌ល្អ ចំពោះជីវិត។ ជីវិតសុខមង្គល ក៏កើតមានឡើង ហើយកូនចៅរបស់ខ្ញុំ ក៏រស់នៅ សុខរមនា ក្នុងចិត្ត គ្រប់ៗគ្នា។ ពេលនោះ ខ្ញុំបានបង្រៀន កូនចៅ អំពី ពលិកម្ម របស់ខ្ញុំ ក្នុងជីវិត សុចរិត និង គុណធម៌ ដើម្បីសេចក្តីសុខរួម។
  • ថ្ងៃនេះ ខ្ញុំបានចងសេចក្តីរាប់អាន និងសេចក្តីគោរព ចំពោះ មនុស្សទូទៅគ្រប់វណ្ណៈ ពណ៌សម្បុរ ចំណេះវិជ្ជា ទ្រព្យធន មិនថា ពិការឬជា ប្រុសឬស្រី ឬជាខ្ទើយ ព្រោះយើងជាជាតិសាសន៍តែមួយ គឹ សាសន៍មនុស្ស។ ពេលនេះ ខ្ញុំកំពុងបង្រៀន កូនខ្ញុំ អោយចេះស្រឡាញ់ — ការស្រឡាញ់និងថែរក្សាជីវិត អោយសុខដុម រួមគ្នា។
  • ដូច្នេះ បើសិននៅថ្ងៃណាមួយ ដែលខ្ញុំបានលាចាកលោកនេះទៅ សេចក្តីសុខ និងសេចក្តីស្រឡាញ់ពិត ចំពោះគ្នាទៅវិញទៅមក រមែង គង់វង្សនៅ យ៉ាងរុងរឿង ពណ្ណរាយ ក្នុងបេះដូង របស់កូនខ្ញុំ និងញាតិមិត្តទាំងឡាយ យូរអង្វែងតទៅទៀត ជានិរន្តន៍ តទៅរៀងរហូត មិនសូន្យបង់ជីវិត ទៅតាមរូបកាយ របស់ខ្ញុំឡើយ។

    សូមអ្នកអានទាំងឡាយ បានប្រកបតែសេចក្តីសុខ និងសុភមង្គលក្នុងដួងចិត្ត គ្រប់កាលវេលា ក្រោយពីបាន អានសំណេរ របស់ខ្ញុំ។

    អ្នកស្រី កែវ ច័ន្ទបូរណ៍

Advertisements