ចំណងស្នេហ៍ ១៨ ឆ្នាំ៖ ស្និទ្ធផ្តិតស្នេហ៍


 កាលពីម្សិលម៉្ងៃ ខ្ញុំបានសន្យា ជាមួយប្រិយមិត្តថា នឹងជូនប្រលោមលោកខ្នាតខ្លីមួយរឿង សម្រាប់ជា ចំណងដៃថ្ងៃទិវានៃក្តីស្រឡាញ់។ ប៉ុន្តែដោយសារការមមាញឹក និងខួរក្បាលស្ពឹក មិនសូវវាងវៃ, ខ្ញុំរកកន្លែងសម្រាប់បញ្ចប់ ប្រលោមលោករបស់ខ្ញុំ មិនទាន់បាននៅឡើយទេ។ ពេលនេះ ខ្ញុំសូមជូនរឿងមួយផ្សេងវិញ ដែលខ្ញុំបានយកមកបកប្រែ ហើយកែកាឡៃ ធ្វើដូចជារបស់ខ្លួនឯង សរសេរមែនទែន យ៉ាងរំភើយ។ 😀 😀

……………………………………………………………

នៅយប់នោះ លោក សម្បត្តិ ទើបមកដល់ផ្ទះ នៅខណៈដែលភរិយា របស់លោក កំពុងរៀបចំបាយល្ងាច។ ក្រោយពីផ្លាស់ សម្លៀកបំពាក់ធ្វើការចេញ, លោកអង្គុយនៅលើតុបាយ, ចាប់ទាញដៃភរិយាមកកាន់ រួចនិយាយថា៖ “បងមានរឿងចង់ប្រាប់អូន”។

ភរិយារបស់លោក អង្គុយចុះ ហើយចាប់ផ្តើមបរិភោគ ដោយស្ងៀមស្ងាត់។ លោក សម្បត្តិ បានសង្កេតឃើញក្តីក្រៀមក្រំ នៅក្នុងកែវភ្នែក របស់ភរិយា ហាក់ដូចជា បានដឹងមុនថា លោកចង់និយាយអំពីអ្វី។ នៅពេលភ្លាមនោះ លោកហាក់ដូចជា បើកមាត់ និយាយមិនចេញ, ប៉ុន្តែលោកត្រូវតែ ឲ្យនាងដឹង អំពីបំណងរបស់លោក។

“បងចង់លែងគ្នា”, លោក សម្បត្តិលើកប្រធានបទឡើងយ៉ាងស្ងប់។

ភរិយារបស់លោក ហាក់ដូចជា មិនបានរងការទង្គិចចិត្ត នឹងសម្តី របស់លោកឡើយ។ ផ្ទុយទៅវិញ លោកស្រីបានសួរទៅស្វាមីវិញ ក្នុងសម្លេងធម្មតា យ៉ាងសុភាពថា៖ “ហេតុអី?”។

លោក សម្បត្តិ ឈ្ងោកមុខចុះ សម្ងំបរិភោគបាយ ដោយមិនឆ្លើយតប ទៅនឹងសំនួររបស់ភរិយា។ អាកប្បកិរិយាបែបនេះ បានបណ្តាលឲ្យលោកស្រី ខឹងសម្បារ, គប់សម និងស្លាបព្រា ទៅនឹងដី រួចនិយាយទាំងតឹងសរសៃកថា៖ “បងឯង មិនមែនជាកូនប្រុសទេ!”។

