អនាគតឧស្សាហកម្មកាត់ដេរកម្ពុជាស្ថិតនៅក្នុងភាពមិនច្បាស់លាស់


ដោយ ហ៊ ហាប់
យុគសម័យមាសនៃវិស័យកាត់ដេរនៅកម្ពុជា បានចាប់ផ្ដើមកាលពីឆ្នាំ ១៩៩៦ នៅពេលទទួលបានសិទ្ធិនាំចូលទំនិញរួចពន្ធទៅកាន់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ នៅក្នុងឆ្នាំនោះដែរ កម្ពុជាបាននាំចេញផលិតផលកាត់ដេរក្នុងតម្លៃប្រមាណ ២.៤លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក។
ក្នុងរបាយការណ៍ចុងក្រោយបង្អស់សម្រាប់ឆ្នាំ២០០៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា ការនាំចេញផលិតផលកាត់ដេរបានឈានដល់កម្រិត ២,៥០០លានដុល្លារ គឺវាមានការកើនឡើងបន្តិចបន្តួច។ អ្នកវិភាគ និងប្រធានសហជីពមានក្ដីបារម្ភអំពីកំណើនដ៏យឺតនេះ ដែលអាចនឹងបន្តក្នុងឆ្នាំ ២០០៨ និងមានឥទ្ធិពលដល់សេដ្ឋកិច្ចទាំងមូល ព្រោះវិស័យកាត់ដេររួមចំណែក ៨០% នៃការនាំចេញ និងប្រមាណ ១៦% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០០៧។

ការប្រកួតប្រជែងលើឆាកអន្តរជាតិ និងផលិតភាពទាប ធ្វើឱ្យមានផលប៉ះពាល់ខ្លាំងដល់ភាពប្រកួតប្រជែងនៃវិស័យកាត់ដេរកម្ពុជា។ បន្ទាប់ពី មានភាពប្រកួតប្រជែងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ សេដ្ឋវិទូ និងមន្ត្រីជាប់ពាក់ព័ន្ធមួយចំនួនព្យាករណ៍ថា ស្ថានភាពឧស្សាហកម្មកាត់ដេរនៅឆ្នាំ ២០០៨ មានភាពមិនល្អដែលធ្វើឱ្យមានសំណួរមួយចោទថា តើយុគសម័យមាសនៃឧស្សាហកម្មកាត់ដេរនៅកម្ពុជាឈានដល់ទីបញ្ចប់ហើយមែនទេ?
ស្ថានភាពវិស័យកាត់ដេរឆ្នាំ ២០០៧
លោក គែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានប្រាប់កាសែត ឌឺ ឃែមបូឌា ដេលី កាលពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០០៨ ថា “នៅត្រីមាសទី៤ នៃឆ្នាំ ២០០៧ កម្ពុជានាំចេញសំលៀកបំពាក់ក្នុងតម្លៃ ៣៨០លានដុល្លារ។”
ចំណែកឯលោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា ការនាំចេញសំលៀកបំពាក់កាត់ដេររបស់កម្ពុជាធ្លាក់ចុះ ៤៦% នៅក្នុងត្រីមាសទី៤នៃឆ្នាំ ២០០៧។ ការធ្លាក់ចុះនេះបណ្ដាលមកពីវិបត្តិសេដ្ឋកិច្ចនៅអាមេរិក និងជម្លោះការងារនៅកម្ពុជា។
ផ្ទុយទៅវិញ បើយោងតាមស្ថិតិផ្លូវការរបស់នាយកដ្ឋានគយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា វាមានការកើនឡើងបន្តិចបន្តួច គឺក្នុងត្រីមាសទី៤ នៃឆ្នាំ ២០០៧ ការនាំចេញសរុបមានតម្លៃ ៧០២លានដុល្លារ គឺមានការកើនឡើងប្រមាណ ១%។
តាមប្រភពដដែលនេះបានឱ្យដឹងថា ការនាំចេញទៅកាន់សហរដ្ឋអាមេរិកមានការធ្លាក់ចុះប្រហែល ៥% ។ អ្នកវិភាគមានការព្រួយបារម្ភខ្លាំង ដោយសារតែផលិតផលកាត់ដេរខ្មែរប្រមាណជា ៧០% នាំចេញទៅកាន់សហរដ្ឋអាមេរិក។ សេដ្ឋវិទូ និងម្ចាស់រោងចក្រប្រាប់ថា ការធ្លាក់ចុះនេះ បណ្ដាលមកពីមូលហេតុពីរចម្បង គឺវិបត្តិសេដ្ឋកិច្ចនៅអាមេរិក និងផលិតភាពទាប ដែលបណ្ដាលមកពី ទំនាក់ទំនងមិនល្អរវាងម្ចាស់រោងចក្រ និងកម្មករ។
