របាំ​អប្សរា​តំណាង​ឳ្យ​ព្រលឹង​ជាតិ និង​មាន​អាយ​កាល​រាប់​ពាន់​ឆ្នាំ


apsara.jpgដោយ​គឹម សារឿន, សេដ្ឋកិច្ច​ថ្ងៃនេះ

របាំ​អប្សរា បើ​តាម​ចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ត គេ​សន្និដ្ឋាន​បាន​ថា របាំ​នេះ​អាច​កើត​មុន​សម័យ​អង្គរ ឬ​ក្នុង​សម័យ​​មហានគរ ។

របាំ​នេះ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​យានីស៊ីសុវត្ថិ កុសុមៈនារីរតន៍ សិរីវឌ្ឍនា បង្កើត​ឡើង​ជា​ផ្លូវ​ការ​នៅ​អំឡុង​ឆ្នាំ ១៩៦០ សម័យ​សង្គមរាស្ត្រនិយម ។ របាំ​អប្សរា មាន​កាយវិការ​ចង្វាក់​រាំ​ចលនា​យឺត​ៗ ខុស​ប្លែក​ពី​របាំ​ដទៃ​បញ្ជាក់​ពី​គ្មាន​​ទុក្ខ​កង្វល់ សុភាព​រាប​សារ​របស់​ស្ត្រី​ខ្មែរ តំណាង​ឲ្យ​លក្ខណៈ​ជាតិ ហើយ​ទទួល​ការ​គាំ​ទ្រពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ ។

ខ្មែរ​យើង​មាន​សិល្បៈ និង​របាំ​ជា​ច្រើន​ប្រភេទ​សម្រាប់​សម្ដែង​ឳ្យ​ស្រប​នៅ​តាម​ទី​កន្លែង ពេល​វេលា និង​តំបន់​ដែល​គេ​និយម​ចូល​ចិត្ត ដើម្បី​បង្ហាញ​ប្រាប់​ពី​បញ្ហា​អ្វី​មួយ​ដែល​មាន​លាយ​ឡំ​ជា​មួយ​នឹង​សំណើច និង​តន្ត្រី ហើយ​បាន​បន្សល់​ទុក​រហូត​ដល់​សព្វថ្ងៃ ។ ក្នុង​នោះ​គេ​សង្កេត​ឃើញ​របាំ​អប្សរា ឬ​របាំ​ទេវតា ដែល​សម្ដែង​ទៅ​មាន​សភាព​ទន់​ភ្លន់ អារម្មណ៍​ស្ងប់ស្ងាត់ បញ្ជាក់​ពី​ភាព​គ្មាន​កង្វល់ ញញឹម​រាក់​ទាក់ ហើយ​ត្រូវ​បាន​គេ​លើក​យក​ទៅ​សម្ដែង​នៅ​ក្នុង​កម្មវិធី​បុណ្យ​ជាតិអន្ដរជាតិ ទទួល​បាន​ការ​ពេញ​និយម​គាំទ្រ​យ៉ាង​ខ្លាំង​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ។

របាំ​នេះ គឺ​មិន​បាន​ដឹង​ប្រាកដ​ថា​មាន​អាយុ​កាល​តាំង​ពី​ពេល​ណា​នោះ​ទេ ប៉ុន្តែ​បើ​តាម​ចម្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត និង​តាម​ប្រាសាទ​នានា គេ​អះ​អាង​ថា​កើត​នៅ​សម័យ​មហានគរ ហើយ​ក្រោយ​មក​ត្រូវ​បាន​ព្រះ​មហាក្សត្រយានី ស៊ីសុវត្ថិកុសុមៈនារីរតន៍ សិរីវឌ្ឍនា បង្កើត​ឡើង​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ ១៩៦០ ក្នុង​សម័យ​សង្គមរាស្ត្រនិយម ។

