ឥរិយាបថឆ្លើយតបទៅនឹងបញ្ហាជីវិត៖ ដើមឈើបញ្ហា


"ដើមឈើបញ្ហា"

ជារឿយៗ ខ្ញុំសង្កេតឃើញ អ្នកជិតខាងរបស់ខ្ញុំ ដែលមានផ្ទះទល់មុខគ្នា, តែងតែយកដៃទាំងពីរ ប៉ះដើមឈើមួយដើម នៅមុខផ្ទះរបស់គាត់។ រាល់ព្រឹក ពេលគាត់ចេញពីផ្ទះ ទៅធ្វើការ ក៏គាត់ធ្វើដូច្នោះដែរ។ ប្រាំពីរឆ្នាំមកហើយ ដែលខ្ញុំបានមកនៅទីនេះ។ ខ្ញុំមានការងឿងឆ្ងល់រហូតមក ប៉ុន្តែមិនដែលបានសួរគាត់ទេ។ ពេលឃើញគ្នា គ្រាន់តែលើកដៃដាក់គ្នា ដើម្បីសម្តែងការគួរសមប៉ុណ្ណោះ។

គាប់ជួនថ្ងៃមួយ ពេលខ្ញុំកំពុងបើកឡានមកផ្ទះវិញ, ឃើញឡានវ៉ែនមួយ ចតចោលនៅចិញ្ជើមថ្នល់មួយ ដែលស្រឡះល្វឹង ស្ថិតនៅកណ្តាលវាលធំមួយ ដែលជាច្រកចេញចូល ទៅផ្ទះយើង។ ខ្ញុំគិតក្នុងចិត្តថា ឡានហ្នឹង ដូចជាឡាន របស់អ្នកជិតខាងខ្ញុំ!។ ខ្ញុំបើកទៅមុខបន្តិច, ឃើញមនុស្សម្នាក់ កំពុងដើរកាន់ពិដុងសាំង។ ខ្ញុំមើលស្គាល់ថា ជាអ្នកជិតខាងរបស់ខ្ញុំ។ ខ្ញុំបានឈប់ឡាន ហើយហៅគាត់ឡើងជិះ។

ខ្ញុំសួរគាត់ថា មានអ្វីកើតឡើង? គាត់រៀបរាប់ថា យប់មិញ គាត់នៅយប់ជ្រៅពេក ហើយជ្រុលដំណេក។ ព្រឹកឡើង គាត់ក្រោកទាំង ប្រញាប់ប្រញាល់ ទៅធ្វើការ, ភ្លេចកាបូប និងទូរស័ព្ទដៃ។ នៅតាមផ្លូវទៅធ្វើការ គាត់បានទទួលសំបុត្រពិន័យ ពីការបើកបរ លើសល្បឿន។ គាត់បានទៅដល់ កន្លែងធ្វើការយឺតម៉ោង ហើយត្រូវមេការស្តីបន្ទោស ព្រមទាំងទទួលបាន ក្រដាសពណ៌ផ្កាឈូក (pink slip) ជាការព្រមានទៀតផង។ ពេញមួយថ្ងៃកន្លងទៅ គាត់ធ្វើការ ដោយគ្មានបាយ មួយគ្រាប់ចូលពោះ ព្រោះលោកគ្មានទម្លាប់ខ្ចីប្រាក់ ពីអ្នកធ្វើការជាមួយគ្នា។ លុះពេលល្ងាច ចប់ការងារ, នៅតាមផ្លូវ ត្រឡប់ទៅផ្ទះវិញ ទើបលោកដឹងថា ឡានរបស់លោកអស់សាំង។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល ចំពោះខ្ញុំ, គឺខ្ញុំសង្កេតឃើញ គាត់មានឥរិយាបថធម្មតា ហើយនិយាយរៀបរាប់ អំពីបញ្ហារបស់គាត់ តាមរបៀបកំប្លែង ហើយសើចយ៉ាងស្រួល។