នៅយប់នោះ អ្នកទាំងពីរ មិនបាននិយាយរកគ្នា អស់ពេញមួយយប់ ហើយស្ថិតនៅក្នុងបន្ទប់ផ្សេងគ្នា។ លោកស្រី អង្គុយនៅក្នុងបន្ទប់មួយទៀត ស្ងាត់តែម្នាក់ឯង, បង្ហូរទឹកភ្នែកជោកថ្ពាល់ ក្នុងចិត្តអួលណែន ពោរពេញដោយក្តីឈឺចាប់។ លោកស្រី ពិតជាចង់ដឹងណាស់ថា តើមានអ្វីកើតឡើង ដល់ចំណងអាពាហ៍ពិពាហ៍ របស់គាត់ទាំងពីរ រហូតដល់ថ្នាក់ នៅសុខៗ ស្រាប់តែស្វាមី មកពោលពាក្យសុំលែងលះគ្នា ដែលបណ្តាលឲ្យលោកស្រី មានការភ្ញាក់ផ្អើល ហួសវិស័យ ហាក់ដូចជា ត្រូវគេទះកំភ្លៀងមួយដៃយ៉ាងខ្លាំង ទាំងមិនដឹងខ្លួន។ រីឯលោក សម្បត្តិ វិញ, សម្ងំដេកយកដៃគងថ្ងាស, បើកភ្នែកសម្លឹងពិដានភ្លឹះៗ ជាមួយនឹងអារម្មណ៍ ច្របូកច្របល់។ លោកនឹកខ្លោចចិត្ត អាណិតដល់ភរិយាកំសត់ផង, នឹកខ្មាសខ្លួនឯង និងខ្មាសភរិយាផង ដែលបើកមាត់ហាស្តីមិនចេញ។

លោកសម្បត្តិ និង លោកស្រី ទេវី សម្បត្តិ បានរៀបអាពាហ៍ពិពាហ៍នឹងគ្នា អស់រយៈពេល ១៨ ឆ្នាំមកហើយ។  ប៉ុន្តែដោយសារអ្នកទាំងពីរ ជាប់រវល់នឹងការងាររកស៊ី ក៏ទើបតែសម្រេចចិត្ត យកបានកូនស្រីមួយ ដែលទើបតែមានអាយុ ១០ ឆ្នាំ ប៉ុណ្ណោះ។ តាំងពីមានកូនស្រី គួរឲ្យស្រឡាញ់មួយមក, លោកស្រី បានឈប់ទៅធ្វើការ ហើយនៅផ្ទះ មើលថែទាំកូន។ រីឯលោក សម្បត្តិ បានក្លាយទៅជាម្ចាស់ក្រុមហ៊ុនមួយ ដែលកំពុងរីកចម្រើន ហើយលោកបានបាក់ចិត្ត ស្រឡាញ់គ្នា ជាមួយនឹងលេខាក្មេងខ្ចី របស់លោក។ លោកអស់ចិត្តស្នេហ៍ ចំពោះភរិយារបស់លោក ប៉ុន្តែនៅមានក្តីអាណិតជាខ្លាំង។

ជាមួយនឹងក្តីអាណិត និងអារម្មណ៍អ្នកប្រព្រឹត្តិខុស លោក សម្បត្តិ បានព្រាងលិខិតលែងលះ ដោយបញ្ជាក់ថា លោកសុខចិត្តប្រគល់គេហដ្ឋាន និង ភាគហ៊ុនចំនួន ៣០% ឲ្យទៅភរិយា។ លោកស្រី ទេវី គ្រាន់តែក្រឡេកមើល លិខិតព្រាងមួយភ្លែត ក៏ហែកជាច្រើនចំណែក រួចដាក់ចោលនៅលើតុ។ ស្ត្រីម្នាក់ ដែលចំណាយពេលរួមរក្ស ជាមួយលោកអស់ចំនួន ១៨ ឆ្នាំ, ពេលនេះ ហាក់ដូចក្លាយទៅជាមនុស្សចម្លែកម្នាក់។

លោក សម្បត្តិ អាណិតភរិយាស្ទើរខ្លោចចិត្ត។ អាណិតលោកស្រី ដែលបានចំណាយពេលវេលា និងកម្លាំងចិត្តយ៉ាងច្រើនជាមួយលោក។ ប៉ុន្តែលោកមិនអាច លេបសម្តី ដែលបាននិយាយចេញហើយនោះមកវិញទេ, ណាមួយ លោកកំពុងបាក់ចិត្ត ស្រឡាញ់យ៉ាងខ្លាំង ចំពោះ លីណា, លេខាក្មេងខ្ចីរបស់លោក។