ជាក់ស្ដែង កម្ពុជាបាននាំចេញសំលៀកបំពាក់ក្នុងតម្លៃប្រមាណ ២.៦កោដិដុល្លារកាលពីឆ្នាំ ២០០៦ និង ២.៨កោដិដុល្លារនៅឆ្នាំ ២០០៧ ដែលក្នុងនោះជាង ១.៨កោដិដុល្លារទៅកាន់អាមេរិក កាលពីឆ្នាំ ២០០៦ និង ១.៩កោដិដុល្លារនៅឆ្នាំ ២០០៧។ ការនាំចេញមានការកើនឡើងតែ ៨.២% ទេនៅឆ្នាំ២០០៧ ខណៈដែលមានរហូតដល់ ១៩.៤% នៅឆ្នាំ ២០០៦។
លើសពីនេះទៀត សារព័ត៌មានក្នុងស្រុកបានចុះផ្សាយក្នុងពេលថ្មីៗនេះថា ការនាំចេញផលិតផលកាត់ដេរបានធ្លាក់ចុះ ៤៦% នៅក្នុងត្រីមាសទី៤ នៃឆ្នាំ ២០០៧ បើប្រៀបធៀបនឹងឆ្នាំមុន។ គួរកត់សម្គាល់ដែរថា នាពេលបច្ចុប្បន្ន កម្ពុជាមានរោងចក្រចំនួន ២៩៨ និងមានបុគ្គលិកប្រមាណ ៣៥៥,០០០នាក់។ បើយោងតាមក្រសួងឧស្សាហកម្មរ៉ែ និងថាមពលបានឱ្យដឹងថា តួលេខជាក់ស្ដែងអាចច្រើនជាងនេះប្រមាណ ៦០ ទៅ ៧០% បើរាប់បញ្ចូលទាំងរោងចក្រតូចៗផងនោះ។
វិភាគការងារ និងកូដកម្ម
ថ្មីៗនេះ កម្មករកម្មការិនីរោងចក្រជាច្រើនបានធ្វើកូដកម្មនៅតាមរោងចក្រមួយចំនួនក្បែរក្រុងភ្នំពេញ។ វិវាទការងារនេះបណ្ដាលឱ្យរោងចក្រភ្នំពេញហ្គាមែនស៊ីធីបិទទ្វារ។ លោក វ៉ាន់ ស៊ូអៀងនិយាយប្រាប់សារព័ត៌មានបារាំង AFP ថា “ទំនាក់ទំនងការងារមិនល្អ កាន់តែបណ្ដាលឱ្យវិស័យកាត់ដេរមានភាពទន់ខ្សោយ បន្ថែមទៅលើឥទ្ធិពលវិបត្តិសេដ្ឋកិច្ចនៅអាមេរិក”។ លោកបន្ថែមដែរថា ការធ្វើកូដកម្មខុសច្បាប់ញឹកញាប់ជាបុព្វហេតុនៃផលិតភាពទាប និងការដើរចេញរបស់អ្នកទិញ។
តែលោក ជា មុន្នី ប្រធានសហជីពសេរីកម្មករមានប្រសាសន៍ថា ផលិតភាពទាប មិនមែនបណ្ដាលមកពី តែជម្លោះការងារប៉ុណ្ណោះទេ ប៉ុន្តែ អ្វីដែលជាមូលហេតុចម្បងនោះគឺប្រាក់ខែទាប។ លោកបានប្រាប់ទស្សនាវដ្ដីសេដ្ឋកិច្ចថ្ងៃនេះថា “អតិផរណា ធ្វើឱ្យប៉ះពាល់ដល់សុខភាព និងផលិតភាពរបស់ពលករ”។
នាពេលថ្មីៗនេះ លោក ជា មុន្នី បានទាមទារឱ្យមានការដំឡើង ៦ដុល្លារបន្ថែមទៅលើប្រាក់ខែអប្បបរមាសព្វថ្ងៃ (៥០ដុល្លារ) ដើម្បីឆ្លើយតបនឹងអតិផរណាដ៏ខ្ពស់នៅលើទីផ្សារ។ លោកបន្ថែមថា ប្រាក់បៀវត្សរ៍បច្ចុប្បន្ន មិនគ្រប់គ្រាន់សម្រាប់ការចាយវាយប្រចាំថ្ងៃបានទេ ដោយសារតែការកើនឡើងតម្លៃទំនិញផ្ទះ និងប្រេងឥន្ធនៈ។
សមាគមរោងចក្រមានការព្រួយបារម្ភខ្លាំងចំពោះពលកម្មដែលបន្ថែមទម្ងន់លើទម្ងន់ទៅលើតម្លៃអគ្គិសនី និងការចំណាយរដ្ឋបាលខ្ពស់ ព្រោះវាអាចជំរុញឱ្យម្ចាស់រោងចក្រជនបរទេសងាកទៅរកប្រទេសណាដែលមានតម្លៃពលកម្មថោកវិញ។ ដូច្នេះ ភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារពិភពលោកកាន់តែអន់ទៅៗ។ យោងតាម AFP លោក វ៉ាន់ ស៊ូអៀង មានប្រសាសន៍ថា “ស្ថានភាពកម្ពុជានៅឆ្នាំ ២០០៨ នេះមិនល្អទេ។ រោងចក្រមួយចំនួននឹងបិទទ្វារ ហើយប្រជាជននឹងបាត់បង់ការងារធ្វើ”។
វិស័យកាត់ដេរឆ្នាំ ២០០៨
