ខ្ញុំស្រឡាញ់ម៉ាក់!


កុំចាំមនុស្សស្លាប់ ទើបនាំគ្នា ធ្វើបុណ្យ បញ្ជូនកុសល ឬ យកផ្កា ទៅដាក់លើ ក្តារមឈូស។ ពេលវេលា ដ៏ល្អបំផុត សម្រាប់សម្តែង ការស្រឡាញ់ និងក្តីកតញ្ញូ គឺ ឥឡូវនេះ!!!!

គឺជាថ្ងៃបុណ្យទិវាមាតា។ មាណព រូបស្រស់សង្ហាម្នាក់ កំពុងបើកឡាន មែរសឺដែសពណ៌ខៀវ ថ្មីចែស, បើកដំបូល នៅក្រោម ផ្ទៃមេឃស្រឡះ។ ផ្លូវថ្នល់រលោង បើកបរបាន យ៉ាងរលូន ហើយគ្មាន ចរាចរណ៍ ច្រើន។ នៅអមសងខាងផ្លូវ មានដើមឈើច្រូងច្រាង បាំងពន្លឺថ្ងៃ, រេរាំតាមជំនោរខ្យល់បក់ គួរឲ្យគយគន់។ មាណព កំពុងមានចិត្តស្ងប់ និងរីករាយ នៅខណៈដែលខ្លួន កំពុងកាន់ចង្កូតឡានបណ្តើរ, ស្តាប់សំលេង កូនចាប តូចៗ ដែលកំពុង ហោះហើរ ពីដើមឈើមួយ ទៅដើមឈើ មួយទៀត, ហើយច្រៀងចេបៗបណ្តើរ ហាក់ដូចជា កំពុងសម្តែងក្តីត្រេកត្រអាល នឹងជីវិត នៅក្រោមសូរ្យសែង នៃអរុណោទ័យ នៃថ្ងៃអាទិត្យ។

 

ហាងលក់ផ្កាតូចមួយ នៅតាមដងផ្លូវ ដែលប្រកបដោយ ពណ៌ចំរុះ បានទាក់ទាញភ្នែក របស់មាណព ឲ្យបត់ឡានចូល។ គាត់ចុះពីឡាន ហើយដើរចូលហាង សម្លឹងមើលផ្កា ដែលគេដាក់តាំងលក់។ មានបាច់ផ្កា ពណ៌លឿង, ពណ៌ស, ពណ៌ស្វាយ និងពណ៌ក្រហម ដែលចោលក្លិន ក្រអូបសាយ។ ប៉ុន្តែបាច់ផ្កា ដែលចាប់ភ្នែក របស់មាណពជាងគេ គឺបាច់ផ្កាពណ៌ផ្កាឈូក ដែលជាពណ៌ ដែលម្តាយគាត់ ចូលចិត្ត។ គាត់បានទិញបាច់ផ្កា ពណ៌ផ្កាឈូក ហើយបង់ប្រាក់បន្ថែម សម្រាប់ថ្លៃឈ្នួល ឲ្យគេដឹកយកទៅឲ្យ ម្តាយរបស់គាត់ ដែលរស់នៅ ក្នុងក្រុងមួយទៀត ឆ្ងាយពីគាត់ ២០០ គ.ម។

 

នៅពេលដែលមាណព កំពុងបើកទ្វារចូលឡាន, មាណព បានសង្កេតឃើញ ក្មេងស្រីតូចម្នាក់ កំពុងឈររាប់លុយ ដោយទឹកមុខខកចិត្ត។ មាណព បោះជំហាន សំដៅទៅកាន់ក្មេងស្រីតូច រួចសួរថា៖ “នាងតូច, មានបញ្ហាអី អាចឲ្យពូជួយបានទេ?។ នាងតូច ងើបមុខ សម្លឹងមាណព ហើយបន្លឺវា ដោយសំលេង រអាក់រអួល និងទឹកមុខ គួរឲ្យអាណិតថា៖ “ខ្ញុំចង់ទិញបាច់ផ្កាជូនម៉ាក់ សម្រាប់បុណ្យទិវាមាតា, ប៉ុន្តែខ្ញុំអត់មានលុយគ្រប់ទេ”។

 

មាណពឮដូច្នេះ ក៏ញញឹមទៅកាន់នាងតូច រួចនិយាយថា៖ “នាងតូចកុំព្រួយណា៎ ចាំពូចេញប្រាក់ឲ្យ”។ បន្ទាប់ពីបង់ប្រាក់ ជំនួសនាងតូចរួច, នាងបានថ្លែងអំនរគុណ និងជម្រាបលាមាណព។ នៅពេលមាណពឈានជើងចេញពីហាង  មាណព នឹកឃើញចង់ធ្វើអំពើល្អមួយថែមទៀត ដោយស្ម័គ្រចិត្តជូននាងតូច នាំយកផ្កាទៅជូនម្តាយ។ នាងតូចឆ្លើយតបដោយរីករាយ៖ “ចា៎, លោកពូ! អីចឹង ពូនាំខ្ញុំទៅជួបម្តាយខ្ញុំចុះ”, រួចនាងបើកទ្វារឡានចូល ដោយទឹកមុខ ញញឹមពព្រាយ ស្រស់ថ្លា ដូចបុប្ផាត្រូវទឹកសន្សើម នៃរដូវផ្ការីក។

