រឿង ហ្កាន់ឌី និងស្បែកជើង


ថ្ងៃមួយ នៅពេលដែលលោក ហ្កាន់ឌី ឈានជើងឡើងរទេះភ្លើង, ស្រាប់តែស្បែកជើង មួយចំហៀងរបស់លោក របូតធ្លាក់ទៅលើថ្នល់រថភ្លើង។ លោកព្យាយាមឈោងយកមកវិញ ប៉ុន្តែរទេះភ្លើង ចាប់ផ្តើមរំកិលទៅមុខទៅហើយ។ ដូច្នេះ លោកក៏ដោះស្បែកជើង មួយចំហៀងទៀតរបស់លោក, គ្រវែងទៅជិតស្បែកជើងមួយទៀត ដែលនៅលើថ្នល់រថភ្លើង។

អ្នកអមដំណើរលោក សម្លឹងមើលមុខគ្នា ដោយការងឿងឆ្ងល់, ហើយមានម្នាក់ បានសួរលោកថា ហេតុអ្វីធ្វើដូច្នោះ។ លោក ហ្កាន់ឌី ឆ្លើយដោយស្ងប់ស្ងៀមថា៖ “មនុស្សក្រីក្រ ដែលប្រទះឃើញស្បែកជើង នៅលើផ្លូវរថភ្លើងនោះ, គាត់នឹងមានស្បែកជើងមួយគូ សម្រាប់ប្រើប្រាស់”។

………………………………………………

ពេលខ្លះ របស់ណាដែលគ្មានប្រយោជន៍ សម្រាប់ខ្លួនយើងទេ, ជាជាងបោះចោល ឬទុកចោលជាអសារឥតការ, យើងគួរតែបរិច្ចាគ ដល់អ្នកក្រខ្សត់ ដែលត្រូវការ។ ជួនកាល អំពើល្អតូចមួយ អាចធ្វើឲ្យមានភាពផ្សេងគ្នាយ៉ាងធំមួយ នៅក្នុងជីវិតមនុស្សម្នាក់។

រៀងរាល់ឆ្នាំ នៅផ្ទះខ្ញុំ, យើងតែងប្រមូលឥវ៉ាន់ចាស់ថ្មី ដែលពុំមានប្រយោជន៍សម្រាប់យើង ដាក់ចូលធុងធំមួយ ហើយហៅអង្គការមនុស្សធម៌ Salvation Army មកដឹក។ ពេលខ្លះ យើងត្រូវដឹក យកទៅឲ្យគេដល់កន្លែងទៀតផង។

គោលជំនឿសម្រាប់រស់តាម


ជីវិតជាដំណើរ ដែលត្រូវក្រេបរសជាតិ គ្រាប់ជំហាន។

• កុំបន្ថោកតម្លៃខ្លួនឯង ដោយយកខ្លួនទៅប្រដូច នឹងអ្នកដទៃ, ដ្បិតអី មនុស្សយើងទាំងអស់ មានលក្ខណៈផ្សេងៗគ្នា ហើយមានចំណុចពិសេស រៀងៗខ្លួន។

• កុំកំណត់គោលបំណងខ្លួនឯង ដោយព្រោះតែអ្នកផ្សេងយល់ថាសំខាន់។ មានតែខ្លួនឯងទេ ទើបដឹងថា អ្វីដែលល្អបំផុតសម្រាប់ខ្លួន។

• កុំមើលរំលងអ្វីៗដែលនៅជិត, ស្និទ្ធនឹងបេះដូង។ ចូរថ្នមរក្សា ទុកដូចជាជីវិតខ្លួន, ដ្បិតអី បើបាត់បង់ទៅ ជីវិតនឹងលែងមានន័យ។

• កុំបណ្តោយឲ្យជីវិត របូតផុតពីដៃ, ក្លាយជាអសារបង់ ដោយការរស់នៅ ក្នុងសោកស្តាយនៃអតីតកាល ហើយព្រួយបារម្ភអំពីអនាគត។ រស់នៅក្នុងពេលបច្ចុប្បន្ន, ពីមួយថ្ងៃ ទៅមួយថ្ងៃ។ អ្វីដែលយើងសាបព្រួសនៅថ្ងៃនេះ, គឺដើម្បីឲ្យយើងអាច ប្រមូលនៅថ្ងៃស្អែក… បើស្អែកនៅមាន…។

• កុំបោះបង់ ដរាបណានៅអាចតស៊ូ។ គ្មានអ្វីត្រូវចប់ទេ, លើកលែងតែឈប់ព្យាយាម។

• កុំខ្លាចក្នុងការប្រឈមនឹងគ្រោះថ្នាក់។ ការប្រថុយនេះហើយ ដែលអាចឲ្យយើងរៀនក្លាហាន។
• កុំបំបិទស្នេហា ចោលចេញពីជីវិត ដោយគិតថា ស្នេហា, រកមិនបាន។ របៀបដែលរហ័សបំផុត ដើម្បីទទួលបាននូវក្តីស្រឡាញ់ គឺផ្តល់ក្តីស្រឡាញ់។ របៀបដែលលឿនបំផុត សម្រាប់បាត់បង់ក្តីស្រឡាញ់ គឺការហួងហែងតឹងខ្លាំងពេក។ របៀបដ៏ប្រសើរបំផុត ដើម្បីរក្សាក្តីស្រឡាញ់ ឲ្យនៅរស់រវើក គឺការផ្តល់សេរីភាព។

• កុំច្រានចោលនូវក្តីសុបិនរបស់ខ្លួន។ ជីវិតគ្មានក្តីសុបិន គឺជាជីវិតឥតសង្ឃឹម។ ជីវិតដែលឥតសង្ឃឹម គឺជាជីវិតដែលគ្មានគោលបំណង។

• កុំរត់ឆ្លងកាត់ជីវិតលឿនពេក, ដ្បិតអី មិនត្រឹមតែ ធ្វើឲ្យយើងភ្លេចថា បាននៅទីណាខ្លះទេ, គឺថែមទាំងធ្វើឲ្យយើង ភ្លេចមើលថា យើងកំពុងទៅកាន់ទីណាទៀតផង។ ជីវិត មិនមែនជាការរត់ប្រណាំងទេ, ប៉ុន្តែគឺជាដំណើរ ដែលត្រូវក្រេបរសជាតិគ្រប់ជំហាន។


គោលការណ៍សំខាន់បំផុត ទាំង ១០ សម្រាប់ឧត្តមជីវិត
• ក្តីស្រឡាញ់៖ អារម្មណ៍ពិសេស ដែលធ្វើឲ្យអ្នក មានអារម្មណ៍កក់ក្តៅ និងសប្បាយអស់ពីចិត្ត។
• ក្តីគោរព៖ ការប្រព្រឹត្តិដាក់មនុស្សផ្សេង តាមរបៀបដូចគា្ន ដែលអ្នកចង់ឲ្យគេ ប្រព្រឹត្តិចំពោះខ្លួន។
• ការផ្តល់តម្លៃ៖ គឺដើម្បីមានការអរគុណ ចំពោះរឿងល្អគ្រប់យ៉ាង ដែលជីវិតផ្តល់ឲ្យ។
• សុខមង្គល៖ ក្តីរីករាយពេញលេញ នៃគ្រានីមួយៗ។ មុខញញឹម។
• ការអត់អោនទោស៖ សមត្ថភាព ក្នុងការទុកឲ្យរឿងកន្លងទៅតាមដំណើរ ដោយគ្មានការគុំខឹង។
• ការចែករំលែក៖ ក្តីរីករាយនៃការធ្វើទាន ដោយគ្មានគំនិតរំពឹងចង់ទទួល។
• ក្តីស្មោះត្រង់៖ គុណភាពនៃការនិយាយការពិតជានិច្ច។
• ក្តីសុចរិត៖ ភាពបរិសុទ្ធនៃការធ្វើអ្វីដែលត្រឹមត្រូវ, មិនថាមានរឿងអ្វី។
• ក្តីមេត្តា៖ សារៈនៃការយល់អំពីអារម្មណ៍ឈឺចាប់ របស់អ្នកផ្សេង នៅខណៈដែលកំពុងជួយបន្ថយ ការឈឺចាប់របស់គេ។
• សន្តិភាព៖ រង្វាន់នៃការរស់នៅតាមគោលការណ៍សំខាន់បំផុត ទាំង ១០ សម្រាប់ឧត្តមជីវិត។