នៅទីបំផុត លោកស្រី ទេវី ស្រែកទ្រហ៊ោរទួញយំ នៅចំពោះមុខស្វាមី តាមក្តីទន្ទឹងទុក របស់លោក សម្បត្តិ។ ចំពោះលោក គឺហាក់ដូចជាមានអារម្មណ៍ ធូរទ្រូងទៅវិញ នៅពេលដែលឃើញ ភរិយារបស់លោកស្រែកយំ, ដ្បិតអី គំនិតនៃ ការសុំលែងលះគ្នានេះ បានដក់ជាប់ នៅក្នុងខួរក្បាល របស់លោក អស់ជាច្រើនថ្ងៃមកហើយ។ អ្វីដែលធ្វើឲ្យលោក ថប់អារម្មណ៍នោះ គឺភាពស្ងាត់ស្ងៀមរបស់ភរិយា បន្ទាប់ពីបានទទួលដំណឹង មិនសប្បាយចិត្តនេះទៅវិញទេ។ ពេលនេះ ការសម្រេចចិត្តរបស់លោក ហាក់ដូចជាកាន់តែច្បាស់ និងរឹងមាំជាងមុន។

នៅថ្ងៃបន្ទាប់, លោក សម្បត្តិ ត្រឡប់មកផ្ទះវិញនៅយប់ជ្រៅ, ឃើញភរិយារបស់លោក កំពុងអង្គុយសរសេរ នៅលើតុមួយ នៅក្នុងបន្ទប់ទទួលភ្ញៀវ។ លោកមិនបាន និយាយស្តីអ្វីទាំងអស់ ហើយដើរចូលបន្ទប់ ឡើងគ្រែដេកភ្លាម ព្រោះលោកអស់កម្លាំង ពីការចំណាយពេល ពេញមួយថ្ងៃ ជាមួយស្រីស្នេហ៍លេខា របស់លោក។

នៅពេលអធ្រាតុយប់ជ្រៅ លោកក្រោកទៅកាន់បន្ទប់ទឹក ក៏នៅតែឃើញភរិយារបស់លោក កំពុងសម្ងំសរសេរនៅលើតុដដែល។ លោកមិនបានចាប់អារម្មណ៍ ហើយក៏ត្រឡប់ចូលដំណេកវិញ បន្ទាប់ពីប្រើបន្ទប់ទឹករួច។

លុះព្រឹកឡើង លោកស្រីបានប្រគល់លិខិតព្រាងនៃលក្ខខ័ណ្ឌលែងលះគ្នា ឲ្យទៅលោក សម្បត្តិ។ លោកស្រីមិនចង់បានទ្រព្យសម្បត្តិអ្វីទាំងអស់។ លោកស្រីស្នើសុំ ឲ្យស្វាមី ផ្តល់ការជូនដំណឹង ឲ្យបានមួយខែ មុននឹងលែងលះគ្នា ព្រមទាំងសុំឲ្យស្វាមី ព្យាយាមរស់នៅក្នុងជីវិតធម្មតា តាមដែលអាចធ្វើបាន។

មូលហេតុរបស់លោកស្រី គឺសាម័ញ្ញប៉ុណ្ណោះថា៖ កូនស្រី នឹងប្រឡងនៅខែខាងមុខ, ដូច្នេះ បើលែងគ្នានៅពេលនេះ គឺអាចរំខានដល់ការសិក្សារបស់កូន។ ចំណុចនេះ សមហេតុផល ល្មមឲ្យលោក សម្បត្តិ អាចទទួលបាន។

ប៉ុន្តែនៅមានចំណុចផ្សេងទៀត ដែលលោកស្រីបានចែងនៅក្នុងលក្ខខ័ណ្ឌ, គឺសុំឲ្យលោក សម្បត្តិ នឹកឃើញឡើងវិញ នៅថ្ងៃដែលលោក បីត្រកងលោកស្រី នៅថ្ងៃអាពាហ៍ពិពាហ៍។ ថែមលើនេះ, ក្នុងអំឡុងពេលមួយខែចុងក្រោយនេះ, លោកស្រីឲ្យសុំស្វាមី បីត្រកងគាត់ចេញពីបន្ទប់ដេក ចេញទៅទ្វារមុខ ជារៀងរាល់ថ្ងៃ។

