ដោយផែន រស្មី
ប្រទេសឡាវបាននឹងកំពុងចាប់ផ្ដើមកសាងទំនប់វារីអគ្គិសនីដ៏មានសារសំខាន់របស់ខ្លួន បន្ទាប់ពីមានការយល់ព្រម និងគាំទ្រដោយធនាគារពីភពលោកនាពេលថ្មីៗនេះ ។ ធនាគារពិភពលោកបានធ្វើការពិភាក្សា និងសិក្សាជាមួយរដ្ឋាភិបាលឡាវអស់រយៈពេលជិត១០ឆ្នាំ អំពីភាពចម្រូងចម្រាសទាក់ទងនឹងទំនប់វារីអគ្គិសនីនេះ ។
នៅឯកិច្ចប្រជុំរបស់ខ្លួនក្នុងទីក្រុងវ៉ាស៊ីនតោន ធនាគារពិភពលោកបានឱ្យដឹងថា ខ្លួននឹងផ្ដល់ថវិកាកម្ចី ១.២ពាន់លានដុល្លារ សម្រាប់គម្រោងវារីអគ្គិសនីនេះ តាមរយៈធនាគារជាបណ្ដាញទាំងឡាយរបស់ខ្លួន ។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលឡាវបាននិយាយថា ខ្លួនទទួលបានប្រាក់កម្ចី ទាំងនោះផ្ទាល់ពីធនាគារអន្តរជាតិចំនួន ៩ និងធនាគារចំនួន ៧ ក្នុងប្រទេសថៃ ក្រោមកិច្ចព្រមព្រៀងរបស់ធនាគារពិភពលោកដើម្បីរៀបចំស្ថាបនាទំនប់វារីអគ្គិសនីដ៏ធំមួយកន្លែងមានឈ្មេះថា ណាំធិន២ (Nam Theun 2) ។
ទំនប់វារីអគ្គិសនីណាំធិន២ដែលមានតម្លៃ ១.៤៥ពាន់លានដុល្លារ ជាគម្រោងមួយក្នុងចំណោមគម្រោងទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាសជាច្រើនដែលស្ថិតនៅក្នុងខេត្តខាំមួន (Khammuane) និងខេត្តបូលីខាំស៊ី (Bolikhamzy) ក្នុងប្រទេសឡាវ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការសាងសង់របស់ក្រុមហ៊ុនអគ្គិសនីមកពីប្រទេសបារាំង និងថៃ ។
ទប់វារីអគ្គិសនីណាំធិន២ ជាការវិនិយោគទុនពីបរទេសដ៏ធំបំផុតក្នុងប្រទេសឡាវ ដែលត្រូវការផ្ទៃដីទំហំ ៤៥០គីឡូម៉ែត្រការ៉េ សម្រាប់ធ្វើជាអាងស្ដុកទឹក ហើយនៅពេលបញ្ចប់ការសាងសង់នៅឆ្នាំ ២០០៩ ទំនប់វារីអគ្គិសនីនេះនឹងក្លាយជារោងចក្រថាមពលធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានសមត្ថភាពផលិតថាមពលបាន ១,០០០មេកាវ៉ាត់ ។
ភាគីឡាវ និងធនាគារពិភពលោកជឿជាក់ថា ប្រទេសថៃមានផែនការសុំទិញចំនួន ៩០% នៃថាមពលនោះ ។ ប្រទេសឡាវនឹងទទួលបានចំណូលជិត ២ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ក្នុងរយៈពេល ២៥ឆ្នាំពីការលក់ថាមពលវារីអគ្គិសនី ។
ម្យ៉ាងវិញទៀត ការស្វែងរកអតិថិជនសម្រាប់ទិញថាមពលវារីអគ្គិសនីនេះ មិនមែនជាការលំបាក របស់ប្រទេសឡាវទេ ។ ចំណែកឯប្រទេសចិន វៀតណាម និងថៃសុទ្ធសឹងជាអ្នកជិតខាងដែលត្រូវការថាមពលយ៉ាងខ្លាំងដើម្បីជំនួសឱ្យការប្រើប្រាស់ប្រេងឥន្ធនៈរបស់គេ ។
ប្រទេសឡាវទទួលអំណោយផលដោយទន្លេមេគង្គដ៏វែងមានដៃទន្លាជាច្រើន និងជ្រលងភ្នំផ្ដល់ប្រយោជន៍ក្នុងការផលិតម្ហូបអាហារ និងការដឹកជញ្ជូន ពិសេសសក្ដានុពលដ៏សម្បើមក្នុងការផលិតថាមពលវារីអគ្គិសនី ។ បច្ចុប្បន្ន រដ្ឋាភិបាលឡាវចង់ឱ្យប្រទេសរបស់ខ្លួនក្លាយជារោងចក្រអគ្គិសនីក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈការប្រើប្រាស់ធនធានថាមពលធម្មជាតិរបស់ប្រទេសដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។
ចាប់ពីពេលនេះតទៅ ប្រទេសឡាវ ត្រូវបានគេមើលឃើញថានឹងមានការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួននៅពេលអនាគតតាមរយៈវិស័យវារីអគ្គិសនីនេះ ។ បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជន ៥នាក់ មាន ៤នាក់ ជាកសិករធ្វើស្រែចម្ការដើម្បីដោះស្រាយជីវភាពរស់នៅ ។ យោងតាមកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ប្រទេសឡាវស្ថិតនៅក្នុងចំណាត់ថ្នាក់ ១៣៣ ក្នុងចំណោម ១៧៧ប្រទេស ក្នុងបញ្ជីសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស ។