ដោយ: រីឆាត ហ្គឺលប៊ឺត
ចាប់តាំងពីឆ្នាំ១៩៧៥ រហូតដល់ដើមឆ្នាំ១៩៧៩ របបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលឃោរឃៅ និងព្រៃផ្សៃបានបង្កវិនាសកម្មចំពោះប្រទេសកម្ពុជា ព្រមទាំងបង្កការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវស្មារតីចំពោះប្រជាជនកម្ពុជាទៀតផង ។ នៅក្នុងចន្លោះពេលវេលាខាងលើ ប្រជាជនកម្ពុជាប្រមាណ២លាននាក់ បានស្លាប់បាត់បង់ជីវិត ដោយសារការបង្អត់អាហារឲ្យដាច់ពោះ ការខ្វះជីវជាតិអាហារទ្រទ្រង់ជីវិត ការធ្វើការហួសកម្លាំង ទារុណកម្ម និងការសម្លាប់ ។ ជនរងគ្រោះដែលនៅរស់រានមានជីវិតសព្វថ្ងៃនៅមានការឈឺចាប់នៅឡើយ ចំពោះការគ្រប់គ្រងនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។ ប្រជាជនស្ទើរតែគ្រប់រូបនៅក្នុងប្រទេសបានក្លាយជាជនរងគ្រោះដោយសាររបបនេះតាមរូបភាពផ្សេងៗគ្នា។
តើនរណាខ្លះជាជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យ?
ដោយហេតុថាអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម) ចាប់ដំណើរការហើយ (មានន័យថាសហព្រះរាជអាជ្ញាខ្មែរ និងបរទេសបាន និងកំពុងធ្វើការស៊ើបអង្កេត ដើម្បីប្រមែប្រមូលភស្ដុតាង បទសម្ភាសន៍ ឯកសារ និងព័ត៌មានផ្សេងៗទៀត ដើម្បីអាចធ្វើការចោទប្រកាន់ទៅលើអតីតមេដឹកនាំខ្មែរក្រហម) ជាការសំខាន់ខ្លាំងណាស់ ដែលចាំបាច់ត្រូវយល់ថា ជនរងគ្រោះមានច្រើនប្រភេទផ្សេងៗគ្នា រួមទាំងជនរងគ្រោះប្រភេទធ្ងន់ធ្ងរ។ សម្រាប់តុលាការ យើងត្រូវការចាំបាច់ធ្វើបញ្ជីទាក់ទិននឹងប្រភេទជនរងគ្រោះ និងសិទ្ឋិមួយចំនួនដែលជនរងគ្រោះត្រូវមាន។ នេះជាការសំខាន់ពីព្រោះថា ជនរងគ្រោះប្រភេទខុសៗគ្នានឹងទទួលបានសិទ្ឋិខុសៗគ្នាដែរនៅចំពោះតុលាការ។ ប្រជាជនកម្ពុជាដែលជាជនរងគ្រោះអាចត្រូវបានបែងចែកជា៤ប្រភេទខុសៗគ្នាដូចខាងក្រោមៈ
ទី១) ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត
ជនរងគ្រោះនៃរបបខ្មែរក្រហមជាក់ស្ដែងបំផុត គឺប្រជាជនកម្ពុជាពី១លានទៅ២លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតក្រោមរបបនេះ។ ដោយសារតែហេតុផលដ៏សំខាន់ដែលថាជនរងគ្រោះបានស្លាប់រាប់លាននាក់នេះហើយ ទើបមានការបង្កើតឲ្យមានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់សេចក្ដីឧក្រិដ្ឋកម្មដែលប្រព្រឹត្ដឡើងនៅក្នុងរយៈនៃកម្ពុជាប្រជាធិបតេយ្យ។ ដូច្នេះ តុលាការនេះនឹងពិនិត្យមើលលើរឿងក្ដីមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ដើម្បីរកឲ្យឃើញថា តើមេដឹកនាំខ្មែរក្រហមមួយណាដែលជាអ្នកបង្កការស្លាប់ទាំងអស់នេះ។