លោក សម្បត្តិ គិតថា ភរិយារបស់លោក ខូចចិត្តដល់ថ្នាក់ឆ្កួតហើយ។ ប៉ុន្តែដើម្បីចុះសម្រុងគ្នា នៅក្នុងពេលមួយខែចុងក្រោយនេះ លោកក៏យល់ព្រម ទាំងទើសទាល់។ លោកបាននិយាយប្រាប់ លីណា, លេខាក្មេងខ្ចីរបស់លោក អំពីលក្ខខ័ណ្ឌនេះ។ នាងអស់សំណើច ហើយគិតថា ជារឿងផ្តេសផ្តាស, ឡប់ៗ រួចហើយនិយាយដោយក្តីចំអកថា៖ “ពិតជាអាណិតស្រីចាស់ណាស់, ប៉ុន្តែទោះគេចង់លេងល្បិចអី ក៏គេចមិនផុត ពីការប្រឈមមុខនឹងការលែងលះដែរ!”។

ច្រើនឆ្នាំមកហើយ ដែលលោក សម្បត្តិ មិនដែលបានបីភរិយា ដូចកាលដែលទើបតែរៀបការថ្មោងថ្មីទេ។ នៅថ្ងៃដំបូង ដែលលោកបីភរិយាជាថ្មី ចេញពីបន្ទប់ដេក, អ្នកទាំងពីរនាក់ ហាក់ដូចជាមានកាយវិការឆ្គឹងឆ្គង។ នៅខណៈដែលលោកបីភរិយា ដើរកាត់ផ្ទះ, កូនស្រីរបស់លោកបានឃើញ ហើយទះដៃ សើចពព្រាយ និយាយដូចក្តីរីករាយ៖ “ប៉ា បីម៉ាក់! ល្អណាស់!!!”។

សំលេងទះដៃ និងសម្តីរបស់កូនស្រី ហាក់ដូចជាបន្លាចាក់ដោត បេះដូងរបស់លោក សម្បត្តិ។ ចាប់ពីបន្ទប់ដេក រហូតដល់ទ្វារ ខាងមុខ មានចម្ងាយប្រហែលដប់ជំហាន។ មួយជំហានៗ ដែលលោកឈាន គឺពោរពេញដោយអារម្មណ៍ឈឺចាប់ ជាមួយនឹង ភាពច្របូកច្របល់។

ស្ថិតនៅក្នុងរង្វង់ដៃរបស់ស្វាមី លោកស្រី ទេវី បិទភ្នែក រួចបន្លឺទៅកាន់ស្វាមីថា៖ “បងកុំប្រាប់កូនស្រីយើង អំពីរឿងលែងលះគ្នាណា៎!”។

លោក សម្បត្តិ ងក់ក្បាលព្រម ទាំងសង្កៀចិត្ត។ ពេលទៅដល់មាត់ទ្វារខាងមុខ លោកបានដាក់ភរិយាចុះ រួចហើយដើរទៅកាន់រថយន្ត បើកទៅកាន់ការិយាល័យរបស់លោក។

នៅថ្ងៃទីពីរ កាយវិការរបស់អ្នកទាំងពីរ មិនសូវឆ្គឹងឆ្គង។ លោកស្រីអោបកស្វាមីជាប់ ហើយផ្តេកក្បាលទៅនឹងត្រូវរបស់គាត់។ លោក សម្បត្តិ ធុំក្លិនក្រអូប សាយភាយចេញពីអាវរបស់ភរិយា។ លោកទើបតែដឹងថា លោកខានសម្លឹងមើលភរិយារបស់លោក ដោយយកចិត្តទុកដាក់ អស់ជាច្រើនឆ្នាំមកហើយ។ ពេលលោកសម្លឹងចុះ មើលទៅភរិយា លោកសង្កេតឃើញថា ភរិយាយរបស់លោក មិនមែនក្មេងទៀតទេ ហើយថែមមានសក់ស្កូវមួយៗ នៅគល់សក់ ព្រមទាំងមានស្បែកមុខ និងស្បែកក ជ្រីវជ្រួញទៀតផង។

មួយរំពេចនោះ លោកដណ្ដឹងសួរចិត្តខ្លួនឯងភ្លាមថា៖ “តើអាត្មាអញ បានធ្វើអ្វីដល់នាង?”

