ស្នាមស្នេហ៍វិបត្ត


ជីវិតនរណាមិនដែលស្លាប់
ស្នាមស្នេហ៍ចុកចាប់ ភពលោកីយ៍
អស់ស្នេហ៍លែងស្និទ្ធចប់សម្តី
ស្វែងរកភពថ្មីសាងសុភៈ។

តើភ្នែកនរណាមិនដែលយំ
ទុក្ខសោកក្តៅងំ មនុស្សម្នាក់ៗ
ចិត្តចង់ប្តូរផ្លាស់វាស់ជ្រៅរាក់
ទទើមទទាក់ធ្នាក់ស្នងស្នេហ៍។

ស្មានអណ្តូងជ្រៅ… តខ្សែវែង
លង់ស្នេហ៍វង្វេង ផុតលែងបែរ
អណ្តូងកំផែល ប្រាំងខួបខែ
លាហើយម្ចាស់ស្នេហ៍ខ្វះភក្តី។

ដង្ហើមចេញចូលគង់ត្រូវផុត
ចង្កៀងរលត់អស់រស្មី
ពន្លឺចុងក្រោយសោកស្តាយអ្វី
ជាតិមនុស្ស…គង់ថ្ងៃចាកសង្ខារ។

“បើស្អប់កុំឲ្យបាញ់ បើស្រឡាញ់កុំឲ្យខ្ចី”


អត្ថាធិប្បាយៈ

ពាក្យនេះ នរណាក៏ធ្លាប់ឮដែរ, ហើយអ្នកណាក៏មានរឿងដែលបណ្តាលមកពី “ស្អប់ ហើយនិង ខ្ចីបុល” នេះដែរ។

បើស្អប់ កុំឲ្យបាញ់ តើមានន័យយ៉ាងណា?

ពាក្យ “កុំឲ្យបាញ់” មិនមែនបាញ់នឹងគ្រាប់កាំភ្លើងនោះទេ គឺហាមមិនឲ្យ៖ ដើរនិយាយដើម, បន្តុះបង្អាប់, មួលបង្កាច់, ប្រើសម្តីមិនល្អ ទៅលើមនុសុ្សដែលខ្លួនស្អប់នោះ។ ការស្អប់ និង ស្រឡាញ់ គឺចារឿងមួយដែលមិនអាចឃាត់មិនឲ្យកើយមានបានទេ។ យើងមិនចូលចិត្តមនុស្សនេះ ហើយចូលចិត្តអ្នកខាងនោះ គឺចារឿងធម្មតារបស់មនុស្សលោក។ តែការសំខាន់ដែលយើងម្នាក់ៗត្រូវចងចាំទៅតាមបណ្តាំដូនតាយើង នៅត្រង់ចំណុចថា បើបានជាស្អប់អ្នកណាម្នាក់ហើយ សុំ “កុំបាញ់” អ្នកនោះឲ្យសោះ។ ព្រោះថា បើធ្វើយ៉ាងនេះ គឺយើងពង្រីកសំអប់នោះឲ្យកាន់តែធំឡើង រហូតដល់ពលមួយ សំអប់នោះនឹងផ្ទុះដូចគ្រាប់បែក អាចបណ្តាលឲ្យមានការស្លាប់-រស់ដល់អ្នកណាមិនខាន។

តើយើងគួរធ្វើយ៉ាងណា?

ចម្លើយយ៉ាងខ្លីៈ បើបានជាស្អប់ហើយ កុំដើរបរិហារកេរ្តិ៍គេឲ្យសោះ។ សុំបិទមាត់ឲ្យជិត។ កុំមានវាចាអាក្រក់ (និយាយដើម) ពីមនុស្សនោះ ប្រាប់មនុស្សម្នាក់ទៀតដើម្បីឲ្យគេជួយស្អប់។

ស្រឡាញ់ កុំឲ្យខ្ចី

មានន័យថា ការខ្ចីបុលរវាងមិត្តភក្តិ ច្រើននាំឲ្យក្លាយជាសត្រូវនឹងគ្នា ព្រោះអ្នកខ្ចី មិនគោរពពាក្យសន្យារបស់ខ្លួន។ មនុស្សច្រើនណាស់ តែងសន្យា “សុំខ្ចីតែ ៣ ថ្ងៃទេ ខ្ញុំយកមកសងវិញហើយ!”។ លុះ ៣ ថ្ងៃកន្លងផុតទៅ ម្ចាស់បំណុលឥតបានទទួលអ្វីទាំងអស់ – បាត់ឈឹង – គ្មានឮអ្វីសោះ។ ១ អាទិត្យកន្លងផុទៅ … រួចចូលអាទិត្យទី ២… អាទិត្យទី ៣ នៅតែឈឹង។ អត់ទ្រាំមិនបាន ម្ចាស់បំណុលក៏សួរ៖ “យ៉ាងណាទៅហើយ រឿងប្រាក់ ៣ ថ្ងៃនោះ?”។