នៅ​តាម​ភូមិ​ស្រុក​នីមួយៗ​ប្រជា​ពល​រដ្ឋ​តែង​តែ​មាន​ទំនៀម​ទម្លាប់​ប្រពៃណី​ខុស​គ្នា​តំណ​ពី​ដូន​តា​របស់​ខ្លួន ហើយ​ពួក​គេ​បាន​បង្កើត​ជា​សិល្បៈ​ចម្រៀង និង​របាំ​ជា​ច្រើន​ប្រភេទ​ដើម្បី​បង្កើត​ឳ្យ​មាន​ការ​សប្បាយ​រីករាយ​បំបាត់​ការ​អផ្សុក​ក្នុង​ពិធី​បុណ្យ​ទាន​ម្ដងៗ រហូត​ក្លាយ​ជា​ទំនៀម​ទម្លាប់​ប្រពៃណី​ហើយ​របាំ​ខ្លះ​ទៀត​សម្រាប់​បួង​សួង​ចំពោះ​វត្ថុ​ស័ក្ដិ​សិទ្ធិ​ក្នុង​បំណង​សុំ​ទឹក​ភ្លៀង និង​លា​​បំណន់ ។

ប្រវត្តិ​នៃ​របាំ​អប្សរា

ចាប់​តាំង​ពី​ព្រះ​បាទ​ហ៊ុន ទៀន រៀប​អភិសេក​ជា​មួយ​ព្រះ​នាង​លីវ យី បឋម​ក្សត្រី​ខ្មែរ​សម័យ​នគរភ្នំ នា​សតវត្ស​ទី​១ ទ្រង់​បាន​នាំ​យក​វប្បធម៌​ពី​ឥណ្ឌា​មក​ផ្សព្វ​​ផ្សាយ​ចំពោះ​ជនជាតិ​ខ្មែរ ប៉ុន្ដែ​​ប្រជា​ពល​រដ្ឋ​មិន​ទទួល​ទាំង​ស្រុង​នោះ​ទេ គឺ​ទទួល​យក​មក​កែ​ច្នៃ​ឳ្យ​មាន​លក្ខណៈ​ជាតិ ។ ក្នុង​នោះ​គេ​សង្កេត​ឃើញ​របាំ​ជា​ច្រើន​ដែល​ប្រជា​ពល​រដ្ឋ​យក​មក​សម្ដែង​ក្នុង​កម្មវិធី​បុណ្យ​តូចធំ​តាម​តំបន់ និង​សម័យ​កាល ដែល​ពួក​គេ​និយម​តាំង​ពី​សម័យ​បុរាណ​រហូត​ដល់​បច្ចុប្បន្ន និង​ក្លាយ​ជា​របាំ​ប្រពៃណី​ជាតិ​ទៀត​ផង ។

ក្នុង​ចំណោម​របាំ​ទាំង​នោះ គេ​សង្កេត​ឃើញ​របាំ​អប្សរា ឬ​របាំ​ទេវតា​ ដែល​គេ​តែង​លើក​យក​ទៅ​សម្ដែង​ក្នុង​ពិធី​បុណ្យ​ជាតិអន្ដរជាតិ ថ្វាយ​ព្រះ​មហាក្សត្រ ភ្ញៀវ​កិត្តិយស​កម្មវិធី​មហោស្រព​ធំ​ៗ បុណ្យ​សាសនា​ត្រូវ​បាន​ទស្សនិកជន​និយម​យ៉ាង​ខ្លាំង ។

បើ​តាម​ក្បាច់​ចម្លាក់​នៅ​តាម​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​ និង​ប្រាសាទ​នានា​ បុព្វបុរស​យើង​មាន​ចម្លាក់​របាំ​នេះ​ជាប់​នឹង​ជញ្ជាំង​យ៉ាង​ស្រស់​សោភា​គួរ​ឳ្យ​គយគន់​ធ្វើ​ឳ្យ​អ្នក​ទេស​ចរ​នាំ​គ្នា​សម្លក់​សម្លឹង ហើយ​ពោល​ពាក្យ​សរសើរ​មិន​ដាច់​ពី​មាត់​ស្ទើរ​គ្រប់​គ្នា​ពី​ទេព​កោសល្យ និង​ចម្លាក់​ក្បាច់​រាំ ។