ទី២) សមាជិកក្រុមគ្រួសាររបស់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត
ប្រជាជនកម្ពុជាដែលបានស្លាប់បាត់បង់ជីវិតក្រោមរបបខ្មែរក្រហម បានបន្សល់ទុកនូវសមាជិកក្រុមគ្រួសារ ហើយអ្នកទាំងអស់នេះនៅរស់រានមានជីវិតនៅឡើយ។ អ្នកដែលនៅរស់រានមានជីវិតទាំងនេះ ជួនកាលបានឃើញការសម្លាប់សមាជិកក្រុមគ្រួសាររបស់ខ្លួនដោយផ្ទាល់ភ្នែកក៏មានដែរ។ អ្នកខ្លះទៀតបានឃើញការចាប់ចងសមាជិកក្រុមគ្រួសាររបស់ខ្លួនដោយផ្ទាល់ភ្នែក ហើយក្រោយមកទៀតមិនដែលបានឃើញអ្នកទាំងនោះវិលត្រឡប់មកវិញឡើយ។ ជួនកាលទៀត ខ្មែរក្រហមបានបញ្ជូនសមាជិកក្រុមគ្រួសារខ្លះទៀតឲ្យទៅធ្វើការនៅកន្លែងផ្សេងៗពីគ្នា ហើយអ្នកទាំងនោះមិនដែលឃើញត្រឡប់មកវិញទាល់តែសោះ។ សមាជិកគ្រួសារដែលនៅរស់រានមានជីវិតមានទុក្ខសោកជាខ្លាំងដោយសារតែខ្លួនពុំបានដឹងថា អ្នកជាទីស្រឡាញ់របស់ខ្លួនស្លាប់ឬក៏នៅរស់រានមានជីវិត។ មានសមាជិកក្រុមគ្រួសារខ្លះដែលបានដឹងថា អ្នកជាទីស្រឡាញ់របស់ខ្លួនស្លាប់ក៏នៅមានសេចក្ដីទុក្ខសោកដែរ ពីព្រោះថាខ្លួនពុំបានដឹងថាសាច់ញាតិដែលស្លាប់ទៅនោះស្លាប់យ៉ាងដូចម្ដេច? ហើយសាកសពនៅឯណា?
ទី៣) ជនគ្រប់រូបដែលមានការឈឺចាប់ខាងស្មារតី
ខ្មែរក្រហមបានបង្កការឈឺចាប់ខាងស្មារតីដល់ប្រជាជនកម្ពុជាដែលនៅរស់រានមានជីវិតសព្វថ្ងៃ ។ ការឈឺចាប់ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ដូចជាការបង្អត់អាហារ ការបង្ខំឲ្យធ្វើការជាទម្ងន់ ទារុណកម្ម និងការសម្លាប់រង្គាល នៅតែបង្កការប៉ះពាល់ខាងស្មារតីរបស់ប្រជាជនកម្ពុជាជាច្រើនលាននាក់ ដែលមានអារម្មណ៍សោកសង្វេគ និងឈឺចាប់ជារៀងរាល់ថ្ងៃដោយសារតែអ្វីបានកើតឡើងកន្លងមក។
ទី៤) កម្មាភិបាលខ្មែរក្រហមខ្លួនឯង
វាជាការសំខាន់ដែលត្រូវចងចាំថា អតីតខ្មែរក្រហមមួយចំនួនគឺជាជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យដែរ។ ឧទាហរណ៍ អតីតខ្មែរក្រហមម្នាក់បានប្រាប់យើងថា ខ្លួនត្រូវតែធ្វើបាបអ្នកដទៃផ្សេងទៀត បើពុំធ្វើដូច្នេះទេនឹងមានកម្មាភិបាលផ្សេងទៀតសម្លាប់គាត់ ឬក្រុមគ្រួសាររបស់គាត់ជំនួសវិញ។ អតីតខ្មែរក្រហមប្រភេទនេះ និងអ្នកផ្សេងទៀត ដែលទទួលការបង្ខិតបង្ខំឲ្យចូលរួមជាមួយខ្មែរក្រហមក៏ជាជនរងគ្រោះដែរ។
តើច្បាប់អ្វីខ្លះ ដែលនឹងត្រូវប្រើប្រាស់នៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា?
