ច្បាប់ទប់ទល់ជាមួយឡានដឹកសំរាម


អត្ថបទបកប្រែ កែកាឡៃ ចែកគ្នាអាន

    តើញឹកញាប់ប៉ុណ្ណាដែរ ដែលអ្នកបណ្តោយឲ្យ សម្តីផ្តេសផ្តាសរបស់មនុស្សដទៃ  ផ្លាស់ប្តូរអារម្មណ៍របស់អ្នក?

តើអ្នកបណ្តោយឲ្យ អ្នកបើកឡានព្រហើន, អ្នករត់តុឈ្លើយ, ចៅហ្វាយមាត់អាក្រក់ ឬមិត្តរួមការងារ ធ្វើឲ្យអ្នកខូចអារម្មណ៍ ខូចសម្រស់ថ្ងៃដ៏ល្អរបស់អ្នកឬទេ? ជារឿយៗ, យើងចៀសមិនផុតទេ ព្រោះយើងមិនមែនជាព្រះ ឬជាមនុស្សយន្តឡើយ។ យ៉ាងណាក្តី គំនូសសម្គាល់របស់ មនុស្សជោគជ័យ គឺភាពរហ័សរហួនរបស់គេ ក្នុងការបំបែរអារម្មណ៍ មកកាន់អ្វីដែលសំខាន់នៅចំពោះមុខ។

កាលពី ៣ ឆ្នាំមុន ខ្ញុំបានរៀនមេរៀនមួយនេះ នៅខណៈដែលខ្ញុំពឹង Jack ដែលជាអ្នកជិតខាងរបស់ខ្ញុំ សុំឲ្យគាត់ជូនខ្ញុំ ទៅកាន់ហាងជួសជុលរថយន្ត ដើម្បីយកឡាន ដែលខ្ញុំបានទុកចោលអស់មួយថ្ងៃ សម្រាប់ជួសជុល។

យើងកំពុងធ្វើដំណើរ នៅលើផ្លូវមួយ មានចរាចរណ៍ទៅមក ហើយមានបន្ទាត់ សម្រប់បើកបរពីរខ្សែ។ យើងកំពុងស្ថិតនៅបន្ទាត់ខាងស្តាំ។ ភ្លាមនោះ ឡានខ្មៅមួយ ដែលចតនៅតាមបណ្តោយផ្លូវ, ស្រាប់តែចេញក្បាល មកយ៉ាងលឿននៅពីមុខយើង បណ្តាលឲ្យ Jack ជាន់ហ្វ្រាំងយ៉ាងគំហ៊ុក ហើយរអិលទៅខាងឆ្វេង ប៊ិសទង្គិចឡានមួយទៀត។

តាមធម្មតា អ្នកដែលត្រូវខឹង គឺពួកយើងទេ ព្រោះឡានខ្មៅនោះ ចេញមកទាំងទទឹងទិស ឥតមើលឆ្វេងស្តាំ។ ផ្ទុយទៅវិញ ម្ចាស់ឡានខ្មៅនោះ អើតក្បាលចេញតាមបង្អួច ស្រែកជេរបញ្ចោរពួកយើង ហើយលើកម្រាមដៃកណ្តាលឡើងលើ ដាក់ពួកយើងផង។

Jack គ្រាន់តែញញឹម ហើយលើកដៃបោយដាក់ ម្នាក់ឈ្លើយនោះ។ ខ្ញុំសួរគាត់ថា៖ “វាបើកឡានឈ្លើយ ស្ទើរតែបណ្តាលឲ្យយើងមានគ្រោះថ្នាក់ ហេតុអី Jack ឯងលើកដៃគួរសមនឹងវាទៅវិញ?”។ Jack ញញឹម ហើយនិយាយប្រាប់ខ្ញុំនូវអ្វីដែលខ្ញុំហៅសព្វថ្ងៃនេះថា “ច្បាប់ទប់ទល់នឹងឡានដឹកសំរាម”។

“មនុស្សជាច្រើន ប្រៀបដូចជាឡានដឹកសំរាម,” Jack និយាយ។ “គេទៅមក ស្ពាយជាប់ខ្លួនជានិច្ចនូវសំរាម, ភាពតានតឹងចិត្ត, កំហឹង និងការខកចិត្ត។ នៅពេលណាសំរាមគរឡើងខ្ពស់ គេត្រូវការរកកន្លែងចាក់ចោល, ហើយនៅពេលនោះ បើអ្នកបណ្តោយគេ, គេនឹងចាក់មកលើអ្នកមិនខាន។ ដូច្នេះ បើមានអ្នកណាម្នាក់ ព្យាយាម ចាក់សំរាមលើអ្នក, អ្នកកុំយកទុកដាក់ក្នុងចិត្ត។ អ្នកគ្រាន់តែញញឹមដាក់គេ, បោយដៃ និងបន់ឲ្យគេមានសេចក្តីសុខ  រួចហើយបន្តទៅមុខទៀត”។

នេះហើយ ជាច្បាប់ទប់ទល់នឹងឡានដឹកសំរាម។ ខ្ញុំគិតខ្លួនឯងថា តើប៉ុន្មានដងហើយ ដែលខ្ញុំបានបណ្តោយខ្លួនឯង ឲ្យឡានដឹកសំរាម បើកកិនពីលើ? ហើយប៉ុន្មានដងហើយ ដែលខ្ញុំយកសំរាមនេះ ទៅពង្រាយរាលដាល ដល់មនុស្សដទៃ នៅកន្លែងធ្វើការ, នៅផ្ទះ និងនៅតាមផ្លូវ?

ខ្ញុំក៏បានសម្រេចចិត្តថា “ខ្ញុំលែងធ្វើដូច្នោះទៀតហើយ”។

តាំងពីពេលនោះមក ខ្ញុំចាប់ផ្តើមឃើញឡានដឹកសំរាម នៅគ្រប់ទិសទី។ ខ្ញុំឃើញសំរាម ដែលគេដឹកទៅ ដឹកមក, ហើយដូចគ្នានឹង Jack ដូច្នោះដែរ, ខ្ញុំមិនដែលរើសមក ទុកដាក់ក្នុងចិត្ត ទៀតឡើយ។ ខ្ញុំគ្រាន់តែញញឹម, បោយដៃ, បន់ឲ្យគេមានសេចក្តីសុខ  រួចហើយបន្តដំណើរ ទៅកាន់ទីណាដែលខ្ញុំត្រូវទៅ។

…………………………………………………………………………………………………

សរុបសេចក្តីទៅ មនុស្សដែលមានជោគជ័យនៅក្នុងជីវិត, គេមិនបណ្តោយឲ្យឡានដឹកសំរាម គ្រប់គ្រងអារម្មណ៍របស់គេឡើយ។ យើងមិនគួរក្រោកពីដំណេក ជាមួយនឹងកំហឹង និងវិប្បដិសារីនៅក្នុងចិត្ត, ដ្បិតអី ជីវិតមនុស្ស ពិតជាខ្លីណាស់។ ចូរស្រឡាញ់មនុស្ស ដែលធ្វើល្អដាក់ខ្លួន, ហើយបួងសួងឲ្យអ្នក ដែលមិនស្រឡាញ់ខ្លួន ឲ្យគេមានក្តីសុខចុះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s