ចម្លាក់​ទាំង​នេះ​គេ​អាច​សន្និដ្ឋាន​បាន​ថា របាំ​អប្សរា​ទំនង​មាន​កំណើត​តាំង​ពី​មុន​សម័យ​មហានគរ ឬ​សម័យ​អង្គរ​ម្ល៉េះ ។ ប៉ុន្ដែ​ឯកសារ​ដែល​ទាក់​ទិន​នឹង​របាំ​នេះ​ត្រូវ​វិនាស​បាត់​សូន្យ​រក​សំណៅ​ដើម​មិន​ឃើញ​សោះ​ឡើយ ។ ដោយ​គ្រាន់​តែ​បន្សល់​ទុក​ត្រឹម​តែ​រូប​ចម្លាក់​តែ​ប៉ុណ្ណោះ ។

អ្នក​បង្កើត​របាំ​អប្សរា

តាម​សៀវភៅ​មគ្គុទ្ទេសក៍​នគរ​របស់​ព្រះ​ភិក្ខុ​ប៉ាង ខាត់ បាន​បញ្ជាក់​ពី​ប្រវត្តិ​អង្គរ និង​របាំ​អប្សរា​នេះ​ថា របាំ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​ដោយ​ព្រះ​មហាក្សត្រ​យានី​ស៊ីសុវត្ថិ កុសុមៈនារីរតន៍ សិរីវឌ្ឍនា នា​សម័យ​សង្គម​រាស្ត្រនិយម​ក្នុង​ខណៈ​ដែល​ព្រះ​អង្គ​យាង​មក​ធ្វើ​ទស្សនកិច្ច​នៅ​សាលា​បឋមសិក្សា​សុធារស​អំឡុង​ឆ្នាំ ១៩៦០ ។

ក្នុង​វិធី​នោះ​ក្រុម​សិល្បៈ​របស់​កុមារ​បាន​កាត់​ក្រដាស​ធ្វើ​ជា​មនុស្ស​ពាក់​ដូច​គ្នា និង​មកុដ​អប្សរា​ឆ្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ត បាន​ធ្វើ​ឳ្យ​ព្រះ​ទ័យ​នឹក​ភ្នក ព្រម​ទាំង​ផ្ដួច​ផ្ដើម​បង្កើត​របាំ​នេះ​ឡើង​ដោយ​ឳ្យ​ឈ្មោះ​ថា របាំ​អប្សរា” ហើយ​តួឯក​ដែល​រាំ​របាំ​នេះ​ដំបូង​គេ​ល្អ​ឥត​ខ្ចោះ​នោះ​ គឺ ម្ចាស់​ក្សត្រី​បុបា្ផ​ទេវី (អតីត​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ)

របាំ​អប្សរា​គេ​ច្រើន​ជ្រើស​រើស​នារី​ដែល​មាន​វ័យ​ក្មេង​ស្រស់​ស្អាត​ទៅ​សម្ដែង​មាន​សម្លៀក​​បំពាក់​សមរម្យ និង​មាន​មកុដ​ពាក់​ជាប់​ក្បាល ព្រម​ទាំង​មាន​រចនា​លម្អ​លើ​ដង​ខ្លួន​តាម​លំនាំ​ចម្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត ។ សព្វ​ថ្ងៃ​នេះ​ពេល​សម្ដែង គេ​មាន​លេង​ភ្លេង​​ប្រគំ​ដែរ អម​ដោយ​បទ​ភ្លេង​មហោរី ដែល​ចង្វាក់​នៃ​ការ​រាំ មាន​សភាព​ទន់​ភ្លន់ កាយ​វិការ​រស់​រវើក ដៃ​រេរាំ​ របាំ​ចាក់​ក្បាច់​ចុះ​ង ជើង​លើក​ដាក់​តាម​ចង្វាក់​នៃ​បទភ្លេង គ្រវាស​ថ្នមៗ​មួយៗ​ព្រមគ្នា ក្បាល​ធ្វើ​ចលនា​ខាង​រេ​ឆ្វេង​ស្ដាំ ម្រាម​ដៃ​ង​ខ្វង់ ចង្កេះ​ពត់​ពេន​រស់​រវើក​ ដែល​សម​សួន​ល្អ​ឥត​ខ្ចោះ ។