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម) នឹងប្រើប្រាស់ច្បាប់កម្ពុជាដែលនៅជាធរមាន និងច្បាប់ដែលបង្កើតឲ្យមានតុលាការខាងលើ (ច្បាប់ស្ដីពីការបង្កើតឲ្យមានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់សេចក្ដីឧក្រិដ្ឋកម្ម ដែលប្រព្រឹត្ដឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ)។ ច្បាប់សំខាន់ៗមួយចំនួនដែលហៅថា “ច្បាប់ស្ដីពីនីតិវិធីព្រហ្មទណ្ឌ” នឹងត្រូវបានយកមកប្រើប្រាស់ ដើម្បីកំណត់សិទ្ឋិរបស់ជនរងគ្រោះនៅចំពោះមុខតុលាការ។ សព្វថ្ងៃនេះយើងមាន “ច្បាប់ស្ដីពីនីតិវិធីព្រហ្មទណ្ឌ” ចំនួន២ គឺច្បាប់ស្ដីពីនីតិវិធីព្រហ្មទណ្ឌនៃរបបរដ្ឋកម្ពុជាឆ្នាំ១៩៩៣ និងច្បាប់ស្ដីពីនីតិវិធីព្រហ្មទណ្ឌដែលបង្កើតឡើងនៅក្នុងសម័យអ៊ុនតាក់ឆ្នាំ១៩៩២។ ច្បាប់ទាំង២នេះកំណត់នូវសិទ្ឋិរបស់ជនរងគ្រោះនាពេលបច្ចុប្បន្ន។ នៅមានសេចក្ដីព្រាងច្បាប់ថ្មីមួយទៀតគឺ “ក្រមនីតិវិធីព្រហ្មទណ្ឌ” ដែលរដ្ឋសភាជាតិកំពុងធ្វើការសម្រេចមុននឹងធ្វើការអនុម័តជាផ្លូវការ ។ ប្រសិនបើរដ្ឋសភាជាតិអនុម័តលើសេចក្ដីព្រាងក្រមនីតិវិធីនេះទៀត ក្រមនឹងយកទៅប្រើប្រាស់ ដើម្បីកំណត់អំពីសិទ្ឋិរបស់ជនរងគ្រោះចំពោះតុលាការថែមទៀត។
តើមានបញ្ហាអ្វីកើតឡើងដែរឬទេ ប្រសិនបើច្បាប់នីតិវិធីព្រហ្មទណ្ឌកម្ពុជាបានពុំបានឆ្លើយតបទៅតាមស្ដង់ដារអន្តរជាតិ?
ប្រសិនបើច្បាប់នីតិវិធីព្រហ្មទណ្ឌកម្ពុជាមិនបានឆ្លើយតបទៅតាមស្ដង់ដារអន្តរជាតិ អង្គជំនុំជម្រះវិសាមញ្ញ “អាចស្វែងរកការណែនាំក្នុងបទដ្ឋាននីតិវិធីដែលបានបង្កើតឡើងក្នុងកម្រិតអន្តរជាតិ” (មាត្រា២០នៃច្បាប់ស្ដីពីការបង្កើតឲ្យមានអង្គជំនុំជម្រះវិសាមញ្ញ។ អង្គជំនុំជម្រះវិសាមញ្ញប្រហែលជានឹងមិនប្រើប្រាស់ ឬស្វែងរកបទដ្ឋាននីតិវិធីណាផ្សេងទៀតនោះទេ ពីព្រោះថាច្បាប់និងក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជាមើលទៅទំនងជានឹងឆ្លើយតបបានទៅនឹងស្ដង់ដារអន្តរជាតិ ស្ដីអំពីសិទ្ឋិរបស់ជនរងគ្រោះជាស្រេចទៅហើយ។
តើសិទ្ឋិអ្វីខ្លះដែលជនរងគ្រោះមាន?
