ថ្ងៃមួយ នៅពេលដែលលោក ហ្កាន់ឌី ឈានជើងឡើងរទេះភ្លើង, ស្រាប់តែស្បែកជើង មួយចំហៀងរបស់លោក របូតធ្លាក់ទៅលើថ្នល់រថភ្លើង។ លោកព្យាយាមឈោងយកមកវិញ ប៉ុន្តែរទេះភ្លើង ចាប់ផ្តើមរំកិលទៅមុខទៅហើយ។ ដូច្នេះ លោកក៏ដោះស្បែកជើង មួយចំហៀងទៀតរបស់លោក, គ្រវែងទៅជិតស្បែកជើងមួយទៀត ដែលនៅលើថ្នល់រថភ្លើង។
អ្នកអមដំណើរលោក សម្លឹងមើលមុខគ្នា ដោយការងឿងឆ្ងល់, ហើយមានម្នាក់ បានសួរលោកថា ហេតុអ្វីធ្វើដូច្នោះ។ លោក ហ្កាន់ឌី ឆ្លើយដោយស្ងប់ស្ងៀមថា៖ “មនុស្សក្រីក្រ ដែលប្រទះឃើញស្បែកជើង នៅលើផ្លូវរថភ្លើងនោះ, គាត់នឹងមានស្បែកជើងមួយគូ សម្រាប់ប្រើប្រាស់”។
………………………………………………
ពេលខ្លះ របស់ណាដែលគ្មានប្រយោជន៍ សម្រាប់ខ្លួនយើងទេ, ជាជាងបោះចោល ឬទុកចោលជាអសារឥតការ, យើងគួរតែបរិច្ចាគ ដល់អ្នកក្រខ្សត់ ដែលត្រូវការ។ ជួនកាល អំពើល្អតូចមួយ អាចធ្វើឲ្យមានភាពផ្សេងគ្នាយ៉ាងធំមួយ នៅក្នុងជីវិតមនុស្សម្នាក់។
រៀងរាល់ឆ្នាំ នៅផ្ទះខ្ញុំ, យើងតែងប្រមូលឥវ៉ាន់ចាស់ថ្មី ដែលពុំមានប្រយោជន៍សម្រាប់យើង ដាក់ចូលធុងធំមួយ ហើយហៅអង្គការមនុស្សធម៌ Salvation Army មកដឹក។ ពេលខ្លះ យើងត្រូវដឹក យកទៅឲ្យគេដល់កន្លែងទៀតផង។