សហរដ្ឋអាមេរិកជាទីផ្សារដ៏ធំសម្រាប់ឧស្សាហកម្មកាត់ដេរនៅកម្ពុជា ដែលរួមចំណែកមួយភាគធំចំពោះការកសាងប្រទេសជាំតិ និងរក្សាកំណើនសេដ្ឋកិច្ច។ វិបត្តិសេដ្ឋកិច្ចនៅអាមេរិកថ្មីៗនេះ បានក្លាយជាកង្វល់របស់អ្នកអង្កេតមួយចំនួន។ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ប្រាប់ទីភ្នាក់ងារ AP ថា “ខ្ញុំមានក្ដីព្រួយបារម្ភថា នៅឆ្នាំ ២០០៨ វិស័យកាត់ដេរនៅកម្ពុជានឹងជួបនូវបញ្ហាខ្លះៗ។ សេដ្ឋកិច្ចអាមេរិកកំពុងតែធ្លាក់ចុះ ដូច្នេះការបញ្ជាទិញពីអ្នកលក់រាយអាចនឹងថយចុះ”។
លោក ជា មុន្នី និយាយថា “បើគ្មានអ្វីផ្លាស់ប្ដូរទេ ឧស្សាហកម្មកាត់ដេរនៅកម្ពុជានឹងដួលរលំ”។ តែទោះជាយ៉ាងណាក៏ដោយ វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជាបានព្យាករណ៍នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា វិស័យកាត់ដេរនៅ កម្ពុជានៅតែរឹងមាំ ប៉ុន្តែមានកំណើនយឺតក្នុងអត្រាប្រមាណ ៨.៩% ដោយសារមានគូប្រជែងខ្លាំងៗដូចជាចិន និងវៀតណាម។ តាមរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោក ក៏បានបង្ហាញដែរថា ភាពប្រកួតប្រជែងសាកលរបស់កម្ពុជានៅទាន់ខ្សោយខ្លាំងណាស់ បើប្រៀបធៀបជាមួយចិន និងវៀតណាម។
លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា និយាយថា ដើម្បីរក្សាកំណើនសេដ្ឋកិច្ច កម្ពុជាគួរលើកតម្កើងលក្ខណ្ឌ និងស្ថានភាពការងារដើម្បីដណ្ដើមឱ្យបានចំណែកទីផ្សារ និងភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។
តាមទិន្នន័យពីក្រសួងពាណិជ្ជកម្មអាមេរិក បានឱ្យដឹងថា ការនាំចេញផលិតផលកាត់ដេរ និងវាយនភណ្ឌកម្ពុជាមានកំណើនប្រមាណ ៧.៨% ក្នុងមួយខែ។ ការនាំចេញទៅកាន់អាមេរិកមានតម្លៃ ១៨៦.២លានដុល្លារ នៅខែ មករា ឆ្នាំ ២០០៨ ។ ស្ថិតិនេះ ក៏បញ្ហាដែរថា កម្ពុជាស្ថិតនៅលំដាប់ទី៩ពីក្រោយចិនទី១ និង វៀតណាមទី៣ នៃបណ្ដាប្រទេសនាំចេញសំលៀកបំពាក់សំខាន់ៗទៅកាន់សហរដ្ឋអាមេរិក។
លក្ខខណ្ឌការងារជាគន្លឹះទីផ្សារ
គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា បានផ្ដួចផ្ដើមឡើងដោយអង្គការពលកម្មអន្តរជាតិនៅកម្ពុជាក្នុងឆ្នាំ ២០០១ បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដើម្បីនោះសំលៀកបំពាក់ទៅកាន់ទីផ្សារអាមេរិក ជាកិច្ចឆ្លើយតបនឹងលក្ខខណ្ឌការងារល្អ។ រោងចក្រកាន់តែប្រសើរនៅកម្ពុជា ទទួលមូលនិធិពីក្រសួងការងារអាមេរិក ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា និងអ្នកទិញ។
រោងចក្រកាន់តែប្រសើរនៅកម្ពុជា ធ្វើការបណ្ដុះបណ្ដាលពង្រឹងលក្ខខណ្ឌការងារ និងបង្កើនផលិតភាពរបស់កម្មករ។ កម្មវិធីនេះកំពុងតែទទួលបានជោគជ័យក្នុងការបង្កើនផលិតភាពជំនាញ និងគុណភាពផលិតផល។
មជ្ឈមណ្ឌលដែលជួយពង្រឹងជំនាញពលករនៅកម្ពុជារួមមាន មជ្ឈមណ្ឌលបណ្ដុះបណ្ដាលកាត់ដេរកម្ពុជារបស់ GMAC (CGTC), រោងចក្រកាន់តែប្រសើរនៅកម្ពុជារបស់អង្គការពលកម្មអន្តរជាតិ (ILO-BFC), មជ្ឈមណ្ឌលឧស្សាហកម្មដើម្បីបង្កើនលទ្ធភាពផលិតផលសំលៀកបំពាក់ (GIPC) និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលឯកជនដទៃទៀត៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s