ទី១-សិទ្ឋិចូលរួម
ជនរងគ្រោះមានសិទ្ឋិចូលរួមនៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតាមវិធីច្រើនយ៉ាង ។ អនុលោមតាមច្បាប់ស្ដីពីការបង្កើតឲ្យមានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ជនរងគ្រោះអាចមានសិទ្ឋិប្ដឹងឧទ្ឋរណ៍ចំពោះសាលក្រមរបស់សាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញបាន។ ពាក្យថា “ប្ដឹងឧទ្ឋរណ៍” មានន័យថា ជាដំណើរការពិនិត្យមើលឡើងវិញរបស់តុលាការថ្នាក់ខ្ពស់ជាងទៅលើសេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោម ដើម្បីរកឲ្យឃើញថា តើសេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោមត្រឹមត្រូវដែរឬយ៉ាងណា។ ប្រសិនបើរកឃើញថា មិនត្រឹមត្រូវ តុលាការថ្នាក់ខ្ពស់ជាង អាចបដិសេធសេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោម។
សេចក្ដីព្រាងក្រមនីតិវិធីព្រហ្មទណ្ឌថ្មី ក៏បានអនុញ្ញាតឲ្យជនរងគ្រោះសុំទៅព្រះរាជអាជ្ញាឲ្យកសាងសំណុំរឿងប្រឆាំងបុគ្គលមួយចំនួនបានផងដែរ។ ព្រះរាជអាជ្ញាគឺជាបុគ្គលដែលទទួលខុសត្រូវក្នុងការស៊ើបសួរទៅលើជនល្មើស ចោទប្រកាន់ទៅលើជនល្មើសទាំងនោះនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញ និងរកឲ្យឃើញថាជនល្មើសទាំងអស់នោះពិតជាបានប្រព្រឹត្ដល្មើសអ្វីមួយពិតប្រាកដមែនឬទេ។ នៅពេលណាដែលព្រះរាជអាជ្ញាបានធ្វើបណ្ដឹងអាជ្ញាប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់កម្ពុជាប្រជាធិបតេយ្យរូបណាមួយហើយនោះ ជនរងគ្រោះណាម្នាក់ដែលទទួលរងគ្រោះផ្ទាល់ ពីមេដឹកនាំជាន់ខ្ពស់កម្ពុជាប្រជាធិបតេយ្យជាក់លាក់ អាចដាក់ពាក្យបណ្ដឹងទៅអង្គការជំនុំជម្រះវិសា-មញ្ញ ដើម្បីទាមទារសំណងចំពោះការខូចខាតដែលបង្កឡើងដោយបុគ្គលមេដឹកនាំជាន់ខ្ពស់រូបនោះ។ ជនរងគ្រោះដែលធ្វើបណ្ដឹងរបៀបនេះហៅថា “ភាគីនៃបណ្ដឹងរដ្ឋប្បវេណី”។ បើយោងតាមច្បាប់ស្ដីពីនីតិវិធីព្រហ្មទណ្ឌឆ្នាំ១៩៩៣ ប្រជាជនកម្ពុជាអាចដាក់ពាក្យបណ្ដឹងទៅដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបាន ដើម្បីទាមទារសំណងជំងឺចិត្ដដែលខ្លួនមានបងប្អូនស្លាប់ ដរាបណាខ្លួនមានសិទ្ឋិស្របច្បាប់ ដើម្បីនឹងធ្វើជាតំណាងឲ្យបងប្អូនរបស់ខ្លួនដែលបានស្លាប់បាត់បង់ជីវិតនោះ។ ឧទាហរណ៍ ឪពុកអាចមានសិទ្ឋិស្របច្បាប់ទៅលើកូនរបស់ខ្លួន