នៅថ្ងៃទីបី, នៅពេលលោក សម្បត្តិ លើកភរិយាឡើងបីនៅក្នុងរង្វង់ដៃ លោកទទួលអារម្មណ៍ថា ភាពជិតស្និទ្ធរបស់ពួកគាត់ ហាក់ដូចជា កំពុងត្រឡប់មកវិញ។ លោកសម្លឹងមុខភរិយា ដោយទឹកមុខញញឹម រួចគិតក្នុងចិត្តថា នេះគឺស្ត្រីម្នាក់ ដែលប្តូរផ្តាច់នឹងលោក អស់ពេលចំនួន ១៨ឆ្នាំកន្លងមក។

នៅថ្ងៃទីបួន, លោកដឹងច្បាស់នៅក្នុងចិត្តថា អារម្មណ៍ជិតស្និទ្ធ ជាមួយនឹងភរិយារបស់លោក បានត្រឡប់មកវិញ។ លោកមិនបានប្រាប់រឿងនេះ ដល់ លីណា ទេ។

នៅព្រឹកមួយ ភរិយារបស់លោក ព្យាយាមរកសម្លៀកបំពាក់ មិនត្រូវខ្លួនសោះ។ លោកស្រីពោល ដោយក្តីខកចិត្តថា៖ “ហ៊ឺ! សំពត់អូន រលុងអស់ហើយ!”។ ភ្លាមនោះ លោក សម្បត្តិ ភ្ញាក់ខ្លួនថា ភរិយារបស់លោក ពិតជាស្គមជាងមុនឆ្ងាយណាស់។ ដូច្នេះហើយ បានជាលោកអាចលើកបីរាល់ព្រឹក បានដោយងាយ។ ពេលនេះ លោកទើបតែបានដឹងថា ភរិយារបស់លោក បានលាក់ទុកនូវការឈឺចាប់ និងក្តីទុក្ខសោកយ៉ាងច្រើន នៅក្នុងជម្រៅចិត្ត។ នៅខណៈដែលលោក លើកដៃស្ទាបអង្អែលក្បាលភរិយា ទាំងមិនដឹងខ្លួននោះ លោកត្រូវបានពញ្ញាក់ស្មារតី ដោយសំលេងកូនស្រីរបស់លោក៖ “លោកប៉ា! ដល់ម៉ោងបីម៉ាក់ ចេញពីបន្ទប់ហើយ!”។

សម្រាប់នាងតូច, ការឃើញឳពុករបស់ខ្លួន បីម្តាយចេញពីបន្ទប់រាល់ព្រឹកដូច្នេះ, បានក្លាយទៅជាផ្នែកសំខាន់មួយ នៃជីវិតប្រចាំថ្ងៃរបស់នាង។ ភរិយារបស់លោក សម្បត្តិ បានបោយដៃហៅកូនស្រីមកជិត ហើយអោបរឹតផ្អឹបនឹងទ្រូង យ៉ាងតឹងណែន ក្នុងរង្វង់ដៃ នៅចំពោះមុខស្វាមី។ ស្ថិតនៅក្នុងទិដ្ឋភាពបែបនេះ លោក សម្បត្តិ ងាកមុខចេញ ដើម្បីចៀសវាងមានការទន់ចិត្ត។ លោកបានបីភរិយាយនៅក្នុងដៃ ដើរចេញពីបន្ទប់ដេក, កាត់បន្ទប់ទទួលភ្ញៀវ ឆ្ពោះទៅកាន់ទ្វារមុខ។ ដៃរបស់លោកស្រី អោបកស្វាមី ដោយក្តីថ្នាក់ថ្នម។ លោក សម្បត្តិ បីភរិយាតឺងណែននៅក្នុងត្រកងដៃ ដូចជាថ្ងៃដំបូង ដែលលោកបីភរិយា នៅថ្ងៃរៀបការ។ ប៉ុន្តែលោកមានអារម្មណ៍ក្រៀមក្រំ ដោយព្រោះភរិយារបស់លោក មានទម្ងន់ស្រាលជាមុន យ៉ាងច្រើន។

មួយថ្ងៃ មុនថ្ងៃចុងក្រោយមកដល់, លោក និងភរិយា បានផ្ញើកូនស្រីឲ្យនៅលេងឯផ្ទះប្អូនស្រី ដើម្បីអនុញ្ញាតឲ្យលោកទាំងពីរ មានពេលនៅជាមួយគ្នា នាយប់ចុងក្រោយ ដោយគ្មានអ្នកណារំខាន។

នៅព្រឹកនៃថ្ងៃចុងក្រោយ ដែលលោកត្រូវបំពេញលក្ខខ័ណ្ឌ, លោកត្រកងបីភរិយានៅក្នុងដៃ ប៉ុន្តែបោះជំហានទៅមុខទាំងលំបាក។ រាល់ជំហានដែលលោកឈាន, លោកទទួលអារម្មណ៍ឈឺចាប់ ក្តុកក្តួល, តឹងទ្រូង ពោរពេញទៅដោយអារម្មណ៍ អ្នកមានកំហុស។ ទីបំផុត លោកយល់ថា លោកមិនបានចាប់អារម្មណ៍សោះឡើយថា ភាពឃ្លាតគ្នារវាងលោក និងភរិយា គឺបណ្តាលមកពីខ្វះការយកចិត្តទុកដាក់, ខ្វះភាពស្និទ្ធស្នាល។

លោក សម្បត្តិ ចូលឡាន បើកសំដៅការិយាល័យ យ៉ាងប្រញាប់។ លោកចេញពីឡានយ៉ាង លឿនដូចមិនបានចាក់សោរឡាន ព្រោះនឹកខ្លាចថា ការពន្យាពេល សូម្បីតែ មួយវិនាទី អាចនឹងបណ្តាលឲ្យលោកកែប្រែចិត្ត។

លោកឡើងទៅជាន់ទីពីរ សំដៅការិយាល័យរបស់លោក។

លីណា ញញឹមពព្រាយ បើកទ្វារទទួលលោក។

លោកនិយាយទៅកាន់ លីណា ថា៖

“សុំទោស, លីណា, បងមិនចង់លែងលះប្រពន្ធបងទៀតទេ”។

លីណា សម្លឹងមើលលោក សម្បត្តិ ទាំងស្រឡាំងកាំង រួចយកដៃស្ទាបថ្ងាសរបស់លោក។

“បងគ្រុនក្តៅឬ?”, នាងសួរ។

លោកសម្បត្តិ កៀសដៃនាងចេញ រួចបន្លឺថា៖

“សុំទោស, លីណា! បងមិនលែងប្រពន្ធបងទេ។ ជីវិតអាពាហ៍ពិពាហ៍ របស់បងអាប់អួរ គឺដោយសារបង និងនាង មិនបានចាប់អារម្មណ៍ និងមិនបានផ្តល់តម្លៃ ដល់រឿងតូចតាច។ មិនមែនដោយសារ មកពីពួកយើង អស់ក្តីស្រឡាញ់ ចំពោះគ្នានោះទេ។ ឥឡូវ ទើបបងយល់ថា តាំងពីថ្ងៃដំបូង ដែលបង បានបីនាងចូលក្នុងផ្ទះ នៅក្នុងថ្ងៃរៀបការមក, គឺបងត្រូវបីនាង ជារៀងរហូត ដល់ថ្ងៃបែកគ្នា ដោយការស្លាប់”។

លីណា ភ្ញាក់ផ្អើលខ្លាំងនឹងសម្តីនេះ, បើកភ្នែកធំៗ រួចទះលោក សម្បត្តិ មួយកំភ្លៀង ហើយរុញទ្វារបិទយ៉ាងខ្លាំង។

លោក សម្បត្តិ ដើរចុះក្រោម សំដៅឡាន ហើយបើកចេញទៅវិញ។ លោកបានចូលទិញផ្កា ផ្ញើភរិយា។ កញ្ញាអ្នកលក់ បានសួរលោកថា៖

