ចេះឯង តោងក្រែងចេះគេ


Image

កាលពីព្រេងនាយ មាននិស្សិតម្នាក់ ទើបតែបានបញ្ចប់ឧត្តមសិក្សា ហើយក៏លាគ្រូ ត្រឡប់ទៅ ស្រុកកំណើតវិញ។ នៅតាមផ្លូវទៅផ្ទះ គាត់ត្រូវធ្វើដំណើរ កាត់ទន្លេមួយ ដោយជិះទូក។ នៅខណៈពេល ធ្វើដំណើរ ពូអ្នកចែវទូក ចែវបណ្តើរ និយាយពីនេះ ពីនោះ បណ្តើរ ប៉ុន្តែនិស្សិត យើងមានអារម្មណ៍ រំខានក្រៃលែង ព្រោះ គេយល់ថា អ្វីដែលអ្នក ចែវទូកនិយាយ សុទ្ធតែជាពាក្យ មិនបានការ… ជាមនុស្ស«គ្មានគំនិត» ចេះតែប្រើកម្លាំង បាយចែវទូក។ ទ្រាំលែងបាន និស្សិតយើងក៏បន្លឺឡើងថា៖

-ពូឯងនិយាយច្រើនណាស់! បើពូឯងចូលចិត្ត និយាយច្រើនម្លឹងៗ ឥឡូវខ្ញុំសួរពូឯងមើល តើទស្សនវិជ្ជាជាអ្វី?

ពូចែវទូក៖

-ឧិលោកក្មួយអ្ហើយ! ពូមិនដឹងទេ … តាំងពីធំដឹងក្តីមក ពូចេះតែធ្វើស្រែ និងចែវទូកចម្លងអ្នកដំណើរប៉ុណ្ណោះ។

និស្សិត៖

-គួរឲ្យស្តាយដែរ! គ្រាន់តែទស្សនៈវិជ្ជាជាអ្វី ក៏ពូឯងមិនដឹង។ ជីវិតពូឯងគ្មានន័យទេ ស្លាប់អស់ ៤៥% បាត់ទៅហើយ!

ពូអ្នកចែវទូក ពុំបានយកចិត្តទុកដាក់ នឹងសម្តីឡែបខាយ របស់និស្សិតយើងឡើយ, គាត់គិតតែពីគាស់ច្រវា ហើយចាប់ផ្តើមនិយាយ ពីនេះពីនោះបន្តទៀត។

និស្សិតយើង កាន់តែរងការរំខាន ក្នុងចិត្តថែមទៀត ដោយនឹកថា និយាយឲ្យប៉ុណ្ណឹង ហើយ គាត់នៅតែ មិនយល់ន័យ ហើយនៅតែបើក មាត់និយាយទៀត។ ទ្រាំមិនបាន និស្សិតយើងក៏បន្លឺឡើងទៀតថា៖

-ចុះពូឯងដឹងថាចិត្តសាស្ត្រជាអ្វីទេ?

ពូអ្នកចែវទូក ក៏ឆ្លើយតបទៅ និស្សិតនូវពាក្យដដែល។

និស្សិត៖

-ហាស់! ហាស់! ហាស់! នេះបានហៅថា កើតមក ស្ពាយល្ងង់មកតាម … សមជាអ្នក ប្រើតែកម្លាំងបាយមែន! សូម្បីតែចិត្តសាស្ត្រជាអ្វី ក៏ពូឯងមិនស្គាល់… ហឺយ!!! ជីវិតរបស់ ពូឯងស្លាប់អស់ ៩០% បាត់ទៅហើយ។

ពូអ្នកចែវទូក បានយល់ច្បាស់ អំពីការប្រមាថនេះ គាត់នឹកឆួលក្នុងចិត្ត ប៉ុន្តែគាត់ខំ សម្រួលអារម្មណ៍ ហើយដកដង្ហើម មួយយ៉ាងវែង ដើម្បីទប់កំហឹង។ គាត់ដឹងថា និស្សិត ម្នាក់នេះមិនចូលចិត្ត ឲ្យគាត់និយាយអ្វី រំខានត្រចៀកគេទេ។ គាត់ក៏ឈប់ និយាយស្តី សម្ងំគាស់ច្រវាបន្ត សំដៅទៅត្រើយម្ខាង។

ពេលធ្វើដំណើរដល់ ពាក់កណ្តាលទន្លេ ស្រាប់តែផ្ទៃមេឃ ដ៏ស្រស់ថ្លា ប្រែជាខ្មៅងងិត ព័ទ្ធដោយពពួកខ្មៅខ្មួលខ្មាញ់ និងធ្លាក់ខ្យល់ខ្លាំង ត្រជាក់ស្រឺត ស្រៀវស្រាញ ដល់ឆ្អឹងខ្នង អ្នកទាំងពីរ។ ពូអ្នកចែវទូក ដឹងសភាពការណ៍ ក៏សួរទៅកាន់និស្សិត យើងថា៖

_លោកក្មួយចេះហែលទឹកទេ?

និស្សិត មិនខ្ចីឆ្លើយ គ្រាន់តែគ្រវីក្បាល។ គ្រាន់តែនិស្សិត យើងគ្រវីក្បាល មិនទាន់ផុត ព្យុះធំមួយ ក៏លេចធ្លោឡើង ចំពោះមុខអ្នកទាំងពីរ។

ពូអ្នកចែវទូកស្រែកខ្លាំងៗថា៖

-មើលទៅ ជីវិតក្មួយ ស្លាប់ ១០០% ហើយ នៅពេលនេះ។ ទោះយ៉ាងណាក៏ដោយ សូមឲ្យក្មួយ មានសំណាងល្អណ៎ា! ពូហែលទៅកាន់ច្រាំង ទន្លេមុនហើយ។

ឯវំ ក្រសាំងកប់ បុកលាយត្រប់ក្តគោ៚

ចាបតូច, អាចម៌គោ និងឆ្មា


 កាលពីពីរបីថ្ងៃមុន ខ្ញុំបានមើលភាពយន្តឥណ្ឌាមួយខ្សែ មានចំណងជើងថា “Bduddah…Hoga Terra Baap” ។ នៅក្នុងឆាកមួយ តួឯកបានលើករឿងមួយមកនិយាយប្រៀបធៀប ដើម្បីបន្តុះបង្អាប់តួអង្គម្នាក់ទៀត ដែលអួតខុសទំនង។

ថ្ងៃមួយនារដូវត្រជាក់ធ្លាក់ទឹកកក កូនចាបមួយបានព្យាយាមហោះហើរទៅកាន់ភាគខាងត្បូង ដែលជាតំបន់មានអាកាសធាតុក្តៅ។ នៅតាមផ្លូវ ធាតុអាកាសត្រជាក់ខ្លាំង… ចាបតូចទ្រាំលែងបាននឹងភាពត្រជាក់រឹងថ្គាម លែងអាចទទះស្លាបទៅមុខរួច ក៏សន្លប់បាត់បង់ស្មារតី ហើយធ្លាក់ទៅដីដែលគ្របដណ្តប់ដោយព្រិល។ គាប់ជួនពេលនោះ គោមួយដើរកាត់ ហើយក៏ជុះអាចម៌មួយដុំធំ ទម្លាក់ចំលើកូនចាប។ ភាពក្តៅឧណ្ហៗនៃអាចម៌គោ បានរក្សាជីវិតរបស់កូនចាបឲ្យនៅរស់។

មួយស្របក់ក្រោយមក កូនចាបបានដឹងខ្លួនឡើងវិញ ហើយឃើញខ្លួនកប់នៅក្នុងពំនូកអាច៌គោដែលក្តៅឧណ្ហៗ សុខស្រួលក្រៃលែង។ កូនចាបសប្បាយចិត្ត និងមានអំនួតក្រៃលែង ដែលខ្លួនបានរួចពីសេចក្តីស្លាប់។ ទោះខ្លួនជាប់គាំងនៅក្នុងពំនូកអាចម៌គោក្តី កូនចាប់នៅតែឆ្លៀតអើតក្បាលចេញមក ហើយស្រែកច្រៀងយ៉ាងសប្បាយ។

នៅពេលបានឮសំលេងកូនចាបស្រែកច្រៀង ឆ្មាមួយដែលនៅក្បែរនោះ បានទៅរកកូនចាបតាមសំលេង។ ពេលមកដល់ ឆ្មាបានឃើញកូនចាបកំពុងជាប់គាំងនៅក្នុងពំនូកអាចម៌គោ។ ឆ្មាបានទាញកូនចាបចេញពីអាចម៌គោ ហើយក៏លេបទំពារជាចំណីយ៉ាងឆ្ងាញ់មាត់ទៅហោង។

សូមមិត្តទាំងអស់ជួយវិភាគមើល ទៅរឿងនេះ ចង់ប្រដៅយើងយ៉ាងណាខ្លះ?