ខ្ញុំមិនដែល ត្រូវបានសន្យា… ប៉ុន្តែសុំសន្យាថា មិនមើលរំលង


  • • ខ្ញុំមិនដែល ត្រូវបានសន្យាអ្វីសោះឡើយ នៅក្នុងដំណើរជីវិត... ប៉ុន្តែខ្ញុំសូមសន្យាថា ខ្ញុំនឹងមិនមើលរំលង នូវទាន ដែលប្រកបដោយ ចិត្តមេត្តាគ្រប់យ៉ាង ដែលខ្ញុំទទួលបាន នៅក្នុងជីវិត របស់ខ្ញុំ។

    ខ្ញុំដឹងថា នៅខណៈដែលខ្ញុំកំពុងតែអង្គុយនៅទីនេះ, ចាប់ផ្តើមសរសេរអត្ថបទនេះ…. ខ្ញុំមិនដែល ត្រូវបានសន្យានូវជីវិតងាយស្រួលឡើយ។

 

  • ខ្ញុំមិនដែល ត្រូវបានសន្យានូវ សុខមង្គល ឬក្តីស្រណុក។

 

  • ខ្ញុំមិនដែល ត្រូវបានសន្យានូវ ដំបូលសម្រាប់ជ្រក ឬម្ហូបសម្រាប់បរិភោគរាល់ថ្ងៃ។

 

  • ខ្ញុំមិនដែល ត្រូវបានសន្យាថា ខ្ញុំ និងគ្រួសាររបស់ខ្ញុំ មានសុខភាពមាំមួន, ខ្ញុំមិនដែល ត្រូវបានសន្យាថា ខ្ញុំនឹងបង្កើតបាននូវមិត្តដ៏មានតម្លៃ។

 

  • ខ្ញុំមិនដែល ត្រូវបានសន្យាថា ខ្ញុំនឹងរៀបចំថ្ងៃស្អែកបានល្អប្រសើរ ប្រកបដោយការដាក់ខ្លួន យ៉ាងសុភាពរាបសារ ព្រមទាំងធ្វើឲ្យមានភាពផ្សេងគ្នា នៅក្នុងជីវិតរបស់មនុស្ស។

 

  • ខ្ញុំមិនដែល ត្រូវបានសន្យានូវ សម្លៀកបំពាក់ប្រចាំថ្ងៃ និងម៉ាស៊ីនបោកគក់, ម៉ាស៊ីនហាល សម្រាប់សម្អាតខោអាវ។

 

  • ខ្ញុំមិនដែល ត្រូវបានសន្យានូវ ទិសដៅជីវិត និងផែនទីជីវិត ឆ្ពោះទៅកាន់ទីកន្លែងដែលខ្ញុំត្រូវទៅ។

 

  • ខ្ញុំមិនដែល ត្រូវបានសន្យានូវ រថយន្តប្រណីត និងប្រាក់សម្រាប់ចាក់សាំងរាល់ថ្ងៃ។

 

  • ខ្ញុំមិនដែល ត្រូវបានសន្យាថា ខ្ញុំនឹងរស់នៅក្នុងគេហដ្ឋានដ៏ស្អាតមួយ ហើយមានរបស់របរ សំខាន់គ្រប់យ៉ាង សម្រាប់តាក់តែងលម្អ ធ្វើឲ្យគេហដ្ឋាន ក្លាយទៅជាផ្ទះដ៏ត្រជាក់ត្រជុំ។

 

  • ខ្ញុំមិនដែល ត្រូវបានសន្យាថា នឹងគ្មានអ្នកណា មកជ្រៀតជ្រែក បំបែកបំបាត់ស្នេហារបស់ខ្ញុំ។

 

  • ខ្ញុំមិនដែល ត្រូវបានសន្យាអ្វីសោះឡើយ នៅក្នុងដំណើរជីវិត… ប៉ុន្តែខ្ញុំសូមសន្យាថា ខ្ញុំនឹងមិនមើលរំលង នូវទានដែលប្រកបដោយ ចិត្តមេត្តាគ្រប់យ៉ាង ដែលខ្ញុំទទួលបាន នៅក្នុងជីវិតរបស់ខ្ញុំ។

 

  • ខ្ញុំសូមសន្យាថា ខ្ញុំមិនយំសោក ដែលស្នេហារបស់ខ្ញុំត្រូវចប់, ប៉ុន្តែខ្ញុំសូមរីករាយ នឹងនិស្ស័យស្នេហ៍ ដែលបានកើតឡើង រវាងយើងទាំងពីរអ្នក ហើយសុំតម្កល់រក្សាទុក នូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែម មិនអាចកាត់ថ្លៃនេះ នៅក្នុងជម្រៅដួងចិត្ត តរៀងទៅ។

 