ពីព្រោះគាត់ជាឪពុក ត្រូវបានច្បាប់តម្រូវឲ្យចិញ្ចឹមបីបាច់ថែរក្សាកូនៗ។ អាស្រ័យហេតុនេះ ឪពុកអាចដាក់ពាក្យប្ដឹងជំនួសឲ្យកូនរបស់ខ្លួនដែលទទួលរងនូវការសម្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ជាការសំខាន់ណាស់ដែលគួរចងចាំថា មិនមែនជនរងគ្រោះគ្រប់រូបអាចដាក់ពាក្យប្ដឹងទៅអង្គជំនុំជម្រះវិសាមញ្ញ ដើម្បីទាមទារសំណងជំងឺចិត្ដបានគ្រប់ៗនោះទេ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាត្រូវបានបង្កើតឡើងដើម្បីវិនិច្ឆ័យសេចក្ដីលើបណ្ដឹងអាជ្ញាប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់កម្ពុជាប្រជាធិបតេយ្យ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាមានចំនួនបុគ្គលិកធ្វើការតាមការកំណត់មួយសម្រាប់ពេលវេលាជាក់លាក់កំណត់មួយ ដើម្បីធ្វើការលើរឿងក្ដីទាំងអស់នេះ។ បុគ្គលិកដែលធ្វើការនៅអង្គជំនុំជម្រះវិសាមញ្ញអាចធ្វើការងារតែលើបណ្ដឹងអាជ្ញាតែប៉ុណ្ណោះ ហើយអាចទៅលើបណ្ដឹងរដ្ឋប្បវេណីមួយចំនួនតូចតែប៉ុណ្ណោះ។ ប្រសិនបើអង្គជំនុំជម្រះវិសា-មញ្ញព្យាយាមធ្វើការងារទៅលើបណ្ដឹងទាំងអស់វិញ អង្គជំនុំជម្រះវិសាមញ្ញមិនអាចនឹងធ្វើការងារចប់សព្វគ្រប់បានឡើយ ។ ក៏ប៉ុន្តែជនរងគ្រោះអាចរៀបចំជាក្រុមៗ ដើម្បីដាក់ពាក្យបណ្ដឹងជារួមទៅអង្គជំនុំជម្រះវិសាមញ្ញ ដើម្បីទាមទារសំណងជំងឺចិត្ដពីមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមខ្លះ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាកំពុងពិចារណាអំពីថាតើនឹងជួយដល់ជនរងគ្រោះយ៉ាងដូចម្ដេច ហើយរហូតមកដល់ពេលនេះ គឺនៅពុំទាន់ធ្វើការសម្រេចជាចុងក្រោយនៅឡើយទេ។
ទី២-សិទ្ឋិមានអ្នកតំណា
ជនរងគ្រោះអាចមានមេធាវីឲ្យជួយខ្លួនក្នុងការដាក់ពាក្យបណ្ដឹងទៅអង្គជំនុំជម្រះវិសាមញ្ញ។ ប្រសិនបើជនរងគ្រោះជាក់ស្ដែងរៀបចំទៅជាក្រុមៗ ក្រុមជនរងគ្រោះនេះអាចពឹងពាក់មេធាវីម្នាក់ជួយខ្លួនបាន។ របៀបនេះដែលអាចជួយឲ្យអង្គជំនុំជម្រះវិសាមញ្ញអាចពិនិត្យលើបណ្ដឹងរដ្ឋប្បវេណីបានកាន់តែច្រើន។
ទី៣-សិទ្ឋិទទួលបានការការពារ
ជនរងគ្រោះមួយចំនួននឹងត្រូវបានស្នើសុំឲ្យមកឆ្លើយបំភ្លឺជាសាក្សីនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញ។ ជនរងគ្រោះ “ឆ្លើយបំភ្លឺ” ដោយអញ្ជើញចូលទៅក្នុងតុលាការ ហើយឆ្លើយបំភ្លឺនូវការពិតទៅតាមការចោទសួររបស់តុលាការអំពីអ្វីដែលជនរងេគ្រាះបានឃើញ និងឮទាក់ទងទៅនឹងឧក្រិដ្ឋកម្មដែលបានកើតឡើង។ តាមវិធីនេះហើយដែលហៅថាជនរងគ្រោះផ្ដល់ភស្ដុតាងនៅចំពោះមុខតុលាការ។