 

នាងតូច បានចង្អុលផ្លូវប្រាប់មាណព។ ទីបំផុត ពួកគេបានមកដល់ ទីកន្លែងកប់ខ្មោចមួយ។ នាងតូច និយាយថា “អរគុណ លោកពូ”, រួចហើយ ក៏បើកទ្វារឡានចុះ រត់សំដៅទៅកាន់ផ្នូរមួយ ដែលហាក់ដូចជាទើបតែជីកកប់ថ្មីៗ, ហើយលុតជងង្គង់ចុះ, ដាក់បាច់ផ្កា នៅក្បែរផ្លាកផ្នូរ ដែលធ្វើឡើងពីស៊ីម៉ង់ត៍, បន្ទាប់មក នាងលើកដៃពីរប្រណម្យ សំពះផ្នូរម្តាយ។

 

ក្រោមទិដ្ឋភាពបែបនេះ, មាណព ស្រឡាំងកាំង អស់មួយសន្ទុះធំ រកហាស្តីពុំរួច។ បន្ទាប់មក ភ្លាមនោះ, មាណព បកក្បាលឡាន ទៅកាន់ហាងឡក់ផ្កាវិញ ហើយយកបាច់ផ្កាពីអ្នកលក់ រួចបើកឡាន តម្រង់ទៅផ្ទះម្តាយជាទីស្រឡាញ់ របស់គាត់ ដើម្បីជូនផ្កាផ្ទាល់ដៃ។

 

គាត់បានជូនបាច់ផ្កា ដល់ម្តាយរបស់គាត់, រួចហើយអោបម្តាយ យ៉ាងតឹងណែន ពេញក្នុងរង្វង់ដៃ ដោយបន្លឺវាចាថា៖ “កូនស្រឡាញ់ម៉ាក់!”។

 

ម្តាយរបស់គាត់ បានសម្តែងការអរគុណ, ចាប់ថើបថ្ងាសរបស់មាណព រួចសួរ៖ “ម៉េចក៏កូន មិនឲ្យគេដឹកយកមកឲ្យម៉ាក់? ចាំបាច់បើកឡានឆ្ងាយ មកធ្វើអី? កូនគ្រាន់តែជូនពរម៉ាក់ តាមទូរស័ព្ទក៏បានដែរ!”។

 

មាណព គិតក្នុងចិត្តថា៖ “នេះហើយ ជាក្តីស្រឡាញ់របស់ម្តាយ! ទោះពេលណាក៏ដោយ ក៏គាត់តែងតែគិតមុនជានិច្ច នូវសុខទុក្ខរបស់កូន”។

 

 

កំណត់៖

ខ្ញុំសរសេររឿងនេះឡើង គឺដើម្បីភ្ជាប់ទៅនឹង ទិវានៃក្តីស្រឡាញ់ ដែលនឹងត្រូវបានប្រារព្ធឡើង នៅបីថ្ងៃទៀត។ យើងអាច សម្តែង ឬបង្ហាញជារៀងរាល់ថ្ងៃ នូវការស្រឡាញ់ ដល់មនុស្សសំខាន់របស់យើង។ ប៉ុន្តែចំពោះមិត្តខ្លះ ដែលខកខាន ពុំបានបង្ហាញការស្រឡាញ់ គ្រប់គ្រាន់ ដល់មនុស្សសំខាន់នៅក្នុងជីវិតខ្លួន, នេះគឺជាឱកាសដ៏ល្អបំផុត សម្រាប់បញ្ជាក់ទឹកចិត្តរបស់ខ្លួន។ គឺជាពេលដ៏ល្អផងដែរ សម្រាប់ជំរុះចោលនូវការប្រកាន់ គុំខឹងទាំងឡាយ ចំពោះមនុស្ស ដែលធ្លាប់បាន ប្រព្រឹត្តិខុសឆ្គង មកលើខ្លួន, ដែលមានទាំង ឳពុកម្តាយ, បងប្អូនប្រុសស្រី, មិត្តភក្តិ… អ្នកជិតខាង ឬបុគ្គលរួមការងារជាដើម។ កាលណា យើងដក់ជាប់ នូវគំនុំក្នុងចិត្ត យើងមិនអាចលូតលាស់ ទៅមុខ បានឡើយ, ជាពិសេស ចំពោះមនុស្ស ដែលធ្លាប់មានទំនាក់ទំនង ជូរចត់ជាមួយឳពុកម្តាយ។

 

កុំចាំមនុស្សស្លាប់ ទើបនាំគ្នាធ្វើបុណ្យ បញ្ជូនកុសល ឬ យកផ្កាទៅដាក់លើ ក្តារមឈូស។ ពេលវេលាដ៏ល្អបំផុត សម្រាប់សម្តែងការស្រឡាញ់ និងក្តីកតញ្ញូ គឺ ឥឡូវនេះ!!!!

 

សរសេរចប់ នៅក្នុងពេលកំពុងអង្គុយចាំដូរប្រេងឡាន។