កាលណាមានសំនួរ អ្នកខ្ចីភាគច្រើនបែរជាខឹង ដោយចោទប្រកាន់ថា គេមើលងាយខ្លួន -ល- … មិត្តភាពក៏ចាប់ប្រេះស្រាំ ឬបាក់បែកត្រឹមចំណុចនេះ។

ការខ្ចីបុលនៅពេលខ្វះខាត ជារឿងធម្មតាសម្រាប់មនុស្សភាគច្រើន។ ការប្រកាន់ខ្ជាប់នូវបាក្យសន្យា ជារឿងលំបាកសម្រាប់មនុស្សភាគច្រើន។ គប្បីចាំថា ភាពទៀងត្រង់ នាំឲ្យយើងរស់បានយូរជាងការភូតកុហក, ជាពិសេស ការភូតកុហកមិត្តសម្លាញ់ដែលមានសុឆន្ទៈចំពោះខ្លួន គឺជាការបិទផ្លូវទៅរកសុខ។

សុបិនស្នេហ៍


ច័ន្ទអឺយច័ន្ទចរលើវេហា យល់ភក្ត្រច័ន្ទថ្លាចិត្តរំជួល

លង់ចិត្តងប់ស្នេហ៍ឆោមនិមល គ្រប់ពេលនឹកដល់ម៉ុមមាសស្នេហ៍។

រាត្រីស្ងាត់សូន្យដួងច័ន្ទអើយ សូមអ្នកឆ្លងឆ្លើយស្រដីមក

បំពេចិត្តខ្ញុំផ្តល់ជម្រក ផ្តល់ត្រួយពន្លកនៃក្តីស្នេហ៍។

ឱហ្វូងតារារះត្រសង រស្មីបំព្រងព័ទ្ធដួងខែ

តើអ្នកយល់ទេសុបិនស្នេហ៍ មានន័យអ្វីដែរប្រាប់ខ្ញុំផង។

ឬអ្នកចង់ពោលប្រាប់ខ្ញុំថា កុំនឹកប្រាថ្នា កុំនឹកប៉ង

នាងជាកុលាបក្នុងរបង កុំគិតគួចផ្សងនាំហ្មងសៅ។

យប់អឺយបន្តកុំភ្លឺអី ខ្ញុំសូមស្រមៃនឹកឆោមឆ្លៅ

ឲ្យខ្ញុំបានស្ងប់ក្នុងយប់ជ្រៅ រៀងរាល់តទៅក្នុងសុបិន។

ម៉ុមអឺយ សូមអូនជឿដល់ចិត្ត បងស្នេហ៍អូនពិត ណ៎ាមាសឆ្អិន

បងសូមសារភាពទោះប្រសិន បានត្រឹមសុបិន គ្រប់គ្រាន់ហើយ។

ម៉ុម! ម៉ុម នឹមនួនស្ងួនចរណៃ សុបិនឃើញថ្លៃទ្រូងបងស្បើយ

ឃើញអូនញញឹមជាចម្លើយ ឱរាត្រីអឺយសែនសុភៈ។

ច័ន្ទអឺយកុំទាន់យាងទៅណា សូមស្តាប់វាចាខ្ញុំប្រាប់អ្នក

ថាខ្ញុំបានឃើញ ឃើញវង់ភក្ត្រ ស្រីម៉ុមវរលក្ខណ៍ក្នុងសុបិន។

ផ្កាយអឺយសូមអ្នកជួយអរផង ប្រាប់ម៉ុមនួនល្អងស្រស់មាសឆ្អិន

ថាខ្ញុំ “ជួប…” នាងក្នុសុបិន កែវភ្នែកមាសឆ្អិនផ្តិតរូបខ្ញុំ។

ខ្ញុំជាអ្នកណា?


ខ្ញុំជាគូកនដ៏ស្មោះស្ម័គ្ររបស់អ្នក។

ខ្ញុំជាអ្នកជំនួយមួយដ៏ពូកែរបស់អ្នក ឬជាបន្ទុកមួយដ៏ធំរបស់អ្នក។

ខ្ញុំនឹងរុញអ្នកឆ្ពោះទៅកាន់ភាពរីកចម្រើន ឬខ្ញុំនឹងប្រទាញប្រទង់អ្នកថយក្រោយឲ្យបរាជ័យ។

ខ្ញុំឋិតនៅក្រោមបញ្ជារបស់អ្នកទាំងស្រុង។

កិច្ចការពាក់កណ្តាលដែលអ្នកធ្វើ អ្នកអាចគ្រាន់តែប្រគល់មកឲ្យខ្ញុំធ្វើ, ខ្ញុំនឹងអាចធ្វើវាបានយ៉ាងឆាប់រហ័ស ហើយត្រឹមត្រូវទៀតផង។

ខ្ញុំងាយស្រួលឲ្យអ្នកគ្រប់គ្រង-អ្នកគ្រាន់តែត្រូវតែម៉ត់ចត់ចំពោះខ្ញុំ។

បង្រៀនដល់ខ្ញុំអំពីរបៀបធ្វើដ៏ជាក់លាក់ចំពោះអ្វីដែលអ្នកចង់ឲ្យខ្ញុំធ្វើ ហើយបន្ទាប់ពីទទួលបានពីរបីមេរៀន ខ្ញុំនឹងធ្វើវាដោយស្វ័យប្រវត្តិ។