អត្ថន័យ​របាំ​អប្សរា

សិល្បៈ​អប្សរា​ធ្លាប់​សម្ដែង​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ដូច​ជា​បារាំង សហរដ្ឋអាមេរិក ជប៉ុនដោយ​មាន​ការ​និយម​គាំ​ទ្រ​ពីសំណាក់​ទស្សនិកជន​យ៉ាង​ខ្លាំង ។ របាំ​នេះ​គេ​សង្កេត​ឃើញ​កាយ​វិការ ចង្វាក់​រាំ មាន​ចលនា​យឺត​ៗ​ខុស​ប្លែក​ពី​របាំ​ដទៃ​ ប៉ុន្ដែ​វា​បញ្ជាក់​ពី​អារម្មណ៍​ស្ងប់ស្ងាត់ គ្មាន​ទុក្ខ​ព្រួយ​កង្វល់ រីករាយ​រាក់​ទាក់ ទន់​ភ្លន់​សុភាព​រាប​សា​ជា​នារី​ខ្មែរ ព្រម​ទាំង​បង្ហាញ​ពី​ភាព​សម្បូរ​សប្បាយ​រុង​រឿង បង្កប់​នូវ​ចរិត​លក្ខណៈ​ជាតិ​ខ្មែរ​យ៉ាង​ជ្រាលជ្រៅ ។

លើស​ពី​នេះ​ទៀត តំណាង​ឳ្យ​វប្បធម៌​សិល្បៈ​ខ្មែរ ព្រលឹង​ខ្មែរ​គ្រប់​សម័យ​កាល ហើយ​ត្រូវ​បាន​ពិភពលោក​ចាត់​ទុក​ជា​សិល្បៈ​វប្បធម៌​បេតិកភ័ណ្ឌ​អរូបី​របស់​មនុស្ស​ជាតិ​ទៀត​ផង​ ។ ក្រៅ​ពី​របាំ​អប្សរា​ខ្មែរ​យើង​មាន​របាំ​ជា​ច្រើន​ដែល​កំពុង​មាន​ជីវិត​ត្រូវ​មហាជន​និយម​គាំ​ទ្រ​យក​​ទៅ​សម្ដែង​ជា​ញឹក​ញាប់​នោះ​មាន ៖ របាំ​ស្នែង​ទន្សោង កន្ដែរ៉ែ សួព្រ័ត្រ យីកេ គោះ​អង្រែ គោះ​ត្រឡោក រាំវង់ ក្ងោក​បេះ​ក្រវាញ នេសាទ បុក​អង្ក្រង….

2 thoughts on “របាំ​អប្សរា​តំណាង​ឳ្យ​ព្រលឹង​ជាតិ និង​មាន​អាយ​កាល​រាប់​ពាន់​ឆ្នាំ

  1. Hello sir or Madam
    I don’t have the comment but I want to help me.
    I try to search about apsara on angkor wall but it’s not enough for me.I want to know about the number of broken of apsara on angkor wat wall that are broken by thief or naturalism.Thank you for your kind.My mail;plk_yim@yahoo.com.
    Thank you for your help.If it has some mistake so sorry.

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s