“តើលោកចង់ឲ្យនាងខ្ញុំ សរសេរនៅលើប័ណ្ណថាម៉េចដែរ?”។

លោកញញឹម ហើយឆ្លើយថា៖

“បងនឹងបីត្រកងអូន រៀងរាល់ព្រឹក រហូតដល់ថ្ងៃមរណា”។

លោក សម្បត្តិ បានយកផ្កា ត្រឡប់ទៅការិយាល័យវិញ ដាក់ចូលទូរត្រជាក់។

លីណា បានឈប់ពីការងារ ដោយមិនបានលា។

នៅល្ងាចថ្ងៃដដែលនោះ លោកបានត្រឡប់ ទៅផ្ទះវិញ ជាមួយនឹងផ្កាមួយបាច់ នៅក្នុងដៃ ប្រកបដោយទឹកមុខញញឹមពព្រាយ។ លោកបានបើកទ្វារផ្ទះ ចូលទាំងតក្កហល់។ ប៉ុន្តែពេលលោកបានចូលដល់បន្ទប់, ភរិយារបស់លោក បានដេកស្លាប់ នៅគ្រែបាត់ទៅហើយ។

លោកស្រី ទេវី សម្បត្តិ បានប្រឈមមុខ នឹងជម្ងឺមហារីក អស់ជាច្រើនខែ មកហើយ។ ចំណែកឯលោក សម្បត្តិ មិនបានចាប់អារម្មណ៍ នឹងអាការៈផ្លាស់ប្តូរ របស់ភរិយាឡើយ, ដោយព្រោះតែលោក ជាប់រវល់ វក់វីរ ជាមួយនឹង លីណា លេខាក្មេងខ្ចីរបស់ខ្លួន។ លោកស្រី មិនបានប្រាប់ ស្វាមីឲ្យដឹង ដោយសារឃើញស្វាមី ជាប់រវល់នឹងការងារខ្លាំងពេក ។ ប៉ុន្តែនៅខណៈ ដែលលោកស្រី ចង់ប្រាប់ស្វាមីឲ្យដឹង អំពីអាការៈរោគ ដែលចេះតែដុនដាប ពីមួយថ្ងៃ ទៅមួយថ្ងៃនោះ ក៏គាប់ជួនគ្នា ចំពេល ដែលស្វាមីរបស់អ្នកស្រី សុំលែងលះគ្នា។ លោកស្រី មិនចង់យកជម្ងឺរបស់ លោកស្រី មកធ្វើជាមូលហេតុ ដើម្បីបង្ខំចិត្តស្វាមី ឲ្យប្តូរចិត្តពីការសុំលែងគ្នា។

លោកស្រី បានដឹងមុនថា លោកស្រី រស់នៅមិនបានយូរ ប៉ុន្មានទៀតទេ។ ការដាក់លក្ខខ័ណ្ឌ ឲ្យស្វាមីនៅជាមួយ  បានមួយខែទៀតនោះ គឺលោកស្រី មិនចង់ឲ្យមាន ប្រតិកម្មអាក្រក់ពីកូនស្រី ទៅលើឳពុក របស់ខ្លួន ដែលអាចមានកើតឡើង នៅពេលដែលលោក សម្បត្តិ មានះ ជំរុញសុំលែងលះគ្នា។ ការធ្វើដូចនេះ, យ៉ាងហោចណាស់ ក្រោយពីលោកស្រីស្លាប់ទៅ, លោក សម្បត្តិ អាចស្ថិតនៅ ជាស្វាមីជាទីស្រឡាញ់ និងជាឳពុកដ៏ល្អ នៅក្នុងកែវភ្នែកកូនស្រី។

គំនិតត្រិះរិះ៖

រឿងលំអិតនៅក្នុងជីវិត ដែលមនុស្សភាគច្រើន តែងយល់ថា ជារឿងតូចតាច ឬមិនបានការនោះ, គឺមានសារសំខាន់ធំធេង នៅក្នុងចំណងមេត្រី។ ផ្ទះធំស្កឹមស្កៃ, ឡានប្រណីត, ទ្រព្យធន និងប្រាក់ដាក់ធនាគារហូរហៀទាំងនេះ ពិតជាបង្កើតបរិយាសកាសទាក់ទាញ ទៅកាន់ក្តីសុខមង្គលមែន ប៉ុន្តែមិនអាចផ្តល់ក្តីសុខពិតប្រាកដ ដោយខ្លួនវាបានឡើយ។

