ចេះឯង តោងក្រែងចេះគេ


កាលពីព្រេងនាយ មាន​និស្សិត​ម្នាក់ទើបតែបានបញ្ចប់ឧត្តមសិក្សា ហើយ​ក៏លា​គ្រូ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។ នៅ​តាមផ្លូវទៅផ្ទះ គាត់ត្រូវធ្វើដំណើរកាត់ទន្លេមួយដោយជិះទូក។ នៅខណៈពេលធ្វើដំណើរ ពូ​អ្នក​ចែវទូក ចែវបណ្តើរ និយាយពីនេះពីនោះបណ្តើរ ប៉ុន្តែនិស្សិតយើងមានអារម្មណ៍រំខានក្រៃលែង ព្រោះគេ​យល់​ថា អ្វីដែលអ្នកចែវទូកនិយាយសុទ្ធតែជាពាក្យមិនបានការ… ជាមនុស្ស«គ្មានគំនិត» ចេះ​តែ​ប្រើ​កម្លាំង​បាយ​ចែវ​ទូក។ ទ្រាំលែងបាន និស្សិតយើងក៏បន្លឺឡើងថា៖

-ពូឯងនិយាយច្រើនណាស់! បើពូឯងចូលចិត្តនិយាយច្រើនម្លឹងៗ ឥឡូវខ្ញុំសួរពូឯងមើល តើទស្សនវិជ្ជាជាអ្វី?

ពូចែវទូក៖

-ឧិលោកក្មួយអ្ហើយ! ពូមិនដឹងទេ … តាំងពីធំដឹងក្តីមក ពូចេះតែធ្វើស្រែ និងចែវទូកចម្លងអ្នកដំណើរប៉ុណ្ណោះ។

និស្សិត៖

-គួរឲ្យស្តាយដែរ! គ្រាន់តែទស្សនៈវិជ្ជាជាអ្វី ក៏ពូឯងមិនដឹង។ ជីវិតពូឯងគ្មានន័យទេ ស្លាប់អស់ ៤៥% បាត់​ទៅ​ហើយ!

ពូអ្នកចែវទូក ពុំបានយកចិត្តទុកដាក់នឹងសម្តីឡែបខាយរបស់និស្សិតយើងឡើយ, គាត់គិតតែពីគាស់ច្រវា ហើយ​ចាប់ផ្តើមនិយាយពីនេះពីនោះបន្តទៀត។

និស្សិត​យើងកាន់តែរងការរំខានក្នុងចិត្តថែមទៀត ដោយនឹកថា និយាយឲ្យប៉ុណ្ណឹងហើយ គាត់​នៅ​តែ​មិន​យល់​ន័យ ហើយនៅតែបើកមាត់និយាយទៀត។ ទ្រាំមិនបាន និស្សិតយើងក៏បន្លឺឡើងទៀតថា៖

-ចុះពូឯងដឹងថាចិត្តសាស្ត្រជាអ្វីទេ?

ពូអ្នកចែវទូក ក៏ឆ្លើយតបទៅនិស្សិតនូវពាក្យដដែល។

និស្សិត៖

-ហាស់! ហាស់! ហាស់! នេះបានហៅថា កើតមកស្ពាយល្ងង់មកតាម … សមជាអ្នកប្រើតែកម្លាំងបាយមែន! សូម្បីតែចិត្តសាស្ត្រជាអ្វី ក៏ពូឯងមិនស្គាល់… ហឺយ!!! ជីវិតរបស់ពូឯងស្លាប់អស់ ៩០% បាត់ទៅហើយ។

ពូអ្នកចែវទូកបានយល់ច្បាស់ពីការប្រមាថនេះ គាត់នឹកឆួលក្នុងចិត្ត ប៉ុន្តែគាត់ខំសម្រួលអារម្មណ៍ ហើយ​ដក​ដង្ហើម​មួយ​យ៉ាងវែងដើម្បីទប់កំហឹង។ គាត់ដឹងថា និស្សិត​ម្នាក់​នេះ​មិន​ចូល​ចិត្ត​ឲ្យ​គាត់​និយាយ​អ្វី​រំខាន​ត្រចៀក​គេ​ទេ។ គាត់ក៏ឈប់និយាយស្តី សម្ងំគាស់ច្រវាបន្តសំដៅទៅត្រើយម្ខាង។

ពេល​ធ្វើដំណើរដល់ពាក់កណ្តាលទន្លេ ស្រាប់តែផ្ទៃមេឃដ៏ស្រស់ថ្លា ប្រែជាខ្មៅងងិត ព័ទ្ធ​ដោយ​ពពួក​ខ្មៅ​ខ្មួល​ខ្មាញ់ និងធ្លាក់ខ្យល់ខ្លាំងត្រជាក់ស្រឺតស្រៀវស្រាញដល់ឆ្អឹងខ្នងអ្នកទាំងពីរ។ ពូអ្នកចែវទូកដឹងសភាពការណ៍ ក៏សួរទៅកាន់និស្សិតយើងថា៖

-លោកក្មួយចេះហែលទឹកទេ?

និស្សិត មិនខ្ចីឆ្លើយ គ្រាន់តែគ្រវីក្បាល។ គ្រាន់តែនិស្សិតយើងគ្រវីក្បាលមិនទាន់ផុត ព្យុះ​ធំមួយ​ក៏លេច​ធ្លោ​ឡើង​ចំពោះមុខអ្នកទាំងពីរ។

ពូអ្នកចែវទូកស្រែកខ្លាំងៗថា៖

-មើលទៅ ជីវិតក្មួយ ស្លាប់ ១០០% ហើយ នៅពេលនេះ។ ទោះយ៉ាងណាក៏ដោយ សូមឲ្យក្មួយមានសំណាងល្អណ៎ា! ពូហែលទៅកាន់ច្រាំងទន្លេមុនហើយ។ ៚

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s