ខ្ញុំជាបម្រើរបស់បុគ្គលឆ្នើម និងជាបម្រើរបស់បុគ្គលចោលម្សៀតផងដែរ។

ចំពោះជនណាឆ្នើម ខ្ញុំធ្វើឲ្យរុងរឿង។ ជនណាចោលម្សៀត ខ្ញុំធ្វើឲ្យគេបរាជ័យ។

ខ្ញុំមិនមែនជាម៉ាស៊ីន តែខ្ញុំបំពេញកិច្ចការបានស្មើនឹងភាពឥតខ្ជោះរបស់ម៉ាស៊ីន រួមទាំងប្រាជ្ញាញាណរបស់មនុស្សផង។

អ្នកអាចប្រើប្រាស់ខ្ញុំសម្រាប់ផលចំណេញ ឬប្រើប្រាស់ខ្ញុំសម្រាប់ភាពអន្តរាយ – ចំពោះខ្ញុំ មួយដំប ក៏ដូចជាបួន, ឥតទាស់ខុសអ្វីទេ។

គ្រប់គ្រងខ្ញុំ, បង្ហាត់បង្រៀនខ្ញុំ, ម៉ត់ចត់ជាមួយខ្ញុំ, ខ្ញុំនឹងដាក់ពិភពលោកទាំងមូលក្រោមជើងរបស់អ្នក។

ធូររលុងជាមួយខ្ញុំ ខ្ញុំនឹងបំផ្លាញអ្នក។

តើខ្ញុំជាអ្នកណា?

សប្បុរសយល់ដោយមុខ ស៊ុកគ្រលុកពេកពុំជា


នេះជាពាក្យប្រដៅកូនចៅក្នុងរឿង «ធ្វើបុណ្យ ឬធ្វើទាន» ដកស្រង់ចេញពីសាស្ត្រា ច្បាប់កេរកាល។

បើយើងតាំងខ្លួនជាមនុស្សសប្បុរសៈ អាណិតអាសូរអ្នកដទៃ – ជួយទំនុកបម្រុងអ្នកខ្សត់ខ្សោយ -ល- នោះត្រូវឲ្យមានកម្រិត មានព្រំសីមា… កុំចេះតែប៉ាតណាប៉ាតណី។ គួរពិនិត្យមើលជាមុន ហើយពិចរាណាថា តើគួរឲ្យ គួរជួយ ឬមិនគួរ។ ហេតុអ្វី? ព្រោះអំណោយដែលយើងឲ្យចំពោះមនុស្សដែលមិនគួរឲ្យ វាអាចផ្តល់លទ្ធផលមិនល្អដល់អ្នកឲ្យ និងអ្នកទទួល។ យ៉ាងណាមិញ បើយើងឲ្យស្រាទៅជនប្រមឹក វានឹងជួយឲ្យមនុស្សនោះកាន់តែប្រមឹកខ្លាំងទៅទៀត នាំផលអាក្រក់ដល់កូនប្រពន្ធរបស់គាត់នោះ។ បើយើងឲ្យប្រាក់ទៅមនុស្សម្នាក់ដែលត្រូវការប្រាក់នោះ យកទៅលេងល្បែង វាអាចនឹងជួយមនុស្សនោះ ឲ្យកាន់តែហិនហោចខ្លាំងថែមទៀត ព្រោះល្បែងគឺជាអំពីអបាយមុខ។

«ស៊ុកគ្រលុក» មានន័យថាៈ ឥតសណ្តាប់ធ្នាក់, ខ្ជីខ្ជា, កញ្ចះ-កញ្ជាយ, ច្របូកច្របល់។

ជនណាម្នាក់ដែលជាមនុស្សប្រកបដោយទឹកចិត្តសប្បុរសគ្មានព្រំប្រទល់ គឺថា គ្មានរបៀបរៀបរយ, ខ្ជីខ្ជា, គ្មានយល់មុខ ហើយច្របូកច្របល់ប៉ាតណាប៉ាតណី ដែលគេឲ្យឈ្មោះថា ស៊ុកគ្រលុកនោះ, ជននោះលោកចាត់ទុកថា «ពុំជា» បានសេចក្តីថា «មុខជាឈឺហើយ!»។

ហេតុនេះ គួរយល់ថា កិច្ចការអ្វីក៏ដោយ តែងមានព្រំសីមា ដែលជាកម្រិតសម្រាប់គ្រប់កិច្ចការ។ ការស្គាល់នូវព្រំសីមា មិនខុសពីការបង់អំបិលទៅក្នុងសម្លនោះទេ។ រឿងលំបាកត្រង់ចំណុចថា តើត្រូវបង់ប៉ុន្មាន ដើម្បីឲ្យសម្លនោះឆ្ងាញ់។