ចូរចងចាំថា ចំណងស្នេហ៍ដ៏ល្អបំផុត រវាងមនុស្សប្រុសស្រី គឺមានមិត្តភាព រវាងគេទាំងពីរអ្នក សម្រាប់ជាមូលដ្ឋាន។ ដូច្នេះ, ចូរបង្កើតពេលវេលា នៅក្នុងជីវិតរបស់មិត្ត ដើម្បីធ្វើជាមិត្តដ៏ល្អ របស់ស្វាមី/ភរិយា ឬគូស្នេហ៍របស់ខ្លួន, ហើយធ្វើជូនគ្នា ទៅវិញទៅមក នូវរឿង “តូចតាច” ទាំងនោះ ដើម្បីបង្កើន ភាពជិតស្និទ្ធ។ ការណ៍នេះ ពិតជានឹងធ្វើឲ្យមិត្ត មានចំណង ស្នេហារីករាយ ជាទីប្រាថ្នានៃមនុស្សទាំងពួង។

 

បើមិត្តយល់ថា រឿងនេះ មានតម្លៃសិក្សា គួរឲ្យពិចារណា, សូមមេត្តា ជួយចែករំលែក ឲ្យមនុស្ស ច្រើនគ្នា បានអាន។ បើមិត្ត មិនចែករំលែកទេ ក៏មិនមានអ្វី កើតឡើងចំពោះមិត្តដែរ, ប៉ុន្តែបើមិត្ត ជួយផ្សាយបន្ត, ថាមិនត្រូវ មិត្តប្រហែលជា អាចសង្គ្រោះ ចំណងស្នេហ៍ ដែលកំពុងបែកស្រាំផង ក៏អាចថាបាន។

8 thoughts on “ចំណងស្នេហ៍ ១៨ ឆ្នាំ៖ ស្និទ្ធផ្តិតស្នេហ៍

  1. សួស្ដី កំណត់​ហេតុ​បុត្រា​ខ្មែរ! រីករយ​បាន​ស្គាល់​នៅ​ទីនេះ។ ខ្ញុំ​សូម​ពឹង​អោយ​ជួយ​ដាក់​ពាក្យ “ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ” លើ​ក្បាល​ទំព័រ​របស់​ប្លក់​ខ្ញុំ​បាន​ទេ? នេះ​ជា​លីញ​ដែល​អាច​យក​រូប​ក្បាល​ទំព័រ​របស់​ខ្ញុំ http://varychin.files.wordpress.com/2012/01/page.jpg

    ចូលចិត្ត

  2. ជា FW mail មួយ​ដែល​ខ្ញុំ​បាន​ទទួល​ដែរ។ ធ្លាប់​គិត​ថា​នឹង​ប្រែ​ជា​ភាសា​ខ្មែរ​ដែរ តែ​ក៏​ឃើញ​អ្នក​និពន្ធ​ខ្មែរ​យើង​ប្រែ​មុន​ ក៏​ឈប់​វិញ​។ ហើយ​នេះ​ជា​អត្ថបទ​ភាសា​ខ្មែរ​ទី២​ដែល​ខ្ញុំ​បាន​ឃើញ​។ អរគុណ​ចំពោះ​ការ​ចែក​រម្លែក។ 😀

    ចូលចិត្ត

  3. I used to read this during the time that I had trouble in my married, unfortunately he did not allow me a month to do so. He just left home a week after he told me he wants a divorce. Maybe i am not lucky like a woman in the story. I did not make any trouble to the divorce request, maybe it was the wrong choice that i don’t believe myself that i can recalled back our sweet relations in 10 years.

    It was really a lost of word, no more tear to cry, feel like the whole world broke apart.I let him go, It was what he had predict that nothing would change his mind. I thought this would be the last thing that i could gave to the man that i used to love. With all the love the love that i had for him, just let go him with that girl. Even my boy now has no father but i could not cage a man when his heart not belong.

    Now they are married and hope he would be happy in his new love. I don’t belived a frog can turn to the prince at all.

    After all, It is just part of life and i deserved to someone better with committement and responsibilities.

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s