  • ខ្ញុំសូមសន្យាថា នឹងអរគុណជារៀងរាល់ថ្ងៃ ចំពោះទានគ្រប់យ៉ាង ដែលជីវិតផ្តល់ឲ្យ និងអរគុណដល់ មនុស្សគ្រប់រូប ដែលជះឥទ្ធិពលវិជ្ជមាន មកលើជីវិតខ្ញុំ ឬទទួលឥទ្ធិពលវិជ្ជមានពីខ្ញុំ ហើយធ្វើឲ្យមានភាពប្លែកផ្សេង នៅក្នុងជីវិតរបស់គេ។

 

  • នៅខណៈដែលខ្ញុំអង្គុយនៅទីនេះ, សរសេរអត្ថបទនេះ, ខ្ញុំដឹងថា អ្វីៗទាំងនេះ អាចនឹងរលាយបាត់ទៅ តែក្នុងពេលមួយពព្រិចភ្នែក។

 

ដូច្នេះ, ខ្ញុំសូមនិយាយក្តីអំណរថា៖ សូមអរគុណ! សូមអរគុណ! សូមអរគុណ!
សូមរីករាយនឹងទិវានៃក្តីស្រឡាញ់!!!

បរាជ័យ គឺជាមេរៀន, មិនមែនជាវិប្បដិសារី


នៅពេលដែលអ្នកឈ្នះ ចាញ់, គាត់តែងតែត្រឡប់មកវិញ ដើម្បីធ្វើជាអ្នកឈ្នះ បានល្អជាងមុន៖

  • មិនព្រមស្ថិតនៅដួល
  • មិនព្រមបោះបង់
  • មិនព្រមឈប់
  • មិនព្រមទទួល “ទេ” ដែលជីវិតផ្តល់ឲ្យ

 

បរាជ័យ មិនមែនជាកំហុសទេ, ប៉ុន្តែបរាជ័យ ដោយគ្មានការខំប្រឹង ទើបជាកំហុស។ ហ៊ានបរាជ័យ គឺជាឥរិយាបថ របស់អ្នកដែលហ៊ានបរាជ័យគ្រប់គ្រាន់ សម្រាប់ឲ្យគេជោគជ័យ។ អារម្មណ៍នៃការខ្លាចចំពោះបរាជ័យ គឺជាកត្តាមួយ ដែលមានឥទ្ធិពលគ្របដណ្តប់ លើកត្តាផ្សេងៗទាំងអស់ សម្រាប់ទុកឲ្យអ្នក នៅបរាជ័យជារៀងរហូត។
គ្មានការផ្សងព្រេងណា ដែលធានាជោគជ័យ ហើយក៏គ្មានការកស៊ីចំរុះណា ដែលធានាផលចំណេញ។ អ្នកឈ្នះ សុទ្ធតែយល់ថា ការប្រឈមមុខ នឹងឧបស័គ្គធំ ប្រសើរជាង មានជោគជ័យបង្គួរ។ មានតែអ្នកដែលតស៊ូ ទោះជាមាន ដំណើរថយក្រោយបណ្តោះអាសន្ន…. មានតែអ្នកខិតខំព្យាយាម ទោះជាបរាជ័យពាក់កណ្តាលផ្លូវ… មានតែអ្នកមិនព្រមបង្អោនខ្លួន ចំពោះការចុះចាញ់… ទើបនៅទីបំផុត អាចចុះហត្ថលេខា នៅលើទំព័រនៃ រឿងជោគជ័យរបស់គេ។
បរាជ័យ គឺគ្រាន់តែជាវង់ក្រចក ដែលជោគជ័យ សម្ងំលាក់ខ្លួន។ ជីវិតមនុស្ស មិនមែនចារឡើង តែជាមួយនឹងជោគជ័យនោះទេ។ បរាជ័យ ក៏ជាផ្នែកសំខាន់មួយ នៃជីវិតរបស់យើង ដែលស្ថិតនៅពីក្រោយជោគជ័យ តែប៉ុន្មានវិនាទីប៉ុណ្ណោះ។

ចូរចាំថា៖

  • គ្មានថ្ងៃរះ, គ្មានថ្ងៃលិច
  • គ្មានជីវិត, គ្មានក្តីមរណា
  • គ្មានសោកា, គ្មានរីករាយ
  • គ្មានបរាជ័យ, គ្មានជោគជ័យ

ចូរចាត់ទុកបរាជ័យជាមេរៀនដ៏មានតម្លៃ ជាជាងចំណាយពេកសោកស្តាយ ហើយបន្តទៅមុខ។ ជីវិតពិតជាមានអ្វីៗយ៉ាងច្រើន សម្រាប់ផ្តល់ឲ្យយើង។ ដែលសំខាន់នោះ តើយើងអាចទទួលបានប៉ុណ្ណា?

 

នៅពេលដែលអ្នកឈ្នះ ចាញ់, គាត់តែងតែត្រឡប់មកវិញ ដើម្បីធ្វើជាអ្នកឈ្នះ បានល្អជាងមុន។

 

សូមរីករាយ នឹងបុណ្យទិវានៃក្តីស្រឡាញ់!!!!