ខ្ញុំបានជូនគាត់ ទៅដល់ហាងលក់សាំង ហើយឲ្យគាត់ខ្ចី $១០ ដើម្បីទិញសាំង។ គាត់យកតែ $៥ ប៉ុណ្ណោះ ពិព្រោះពិដុងគាត់ ដាក់សាំងបានតែជាង ១កាឡុងប៉ុណ្ណោះ។ បន្ទាប់មក ខ្ញុំបានជូនគាត់ ត្រឡប់ទៅកាន់ឡានគាត់វិញ។ គាត់បានថ្លែងអំណរគុណ ដល់ខ្ញុំយ៉ាងច្រើន ដែលបានជួយគាត់។

យើងបានមកដល់ផ្ទះវិញ ក្នុងពេលដំណាលគ្នា។ គាត់ចុះពីឡាន ហើយដើរទៅប៉ះ ស្លឹកឈើនឹងដៃទាំងពីរ មុនចូលផ្ទះ។ កូនស្រីរបស់គាត់ទាំងពីរ រត់មកអោបគាត់។ បន្ទាប់មក គាត់អោបថើប ភរិយារបស់គាត់។ ខ្ញុំបិទទ្វារក្ហារ៉ាស់ឡាន ហើយចូលផ្ទះដែរ។

ព្រលប់ឡើង គាត់បានយកប្រាក់ មកសងខ្ញុំវិញ ហើយថែមទាំងជូន ស្រាក្រហមមួយដបមកខ្ញុំ ដែលគាត់រក្សាទុក តាំងពីឆ្នាំ ១៩៩៨, សម្រាប់ជាការថ្លែងអំណរគុណ។ ខ្ញុំប្រកែកយ៉ាងណា ក៏គាត់មិនព្រម។ គាត់ថា នៅស្រុកគាត់, បដិសេធន៍ជំនូនគេ គឺជាការមិនយល់មុខ។ ខ្ញុំក៏ព្រមទទួល ហើយអរគុណគាត់ ចំពោះការរាប់អាន ដោយសន្តានចិត្តល្អ។ មុននឹងគាត់លាទៅវិញ ខ្ញុំបានសួរគាត់ អំពីកាយវិការ យកដៃទាំងពីរប៉ះដើមឈើ រាល់ពេលគាត់ ចេញទៅធ្វើការ និងត្រឡប់មកផ្ទះ។

គាត់រៀបរាប់ថា គាត់ហៅដើមឈើមួយដើម នៅមុខផ្ទះគាត់នោះថា “ដើមឈើបញ្ហា”។ គាត់ថា នៅក្រៅផ្ទះ, ដូចជានៅកន្លែងធ្វើការជាដើម គឺចៀសមិនផុតពីបញ្ហាទេ។ ប៉ុន្តែរឿងមួយ ដែលគាត់ត្រូវធ្វើដាច់ខាត គឺមិននាំបញ្ហាទាំងនោះ ចូលក្នុងផ្ទះ ហើយបណ្តាលឲ្យរាលដាល ដល់ប្រពន្ធកូនគាត់ទេ។ ដូច្នេះ គាត់ព្យួរបញ្ហាទាំងនោះ ទុកនៅនឹងដើមឈើសិន។ លុះដល់ព្រឹក ទើបគាត់ទៅដោះវាយកមកវិញ។

គាត់និយាយទៀតថា តាមការសង្កេត របស់គាត់, បញ្ហាមួយចង្កោមធំ ដែលគាត់ព្យួរនៅនឹងដើមឈើនោះ ហាក់ដូចជារលាយបាត់អស់ នៅពេលដែលគាត់ទៅដោះវាយកមកវិញ នៅរៀងរាល់ព្រឹកចេញទៅធ្វើការ។

តើមិត្តទាំងអស់ រៀនបានអ្វីខ្លះ ពីរឿងនេះ? សូមអញ្ជើញចូលរួម ធ្វើបច្ច័យសិក្សា។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s