ជនរងគ្រោះអាចមានការព្រួយបារម្ភ នៅពេលដែលមកឆ្លើយបំភ្លឺនៅចំពោះតុលាការ។ ជនរងគ្រោះព្រួយបារម្ភថា អាចមានការព្យា-យាមមិនឲ្យខ្លួននិយាយនៅចំពោះតុលាការ។ ក៏ប៉ុន្តែអង្គជំនុំជម្រះវិសាមញ្ញនឹងការពារសាក្សីទាំងឡាយដែលអញ្ជើញឲ្យមកនិយាយតាមវិធីមួយចំនួន។ ជាដំបូងជនរងគ្រោះនឹងអាចនិយាយជាមួយសហចៅក្រម មេធាវី និងចុងចោទដោយពុំមាននរណាម្នាក់ក្រៅពីនេះផ្សេងទៀតចូលរួមស្ដាប់ឡើយ។ របៀបនេះហៅថា “នីតិវិធីជំនុំជម្រះក្ដីដោយសម្ងាត់”។ ប្រសិនបើជនគ្រោះឆ្លើយតាមរបៀបនេះ អ្នកដែលចូលរួមស្ដាប់សវនាការ នឹងមិនអាចដឹងបានទេថា នរណាមួយជាសាក្សី ហើយសាក្សីនឹងពុំសូវមានការព្រួយបារម្ភអំពីការគំរាមកំហែងអ្វីទាំង អស់ ។ ច្បាប់ស្ដីពីការបង្កើតឲ្យមានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាចែងថា អង្គជំនុំជម្រះវិសាមញ្ញអាចប្រើប្រាស់វិធីច្រើនផ្សេងទៀតដើម្បីការពារសាក្សី។ អង្គជំនុំជម្រះវិសាមញ្ញគួរតែព្យាយាមការពារជនរងគ្រោះ បន្ទាប់ខ្លួនបានឆ្លើយបំភ្លឺនៅចំពោះតុលាការរួចហើយ ធ្វើដូច្នេះជនរងគ្រោះនឹងពុំមានបញ្ហាបន្ទាប់ពីខ្លួនវិលត្រឡប់មកផ្ទះសម្បែងវិញ។ អង្គជំនុំជម្រះវិសាមញ្ញប្រហែលជាអាចសម្រេចផ្សេងពីនេះថែមទៀត ដើម្បីការពារសាក្សីនៅក្នុងអំឡុងពេលប៉ុន្មានខែខាងមុខនេះក៏អាចថាបាន។
អង្គការក្រៅរដ្ឋាភិបាលមួយចំនួននៅប្រទេសកម្ពុជា នឹងអាចជួយជនរងគ្រោះតាមរូបភាពផ្សេងៗគ្នាជាច្រើនទៀត។ អង្គការទាំងនោះអាចជួយការពារជនរងគ្រោះ។ ក្រៅពីជួយការពារជនរងគ្រោះ អង្គការទាំងនោះអាចជួយផ្ដល់ប្រឹក្សា និងសេវាចាំបាច់សំខាន់ៗដល់ជនរងគ្រោះបានច្រើនទៀតផង។
ទី៤-សំណងជំងឺចិត្ដ
អនុលោមតាមច្បាប់កម្ពុជា ជនរងគ្រោះអាចដាក់ពាក្យប្ដឹងទៅអង្គជំនុំជម្រះវិសាមញ្ញ ដើម្បីទាមទារសំណងជំងឺចិត្ដដែលខ្លួនបានបាត់បង់ខូចខាត។ នេះហើយដែលជាគោលបំណងចង់ធ្វើជាភាគីរដ្ឋប្បវេណី ហើយអ្វីដែលទទួលបាននេះហៅថា «សំណងជំងឺចិត្ដ»។ ជាថ្មីម្ដងទៀតដោយសារតែមានជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យជាច្រើនលាននាក់ដូច្នេះ វាមានការលំបាកខ្លាំងណាស់ក្នុងការដែលជនរងគ្រោះម្នាក់ៗទាមទារនូវសំណងជំងឺចិត្ដជាលុយកាក់។ ទំនងជាថា ជនរងគ្រោះប្រមូលផ្ដុំគ្នាជាក្រុមគឺអាចទាមទារសំណងជំងឺចិត្ដជាលុយកាក់រួមគ្នាបាន ហើយលុយកាក់នោះឯងនឹងត្រូវទៅប្រើប្រាស់ជាប្រយោជន៍សមូហភាពរួមគ្នានៅក្នុងក្រុមនោះ ដូចជាសម្រាប់ការសិក្សា និងការចងចាំជាដើម ក៏ប៉ុន្តែនេះ គឺគ្រាន់តែជាការគិតទុកជាមុនតែប៉ុណ្ណោះទេ ហើយអាចថា អង្គជំនុំជម្រះវិសាមញ្ញនឹងមិនអនុញ្ញាតឲ្យជនរងគ្រោះប្ដឹងទាមទារសំណងជំងឺចិត្ដក៏អាចថាបានដែរ។
សេចក្ដីសន្និដ្ឋានៈ យុត្ដិធម៌និងការផ្សះផ្សារបួសស្នាម
ជនរងគ្រោះសមនឹងទទួលបានយុត្ដិធម៌ចំពោះឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ រវាងឆ្នាំ ១៩៧៥ និង១៩៧៩ ។ អំពើគ្រប់យ៉ាងរួមទាំងគោលនយោបាយរបស់ខ្មែរក្រហម បានបង្កនូវការឈឺចាប់ដែលមិនអាចវាស់ស្ទង់បានទៅលើប្រជាជនកម្ពុជា។ ឥឡូវនេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានធ្វើកិច្ចការរបស់ខ្លួនយ៉ាងសកម្ម ជនរងគ្រោះនឹងមានឳកាសចូលរួមជាបណ្ដើរៗ។ ជនរងគ្រោះមួយចំនួននឹងអាចចូលស្ដាប់ការបើកសវនាការដោយផ្ទាល់ ហើយជនរងគ្រោះទាំងអស់គ្នានឹងអាចស្វែងយល់បានអំពីអ្វីដែលបានកើតឡើងនៅក្នុងពេលបើកសវនាការជាក់ជាមិនខាន។ ចំពោះជនរងគ្រោះដែលចូលរួមយ៉ាងដូច្នេះ ទាំងច្បាប់ក្នុងស្រុកដែលនៅជាធរមានទាំងច្បាប់ស្ដីពីការបង្កើតឲ្យមានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់សេចក្ដីឧក្រិដ្ឋកម្មដែលប្រព្រឹត្ដឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យរវាងឆ្នាំ១៩៧៥ និង១៩៧៩ និងធ្វើការសម្រេចថា តើជនរងគ្រោះអាចចូលរួមបានតាមវិធីណា ហើយការពារសិទ្ឋិរបស់ជនរងគ្រោះតាមវិធីណា។ តាមរបៀបនេះហើយដែលជនរងគ្រោះអាចដើរតួយ៉ាងសំខាន់ក្នុងការជួយរកយុត្ដិធម៌ប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។ តាមការសង្ឃឹមទុកការចូលរួមរបស់ជនរងគ្រោះនឹងជួយឲ្យមានការផ្សះផ្សារបួសស្នាម ដែលនៅសេសសល់ដែលបង្កឡើងដោយរបបខ្មែរក្រហម ព្រមទាំងជួយឲ្យប្រជាជនកម្ពុជាបោះជំហានទៅមុខឆ្ពោះទៅរកអនាគតរុងរឿងត្រចះត្រចង់៕ (ប្រែសម្រួលដោយៈ វ៉ាន់ថន ពៅដារា)
ដកស្រង់ចេញពីៈ
-កាសែតរស្មីកម្ពុជា ច្បាប់ចេញផ្សាយ ឆ្នាំទី១៤ លេខ៤១៣៣ ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៦។